ប្រពន្ធមន្ត្រីបក្សប្រឆាំងថាជារឿងអយុត្តិធម៌ ដែលតុលាការសម្រេចឱ្យប្ដីជាប់គុក៧ឆ្នាំពីបទរួមគំនិតក្បត់

ដោយ ច័ន្ទ ដារ៉ូ
2024.03.31
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រពន្ធមន្ត្រីបក្សប្រឆាំងថាជារឿងអយុត្តិធម៌ ដែលតុលាការសម្រេចឱ្យប្ដីជាប់គុក៧ឆ្នាំពីបទរួមគំនិតក្បត់

អគ្គហេរញ្ញិករបស់គណបក្សកម្លាំងជាតិលោក អ៊ំ វីរៈរដ្ឋ និងភរិយា។ រូប៖ គណនី​ហ្វេសប៊ុក (Facebook) របស់​​លោក អ៊ំ វីរៈរដ្ឋ


ប្រពន្ធ​មន្ត្រី​គណបក្ស​ប្រឆាំង​ច្រានចោល​ចំពោះ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​លើក​យក​សំណុំ​រឿង​ចាស់​ដើម្បី​ផ្ដន្ទាទោស​ឱ្យ​ប្ដី​ជាប់គុក​៧ឆ្នាំ​ដោយ​អយុត្តិធម៌ និង​ស្នើ​តុលាការ​ដោះលែង​ប្ដី​ឱ្យ​មក​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើងវិញ។ ការ​លើកឡើង​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ផ្ដន្ទាទោស និង​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​៣នាក់ ក្នុង​សំណុំ​រឿង​រួមគំនិតក្បត់​ពាក់ព័ន្ធ​ការ​គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩​។ មន្ត្រី​សិទ្ធិមនុស្ស​ព្រួយបារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​ដែល​នាំ​ឱ្យ​កម្ពុជា​ខាត​បង់​ផលប្រយោជន៍​ធំ។

គ្រួសារ​មន្ត្រី​គណបក្សប្រឆាំង​ចាត់​ទុក​ការសម្រេច​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ក្នុង​សំណុំ​រួម​គំនិត​ក្បត់​នោះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ និង​​មិន​អាច​ទទួល​​យក​​បាន​ឡើយ។

ប្រពន្ធ​របស់​​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​លោក អ៊ំ វីរៈរដ្ឋ គឺ​លោកស្រី រ៉ានី រស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣១ ខែ​មីនា ក្រោយ​ពេល​ជួប​ប្ដី​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ថា លោកស្រី​ខ្លោច​ចិត្ត​ពេល​ឃើញ​ប្ដី​ស្លៀកពាក់​ខោអាវ​អ្នក​ទោស​ប្រាប់​ឱ្យ​លោកស្រី​រឹងមាំ​ទៅ​មុខ។ យ៉ាងណា​លោកស្រី​ខក​ចិត្ត​ចំពោះ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ដែល​ផ្ដន្ទាទោស និង​ចាប់​ខ្លួន​ប្ដី​ដាក់​ពន្ធនាគារ​នេះ ពីព្រោះ​គាត់​ជា​មនុស្ស​ស្លូត​ត្រង់​ចេះ​ជួយ​អ្នក​ទាន់​ខ្សោយ មាន​បេះដូង​ស្រឡាញ់​ជាតិ​ ស្រឡាញ់​ទឹក​ដី ដោយ​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។ លោកស្រី​ស្នើ​ដល់​តុលាការ​ដោះលែង​ប្ដី​ដើម្បី​វិលត្រឡប់​ជួបជុំ​ប្រពន្ធ​កូន​វិញ ស្រប​ពេល​លោក អ៊ំ វីរៈរដ្ឋ កំពុង​មាន​ជំងឺ​លើស​ឈាម​ត្រូវ​ការ​មើលថែ​ពី​គ្រួសារ​ជា​ចាំបាច់​។

លោកស្រី រ៉ានី រស្មី៖ «សុខទុក្ខ​របស់​គាត់​អត់​ល្អ​ទេ គាត់​​ឱ្យ​ខ្ញុំ​រឹងមាំ​មើល​ថែ​កូន​ឱ្យ​បាន​ល្អ គាត់​ស្លេក​ស្លាំង ហើយ​ភ្នែក​គាត់​ក្រហម​ខ្លាំង គាត់​អត់​បាន​ដេក​ទល់​ភ្លឺ​ដោយ​អត់​បាន​លេប​ថ្នាំ​តាំង​ពី​ម្សិលមិញ​។ ចាប់​ខ្លួន​គាត់​នេះ​អយុត្តិធម៌​ខ្លាំង​ណាស់ ប្ដី​របស់​ខ្ញុំ​គឺ​នរណា​ក៏​ដឹង​ក៏​ស្គាល់​ដែរ​ថា​គាត់​មាន​ទឹកចិត្ត​ល្អ​បរិសុទ្ធ ខ្ញុំ​ជា​ប្រពន្ធ​អត់​ចង់​ឃើញ​ប្ដី​ត្រូវ​គេ​ឃុំ​ធ្វើបាប​អ៊ីចឹង​ទេ ខ្ញុំ​ស្នើសុំ​ឱ្យ​គាត់​ទៅ​ផ្ទះ​វិញ យប់​មិញ​បាត់​ប្ដី​ឈឹង​»​។

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ចាប់​ឃាត់​ខ្លួន​បេក្ខជន​ព្រឹទ្ធសភា​លេខ​រៀង​ទី​១​នៅ​ភូមិ​ភាគ៧ និង​ជា​អគ្គហេរញ្ញិក​របស់​គណបក្ស​កម្លាំង​ជាតិ​គឺ​លោក អ៊ំ វីរៈរដ្ឋ ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​ដាក់​កម្រង​ផ្កា​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ក្រុម​បាតុករ​អហិង្សា​នៅ​មុខ​រដ្ឋសភា​ចាស់​កាល​ពី​ថ្ងៃទី៣០ មីនា។

ការ​ចាប់​ខ្លួន​លោក អ៊ំ វីរៈរដ្ឋ រួម​ជាមួយ​សមាជិក​បក្ស​ជំទាស់​ពីរ​នាក់​ផ្សេងទៀត​រួម​មាន​អ្នកស្រី គុណ ម៉ាច និង​លោក ឯក បេន កាល​ពី​ដើម​ខែ​មីនា គឺ​បន្ទាប់​ពី​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ បាន​ចេញ​សាលក្រម​កំបាំង​មុខ​ផ្ដន្ទាទោស​ពួកគេ​ពី​បទ «​រួម​គំនិត​ក្បត់​» ទាក់ទង​ការ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩ និង​ត្រូវ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ រយៈ​ពេល​៧ឆ្នាំ ហើយ​តុលាការ​ក៏​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ពួកគេ​យក​មក​អនុវត្ត​ទោស។

ឆ្លើយតប​រឿង​នេះ តុលាការ​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃ​នៅថ្ងៃ៣១ ខែ​មីនា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អះអាង​ថា ការ​ចាប់​និង​ឃុំខ្លួន​សមាជិក​​បក្ស​​ប្រឆាំង​រួមមាន​អ្នកស្រី គុណ ម៉ាច លោក ឯក បេន និង​លោក អ៊ំ វីរៈរដ្ឋ ជា​ការអនុវត្ត​ច្បាប់ ពីព្រោះ​ពួកគេ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ពី​បទ «​រួម​គំនិត​ក្បត់​» ប្រព្រឹត្ត​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​នៅ​ក្នុង​ក្រុម​ទំនាក់ទំនង​សង្គម​(Messenger) ឈ្មោះ «កំពង់ស្ពឺ​​ប្រជាធិបតេយ្យ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ជនជាប់ចោទ​ទាំង​បី​នាក់​នោះ​បាន​ស្នើ​សុំ​ប្ដឹង​ជំទាស់​នឹង​សាលក្រម​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ​ ហើយ​​​ត្រូវ​​ឃុំ​​ពួកគេ​នៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ជាថ្មី​តាម​នីតិ​វិធី។

ផ្ទុយ​ពី​ការ​អះអាង​របស់​តុលាការ​នេះ គណបក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ និង​សកម្មជន​នយោបាយ​នោះ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​គ្មាន​មូលដ្ឋាន​ច្បាប់ ពោល​គឺ​រដ្ឋាភិបាល​របស់​​បក្ស​កាន់​អំណាច​តែងតែ​យក​ប្រព័ន្ធ​តុលាការ​ធ្វើជា​អាវុធ​ដើម្បី​គំរាមកំហែង និង​បង្ក្រាប​លើ​សំឡេង​ប្រឆាំង ចំណែក​អ្នក​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​វិញ​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​​សេរីភាព​ជា​បន្តបន្ទាប់។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ​​(LICADO) លោក អំ សំអាត កត់សម្គាល់​ឃើញ​ថា​ករណី​ចាប់ខ្លួន និង​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​ប្រឆាំង​តែងតែ​កើតឡើង​នៅ​ពេល​ជិត​មាន​ការបោះឆ្នោត ដែល​ធ្វើ​ឱ្យ​​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​អំពី​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​នយោបាយ​កាន់តែ​អាប់អួ​នៅ​កម្ពុជា ហើយ​ពួកគេ​ទាមទារ​ដល់​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​នយោបាយ​ដើម្បី​តម្កល់​ផល​ប្រយោជន៍​ជាតិ​រួម​។

លោក អំ សំអាត​៖ «​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​ទាំងអស់​ហ្នឹង​មិន​ចង់​ឃើញ​​កម្ពុជា​មាន​បរិយាកាស​នយោបាយ​អាប់អួ ឬ​មាន​ការរិះគន់​សហគមន៍​អន្តរ​ជាតិ​ទេ​ នៅ​ពេល​ដែល​មាន​ការបោះឆ្នោត​ម្តងៗ យើង​ចង់​ឃើញ​ស្ថានភាព​នយោបាយ​នៅ​មុន​ការបោះឆ្នោត​មាន​បរិយាកាស​ល្អ យើង​នៅតែ​ទទូច​សូម​ឱ្យ​អ្នក​នយោបាយ​ទាំងអស់​តម្កល់​នូវ​ឧត្ដម​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ ​»។

គណបក្ស​កម្លាំង​ជាតិ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សោកស្ដាយ​ចំពោះ​ការ​ចាប់​ខ្លួន​លោក អ៊ំ វីរៈរដ្ឋ និង​ចាត់​ទុក​ថា​នេះ​ជា​រូបភាព​គំរាមកំហែង និង​បំភិតបំភ័យ​ផ្នែក​នយោបាយ​ថ្មី​បន្ថែម​ទៀត​លើ​គណបក្ស​កម្លាំង​ជាតិ ពីព្រោះ​​ការ​ចាប់​ខ្លួន​លោក អ៊ំ វីរៈរដ្ឋ នៅ​ពេល​នេះ គឺ​វា​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចាស់​កាល​ពី​ឆ្នាំ២០១៩ ដែល​ករណី​នេះ​ត្រូវ​បាន​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​លើក​លែង​ការចោទប្រកាន់​ជា​ផ្លូវការ​រួចហើយ​កាល​ពី​ថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។

គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ដល់​តុលាការ​ខេត្ត​កំពង់ស្ពឺ​ទម្លាក់​ការ​ចោទ​ប្រកាន់​និង​ដោះលែង​សមាជិក​បក្ស​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ​ដើម្បី​បើក​លំហ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ និង​ការចូលរួម​ចំណែក​លើកកម្ពស់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

What Next?

Recent Articles