Nikkei Asia៖ នាវាចម្បាំងចិនយ៉ាងហោច ២គ្រឿងប្រទះឃើញនៅមូលដ្ឋានទ័ពជើងទឹករាម

កម្ពុជា
កម្ពុជា-នយោបាយ
01/04/2024 – 12:59
ដោយ៖ អោ ស្រីពេជ្រ
RFI

រូបភាពជាច្រើនសន្លឹកបានបង្ហាញអំពីវត្តមាននាវាចម្បាំងរបស់ចិនយ៉ាងហោចណាស់ចំនួន ២គ្រឿងនៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkei Asia នៅថ្ងៃទី១ មេសានេះ។ តាម Nikkei Asia នាវាចម្បាំងចិនដែលប្រទះឃើញចុងក្រោយនៅក្នុងថ្ងៃទី២០ មីនា ឆ្នាំ២០២៤ គឺជានាវាចម្បាំងរបស់ទាហានជើងទឹកចិន «Wenshan»។

Nikkei Asia៖ នាវាចម្បាំងចិនយ៉ាងហោច ២គ្រឿងប្រទះឃើញនៅមូលដ្ឋានទ័ពជើងទឹករាម


រូបភាពជាច្រើនសន្លឹកដែលកាសែតជប៉ុន Nikkei Asia ទទួលបានបន្តបន្ទាប់បង្ហាញថា នាវាចម្បាំងចិននៅតែបន្តមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា។ តាមរូបភាពទាំងនេះនាំឲ្យគេកំណត់ដឹងថា នាវាចម្បាំងចិនមានវត្តមានលើកដំបូងនៅមូលដ្ឋានជើងទឹករាមអំឡុងដើមខែធ្នូ ឆ្នាំ២០២៣ និងចុងក្រោយក្នុងថ្ងៃទី២០មីនា ឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់ Nikkei Asia នៅថ្ងៃទី១ មេសាឆ្នាំ២០២៤ នាវាចម្បាំងចិនដែលមានវត្តមាននៅមូលដ្ឋានទ័ពរាមកម្ពុជាក្នុងថ្ងៃទី២០ មីនា គឺជានាវាចម្បាំងរបស់ទាហានជើងទឹកចិន «Wenshan»។ ការហ៊ានអះអាងដូចនេះរបស់ Nikkei Asia គឺដោយយោងតាមការផ្តិតឃើញរូបភាពទង់ជាតិចិន និងទង់ជាតិសម្គាល់កងទ័ពជើងទឹករំដោះប្រជាជនចិននៅលើនាវាចម្បាំងដែលកំពុងអណ្តែតលើផ្ទៃទឹកនៅដែនទឹកសមុទ្ររាម។

វត្តមាននាវាចម្បាំងចិននៅមូលដ្ឋានជើងទឹករាមកម្ពុជាជាបន្តបន្ទាប់ដូច្នេះត្រូវបានកាសែតជប៉ុន Nikkei Asia លើកឡើងថា ជាការបង្ហាញឱ្យឃើញពីការចូលរួមរបស់ចិនក្នុងការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពរាមកម្ពុជាដើម្បីជាផ្នែកមួយគាំទ្រដល់ចិននៅជម្លោះក្នុងសមុទ្រចិនខាងត្បូង។ បញ្ហាមួយនេះបាន និងកំពុងបង្កឲ្យមានភាពចម្រូងចម្រាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក បន្ទាប់ពីកម្ពុជាបានវាយកម្ទេចចោលនូវអគារមួយដែលជាជំនួយរបស់អាមេរិកកាលពីអំឡុងខែតុលា ឆ្នាំ២០២០។ ក្រោយការវាយកម្ទេច សហរដ្ឋអាមេរិកបានដាក់ការសង្ស័យថា កម្ពុជាកំពុងផ្តល់សិទ្ធិផ្តាច់មុខទៅឲ្យចិនតាំងមូលដ្ឋានយោធា។

Nikkei Asia៖នាវាចម្បាំងចិនយ៉ាងហោច ២គ្រឿងប្រទះឃើញនៅមូលដ្ឋានទ័ពជើងទឹករាម
Nikkei Asia៖ នាវាចម្បាំងចិនយ៉ាងហោច ២គ្រឿងប្រទះឃើញនៅមូលដ្ឋានទ័ពជើងទឹករាម © Nikkei Asia

ឆ្លើយតបចំពោះចោទប្រកាន់នេះ ប្រមុខការពារជាតិកម្ពុជាធ្លាប់បានអះអាងច្រើនលើកថា ការពង្រឹងសមត្ថភាពមូលដ្ឋានកងទ័ពជើងទឹករាមក្រោមជំនួយរបស់ចិន គឺដើម្បីការពារអធិបតេយ្យភាព ប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន ការនេសាទខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងសមុទ្ររបស់កម្ពុជា ហើយថា ការសាងសង់មូលដ្ឋានកងទ័ពរាមជាការលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកកម្ពុជាឱ្យមានភាពរីកចម្រើនមួយកម្រិតថែមទៀត។

គួរបញ្ជាក់ថាកាលពីខែមករា ឆ្នាំ២០២៤ រូបភាពផ្កាយរណបរបស់អាមេរិកបានបង្ហាញពីវត្តមាននាវាចម្បាំងចិនចុងក្រោយត្រឹមថ្ងៃទី១៣ មករា ឆ្នាំ២០២៤ នៅមូលដ្ឋានជើងទឹករាម បន្ទាប់ពីនាវាចម្បាំងចិននោះបានចូលមកដល់កម្ពុជានៅថ្ងៃទី៥ ធ្នូ២០២៣។ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់កាលណោះថា វត្តមាននាវាចម្បាំងចិនជាចូលរួមជួយហ្វឹកហ្វឺននាយនាវឹកកងទ័ពជើងទឹកកម្ពុជា៕

What Next?

Recent Articles

Leave a Reply

Submit Comment