ដោយ វិទ្យុអាស៊ីសេរី
2024.03.25
RFA
ពង្រឹងសេវាសុខាភិបាលគ្រប់កន្លែង! រូប៖ RFA
លោក ហ៊ុន ម៉ាណែត ប្រកាសកាលពីថ្ងៃទី១៩ ខែមីនា ថា រដ្ឋាភិបាលរបស់លោកកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យសុខាភិបាលគ្រប់កម្រិតបន្ថែមទៀត ដើម្បីធានាថា ពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព។ ថ្វីត្បិតបញ្ហាគុណភាពសុខាភិបាលនៅតែជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្តី ក៏លោក ហ៊ុន ម៉ាណែត នៅតែកោតសរសើរសមត្ថភាពគ្រូពេទ្យនៅកម្ពុជាដែរ។ ប៉ុន្តែលោកក៏មិនភ្លេចជំរុញឲ្យក្រសួងសុខាភិបាល បន្តពង្រឹងវិស័យសុខាភិបាលបន្ថែម ទៀតដោយឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។
ទោះយ៉ាងណា ពេទ្យរដ្ឋស្រុកខ្មែរសព្វថ្ងៃ ជាពេទ្យដែលក្រុមគ្រួសាររាជវង្ស និងក្រុមគ្រួសារមន្ត្រីរាជការធំៗ ព្រមទាំងក្រុមគ្រួសារអ្នកមានៗ ពុំសូវទៅស្វែងរកសេវាព្យាបាលឡើយ។ ក្រុមគ្រួសារឪពុកម្តាយ និងបងប្អូនរបស់លោក ហ៊ុន ម៉ាណែត ផ្ទាល់ ព្រមទាំងគ្រួសារអ្នកធំៗឯទៀតទុកចិត្តលើពេទ្យសិង្ហបុរី (Singapore)។ រីឯ អ្នកធូរធារល្មមៗទាំងនៅខេត្ត និងនៅភ្នំពេញ សម្រេចទៅព្យាបាលនៅថៃ និងវៀតណាម។ ចំណែកអ្នកធម្មតាៗ ព្យាបាលនៅក្នុងស្រុក ជាពិសេសគឺគ្រូពេទ្យតាមភូមិតែម្ដង។ អ្នកឃ្លាំមើលយល់ថា ការមិនគាំទ្រសេវាសុខាភិបាលក្នុងស្រុករបស់ក្រុមគ្រួសារមេដឹកនាំធំៗ ក៏ជាមូលហេតុប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសុខាភិបាលដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។