ពលរដ្ឋ និង​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​រក​អ្នក​កាត់ត​រូប​នារី​ម្នាក់​ជាន់​ព្រះកេស​ព្រះ​នៅ​ប្រាសាទ​អង្គរវត្ត​មក​អនុវត្ត​តាម​នីតិវិធី

ដោយ មាន ឫទ្ធិ
2024.04.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​រក​អ្នក​កាត់ត​រូប​នារី​ម្នាក់​ជាន់​ព្រះកេស​ព្រះ​នៅ​ប្រាសាទ​អង្គរវត្ត​មក​អនុវត្ត​តាម​នីតិវិធី

ទេសចរ​មកទស្សនាប្រាសាទអង្គរវត្ត។ រូប៖ ក្រសួង​ព័ត៌មាន


ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ដល់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​អ្នក​ដែល​កាត់ត​រូប​ស្ត្រី​កាន់​ទង់ជាតិ​ថៃ​ម្នាក់​លើកជើង​ជាន់​ព្រះ​កេស​ព្រះ​នៅ​ប្រាសាទ​អង្គរវត្ត​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។ អាជ្ញាធរ​ជាតិ​អប្សរា ចាត់ទុក​ការ​កាត់ត​រូបភាព​ស្ត្រី​ជាន់​ព្រះ​កេស​ព្រះ នៅមុខ​ប្រាសាទ​អង្គរវត្ត ថា ជា​ការ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ពូជសាសន៍ និង​បម្រើ​ផលប្រយោជន៍​នយោបាយ​អាក្រក់ បង្ក​ឱ្យ​ប៉ះពាល់​វប្បធម៌​ជាតិ។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា រូបភាព​កាត់ត ឬ​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត (AI) ដែល​ស្ត្រី​កាន់​ទង់ជាតិ​ថៃ​ម្នាក់​លើកជើង​ជាន់​ព្រះ​កេស​ព្រះ​នៅ​ទីតាំង​ប្រាសាទ​អង្គរវត្ត បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​វប្បធម៌​ខ្មែរ​ធ្ងន់ធ្ងរ​។ ពួកគេ​ជំរុញ​ដល់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ទប់ស្កាត់​បញ្ហា​នេះ និង​ស្វែងរក​អ្នក​ដែល​កាត់ត​រូបភាព​បំផ្លើស​ពី​ការពិត​យក​មក​អនុវត្ត​ទោស ដើម្បី​ព្រមាន​ដល់​បុគ្គល​ផ្សេងទៀត​ដែល​មាន​បំណង​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្តសៀមរាប​លោក ហាន ប៊ុនហ៊ាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣១ ខែ មីនា ថា ខេត្តសៀមរាប​ជា​ទឹកដី​ដ៏​ពិសិដ្ឋ ហើយ​រូបចម្លាក់​ក្បាច់ក្បូរ​ប្រាសាទ​ដែល​បុព្វបុរស​ខ្មែរ​បន្សល់ទុក​ដល់​កូនចៅ​គ្រប់​ជំនាន់​គឺ​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ហើយ​ពុំគួរ​មាន​បុគ្គល​ណាមួយ​ធ្វើ​សកម្មភាព​បន្ទាប​តម្លៃ មើលងាយ​ប្រមាថ​វប្បធម៌​នៃ​ដួង​ព្រលឹង​ជាតិខ្មែរ​នោះ​ទេ​។ លោក​ទាមទារ​ដល់​ក្រសួង​វប្បធម៌ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ ស៊ើបអង្កេត​លើ​អ្នក​ដែល​កាត់​រូប​ស្ត្រី​ជាន់​លើ​ព្រះ​កេស​ព្រះ ដើម្បី​យក​មក​អនុវត្ត​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់។

​លោក ហាន ប៊ុនហ៊ាង៖ «គួរណា​តែ​រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​វិចិត្រសិល្ប ផ្ទាល់​តែម្ដង​គួរតែ​ចាត់វិធានការ​ក្ដៅ​ចំពោះ​ប្រទេស​ដទៃ ឬ​អ្នក​ដែល​កាត់ត​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​ជាតិខ្មែរ​យើង​ដែល​មិនអាច​កាត់ថ្លៃ​បាន​មួយ​នេះ វា​គួរតែ​ចាត់វិធានការ ឱ្យ​តឹងរ៉ឹង​បំផុត​សម្រាប់​ជនបរទេស​មួយ​ណា​ក៏ដោយ ឬ​អ្នក​កាត់ត​រូបភាព​ណាមួយ​ក៏ដោយ​គឺ​មិនអាច​អត់ឱន​ឱ្យ​បាន​ឡើយ»។

ចំណែក ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​វប្បធម៌​ដែល​បញ្ចេញ​ប្រតិកម្ម និង​ស្វែងរក​អ្នក​កាត់ត​រូប​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​។ ប៉ុន្តែ លោក យល់ថា ក្រសួង​វប្បធម៌​គួរណា​តែ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​វប្បធម៌​ដល់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ និង​ទប់ស្កាត់​បញ្ហា​ការចែក​ចាយ​រូប​ភាព​មិន​ពិត ជាជាង​ចេញមុខ​ដោះស្រាយ​ពេល​មាន​បញ្ហា​កើតឡើង។

លោក កើត សារ៉ាយ៖ «សាមី​ក្រសួង​ពាក់ព័ន្ធ​ក៏​ត្រូវ​តែ​ពិនិត្យ​ឱ្យ​បាន​ជាក់លាក់​ជាង​នេះ បន្ថែម​ទៀត​លើ​បណ្ដាញ​សង្គម ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ការ​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​ក្រសួង​អាច​គ្រប់គ្រង​បាន ឬ​ទៅ​កែតម្រូវ​មុន​បញ្ហា​ទាំង​អស់ហ្នឹង​ត្រូវ​បាន​ចែករំលែក​ជា​សាធារណៈ​ទូលំទូលាយ​។ វា​ក៏​ជា​រឿង​មួយ​ដែល​កម្ពុជា​ខ្លួនឯង​លើក​តម្លៃ​វប្បធម៌ សីលធម៌​ឱ្យ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​ជនជាតិ​​ខ្មែរ​គ្រប់រូប​ចាប់ផ្ដើម​មាន​ឆន្ទៈ​ខ្លាំងក្លា​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើកកម្ពស់ និង​ចូលរួម​ទប់ស្កាត់​ជាមួយ​សាមី​ក្រសួង»។

រូបភាព​មួយ​សន្លឹក​ដែល​ត្រូវ​បាន​គេ​ចែកចាយ​តៗ​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​លើ​គណនី​ឈ្មោះ ការពិត (fact) កាលពី​ថ្ងៃទី​៣០ ខែ​មីនា បង្ហាញ​ពី​រូបភាព​ស្ត្រី​ម្នាក់​កាន់​ទង់ជាតិ​នៃ​ប្រទេស​ថៃ និង​បាន​លើកជើង​ជាន់​ព្រះ​កេស​ព្រះ​ស្ថិតនៅ​ទីតាំង​ប្រាសាទ​អង្គរ ដោយ​បាន​ភ្ជាប់​អក្សរ​ថៃ​ដែល​មានន័យថា រស់នៅ​ក្រោម​ជើង​សៀម​ជា​រៀង​រហូត បាន​ធ្វើ​ឱ្យ​សាធារណជន​មួយចំនួន​ចូល​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ។

ទោះជា​យ៉ាងណា​ម្ចាស់​ហ្វេសប៊ុក ឈ្មោះ ការពិត​-fact បាន​លុប​រូបភាព​ចោល​វិញ​កាល​ពី​រសៀល​ថ្ងៃទី​៣១ ខែមីនា បន្ទាប់ពី​មានការ​រិះគន់ ហើយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​ប្រកាស​ស្វែងរក​អ្នក​ដែល​បង្ហោះ​រូប​នោះ ដើម្បី​ឱ្យ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់។

អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​៣១ ខែមីនា ចាត់ទុក​ការ​កាត់ត​រូបភាព​បង្ហាញ​ពី​នារី​ម្នាក់​ជាន់​ព្រះ​កេស​ព្រះ នៅមុខ​ប្រាសាទអង្គរវត្ត គឺជា​ការ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ពូជសាសន៍ បម្រើ​ផលប្រយោជន៍​នយោបាយ​អាក្រក់ និង​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​។ អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ដល់​សាធារណជន កុំ​បន្ត​ចែករំលែក​នូវ​រូបភាព​កាត់ត​ខាងលើ ដែល​មាន​ចរិតលក្ខណៈ​អុជអាល និង​ជាន់ពន្លិច​ជាតិ​ខ្លួនឯង​។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ជាតិ​អប្សរា​អះអាង​ថា នឹង សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​ស្វែង​រកមុខ​អ្នកបង្កើត​រូបភាព​កាត់ត​ឱ្យមក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ និង​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៣១ ខែ​មីនា។

មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា ជម្លោះ​វប្បធម៌​រវាង​កម្ពុជា និង​ថៃ​នៅតែ​បន្ត​កើតមាន​មិន​ចេះ​ចប់​មិន​ហើយ ដោយសារតែ​កត្តា​មាន​ក្រុម​ជ្រុលនិយម​មួយចំនួន​នៃ​ប្រទេស​ទាំងពីរ​បន្ត​បង្កើត​ព័ត៌មាន​មិន​ពិត​បង្ខូច​កេរ្តិ៍ឈ្មោះ​ដល់​វប្បធម៌​។ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​លើកកម្ពស់​កិត្យានុភាព​វប្បធម៌​ខ្មែរ​ឱ្យ​បាន​ទូលំទូលាយ​លើ​ឆាក​អន្តរជាតិ និង​ចាត់វិធានការ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បង្ក​ការប្រមាថ​ដល់​វប្បធម៌​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment