សមត្ថកិច្ច​ចាប់​មន្ត្រី​គណបក្ស​ប្រឆាំង​៣​នាក់​ទៀត​នៅ​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ

ដោយ ច័ន្ទ ដារ៉ូ
2024.03.30
RFA

សមត្ថកិច្ច​ចាប់​មន្ត្រី​គណបក្ស​ប្រឆាំង​៣​នាក់​ទៀត​នៅ​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ

​ហេរញ្ញឹក​របស់​គណបក្ស​កម្លាំង​ជាតិ​​លោក អ៊ំ វីរៈរដ្ឋ ដែលជាបេក្ខជន​ព្រឹទ្ធសភា​លេខ​រៀង​ទី​១ នៅ​ភូមិភាគ​៧ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​នៅថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០២៤។ រូប​៖ ហ្វេសប៊ុក​លោក អ៊ំ វីរៈរដ្ឋ


អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់ខ្លួន​មន្ត្រី​គណបក្សប្រឆាំង ៣​នាក់​ទៀត​នៅ​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ​ក្នុង​សំណុំ​រឿង​រួមគំនិត​ក្បត់​ពាក់ព័ន្ធ​ការ​គាំទ្រ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។ ប៉ុន្តែ​មន្ត្រី​បក្ស​កម្លាំង​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​យល់ថា​ អាជ្ញាធរ​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ​បាន​ចាប់ខ្លួន​បេក្ខជន​ព្រឹទ្ធសភា​លេខ​រៀង​ទី​១ នៅ​ភូមិភាគ​៧ និង​ជា​ហេរញ្ញឹក​របស់​គណបក្ស​កម្លាំង​ជាតិ​គឺ​លោក អ៊ំ វីរៈរដ្ឋ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ប៉ូលិស​ឃាត់ខ្លួន​លោក អ៊ំ វីរៈ​រដ្ឋ អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ចេញពី​កន្លែង​ដាក់​កម្រងផ្កា​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​គប់​គ្រប់​បែក​លើ​ក្រុម​បាតុករ​អហិង្សា​នៅមុខ​រដ្ឋសភា​ចាស់។ លោក​ទទួល​ដំណឹង​ថា មន្ត្រី​បក្ស​កម្លាំង​ជាតិ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ចេញពី​ភ្នំពេញ​ទៅ​ឃុំខ្លួន​នៅ​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​លោក​មិនដឹង​សមត្ថកិច្ច​ឃុំខ្លួន​នៅ​កន្លែង​ណា​ឡើយ​ទេ ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៣០ ខែ​មីនា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៣០ ខែ​មីនា​។ ចំណែក​អ្នកនាំពាក្យ​តុលាការខេត្ត​កំពង់ស្ពឺ​លោក ផេង សុភណ្ឌ មិន​ទាន់​ឆ្លើយតប​សំនួរ​របស់​វិទ្យុ​អាស៊ីសេរី​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

លោក អ៊ំ វីរៈរដ្ឋ និង​សកម្មជន ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពង់ស្ពឺ ១០​នាក់​ទៀត​ធ្លាប់​ត្រូវ​បាន​តុលាការខេត្ត​នេះ​ចោទប្រកាន់​ពី​បទ រួមគំនិត​ក្បត់ ទាក់ទង​ពួកគេ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ក្រុម​ទំនាក់ទំនង​ហ្វេសប៊ុក​មួយ​ឈ្មោះ កំពង់ស្ពឺ​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១៩។

នៅ​ក្នុង​សំណុំរឿង​ជាមួយ​លោក អ៊ំ វីរៈរដ្ឋ នេះ​ដែរ សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​មាន​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ស្ពឺ អ្នកស្រី គុណ ម៉ាច ព្រមទាំង​អតីត​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ប្រតិបត្តិ​ស្តីទី​បច្ចុប្បន្ន​របស់​គណបក្ស​ភ្លើងទៀន ខេត្ត​កំពង់ស្ពឺ​លោក ឯក បេន កាល​ពី​ដើម​ខែមីនា គឺ​បន្ទាប់ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ បាន​លើកយក​សំណុំរឿង​ចាស់​នោះ​មក​ផ្តន្ទាទោស​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​ម្នាក់ ៧​ឆ្នាំ ហើយ​តុលាការ​ក៏​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ​យក​មក​អនុវត្ត​ទោស។ តុលាការ​លើក​យក​សំណុំរឿង​ចាស់​កាត់ទោស​នេះ​បន្ទាប់​ពី​អ្នកស្រី គុណ ម៉ាច និង ឯក បេន ធ្លាប់​រត់​ភៀស​ខ្លួន​នយោបាយ​នៅ​ប្រទេស​ថៃ បាន​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ដើម​ឆ្នាំ​២០២៣។

លោក រ៉ុង ឈុន ថ្លែង​ថា ការដែល​តុលាការ​យក​សំណុំរឿង​ចាស់​ចោទប្រកាន់​និង​ចាប់ខ្លួន​សមាជិក​បក្ស​ជំទាស់​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ ពីព្រោះ​លោក ហ៊ុន សែន បាន​ប្រកាស​ហៅ​សកម្មជន​កំពុង​គេចខ្លួន​ទាំងអស់​ចូល​ប្រទេស​កំណើត​វិញ​។ លោក​អំពាវនាវ​ដល់​តុលាការ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​ធានា​បរិ​កាស​នយោបាយ​ល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ។ «»

ជុំវិញ​រឿង​នេះ មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត យល់​ឃើញ​ថា ការ​ចាប់ខ្លួន និង​ការ​គាបសង្កត់​ជា​ហូរហែ មក​លើ​សកម្មជន​នយោបាយ​ជំទាស់ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្លាក់​ចុះ​លំហ​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​។ លោក​ជំរុញ​អ្នក​នយោបាយ​ដោះស្រាយ​បញ្ហា​នយោបាយ​ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ សិទ្ធិ​នយោបាយ​ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ។

មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៥០​នាក់​ទៀត កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារតែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា គឺ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ជាដើម។ ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ តែងតែ​ថ្កោលទោស​ជា​បន្តបន្ទាប់​ថា ការ​ចាប់​ឃុំខ្លួន​ទាំងនេះ គឺជា​រឿង​នយោបាយ និង​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​វិញ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment