សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ជាង ១រយ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

ដោយ សុជីវី
2024.04.01
RFA

សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ជាង ១រយ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

ក្លឹប​កម្សាន្ត​ឈ្មោះ ថាំង ហួយ (Tang Houy Club) ស្ថិត​នៅ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជាទីតាំង​ដែល​អាជ្ញាធរ​បង្ក្រាប និង​រឹបអូស​បាន​គ្រឿង​ញៀនជិត ៦គីឡូ​ក្រាម​ កាល​ពី​យប់​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ


កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កំពុង​សាកសួរ​ជន​សង្ស័យ​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ ១១១នាក់ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត។ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ឆ្មក់​បង្ក្រាប​ជនសង្ស័យ​ទាំង​នោះ នៅ​ទីតាំង​ក្លឹប​កម្សាន្ត​ឈ្មោះ ថាំង ហួយក្លឹប (Tang Houy Club) ស្ថិត​នៅ​ខណ្ឌ​ចំការមន និង​រឹបអូស​បាន​ថ្នាំញៀន​ជិត ៦គីឡូ​ក្រាម​កាល​ពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី១ ខែមេសា បន្ទាប់​ពី​សមត្ថកិច្ច​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ជិត ២ខែ។

អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លោក អ៊ិន សុង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១ ខែមេសា ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ថៅកែ​ហាង ថាំង ហួយក្លឹប ជា​ជនជាតិ​ចិន ប៉ុន្តែ លោក​ថា នៅ​មាន​បក្ខពួក​ផ្សេង ដែល​មាន​ភាគហ៊ុន និង​តែងតែ​ចែកចាយ​គ្រឿង​ញៀន​ក្នុង​ហាង​នេះ ហើយ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន។ លោក​ឱ្យ​ដឹង​ថា នៅ​ពេល​បញ្ចប់​ការ​សាកសួរ​ជន​សង្ស័យ ដែល​ពាក់ព័ន្ធ​ការ​ចែកចាយ​គ្រឿង​ញៀន​សមត្ថកិច្ច​នឹង​បញ្ជូន​ទៅ​តុលាការ ចំណែក​ជន​បរទេស ដែល​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​សមត្ថកិច្ច​នឹង​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ។

លោក អ៊ិន សុង៖ «ធម្មតា​ទីតាំង​អ៊ី​ចឹងៗ មាន​ភាគហ៊ុន​ច្រើន​នាក់​យើង​កំពុង​តែ​ស្រាវជ្រាវ។ យើង​បាន​បិទ​ទីតាំង​ហ្នឹង ទីពីរ​ ស្នើ​សុំ​ឱ្យ​ផ្អាក​អាជីវកម្ម។ ទីបី​ យើង​កំពុង​ស្រាវជ្រាវ​ឈាន​ដល់​ការ​ស៊ើប​អង្កេត​បទល្មើស​សម្អាត​ប្រាក់​ទៀត»

ប្រតិបត្តិការ​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​នេះ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា កាល​ពី​ចុង​ខែមីនា បាន​ដាក់​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​រាជធានី​ខេត្ត​ចុះ​ស៊ើប​អង្កេត​បញ្ហា​គ្រឿង​ញៀន និង​ការ​ជួញដូរ​មនុស្ស​នៅ​តាម​ទីតាំង​កាស៊ីណូ ខារ៉ាអូខេ​រង្គសាល និង​ក្លឹប​កម្សាន្ត។ លោក​បញ្ជាក់​ថា នៅ​តាម​ក្លឹប​កម្សាន្ត​មួយ​ចំនួន​ស្ត្រី​ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ និង​មាន​មេ​ខ្យល់​យក​ទៅ​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ដោយ​ឡែក​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​វិញ លោក ស សុខា បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​ហៅ​ម្ចាស់​កាស៊ីណូ ធ្វើ​កិច្ច​សន្យា​មិន​ឱ្យ​លក់​គ្រឿងញៀន​ក្នុង​កាស៊ីណូ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles