ដោយ ហ៊ុំ ចំរើន
2024.04.01
RFA

លោក ស សុខា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Sar Sokha 2024-04-01
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ក្រសួងមហាផ្ទៃគួរតែគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មពលរដ្ឋ តាមប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយកំហុសនៅពេលបំពេញព័ត៌មាន សំបុត្រកំណើត សៀវភៅគ្រួសារ និងគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋនោះអាចប្រកបដោយប្រសិទ្ធភាពបាន។ ការលើកឡើងនេះ ក្រោយពីក្រសួងមហាផ្ទៃណែនាំឱ្យមន្ត្រីថ្នាក់ក្រោមជាតិ ពង្រឹងការងារអត្តសញ្ញាណកម្ម និងគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ដរាបណាក្រសួងមហាផ្ទៃមិនធ្វើទំនើបកម្ម ផ្នែកគ្រប់គ្រងព័ត៌មានតាមបែបឌីជីថលនោះទេ នោះមន្ត្រីថ្នាក់ក្រោមជាតិ នឹងមិនអាចបំពេញការងារ និងគ្រប់គ្រងការស្នាក់នៅប្រកបដោយប្រសិទ្ធភាពនោះឡើយ។
នាយកប្រតិបត្តិអង្គការសម្ពន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ (CPDD) លោក សុន ពេញ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែមេសា ថា ដោយសារតែប្រជាពលរដ្ឋជាច្រើនមិនចេះអក្សរ ហើយការសរសេរអក្សរខ្មែរងាយនឹងខុសតាមលំនាំដើម ដូច្នេះបើទោះបីជាក្រសួងមហាផ្ទៃជំរុញឱ្យមន្ត្រីថ្នាក់ឃុំ សង្កាត់ សាកសួរប្រជាពលរដ្ឋមុនចេញសំបុត្រកំណើត ឬសៀវភៅគ្រួសារក្ដី ក៏នៅតែមិនអាចបញ្ចៀសកំហុសបញ្ចូលទិន្នន័យបានច្រើននោះទេ។ លោកបន្តថា ដើម្បីគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងជនបរទេសប្រកបដោយប្រសិទ្ធភាព ក្រសួងមហាផ្ទៃក៏គួរធ្វើទំនើបកម្មរបៀបធ្វើការងារ តាមរយៈការគ្រប់គ្រងដោយប្រព័ន្ធតែមួយជាមួយភាគីពាក់ព័ន្ធផងដែរ។
លោក សុន ពេញ៖ «ដូចនៅស្រុកគេ តាមច្បាប់ទេសចរណ៍មិនអាចធ្វើការបានទេ បើស្របច្បាប់មកធ្វើការបានមានសំបុត្រអនុញ្ញាតការងារ អ៊ីចឹងមិនអាចមករកស៊ីខុសច្បាប់បានទេ វាប្រទាក់ក្រឡាគ្នាជាមួយអត្តសញ្ញាណប័ណ្ណចុះបញ្ជីមុខរបរ ជាមួយនឹងកម្មករ អ៊ីចឹងវាសំខាន់បើមានប្រព័ន្ធមួយដែលអាចគ្រប់គ្រងប្រព័ន្ធទិន្នន័យបាន បានអាចយើងរកឃើញ បើគាត់ធ្វើអាជីវកម្មគាត់ត្រូវប្រកាសចំនួនសមាជិករបស់គេប៉ុន្មាននាក់ កម្មករប៉ុន្មាននាក់ មានឈ្មោះអីខ្លះ អ៊ីចឹងស្រួលនឹងរកទេថានៅឯណា នៅឯណី»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំ ការអនុវត្តការងារអត្តសញ្ញាណកម្ម កាលពីថ្ងៃទី២៧ ខែមីនា។ ក្រសួងមហាផ្ទៃបានជំរុញឱ្យមន្ត្រីថ្នាក់ក្រោមជាតិ ពង្រឹងការផ្ដល់សេវាអត្តសញ្ញាណកម្ម ដូចជាការធ្វើលិខិតអត្រានុកូលដ្ឋាន ធ្វើស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការធ្វើលិខិតឆ្លងដែនជាដើម។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃក៏ណែនាំឱ្យនគរបាលតាមឃុំ សង្កាត់ចុះបញ្ជីស្ថិតិជនបរទេសឱ្យបានត្រឹមត្រូវ និងជៀសវាងការបញ្ជាក់ជនបរទេសថាជាជនជាតិខ្មែរ ឬសញ្ជាតិខ្មែរផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដើម្បីបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី១ ខែមេសា។
ជុំវិញរឿងនេះ ប្រជាពលរដ្ឋរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនកម្ពុជា វៀតណាម លោក ឆៃ វ៉ិត លើកឡើងថា លោកគាំទ្រចំពោះការណែនាំរបស់ក្រសួងមហាផ្ទៃនេះ។ ទោះជាយ៉ាងណា លោកយល់ថា ការណែនាំរបស់ក្រសួងមហាផ្ទៃនេះនឹងមិនអាចជួយកាត់បន្ថយជនបរទេស ជាពិសេសជនជាតិវៀតណាម មករកស៊ីនៅលើទឹកដីខ្មែរដោយខុសច្បាប់នោះឡើយ។ លោកបន្តថា ដើម្បីគ្រប់គ្រងជនបរទេសស្នាក់នៅកម្ពុជាដោយខុសច្បាប់បាន លុះត្រាតែក្រសួងមហាផ្ទៃមានវិធានការច្បាប់ទៅលើមន្ត្រីខិលខូច ដែលបើកដៃឱ្យជនបរទេសចេញចូល និងស្នាក់នៅកម្ពុជាដោយសេរី។
លោក ឆៃ វ៉ិត៖ «ក្រសួងមហាផ្ទៃគួរតែផ្ដន្ទាទោសទៅតាមច្បាប់ ទៅតាមវិធានការចំពោះមន្ត្រីនៅមូលដ្ឋាន ដែលមិនអនុវត្តតាមវិធានការ ហើយគ្រាន់តែចេញក្រដាសហ្នឹងមក វិធានការហ្នឹងមក ឱ្យតែល្អមើល ហើយមិនមានការអនុវត្តទេ។ ខ្ញុំថា ទោះបីជាចេញរហូតតជំនាន់ទៀត ក៏មិនអាចទប់ស្កាត់បានដែរ ព្រោះវៀតណាមចូលមករកស៊ី មកលក់ឆ្នោត មកទិញអេតចាយ មកលក់ម្ហូបលក់កាហ្វេ ពេញទឹកពេញដីក្នុងភូមិខ្មែរនៅព្រំដែន»។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព មិនត្រឹមតែអាចធានាសុខសុវត្ថិភាពនៅក្នុងសង្គមតែប៉ុណ្ណោះទេ ថែមទាំងអាចជួយទប់ស្កាត់អំពើជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់កម្ពុជាធ្ងន់ធ្ងរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។