ដោយ ខាន់ លក្ខិណា
2024.03.30
RFA
នាយឧត្តមសេនីយ៍លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ។ រូប៖ ហ្វេសប៊ុកក្រសួងការពារជាតិ
តុលាការបារាំងនឹងកាត់ទោសលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកទៅលើហ្វូងបាតុករអហិង្សា កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ តាមបញ្ជារបស់លោក ហ៊ុន សែន។ មន្ត្រីគណបក្សប្រឆាំង និងសង្គមស៊ីវិល ជំរុញឱ្យតុលាការកម្ពុជា ប្រឹងប្រែងរកយុត្តិធម៌ជូនជនរងគ្រោះដែរ។
លោក សម រង្ស៊ី ដែលជាជនរងគ្រោះក្នុងព្រឹត្តិការណ៍ឃាតកម្មគប់គ្រាប់បែកនោះដែរ បានអះអាងថា នៅចុងឆ្នាំ២០២៤នេះ តុលាការប្រទេសបារាំង នឹងកាត់ទោសលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលបានរៀបចំការគប់គ្រាប់បែកនេះ តាមបញ្ជារបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោកកាលពីថ្ងៃទី២៩ ខែមីនា ថា ក្រោយពីបានស៊ើបអង្កេតរយៈពេលប្រមាណ ២០ឆ្នាំ តុលាការបារាំង បានប្រកាសរកឃើញជនដៃដល់លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ហើយបានកោះហៅលោក ហ៊ុន សែន ទៅសួរចម្លើយផងដែរ ក្នុងឋានៈគាត់ជាអ្នកបញ្ជា។ លោក សម រង្ស៊ី ហាក់បង្ហាញសុទិដ្ឋិនិយមថា ពន្លឺយុត្តិធម៌ចាប់ផ្ដើមរះហើយ សម្រាប់ជនរងគ្រោះ ក្នុងករណីគប់គ្រាប់បែកនេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីតុលាការបារាំង ដើម្បីបញ្ជាក់បន្ថែមជុំវិញការអះអាងរបស់លោក សម រង្ស៊ី នៅឡើយទេ។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចៅក្រម សាប៊ីន ឃេរីស (Sabine Khéris) អនុប្រធានផ្នែកស៊ើបអង្កេតនៃតុលាការយុត្តិធម៌ប៉ារីស (Judiciaire de Paris) បានចេញដីកាចាប់ខ្លួនលោកឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលរៀបចំផែនការវាយប្រហារដោយគ្រាប់បែកលើការជួបជុំនយោបាយរបស់គណបក្សប្រឆាំងនៅភ្នំពេញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
ដីកាចាប់ខ្លួនរបស់តុលាការយុត្តិធម៌បារាំងនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ លោក សម រង្ស៊ី និងបានចេញតាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ ដីកាក៏បានកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់តួនាទីរបស់លោកពាក់ព័ន្ធ នឹងការវាយប្រហារដែរ។ ប៉ុន្តែរដ្ឋាភិបាលបារាំងបានរារាំងការចាប់ខ្លួនលោក ហ៊ុន សែន ដោយលើកហេតុផលពីអភ័យឯកសិទ្ធិរបស់លោកជាប្រមុខរដ្ឋាភិបាល។
លោក ហ៊ីង ប៊ុនហៀង កាលនោះ គឺជាមេបញ្ជាការនៃកងអង្គរក្សរបស់លោក ហ៊ុន សែន ហើយលោក ហ៊ុយ ពិសិដ្ឋ ជាមេបញ្ជាការកងពលតូចលេខ៧០។ បច្ចុប្បន្ន លោក លោក ហ៊ីង ប៊ុនហៀង ឡើងជាមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ថែមលើតួនាទីជាមេបញ្ជាការកងអង្គរក្សគ្រួសារ លោក ហ៊ុន សែន ដដែល រីឯលោក ហ៊ុយ ពិសិដ្ឋ ឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិ និង ជានាយករងខុទ្ទកាល័យលោកនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខមន្ទីររដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំង វាំងគ្រាប់បែកចំនួន៤គ្រាប់ ត្រូវបានជនអនាមិក គប់ចូលក្នុងក្រុមបាតុករប្រមាណ ២០០នាក់ ដែលដឹកនាំដោយ លោក សម រង្ស៊ី ពេលនោះ ជាប្រធានគណបក្សជាតិខ្មែរ (KNP)។
ការគប់គ្រាប់បែកនោះ មានគោលដៅសម្លាប់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី នៅពេលលោកដឹកនាំការប្រមូលផ្ដុំអ្នកគាំទ្រ និងប្រជាពលរដ្ឋ ទៅតវ៉ានៅសួន ច្បារទល់មុខមន្ទីររដ្ឋសភាចាស់ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រឆាំងនឹងអយុត្តិធម៌ សង្គមអំពើពុករលួយ និងទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធតុលាការ។
ការវាយប្រហារនេះ បានផ្ដាច់ផ្ដិលជីវិតមនុស្ស ចំនួន១៦នាក់ និងជាង១៥០ នាក់រងរបួស ដែលភាគច្រើនជាបាតុករ និងខ្លះ ជាអ្នកដែលឈរក្បែរហ្វូងបាតុកម្ម រួមមានកុមារផង។
ចំណែកឯលោក សម រង្ស៊ី បានគេចផុតពីគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារអង្គរក្សរបស់លោករងគ្រាប់ជំនួស ប៉ុន្តែមេបក្សប្រឆាំងរូបនេះ ក៏រងរបួលត្រង់ជើងដែរ។ លោក ហាន មុនី ដែលជាអង្គរក្សរបស់លោក សម រង្ស៊ី បានយកខ្លួនទៅពាំង ការពារលោក សម រង្ស៊ី បន្ទាប់ពីគ្រាប់បែកទី១បានផ្ទុះឡើង។ លោក ហាន មុនី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលគ្រាប់បែកផ្ទុះពេញទំហឹង។
ក្រៅពីការស្លាប់និងរបួសពលរដ្ឋខ្មែរ ក៏មានជនជាតិអាមេរិកម្នាក់ដែរ ដែលរងរបួស ធ្ងន់ គឺលោក រ៉ន អាប់នី (Ron Abney) ដែលជាប្រធានវិទ្យាស្ថានសាធារណរដ្ឋ អន្តរជាតិ (IRI) នៃសហរដ្ឋអាមេរិក។ គឺករណីនេះហើយ ដែលការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក អេហ្វប៊ីអាយ (FBI) បានលូកដៃចូល ស៊ើបអង្កេតសំណុំរឿងគប់គ្រាប់បែកនេះ។
ក្នុងការស៊ើបអង្កេតរបស់ខ្លួន អេហ្វប៊ីអាយ (FBI) អាមេរិក បានសម្ភាសទាហាន និងមន្ត្រីខ្មែរតាមឋានានុក្រម នៃអំណាចពីក្រោមឡើងលើ។ លោក ហ៊ុយ ពិសិដ្ឋ ធ្លាប់បានសារភាពប្រាប់ អេហ្វប៊ីអាយ (FBI) ថា លោកបានបញ្ជាឱ្យដាក់ពង្រាយ កម្លាំងកងពលតូចលេខ៧០ ទៅកាន់កន្លែងកើតហេតុនៅថ្ងៃនោះ។ អ្នកស៊ើបអង្កេត អេហ្វប៊ីអាយ (FBI) បានសន្និដ្ឋានថា មានតែលោក ហ៊ុន សែន ប៉ុណ្ណោះ ទើបអាចបញ្ជាឱ្យកងអង្គរក្សចូលទៅក្នុងសួនច្បារ ដែលក្រុមបាតុករ ធ្វើការតវ៉ា។
កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post) កាលពីខែមិថុនា ឆ្នាំ១៩៩៧ បានរាយការណ៍ថា ភ្នាក់ងារអេហ្វប៊ីអាយ (FBI) ដាក់ការទទួលខុសត្រូវ ចំពោះការគប់គ្រាប់បែកថ្ងៃទី៣០ ខែមីនា ទៅលើកងអង្គរក្សផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទីពីរ នៃប្រទេសកម្ពុជាកាលនោះ ដោយផ្អែកទៅលើប្រភពចំនួន៤ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានដឹងអំពីព័ត៌មាន។
យ៉ាងណា មេអង្គរក្សរបស់លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ធ្លាប់បានគំរាមសម្លាប់អ្នកសារព័ត៌មានណាដែលចោទប្រកាន់ថា អង្គរក្សលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធករណីនេះ។ លោក ហ៊ីង ប៊ុនហៀង បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) កាលពីខែមិថុនា ឆ្នាំ១៩៩៧ ថា អ្នកចុះផ្សាយរឿងនេះ ប្រាប់ពួកគេទៅ ថាលោកជាប្រធានអង្គរក្សចង់សម្លាប់ពួកគេ។
ជាក់ស្ដែង មានសញ្ញាប្រុងប្រយ័ត្នខុសប្រក្រតី ដែលបង្ហាញអំពីការដឹងជាមុន ពី ក្រុមមនុស្សរបស់លោក ហ៊ុន សែន ថានឹងមានការគប់គ្រាប់បែក លើក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី ។ ជាឧទាហរណ៍ ពួកនគរបាលដែលធ្លាប់រំខានបាតុកម្ម បែរជាមានវត្តមានតិចតួចខុសពីធម្មតានៅថ្ងៃកើតហេតុ។ ពួកកងអង្គរក្ស ឈរជើងនៅជ្រុងម្ខាងនៃក្រុមបាតុករ ជាជាងនៅលើសួនផ្ទាល់។ កងអង្គរក្សកងពលតូចលេខ៧០ និងកងអង្គភាពនគរបាល ដែលមានវត្តមាន នៅប៉ុស្តិ៍នគរបាលក្បែរនោះ ស្ថិតក្នុងស្ថានភាពប្រុងជើងការ រួចជាស្រេច ដោយបំពាក់សម្ភារឧបករណ៍បង្ក្រាបកុប្បកម្ម។
សាក្សីជាច្រើនបានប្រាប់ អេហ្វប៊ីអាយ (FBI) អាមេរិកថា អ្នកគប់គ្រាប់បែកបានរត់សំដៅទៅក្រុមកងអង្គរក្សលោក ហ៊ុន សែន និងរត់ចូលបរិវេណផ្ទះក្រុមមន្ត្រី ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលមានការយាមកាមតឹងរ៉ឹងនៅខាងក្រោយវត្តបទុមវតី ក្នុងខណ្ឌដូនពេញ។ សាក្សីបានប្រាប់ អេហ្វប៊ីអាយ (FBI) ដែរថា អង្គរក្សលោក ហ៊ុន សែន ថែមទាំងបានភ្ជង់កាំភ្លើងតម្រង់បាតុករ ដែលដេញតាមចាប់ជនគប់គ្រាប់បែក និងបានគំរាម បាញ់ អ្នកដែលមិនព្រមឈប់ដេញតាម ឃាតកគប់គ្រាប់បែកផង។
រីឯលោក ហ៊ុន សែន វិញ ភ្លាមៗនោះ ជំនួសឱ្យការស៊ើបអង្កេតម៉ត់ចត់ លោកបាន ប្រកាសឱ្យចាប់ខ្លួនអ្នកដឹកនាំបាតុកម្មដែលរងគ្រោះទៅវិញ។
ក្រោយមក អាជ្ញាធរលោក ហ៊ុន សែន បានទម្លាក់កំហុសលើឈ្មោះ ប្រេហ្ស៊ីល ប៉ុន្តែបានបដិសេធសំណើរបស់ភ្នាក់ងារ អេហ្វប៊ីអាយ (FBI) អាមេរិក ដែលសុំជួបសម្ភាសជាមួយប្រេហ្ស៊ីល ដោយសមត្ថកិច្ចរបស់លោក ហ៊ុន សែន គ្រាន់តែអះអាងថា គ្មានព័ត៌មានច្បាស់ការណ៍ពីប្រេហ្ស៊ីលទេ។
ប្រមាណ៦ ឬ៧ខែ ក្រោយការវាយប្រហារថ្ងៃទី៣០ ខែមីនា ក៏មានព័ត៌មានផ្សាយ អំពីការបាត់ខ្លួនឈ្មោះ ប្រេហ្ស៊ីល ដែលខ្លះថា បានឃើញសាកសពប្រេហ្ស៊ីល នៅក្បែរបន្ទាយទាហានតាំងក្រសាំង។
អតីតនាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប្រ៊ែដ អាដាម (Brad Adams) ធ្លាប់បានថ្លែងថា មាន ភស្តុតាងច្បាស់ៗ ដែលបង្ហាញពីការពាក់ព័ន្ធរបស់កងអង្គរក្សលោក ហ៊ុន សែន នៅក្នុងអំពើគប់គ្រាប់បែកដ៏សាហាវឃោរឃៅនេះ ដូច្នេះ ពុំមានការស៊ើបអង្កេតផ្ទៃក្នុងដ៏ម៉ត់ចត់មួយនៅប្រទេសកម្ពុជាទេ។
វិទ្យុអាសស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ បានទេ ត្រឹមថ្ងៃទី៣០ ខែមីនានេះ។
ចំថ្ងៃខួប នៃព្រឹត្តិការណ៍សោកនាដកម្មគប់គ្រាប់បែក ថ្ងៃទី៣០ ខែមីនានេះ គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិបានប្រារព្ធពិធីរំលឹកខួបដោយឡែកពីគ្នា នៅជិតមន្ទីររដ្ឋសភាចាស់ ដើម្បីផ្ញើសារទៅកាន់អាជ្ញាធរថា ២៧ឆ្នាំហើយ មិនទាន់មាន យុត្តិធម៌នៅឡើយទេ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ដែលជាជនរងគ្រោះ ក្នុងព្រឹត្តិ ការណ៍នោះដែរ បានអំពាវនាវឱ្យអាជ្ញាធរ និងតុលាការ ធ្វើការស៊ើបអង្កេតរក យុត្តិធម៌ជូនជនរងគ្រោះ។ លោកប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមីនាថា ត្រូវយកមេគំនិតទៅកាត់ទោស ដើម្បីបញ្ចប់និទ្ទណ្ឌភាព និងទប់ស្កាត់កុំឱ្យ សោកនាដកម្មបែបនេះ កើតឡើងទៀត។
លោក គីមសួរ ភីរិទ្ធ៖ «ជាសិទ្ធិតវ៉ា សម្រាប់មនុស្សទាំងអស់ទូទៅដែរ មាននៅក្នុងច្បាប់ជាធរមានសុំតែប៉ុណ្ណឹងទេ ហើយសូមកុំឱ្យកើតមានអំពើហិង្សាឧក្រិដ្ឋកម្មបែបហ្នឹងបន្តទៀត។ ខ្ញុំមិនចង់ឃើញ ពីព្រោះអីការឈឺចាប់របស់ក្រុមគ្រួសារជនរងគ្រោះ វាគប់ជ្រៅ ទាំងយើងទាំងគេ សូម្បីតែខ្លួនខ្ញុំក៏ទទួលរងគ្រោះ អំបែងពីគ្រប់ដែលមិនទាន់វះចេញពីក្នុងខ្លួនទេ ទុកនៅហ្នឹង ហើយចងចាំជានិច្ចថា ព្រឹត្តិការណ៍កើតឡើងពេលនោះ វារន្ធត់បែបណា» ។
រីឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់វិទ្យុអាស៊ីសេរីដែរថា អាជ្ញាធរ ត្រូវបង្ហាញជំហរឱ្យច្បាស់ ក្នុងការស្រាវជ្រាវរកឃាតក និង អ្នក នៅពីក្រោយខ្នង ដើម្បីផ្ដល់ទំនុកចិត្ត និង ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ។
លោក រ៉ុង ឈុន៖ «ដើម្បីឱ្យសង្គមមួយផ្ដល់នូវទំនុកចិត្ត ផ្ដល់នូវភាពកក់ក្ដៅដល់ប្រជាពលរដ្ឋត្រូវស្វែងរកជនដៃដល់ក៏ដូចជា ឃាតក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ មិនបន្តឱ្យជនដៃដល់ឬមួយឃាតក មានសេរីភាពបន្តទៀតទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ការស៊ើបអង្កេតលើកករណីនេះ អាស្រ័យលើឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់សមត្ថកិច្ច។ លោកថា បើមិនមានយុត្តិធម៌ ករណីប្រវត្តិសាស្ត្រមួយនេះ នឹងបន្សល់ទុកនូវនិទ្ទណ្ឌភាព ដែលជនប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ រួចពីសំណាញ់ច្បាប់។
លោក អំ សំអាត៖ «យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស លើកកម្ពស់សិទ្ធិមនុស្ស និងផ្លូវច្បាប់ នៅតែទទួលឱ្យអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា តុលាការ ធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកជនដែល ប្រព្រឹត្តបទល្មើស ក៏ដូចជា អ្នកពាក់ព័ន្ធ ទៅអនុវត្តតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិត ក៏ដូចជា អ្នករងរបួស»។
ជុំវិញរឿងនេះ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វិទ្យុ អាស៊ីសេរីនៅថ្ងៃទី ៣០ ខែមីនា ថា លោកមិនឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ពីករណីវាយប្រហារគ្រាប់បែកនេះនោះទេ។
លោក ទូច សុខៈ បានបញ្ជាក់ថា សំណុំរឿងនេះ មិនទាន់បិទបញ្ចប់ការស៊ើបអង្កេត នៅឡើយទេ ហើយអាជ្ញាធរស្វាគមន៍រាល់ភស្តុតាងថ្មីៗ បើភាគីណាមួយស្រាវជ្រាវរកឃើញ។
លោក ទូច សុខៈ៖ «ភាគីកម្ពុជាស្វាគមន៍ចំពោះព័ត៌មានផ្សេងៗភស្តុតាងផ្សេងៗ ឬក៏មុខសញ្ញានានា ដែលបងប្អូនគ្រប់និន្នាការទាំងអស់ គឺសហការគ្នា គឺអាចផ្ដល់ជូនឬក៏អាចសហការជាមួយសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបាន»។
លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន ព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះតុលាការបារាំង នឹងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីចាប់ខ្លួន ពេលណាលោក ហ៊ុន សែន ឈានជើងទៅដល់ប្រទេសប្រជាធិបតេយ្យណាមួយ ក្រោយពីគាត់លែងមានអភ័យឯកសិទ្ធិក្នុងឋានៈជានាយករដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។