អាជ្ញាធរវៀតណាមបន្តទៅឈូសកម្ទេចសាលាឆទាន ក្រោយចាប់ឃុំខ្លួនព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម

ដោយ ខាន់ លក្ខិណា
2024.04.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរវៀតណាមបន្តទៅឈូសកម្ទេចសាលាឆទាន ក្រោយចាប់ឃុំខ្លួនព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម

អាជ្ញាធរវៀតណាមឈូសកម្ទេចសាលាឆទានរបស់ពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកសំឡេងកម្ពុជាក្រោម (VOKK)


អាជ្ញាធរ​វៀតណាម​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​សាលាឆទាន នៅ​ខេត្ត​លង់ហោរ​។ សាលាឆទាន​នោះ សាងសង់​ដោយ​ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និង​សកម្មជន​ខ្មែរ​ក្រោម ក្រោយ​ពី​បាន​ចាប់​ផ្សឹក​ និង​ឃុំ​ខ្លួន​ពួក​គាត់​ក្នុង​ពន្ធនាគារ​។សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​នេះ ជា​ការ​រើសអើង​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​មាន​គោល​ដៅ​លុប​បំបាត់​ពូជ​សាសន៍​ខ្មែរ​ក្រោម ដែល​ជា​ជន​ជាតិ​ដើម​ម្ចាស់​ទឹក​ដី​កម្ពុជា​ក្រោម។


ស្ត្រី​ខ្មែរ​ក្រោម​ម្នាក់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម​នៅ​​ថ្ងៃ​ទី​០១ ខែ​មេសា បាន​ដាក់​កម្លាំង​ជា​ច្រើន​នាក់ និង​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ សាលាឆទាន​នៅ​ខេត្ត​លង់ហោរ​។ សាលាឆទាន​នេះ ដឹក​នាំ​សាងសង់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​ព្រះចៅ​អធិការ​វត្ត​ ទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និង​សកម្មជន​ខ្មែរ​ក្រោម​លោក គឹម ឃីម​។ អាជ្ញាធរ​វៀតណាម បើក​ការ​ឈូស​កម្ទេច​សាលាឆទាន​នេះ បន្ទាប់​ពី​ពួកគេ​ចាប់​ផ្សឹក និង​ ឃុំ​ខ្លួន ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងលោក គឹម ឃីម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា​។

ស្ត្រី​ខ្មែរ​ក្រោម​រូប​នេះ បាន​ឱ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​វៀតណាម​បាន​ដាក់​កម្លាំង​ត្រៀម​ទប់ទល់​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា ដែល​ហ៊ាន​ចេញ​មុខ​រារាំង​សកម្មភាព​កម្ទេច​សាលាឆទាន​។ លោកស្រី​ថា គ្មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា ហ៊ាន​ទៅ​ជិត​សាលាឆទាន​នោះ​ទេ​។ ទោះជាយ៉ាងណាក៏ដោយ ក៏​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ បាន​លួច​ថត​វីដេអូ​ពី​ចម្ងាយ​ជុំវិញ​​សកម្មភាព​ឈូស​ឆាយ​របស់​អាជ្ញាធរ​វៀតណាម ដើម្បី​ផ្ញើ​ចេញ​ឱ្យ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ស្រុក ដឹង​ពី​ទង្វើ​របស់​អាជ្ញាធរ​ប្រទេស​កុម្មុយនិស្ត​នេះ​។

ស្ត្រី​ខ្មែរ​ក្រោម​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «ខ្មែរ​ក្រោម​ទឹក​ភ្នែក​ទឹក​សំបោរ ទៅ​ណា​ក៏​គេ​ធ្វើ​បាប​ដែរ សូម្បី​ឥឡូវ​ធ្វើ​បាប គេ​វាយ​សាលាឆទាន​បើ​អ្នក​ណា​ដើរ​ទៅ​គេ​ចាប់​ដាក់​ឡើង​ឡាន​តែ​ម្ដង  គ្មាន​អ្នក​ណា​ហ៊ាន​ចេញ​ទេ ទៅ​មួយ​គេ​កាច់​មួយ ព្រោះ​អី​យើង​ធ្វើ​អី​មិន​បាន​។ ខ្មែរ​ក្រោម​វេទនា​ណាស់ ។ គេ​លួច​ចាប់​ទន្ទឹង​ទែង ដើរ​តាម​ផ្លូវ​ជា​ដើម[…]។ ឥឡូវ​ថ្ងៃ​នេះ គេ​យក​ឆ្កែ​មក​ប្រលេង​ឱ្យ​ខាំ គេ​យក​ឆ្កែ​មក​ច្រើន​ណាស់​»​

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំការ​បំភ្លឺ​ពី​បញ្ហា​នេះបាន​ទេ នៅ​ថ្ងៃទី០១ មេសា។

សាលាឆទាន​នេះ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​នៅ​លើ​ដី​ឯកជន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​គ្រួសារ ដែល​ផ្ដល់​ដី​នេះ សម្រាប់​បម្រើ​ផល​ប្រយោជន៍​សង្គម​។ ចាប់​តាំង​ពី​ពេល​ចាប់​ផ្ដើម​សាងសង់ អាជ្ញាធរ​វៀតណាម​តែង​បញ្ជូន​កម្លាំង​មក​អុកឡុក ក្នុង​ចេតនា​រារាំង​ដំណើរការ​សាងសង់ និង​ព្យាយាម​ដឹក​ព្រះពុទ្ធ​រូប​ចេញ​ពី​សាលាឆទាន ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​ត្រូវ​បាន​ពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​រារាំង និង​ជម្នះ​បន្ត​សាងសង់​រហូត​បាន​សម្រេច​ជា​ស្ថាពរ ដោយ​ហេតុ​ថា ក្នុង​តំបន់​នោះ គ្មាន​វត្ត​ខ្មែរ​ក្រោម​នៅ​ជិត​នោះ​ទេ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី០១ ខែមេសា ថា អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម ដែល​កម្ទេច​សាលាឆទាន​របស់​ខ្មែរ​ក្រោម​នេះ គឺ​ជា​អំពើ​រើស​អើង​ពូជសាសន៍ លើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​។ ព្រះអង្គ​បន្ត​ថា អាជ្ញាធរ​វៀតណាម​ធ្វើ​ដូច្នេះ ក៏​មាន​គោល​ដៅ ​ព្យាយាម​លុប​បំបាត់​ពូជសាសន៍​ខ្មែរ​ក្រោម ដែល​ជា​ជន​ជាតិ​ដើម​ម្ចាស់​ទឹក​ដី  ដោយ​វៀតណាម​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ​ក្រោម មិន​ឱ្យ​មាន​សេរីភាព ជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​ទាន ព្រមទាំង​រារាំង​ខ្មែរ​ក្រោម មិន​ឱ្យ​មាន​ឱកាស​រៀន​សូត្រ អំពី​ព្រះពុទ្ធ​សាសនា ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ នៅ​ដែន​ដី​កម្ពុជា​ក្រោម។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា​៖ «អាជ្ញាធរ​វៀតណាម​កម្ទេច​សាលាឆទាន​ហ្នឹង គឺ​ជា​ការ​ព្យាយាម​លុប​បំបាត់​ពូជ​សាសន៍ ហើយ​រើសអើង​ពូជ​សាសន៍​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ម្ចាស់​ស្រុក​ជន​ជាតិ​ដើម  ជា​ពិសេស​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ខ្មែរ​ក្រោម​យើង​នឹង​ចេះ​នូវ​ការ​គោរព​ប្រពៃណី​ទំនៀមទម្លាប់​ព្រះ​ពុទ្ធសាសនា​នៅ​ទី​នោះ។ នៅ​ទី​នោះ ពួកគាត់​នៅ​ឆ្ងាយ​ពី​វត្ត​ពិបាក​ធ្វើ​ដំណើរ​»។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា មាន​ថេរ​ដីកា​ថា សាលាឆទាន នៅ​ភូមិ​កន្រែង​ ក្នុង​ខេត្ត​លង់ហោរ សាងសង់​ឡើង​ដោយ​ការ​ផ្ដួច​ផ្ដើម​របស់​ព្រះតេជព្រះគុណ ថាច់ ចន្ទតារា និង​ពុទ្ធបរិស័ទ​នៅ​ទី​នោះ ទុក​ជា​ទី​សក្ការ​បូជា ធ្វើ​បុណ្យ​ទាន​ជុំ​គ្នា និង​ បង្ហាត់​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​ដល់​កុមារា កុមារី និង​យុវជន​ខ្មែរ​នៅ​ភូមិ​កន្រែង។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា៖ «មហិច្ឆតា​របស់​អាជ្ញាធរ​វៀតណាម​មិន​សប្បាយ​ចិត្ត​ចំពោះ​ព្រះអង្គ ថាច់ ចន្ទតារា និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ទី​នោះ ធ្វើ​សាលាឆទាន​ហ្នឹង​ហើយ បាន​ជា​ចេះ​តែ​ព្យាយាម​បន្តិចៗ​រហូត​ដល់​ចាប់​ព្រះអង្គ ថាច់ ចន្ទតារា ផ្សឹក​ដោយ​បង្ខំ ហើយ​(​ចាប់​ខ្លួន​) លោក គឹម  ឃីម ព្រមទាំង​សកម្មជន​ខ្មែរ​ក្រោម​យើង​មួយ​ចំនួន​នៅ​ទី​នោះ​ទៀត ឃុំឃាំង​រហូត​មក​ដល់​សព្វ​ថ្ងៃ»។

ក្នុង​រយៈពេល​៨​ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃុំ​ខ្លួន​ព្រះសង្ឃ  សកម្មជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដាក់​គុក​ចំនួន​១២​អង្គ​/​នាក់ ដោយសារ​សកម្មភាព​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា បន្ថែម​ថា ការ​ចាប់​ឃុំ​ខ្លួន​នេះ អាជ្ញាធរ​វៀតណាម​ចង់​សម្លុត គំរាមកំហែង និង​បំភិតបំភ័យ​ស្មារតី ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ហ៊ាន​ក្រោក​ឡើង​តស៊ូ​ការពារ​វត្ត​អារាម និង​ប្រពៃណី​ទំនៀប​ទម្លាប់ ព្រះពុទ្ធ​សាសនា​ខ្មែរ​ក្រោម នៅ​ដែន​ដី​កម្ពុជា​ក្រោម។ ព្រះអង្គ អំពាវនាវ​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រោម ពង្រឹង​ស្មារតី​តស៊ូ តវ៉ា​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ដើម្បី​ទាមទារ​សិទ្ធិ​ជា​ជន​ ជាតិ​ដើម​ម្ចាស់​ស្រុក។ ព្រះអង្គ​ក៏​ជំរុញ​ឱ្យ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស រួម​គ្នា​បញ្ចេញ​ សំឡេង​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ ឱ្យ​ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម ឱ្យ​ បញ្ឈប់​នូវ​អំពើ​ដ៏​អយុត្តិធម៌ និង​ការ​រើសអើង​របស់​ខ្លួន​នេះ ជា​បន្ទាន់។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) កាល​ពី​ថ្ងៃទី២៩ ខែ​មីនា បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​វៀតណាម  ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ជន​ជាតិ​ដើម​នៅ​កម្ពុជា​ក្រោម៕

 កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

What Next?

Recent Articles

Leave a Reply

Submit Comment