មន្ត្រីឥណ្ឌាថា នឹងខិតខំជួយពលរដ្ឋខ្លួន «៥ពាន់​នាក់» ដែល​ក្លាយ​ជា​ទាសករ​ឆបោក​តាម​អ៊ិនធឹណិតនៅកម្ពុជា

ដោយ ខាន់ លក្ខិណា
2024.04.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រីឥណ្ឌាថា នឹងខិតខំជួយពលរដ្ឋខ្លួន «៥ពាន់​នាក់» ដែល​ក្លាយ​ជា​ទាសករ​ឆបោក​តាម​អ៊ិនធឹណិតនៅកម្ពុជា

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌា លោក ស្រ៊ី រ៉ានឌៀ យ៉ាយស្វាល (Shri Randhir Jaiswal) ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ រូប៖ Reuters


មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរទេស​ឥណ្ឌា ប្ដេជ្ញា​ជួយ​ជន​ជាតិ​របស់​ខ្លួន​ជាង ៥ពាន់នាក់  ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ឆបោក​តាម​អ៊ិនធឹណិត នៅ​ប្រទេស​កម្ពុជា។ ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​កម្ពុជា លើក​ឡើង​ថា អាជ្ញាធរ​កម្ពុជា​ បាន​រក​ឃើញ​មាន​ការ​ពាក់ព័ន្ធ​នឹង​ជន​ជាតិ​ឥណ្ឌា​មែន ប៉ុន្តែ​មិន​ដល់ ៥ពាន់ នាក់​នោះ​ទេ ហើយ​អំពាវនាវ​​ភាគី​ឥណ្ឌា ឱ្យ​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់ និង​សហការ ដើម្បី​បង្ក្រាប​បទល្មើស និង​សង្គ្រោះ​ជន​រងគ្រោះ។

ជា​ការ​ឆ្លើយ​តប​នឹង​ព័ត៌មាន​ថា មាន​ជន​ជាតិ​ឥណ្ឌា​ជាង ៥ពាន់នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន និង​បង្ខំ​ឱ្យ​ធ្វើការ​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ិនធឹណិត​ក្នុង​ប្រទេស​កម្ពុជា (Cyberscam) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌា លោក ស្រ៊ី រ៉ានឌៀ យ៉ាយស្វាល (Shri Randhir Jaiswal) បាន​អះអាង​ថា រដ្ឋាភិបាល​ឥណ្ឌា ប្ដេជ្ញា​​ជួយ​ជន​ជាតិ​ឥណ្ឌា​ទាំងអស់​នោះ។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ឥណ្ឌា​រូប​នេះ ក៏​ជា​ការ​ឆ្លើយតប​នឹង​ពាក្យ​បណ្ដឹង​​របស់​ជន​ជាតិ​ឥណ្ឌា ដែល​ត្រូវ​បាន​ទាក់ទាញ​អំពី​ឱកាស​ការងារ នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​​បាន​គេ​បង្ខំ​ឱ្យ​ធ្វើការ​ខុស​ច្បាប់​តាម​អ៊ិនធឹណិត​ទៅ​វិញ។

មន្ត្រី​ជាន់ខ្ពស់​ឥណ្ឌា​រូប​នេះ បាន​លើក​ឡើង​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​អ៊ិក្ស (x) នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ថា ក្រសួង​ការ​បរទេស បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ពលរដ្ឋ​​ឥណ្ឌា អំពី​គម្រោង​បោកប្រាស់​នោះ​ហើយ និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​​កម្ពុជា និង​ភ្នាក់ងារ​នានា ក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​បង្ក្រាប​ពួក​អ្នក​ទទួល​ខុស​ត្រូវ។

លោក​ឱ្យ​ដឹង​ថា ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​​កម្ពុជា មាន​ការ​សង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ជន​ជាតិ​ឥណ្ឌា ប្រមាណ ២៥០នាក់ ទៅ​ប្រទេស​ឥណ្ឌា​វិញ។ 

កាល​ពី​ថ្ងៃទី២៩ ខែ​មីនា សារព័ត៌មាន The Indian Express បាន​ចុះ​ផ្សាយ​ថា ជន​ជាតិ​ឥណ្ឌា​ជាង​ ៥​ពាន់​នាក់ កំពុង​ជាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ការ​ឃុំ​ខ្លួន និង​បង្ខំ​ឱ្យ​ពួកគេ​បោកប្រាស់​តាម​អ៊ិនធឹណិត​។

The Indian Express បាន​ឱ្យ​ដឹង​ដែរ​ថា ជន​ជាតិ​ឥណ្ឌា ដែល​ជាប់​អន្ទាក់​ចាញ់ ​បោក​គេ​ទាំង​នោះ ត្រូវ​បាន​គេ​ដក​លិខិត​ឆ្លង​ដែន វាយ​ដំ​លើ​រាង​កាយ ឆក់​ដោយ​ចរន្ត​អគ្គិសនី និង​បង្ខាំង​ទុក​ឱ្យ​នៅ​តែ​ឯង។ ពួកគេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ឆបោក​តាម​បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក (Facebook) ជាដើម ដែល​មាន​ក្រុម​ការងារ​ ជា​ជន​ជាតិ​ចិន និង​ម៉ាឡេស៊ី ជួយ​សម្រួល​ការ​បក​ប្រែ​ភាសា។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង  ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៣១ ខែ​មីនា​ថា រដ្ឋាភិបាល​កម្ពុជា មិន​ដែល​បដិសេធ​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​បរទេស​ណា​មួយ​ទេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

អ្នកស្រី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា រួម​ទាំង​ប្រទេស​ដទៃ​ទៀត ឱ្យ​ផ្ដល់​កិច្ចសហការ និង​ព័ត៌មាន​ច្បាស់លាស់ ដើម្បី​រួម​គ្នា​បង្ក្រាប​បទល្មើស និង​សង្គ្រោះ​​ជន​រងគ្រោះ។ 

អ្នកស្រី ជូ ប៊ុនអេង៖ «គឺ​គាត់​ផ្សាយ​ហើយ អត់​សហការ​ជាមួយ​គ្នា​ទេ ហើយ​ជា​ការ​ផ្សព្វផ្សាយ​ដែល​ចេញ​ពី​រដ្ឋាភិបាល​គាត់​អ៊ីចឹង​។ រឿង​ដែល​សំខាន់​យើង​ចង់​និយាយ​ថា យើង​ក៏​ចង់​ដឹង​ដែរ​ថា អ្នក​ថា ជាប់​នៅ​ឯណា ហើយ​ដើម្បី​យើង​សហការ​គ្នា​រក ពីព្រោះ​កន្លងមក តាម​ការ​បង្ក្រាប​ ដែល​យើង​ហៅថា Operation (ប្រតិបត្តិការ) ដែល​យើង​បើក​ជាង ១ឆ្នាំ​ហើយ​ហ្នឹង យើង​ក៏​រក​ឃើញ​ដែរ ប្រជាជន​ឥណ្ឌា​ហ្នឹង។ ប៉ុន្តែ​យើង​អត់​ទាន់​រក​ឃើញ​វា​ជាប់​អី​ដល់​ថ្នាក់ ៤​ទៅ ៥​ពាន់​នាក់​ទេ​»​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣១ ខែ​មីនា​ថា ការ​ឆបោក​តាម​ប្រព័ន្ធ ​អនឡាញ​នេះ ត្រូវ​ចាត់​ជា​ការ​ជួញដូរ​មនុស្ស និង​កម្លាំង​ពលកម្ម។ លោក​ថា មាន​ប្រទេស​អាស៊ាន​មួយ​ចំនួន និង​ជប៉ុន បាន​ចេញ​ផ្សាយ​អំពី​ពលរដ្ឋ​របស់​គេ ដែល​​ចាញ់​បោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា និង​រក​កិច្ចសហការ​ទប់ស្កាត់ ខណៈ​សហរដ្ឋ​អាមេរិក ដាក់​កម្ពុជា​នៅ​ចំណាក់​ថ្នាក់​លេខ៣ នៃ​ការ​ជួញដូរ​មនុស្ស​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ឆ្នាំ២០២៣  ឱ្យ​ដឹង​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន២៤ ដែល​ជាប់​ចំណាត់​ថ្នាក់​​កម្រិត​ទី៣ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស។ កម្រិត​ទី៣​ នេះ គឺជា​ចំណាត់​ថ្នាក់​ដ៏​អាក្រក់​បំផុត ដែល​កំណត់​ដោយ​ក្រសួង​ការបរទេស​អាមេរិក។

លោក អំ សំអាត លើក​ឡើង​ថា ពេល​មាន​ការ​ចុះផ្សាយ ដោយ​សារព័ត៌មាន​បរទេស​ អំពី​ការ​ឆបោក​បែប​នេះ  ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល និង​ប្រទេស​កម្ពុជា ដូច្នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​មាន​វិធានការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់ និង​មាន​​តម្លាភាព ដើម្បី​រក​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា និង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​​ចំណាត់​ថ្នាក់​ប្រសើរ​ឡើង​វិញ ទាក់ទង​នឹង​រឿង​ជួញដូរ​មនុស្ស។

លោក អំ សំអាត៖ «កម្ពុជា​យើង​គួរ​មាន​វិធានការ​នៅ​ក្នុង​ការ​ទប់ស្កាត់ និង​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជា​ភាព​យុត្តិធម៌ ដើម្បី​ជា​ការ​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​ពួកគេ​ផង ​ប្រសិន​ជា​ពួក​គេ​​រងគ្រោះ ​ត្រូវ​ទទួល​នូវ​យុត្តិធម៌។ ទី២ ពង្រឹង​នៃ​ការ​អនុវត្ត​វិធានការ​ច្បាប់​សម្រាប់​កម្ពុជា ហើយ​ទី៣ ដើម្បី​បំបាត់​ការ​រិះគន់ និង​មន្ទិល​សង្ស័យ សម្រាប់​កម្ពុជា​យើង​តទៅ​ទៀត»។

អង្គការ​សហប្រជាជាតិ (UN) កាល​ពី​ខែ​សីហា ឆ្នាំ២០២៣ បង្ហាញ​ថា នៅ​កម្ពុជា ​មាន​មនុស្ស​យ៉ាង​ហោច ១០​ម៉ឺន​នាក់ កំពុង​រងគ្រោះ​ដោយ​បង្ខំ​ឱ្យ​ធ្វើការ​ជា​អ្នក​បោកប្រាស់​តាម​អ៊ិនធឹណិត ដែល​ជន​រងគ្រោះ​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន គំរាមកំហែង​ដល់​សុវត្ថិភាព ទទួល​រង​ការ​ធ្វើ​ទារុណកម្ម អំពើ​ហិង្សា​ផ្លូវ​ភេទ ការ​ធ្វើការ​ដោយ​បង្ខំ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment