ដោយ ច័ន្ទ ដារ៉ូ
2024.04.01
RFA
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាសលាលែងពីសមាជិកសភា ក្នុងសម័យប្រជុំរដ្ឋសភានៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាសលាលែងពីសមាជិកសភាដើម្បីត្រៀមទៅកាន់តំណែងជាប្រធានព្រឹទ្ធសភានៅពេលឆាប់ខាងមុខនេះ។ ចំណែកមន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលរិះគន់លោក ហ៊ុន សែន ថា កំពុងរៀបចំការដឹកនាំតាមបែបផ្ដាច់ការដើម្បីរក្សាអំណាចគ្រួសារត្រកូលហ៊ុន។
ថ្លែងក្នុងសម័យប្រជុំរដ្ឋសភានៅថ្ងៃទី០១ ខែមេសា លោក ហ៊ុន សែន ប្រកាសលាឈប់ពីសមាជិកសភានីតិកាលទី៧។ តែយ៉ាងណា ការលាលែងពីតួនាទីសមាជិកសភានៅពេលនេះ គ្រាន់តែជាស្ពានសម្រាប់លោកឈានទៅក្ដោបក្ដាប់អំណាចនៅស្ថាប័នជាតិបន្ថែម គឺប្រធានព្រឹទ្ធសភាដែលគ្រោងបើកសម័យប្រជុំដំបូងនៅថ្ងៃទី៣ ខែមេសាខាងមុខនេះ។
លោក ហ៊ុន សែន អះអាងថា វត្តមានលោកក្នុងតួនាទីជាសមាជិកសភារយៈពេល៤៣ឆ្នាំ និងតួនាទីជានាយករដ្ឋមន្ត្រីជិត៤០ឆ្នាំមកនេះ បានបន្សល់ស្នាដៃជាច្រើនសម្រាប់ជាតិ។ លោកក៏អួតសរសើរសមាជិកសភាសម័យរដ្ឋកម្ពុជា បានបើកផ្លូវចរចាទើបនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ចំណែកសមាជិកសភាចាប់ពីឆ្នាំ១៩៩៣មក បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដោះស្រាយការជាប់គាំងនយោបាយ ព្រមទាំងគាំទ្ររូបលោក និងកូនប្រុសរបស់លោកជាបន្តបន្ទាប់។ ទោះបីជាលោកចាកចេញទៅបំពេញមុខងារមួយទៀតយ៉ាងណាក្ដី ក៏មេដឹកនាំក្រាញអំណាចរូបនេះ ឆ្លៀតប្រាប់ទៅសមាជិកសភាថា លោកនៅតែមានអំណាចចុះហត្ថលេខារៀបចំក្បាលម៉ាស៊ីនដឹកនាំនៅរដ្ឋសភាក្នុងនាមលោកជាប្រធានគណបក្សកាន់អំណាច។
លោក ហ៊ុន សែន៖ «អរគុណសមាជិកសភាគ្រប់យ៉ាងដែលបានគាំទ្រចំពោះរូបខ្ញុំ ហើយឥឡូវបន្តគាំទ្រអ្នកជំនាន់ថ្មីកំពុងដឹកនាំរដ្ឋាភិបាល ពួកយើងជំនាន់ចាស់មកអង្គុយជាសមាជិកសភានៅទីនេះ ប៉ុន្តែខ្ញុំជាមួយឯកឧត្ដម ប្រាក់ សុខុន មិនមានវត្តមានទេដោយយើងនឹងចាកចេញពីរដ្ឋសភានៅត្រឹមថ្ងៃស្អែក ខ្ញុំបញ្ជាក់ថាខ្ញុំមិនបានលាអ្នកទាំងអស់គ្នាជារៀងរហូតដោយមិនជួបនោះទេ យមរាជមិនទាន់ត្រូវការខ្ញុំទេ គឺមានតែព្រះឥន្ទមួយគត់មានសិទ្ធិអារកាត់ជីវិតរបស់ខ្ញុំដល់ពេលណា យមរាជគ្មានសិទ្ធិយកខ្ញុំទៅឋាននរកទេ »។
កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ លោក ហ៊ុន សែន បានផ្ទេរអំណាចនាយករដ្ឋមន្ត្រី ឱ្យទៅកូនប្រុសគឺលោក ហ៊ុន ម៉ាណែត ក្រោយពេលការបោះឆ្នោតដ៏ចម្រូងចម្រាស និងអវត្តមានគណបក្សប្រឆាំងលើសង្វៀនប្រកួតប្រជែង។ បន្ទាប់មកលោកប្រមូលមេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានឥទ្ធិពលមួយចំនួនរួមមានលោក ហេង សំរិន លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន ជាដើម ឱ្យទៅធ្វើជាសមាជិកឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានលោកធ្វើជាប្រធានមានឋានៈស្មើនាយករដ្ឋមន្ត្រី។
លើសពីនេះលោក ហ៊ុន សែន នឹងទៅអង្គុយតំណែងកំពូលក្នុងអង្គនីតិប្បញ្ញត្តិគឺប្រធានព្រឹទ្ធសភាខាងមុខនេះជំនួសលោក សាយ ឈុំ ដោយផ្ដល់តំណែងលួងចិត្តឱ្យទៅលោក សាយ ឈុំ ធ្វើជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឋានៈស្មើនាយករដ្ឋមន្ត្រីវិញ។
ផ្ទុយទៅវិញអ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងរិះគន់លោក ហ៊ុន សែន ថា កំពុងធ្វើឱ្យគ្រោះថ្នាក់ដល់ជោគវាសនាជាតិដែលពួកគេបារម្ភថា កម្ពុជាទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃរបស់ត្រកូលហ៊ុនជាអ្នកគ្រប់គ្រងផ្ដាច់មុខ។
អតីតសមាជិកសភារបស់គណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ ថ្លែងថាសមាជិកសភាមានតួនាទីការពារផលប្រយោជន៍របស់ពលរដ្ឋជាធំ ប៉ុន្តែលោកមើលឃើញថាលោក ហ៊ុន សែន តែងតែយកអំណាចកើតចេញពីអំពើធ្វើរដ្ឋប្រហារ រំលោភរដ្ឋធម្មនុញ្ញ ទៅដឹកនាំរបៀបដឹកនាំបែបផ្ដាច់ការ ធ្វើបាបពលរដ្ឋស្លូតត្រង់ ។ លើសពីនេះ មន្ត្រីបក្សប្រឆាំងដែលកំពុងនិរទេសនៅក្រៅប្រទេសរូបនេះឱ្យដឹងថា លោក ហ៊ុន សែន បានប្រើយុទ្ធនាការកម្ទេចបក្សប្រឆាំង និងបង្ក្រាបលើសំឡេងរិះគន់ដើម្បីឱ្យគ្រួសារ និងបក្ខពួករបស់លោកនៅបន្តគ្រប់គ្រងអំណាចតទៅទៀត។
លោក ម៉ែន សុថាវរិន្ទ្រ៖ «បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បន្ទាប់ពីរដ្ឋប្រហារទម្លាក់គណបក្សហ៊្វុនស៊ិនប៉ិចកាលនោះ មានប្រជាធិបតេយ្យបន្តិចបន្តួច តែឥឡូវនេះចាប់ផ្ដើមអត់មានលទ្ធិប្រជាធិបតេយ្យបន្តិចសោះ មានតែប្រជាធិបតេយ្យនៅក្នុងក្រដាសរបស់គាត់(ហ៊ុន សែន)និយាយ គឺគ្រប់គ្រងដោយគណបក្សកាន់អំណាចទាំងអស់១២៥លើ១២៥អាសនៈនៅក្នុងរដ្ឋសភា ផ្ដាច់ការអ៊ីចឹងមិនអាចដឹកនាំប្រទេសទៅមុខរួចទេ យូរៗទៅការដឹកនាំនេះដូចប្រទេសកូរ៉េខាងជើងអ៊ីចឹង»។
ចំណែកអ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ មានប្រសាសន៍ថា រយៈពេលជាង៤០ឆ្នាំមកនេះ លោក ហ៊ុន សែន ធ្វើជាសមាជិកសភា និងកាន់អំណាច ជានាយករដ្ឋមន្ត្រីបានកែច្បាប់បំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលខុសពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្កើតសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា-វៀតណាមដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីជាដើម។
លោកមើលឃើញថាលោក ហ៊ុន សែន លាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយផ្ទេរឱ្យទៅកូន និងការចាកចេញពីសមាជិកសភាទៅកាន់តំណែងប្រធានព្រឹទ្ធសភាពុំមែនជាការដើរចេញអំណាចសម្រាប់ផលប្រយោជន៍ជាតិដូចមេដឹកនាំប្រជាធិបតេយ្យនោះទ តែនេះជាមធ្យោបាយរបស់មេដឹកនាំផ្ដាច់ការធ្វើយ៉ាងណាដើម្បីរក្សាអំណាចគ្រួសារត្រកូលហ៊ុន។
លោក ហ៊ុន សែន៖ «ការដើរចេញពីតំណែងនាយករដ្ឋមន្ត្រី និងពីសភារបស់ពួកជនផ្ដាច់ការ ជាឧទាហរណ៍ដូចជាលោក ហ៊ុន សែន ទៅកាន់ព្រឹទ្ធសភាមិនមែនដើរចេញពីអំណាចនោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រផ្ដាច់ការប្រើព្រឹទ្ធសភាជាឧបករណ៍បន្តថាមពលអំណាច គឺគាត់(ហ៊ុន សែន)ទៅទីខ្ពស់លើសគេក្នុងការបញ្ជានយោបាយពីក្រោយខ្នងតាមសិល្បៈរក្សាអំណាចក្រុមគ្រួសារត្រកូលហ៊ុនរបស់គាត់ »។
អ្នកឃ្លាំមើល និងក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិព្រួយបារម្ភចំពោះប្រទេសកម្ពុជានឹងមិនត្រឹមតែជារដ្ឋឯកបក្សប៉ុណ្ណោះទេ តែក៏ជារដ្ឋគ្រប់គ្រងដោយគ្រួសារតែមួយ ក្នុងពេលដែលលោក ហ៊ុន សែន នឹងក្លាយជាប្រធានព្រឹទ្ធសភា ខណៈកូនប្រុសច្បងរបស់លោកធ្វើជានាយករដ្ឋមន្ត្រី និងកូនប្រុសពៅរបស់លោកទើបត្រូវបានលើកបន្តុបឱ្យធ្វើជាឧបនាយករដ្ឋមន្ត្រី។ ពួកគេជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការបញ្ឈប់ការក្រសោបយកអំណាចរបស់ក្រុមគ្រួសារត្រកូលហ៊ុន និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
មន្ត្រីបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍សង្គមអំពាវនាវដល់អ្នកប្រជាធិបតេយ្យ អ្នកស្រឡាញ់យុត្តិធម៌គ្រប់និន្នាការ រួមកម្លាំងគ្នាទប់ស្កាត់មហិច្ឆតារបស់លោក ហ៊ុន សែន ដែលពួកគេប្រដូចទៅនឹងមេដឹកនាំផ្ដាច់ការនៅប្រទេសកូរ៉េខាងជើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។