កម្ពុជា
01/04/2024 – 13:50
ដោយ៖ ញឹម សុផល
RFI
នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០២៤នេះ លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីបានប្រកាសលាលែងពីសមាជិករដ្ឋសភាដោយលោកនឹងដាក់លិខិតលាលែងផ្លូវការនៅថ្ងៃអង្គារ ទី២ ខែមេសា។ ការប្រកាសរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងអំឡុងពេលនៃសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភានាព្រឹកថ្ងៃចន្ទ ទី១ ខែមេសានេះ។
លោក ហ៊ុន សែន ប្រកាសលាលែងពីសមាជិកសភាដើម្បីត្រៀមទៅដឹកនាំព្រឹទ្ធសភា
នៅក្នុងបញ្ជីវត្តមានតំណាងរាស្ត្រនៃកិច្ចប្រជុំរដ្ឋសភា លោក ហ៊ុន សែន បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត។ ដំណាក់កាលទី១ ពីខែមិថុនា ឆ្នាំ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ និងដំណាក់កាលទី២ ពីថ្ងៃទី១៤ មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤»។ បន្ថែមពីលើសំណេរនេះ លោក ហ៊ុន សែន ក៏បានឡើងថ្លែងផ្ទាល់មាត់ក្នុងរដ្ឋសភាប្រមាណជា២០នាទីថា លោកបានក្លាយជាសមាជិកសភានៅក្នុងវ័យ២៩ឆ្នាំ និងធ្វើជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ។
ចំណុចសំខាន់ដែលលោក ហ៊ុន សែន ចង់រំលេចអំឡុងពេលលោកធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីគឺថាសមាជិកសភាបានជួយកិច្ចការលោកយ៉ាងច្រើនតាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ជាវិសោធនកម្ម ដែលបានផ្តល់ឲ្យលោកមានឱកាសក្នុងការកែទម្រង់សេដ្ឋកិច្ច និងដីធ្លី។
លើសពីនេះ អតីតនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា សមាជិកសភាទាំងអស់កន្លងមកតែងមានការគាំទ្រ និងលើកទឹកចិត្តលោកដូចជាការផ្លាស់ប្តូរឈ្មោះប្រទេស ដំណើរការចរចាស្វែងរកសន្តិភាព ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក៥០%បូក១ ជាដើម។
នៅក្នុងការថ្លែង ដែលបំផុសឲ្យមានសំណើចនៅក្នុងសភាផងនោះ លោក ហ៊ុន សែន បានលើកឡើងថា លោកមិនមែនលាសមាជិកសភាទាំងអស់ជារៀងរហូតនោះទេដោយលោកបញ្ជាក់ថា យមរាជគ្មានសិទ្ធិយកលោកទៅឋាននរកទេ ពោលមានតែព្រះឥន្ទមួយគត់ ដែលមានសិទ្ធិអារកាត់ជីវិតរបស់លោកដល់ពេលណា។
លោក ហ៊ុន សែន ថា លោកនឹងវិលទៅកាន់រដ្ឋសភាជាថ្មីនៅពេលមានសមាជរដ្ឋសភា និងព្រឹទ្ធសភា។ សូមរំលឹកថា ព្រឹទ្ធសភាអាណត្តិថ្មីនឹងបើកកិច្ចប្រជុំដំបូងរបស់ខ្លួននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ហើយលោក ហ៊ុន សែន ជាបេក្ខជនប្រធានព្រឹទ្ធសភាអាណត្តិទី៥ ដែលគ្មានគូប្រជែង៕