ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី​អះអាង​ថា ក្រុមហ៊ុន​ជិត​១០​កាយ​ភ្នំ​យក​ថ្ម​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ព្រៃ​សហគមន៍

ដោយ ប្រាជ្ញ ចេវ
2024.04.02
RFA

ពលរដ្ឋ​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា មាន​ក្រុមហ៊ុន​ជិត​១០ បាន​កាយ​ភ្នំ​យក​ថ្មម៉ាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ព្រៃ​សហគមន៍​ជាង ១​ពាន់​ហិកតារ និង​ដី​ព្រៃ​តំបន់​ការពារ​មួយ​ចំនួន​ទៀត ដើម្បី​យក​ថ្ម​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​និង​សិក្សា​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌​ជា​មុន​សិន មុននឹង​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​មួយ​នេះ។

ពលរដ្ឋ​រស់នៅ ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ និង​កាយ​យក​ថ្មម៉ាប យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ព្រៃ​សហគមន៍​វាល​កំបោរ ជាង​១​ពាន់​ហិកតារ និង​ដី​តំបន់​ការពារ​ជាច្រើន​ហិកតារ​ថែម​ទៀត។ សហគមន៍​ថា ពួកគេ​មិន​ទាន់​ដឹង​ក្រុមហ៊ុន​ទាំងអស់​នោះ​ស្របច្បាប់​ឬ​ខុសច្បាប់​នៅ​ឡើយ​ទេ តែ​ទោះជា​យ៉ាងណា​ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ហាមឃាត់​និង​បញ្ឈប់​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​វាល​កំបោរ​តទៅ​ទៀត។

ពលរដ្ឋ​រស់នៅ​ឃុំ​ជ័យឧត្ដម លោក ដាំ លាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០១​ខែមេសា​ថា ពលរដ្ឋ​ចំនួន​៣​ភូមិ​ខិតខំ​ការពារ​ដើមឈើ ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​អាស្រ័យ​ផល ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមហ៊ុន​ថ្ម​ម៉ាប​មិន​ស្គាល់ឈ្មោះ​ជាច្រើន​ក្រុមហ៊ុន បាន​ឈូស​ឆាយ យក​ថ្ម​មានតម្លៃ។ លោក​បន្ថែម​ថា ពលរដ្ឋ​នៅ​តំបន់​នោះ​មិន​ហ៊ាន​រិះគន់ និង​តវ៉ា​នោះ​ទេ ដោយសារ​ក្រុមហ៊ុន​ទាំងនោះ មាន​អ្នក​មាន​អំណាច​នៅ​ក្រោយ​ខ្នង។

លោក ដាំ លាន៖ «យើង​ខំប្រឹង​ការពារ​ខំ​ពង្រឹង​ចង់​ងាប់​ហើយ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ គេ​ជីក​យក​មិន​សោកស្ដាយ​យ៉ាងម៉េច ។ ខំ​សន្សំ​ដើមឈើ​ទុក​ឲ្យ​កូនចៅ​ធ្វើ​ផ្ទះ​ធ្វើ​សម្បែង គេ​ជីក​បាត់បង់​អស់​មិន​ស្ដាយ​យ៉ាងម៉េច យើង​ប្រជាពលរដ្ឋ​មិនដឹង​ធ្វើ​យ៉ាងម៉េច ចាំ​មើល​ថ្នាក់លើ យើង​ជា​ប្រជាពលរដ្ឋ​មានតែ​សុំ​សំណូមពរ​កុំ​ឲ្យ​គេ​កាប់​បំផ្លាញ​ព្រៃឈើ បើ​មិន​បំផ្លាញ​យ៉ាងម៉េច​បើ​យក​រ៉ែ​នៅ​ខាងក្រោម​ដី គេ​ឈូស​ចោល​ហើយ​ដើមឈើ»។

សហគមន៍​ឲ្យ​ដឹង​ថា ព្រៃ​សហគមន៍​វាល​កំបោរ មាន​ពលរដ្ឋ​ចំនួន​៣​ភូមិ​គឺ​ភូមិ​ថ្មី ភូមិ​ស្រែ​ឈូក និង​ភូមិ​ដីឡូតិ៍ ស្ថិត​នៅ​ក្នុង​ឃុំ​ជ័យ​ឧត្តម អាស្រ័យ​ផល​ជា​យូរណាស់​មក​ហើយ ដូចជា ដក​ផ្សិត និង​រក​រុក្ខជាតិ​ផ្សេងៗ​ទៀត យក​ទៅ​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ព្រៃ​សហគមន៍​មួយ​នេះ មាន​ផ្ទៃដី​ជាង​២​ពាន់​ហិកតារ មាន​ទីតាំង​ជាប់​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ។​​ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន និង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា បានទេ នៅ​ថ្ងៃទី​១ ខែ​មេសា ដោយ​ទូរស័ព្ទ ចូល​តែ​គ្មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណា កាលពី​ចុងឆ្នាំ​២០២៣ រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​ប្រកាស​ឲ្យ​ដកហូត និង​បញ្ឈប់​ផ្ដល់​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ពលរដ្ឋ និង​ក្រុមហ៊ុន​ដែល មិនបាន​អនុវត្ត​តាម​នីតិវិធី​របស់​ក្រសួង និង​មិនបាន​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង សង្កេត​ឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​ថ្ម​មួយ​រយៈ​ចុងក្រោយ​នេះ កំពុងតែ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​តំបន់​នោះ​។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​សិក្សា​ស្រាវជ្រាវ និង​មានការ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ធ្វើការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ធ្វើ​អាជីវកម្ម ដើម្បី​ជៀសវាង កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​បន្ថែម​ទៀត។

លោក ហេង គឹមហុង៖ «អ៊ីចឹង​ទាំងអស់​នេះ​ជា​កត្តា​ធ្វើ​ឲ្យ មិន​ផ្ដល់​ផល​ចំណេញ​ដល់​សង្គម​ទេ កន្លង​មក​មានការ​លើក​លែង​ពន្ធ ឥឡូវ​មានការ​ធ្វើ​អាជីវកម្ម​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ទៀត​អ៊ីចឹង ធ្វើ​ឲ្យ​ខាតបង់​ផ្ទួនៗ ធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ដូច្នេះ​ការ​គិតគូរ​ផាសុកភាព​របស់​ប្រជាពលរដ្ឋ និង​ការ​បង្កើត​ពន្ធ​ឡើងវិញ​នឹង​ជា​រឿង​សំខាន់​ដែល​រដ្ឋ​ត្រូវធ្វើ»។

កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ រដ្ឋាភិបាល​បាន​បើកភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​ធ្វើ​អាជីវកម្ម​នាំចេញ​ថ្ម​កែច្នៃ​ធម្មជាតិ មិន​ចាំបាច់​បង់ពន្ធ និង​ថ្ម​ធម្មជាតិ​បង់ពន្ធ​ត្រឹមតែ​៥​ភាគរយ​តែប៉ុណ្ណោះ។ក្នុងចំណោម​ក្រុមហ៊ុន​រកស៊ី​អាជីវកម្ម​ថ្ម​នៅ​កម្ពុជា ក៏​មាន​ក្រុមហ៊ុន​របស់​លោក ឧកញ៉ា ឡេង ឬទ្ធី ផង​ដែរ គឺ​ក្រុមហ៊ុន ឬទ្ធីក្រានីត (ខេមបូឌា) ខូ​អិ​ល​ធី​ឌី (RITHY GRANITE (CAMBODIA) CO., LTD ) ។ បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ធ្វើ​អាជីវកម្ម​ថ្ម​ធម្មជាតិ នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ១០​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្តតាកែវ និង​កំពុង​បន្ត​ផ្គត់ផ្គង់​ថ្ម ទាំង​នៅក្នុង​ស្រុក​និង​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment