សហគមន៍​ខេត្តកោះកុង​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​សមុទ្រ​កោះកុង​ក្រៅ

ដោយ ហ៊ុំ ចំរើន
2024.04.02
RFA

សហគមន៍​ខេត្តកោះកុង​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​សមុទ្រ​កោះកុង​ក្រៅ

ទិដ្ឋភាព​សាឡង់​ដឹក​ខ្សាច់ នៅ​ចំណុច​កោះកុង​ក្រៅ ឋិត​ក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត កោះកុង កាលពី​ថ្ងៃទី៣១ មីនា ២០២៤។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ


សហគមន៍​ខេត្តកោះកុង​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​សមុទ្រ​កោះកុង​ក្រៅ។ ការ​ស្នើ​នេះ​ដោយសារ​សហគមន៍​សង្កេត​ឃើញ​មាន​សាឡង់​ជាច្រើន​គ្រឿង ដឹកជញ្ជូន​ខ្សាច់​សមុទ្រ​ទៅមក​ស្ទើរ​រាល់ថ្ងៃ ឋិត​ក្នុង​ឃុំ​ជ្រោយប្រស់ ខេត្ត​កោះកុង ដែល​ប្រជា​សហគមន៍​សង្ស័យ​ថា ជា​អាជីវកម្ម​ខុស​ច្បាប់។

ប្រជា​សហគមន៍​រស់នៅ​ភូមិ​អាវឡាតាន់​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​មុខរបរ​នេសាទ​សមុទ្រ ជោគវាសនា​ព្រៃកោងកាង និង​មច្ឆា​សមុទ្រ ក្រោយពី​កើតមាន​អាជីវកម្ម​បូម​ខ្សាច់ ២ ឆ្នាំ​មក​ហើយ ឋិត​នៅ​ចំណុច​កោះកុង​ក្រៅ ក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្តកោះកុង​។​

ប្រជា​សហគមន៍​រស់នៅ​ភូមិ​អាវឡាតាន់​លោក លុន ផា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២ មេសា​ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ មាន​សាឡង់​យ៉ាងហោចណាស់ ជាង ១០​គ្រឿង ដឹកជញ្ជូន​ខ្សាច់​ពី​ចំណុច​ក្បែរ​ឆ្នេរ​កោះកុង​ក្រៅ ឆ្ពោះ​ទៅកាន់​កំពង់ផែ​មួយ​កន្លែង ឋិត​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង​។

លោក​ថា សា​ឡង់​ដឹក​ខ្សាច់ មាន​កម្មករ​ជាច្រើន​នាក់ ជា​ជនជាតិ​វៀតណាម​ចូល​បូម​ខ្សាច់ ក្នុង​សហគមន៍​កោះកុង​ក្រៅ ដោយ​មិន​ទាន់​បង្ហាញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​នៅឡើយ​ទេ ជាច្រើន​ខែ​មក​ហើយ។

លោក លុន ផា៖ «បូម​ទៅ​ដី​មិន​ស្អុយ​ដល់​ខាងក្រោម ប៉ះពាល់​ធម្មជាតិ​គ្រឿង​សមុទ្រ ចាប់ផ្តើម​ស្បើយ​ទៅ​ដែរ​។ ឥលូវ​បូម​ក្នុង​ព្រែក​ទឹក​ហូរ​មក វា​ស្អុយ ដី​ភក់​អី ព្រៃឈើ​បាក់ នៅ​មិនកើត​ទេ មិន​ថា​មនុស្ស និង​សត្វ ស្អុយ​ខ្លាំង​នៅ​មិន​បានទេ វា​ត្រូវ​ចេញទៅ​ក្រៅ​។ កន្លែង​នេសាទ​នៅ​ក្រៅ នេសាទ​អត់​បានទេ រកបាន​តែ​នៅ​ខាងក្នុង​ដាក់​មង»។

កន្លងទៅ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​ការ​បូម​ខ្សាច់ និង​ការនាំចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស​ជា​បណ្ដោះអាសន្ន។

រីឯ​ចលនា​មាតា​ធម្មជាតិ តែងតែ​ប្រមូល​បាន​ព័ត៌មាន បង្ហាញ​ពី​ភាព​មិន​ប្រក្រតី នៃ​អាជីវកម្ម​បូម​ខ្សាច់ និង​ការ​ដឹក​ខ្សាច់​ពី​ដែនទឹក​កម្ពុជា ដោយ​កប៉ាល់​ធំៗ​ទៅកាន់​បរទេស សង្ស័យ​មាន​អំពើពុករលួយ។

កាលពី​ចុងឆ្នាំ​២០២៣ មាន​ករណី​លួច​បូម​ខ្សាច់​នៅ​តំបន់​សមុទ្រ ចំណុច​កោះ​ស្រឡៅ​តែ​ត្រូវ​បាន​ផ្អាក​ទៅវិញ ដោយសារ​ក្រសួង​បញ្ជាក់​ថា ពុំ​មាន​ការ​ផ្តល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នៅ​តំបន់​នោះ​ទេ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត បារម្ភ​ថា ការ​បូម​ខ្សាច់​នៅ​ចំណុច​កោះកុង​ក្រៅ អាច​នឹង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ បង្ក​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​ប្រកប​របរ​នេសាទ​សមុទ្រ។

លោក លី ចាន់ដារ៉ាវុត៖ «យើង​ទាមទារ​ឱ្យ​ក្រសួង​ពិនិត្យមើល ឱ្យ​បាន​ហ្មត់​ចង់ ចំពោះ​ក្រុមហ៊ុន​ណា ហ៊ាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តំបន់​ហ្នឹង​។ ជាពិសេស​មិន​ត្រូវ​ឱ្យ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ណាមួយ បូម​ខ្សាច់​សមុទ្រ ដែល​ជា​កន្លែង​ប្រជាជន​ដែល​ធ្វើ​នេសាទ​ទេ វា​ប៉ះពាល់​ប្រជាជន​នេសាទ​តាម​សមុទ្រ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អភិបាលខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង និង​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២ មេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នកទទួល។

ចំណែកឯ​អ្នកនាំពាក្យ​ក្រសួង​រ៉ែ លោក អ៊ឹង ឌីប៉ូឡា ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​បណ្ដាញ​និង​តស៊ូ​មតិ នៃ​អង្គការ​ភាពជា​ដៃគូ​ដើម្បី​បរិស្ថាន​និង​ការ អភិវឌ្ឍ លោក សាន់ ម៉ាឡា ពន្យល់​ថា អាជីវកម្ម​បូម​ខ្សាច់​នឹង​បង្កើត​ឱ្យ​មាន​ចរាចរណ៍​ញឹកញាប់​នៃ​គ្រឿងចក្រ ការ​រំខាន​ដោយ​សំឡេង ហើយ​ស្លាបចក្រ​របស់​គ្រឿងចក្រ​អាច​នឹង​ប៉ះទង្គិច​ឧបករណ៍​នេសាទ​របស់​ពលរដ្ឋ។

លោក​យល់​ថា ក្រសួង​រ៉ែ​គួរ​តែ​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់ និង​តម្លាភាព នៃ​អាជីវកម្ម​បូម​ខ្សាច់​ទាំងនោះ ដើម្បី​ជម្រះ​មន្ទិល​របស់​សហគមន៍។

លោក សាន់ ម៉ាឡា៖ «យើង​បាត់បង់​ធនធានធម្មជាតិ​អស់​ច្រើន​រាប់ទាំង​ខ្សាច់ រ៉ែ​ត្បូង រ៉ែ​មាស និង​ធនធាន​ព្រៃឈើ តែ​ប្រទេស​កម្ពុជា​យើង​ទទួល​បាន​ចំណូល​តិច​មែនទែន មាន​ការ​អំពើពុករលួយ​ច្រើន ខ្វះ​តម្លាភាព ដោយសារ​ខ្វះ​ការចូលរួម​ពី​សាធារណជន និង​អង្គការ​សង្គម​ស៊ីវិល»។

តំបន់​កោះកុង​ក្រៅ នៃ​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង ជា​កន្លែង​ដែល​សំបូរ​អ្នកនេសាទ​ត្រី​រាប់​រយ​គ្រួសារ​ចិញ្ចឹមជីវិត និង​ជា​តំបន់​អំណោយផល​វិស័យ​ទេសចរណ៍ អម​ដោយ​ទេសភាព​សមុទ្រ​ស្រស់បំព្រង ហ៊ុមព័ទ្ធ​ដោយ​ភ្នំ និង​ព្រៃ​កោងកាង។

រីឯ​អាជីវកម្ម​បូម​ខ្សាច់​ខ្នាត​ធំ ដោយមាន​សាឡង់​ដឹកជញ្ជូន​ខ្សាច់ ទៅ​មក ស្ទើរ​ជា​រៀងរាល់ថ្ងៃ នៅ​ផ្នែក​ខាងលើ និង​ក្បែរ​តំបន់​កោះកុង​ក្រៅ បាន​កើត​មាន​ឡើង​ចាប់តាំងពី​ចុងឆ្នាំ​២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment