គណបក្សកម្លាំងជាតិសុំជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ តែអភិបាលក្រុងភ្នំពេញមិនអនុញ្ញាត

កម្ពុជា
គណបក្សកម្លាំងជាតិ
03/04/2024 – 14:30
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

គណបក្សកម្លាំងជាតិបានស្នើសុំទៅអភិបាលរាជធានីភ្នំពេញដើម្បីយកទីលានប្រជាធិបតេយ្យជួបជុំសម្ដែងមតិក្នុងការទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សរបស់ខ្លួនដែលបានចាប់ខ្លួនកាលពីខែមីនា។ តែលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបដិសេធដោយលើកយកហេតុផលទៅពន្យល់ថា គឺវាខុសពីទម្រង់ច្បាប់នៃការសម្ដែងមតិ ព្រោះជាប់ពាក់ព័ន្ធដល់តុលាការ។

គណបក្សកម្លាំងជាតិសុំជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ តែអភិបាលក្រុងភ្នំពេញមិនអនុញ្ញាត


នៅក្នុងលិខិតរបស់ខ្លួនផ្ញើទៅកាន់សាលាក្រុងភ្នំពេញកាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណបក្សកម្លាំជាតិបានសុំរៀបចំពិធីជួបជុំដើម្បីសម្ដែងមតិដោយសន្ដិវិធីនៅទីលានប្រជាធិបតេយ្យក្នុងគោលបំណងទាមទារឱ្យមានការដោះលែងថ្នាក់ដឹកនាំគណបក្សចំនួន២រូបដែលបានចាប់ខ្លួនកាលពីខែមីនាកន្លងទៅ។ តាមគណបក្សប្រឆាំងមួយនេះ ការចាប់ខ្លួនមន្ដ្រីខ្លួនទាំង២រូបដាក់ពន្ធធនាគារជារឿងអយុត្តិធម៌ និងមានហេតុផលនយោបាយ។ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិបានលើកឡើងនៅក្នុងលិខិតថា ការជួបជុំនៅទីលានប្រជាធិបតេយ្យនឹងធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នាពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណ១៥០នាក់ដោយមានការលើកបដាពាក្យស្លោកទាមទារឱ្យដោះលែង និងរូបថតថ្នាក់ដឹកនាំគណបក្សទាំងពីររូប គឺលោកអ៊ុំ វីរៈរដ្ឋ និងលោកមឺ សេងហ៊ ហៅ គា វិសាល។

តែសំណើនេះត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបដិសេធដោយបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះថា ការស្នើរបស់គណបក្សកម្លាំងជាតិមិនសមស្របទៅនឹងនីតិវិធីច្បាប់ស្ដីពីការសម្ដែងមតិទេ។ តាមលោកឃួង ស្រេង ករណីទាមទារឱ្យដោះលែងអ្នកទោសមានជាប់ពាក់ព័ន្ធនឹងតុលារការដែលគ្មាននរណាអាចតវ៉ាប្រឆាំងនឹងតុលាការបានទេ។ លោកឃួង ស្រេងបានបន្ថែមថា អ្វីដែលគណបក្សកម្លាំងជាតិបានស្នើគឺខុសពីទម្រង់នៃការសម្ដែងមតិ ព្រោះការសម្ដែងមតិមានរូបភាពផ្សេង ហើយការតវ៉ាប្រឆាំងនឹងតុលាការមានរូបភាពផ្សឹង។

គណបក្សកម្លាំងជាតិសុំជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ តែអភិបាលក្រុងភ្នំពេញមិនអនុញ្ញាត
គណបក្សកម្លាំងជាតិសុំជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ តែអភិបាលក្រុងភ្នំពេញមិនអនុញ្ញាត © RFI

នៅក្នុងន័យនេះ លោក ឃួង ស្រេងបានបង្វែររឿងនេះទៅឱ្យតុលាការជាអ្នកសម្រេចតាមនីតិវិធី និងឱ្យគណបក្សកម្លាំងជាតិពិនិត្យឡើងវិញលើសំណើសម្ដែងមតិរបស់ខ្លួន។ គួរជម្រាបថា ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិចំនួន២រូបដែលបានចាប់ខ្លួនកាលពីខែមីនាមានលោក អ៊ុំ វីរៈរដ្ឋ ដែលមានតួនាទីជាប្រធានក្រុមការងារបណ្ដោះអាសន្នប្រចាំខេត្តកំពង់ស្ពឺ និងលោក មឺ សេងហ៊ ហៅ គា វិសាល ដែលមានតួនាទីជាអនុប្រធានបណ្ដោះអាសន្នប្រចាំខេត្តកំពង់ចាម។ លោក អ៊ុំ វីរៈរដ្ឋបានជាប់ចោទក្នុងបទរួមគំនិតក្បត់ដែលប្រព្រឹត្តតាំងពីខែតុលា ឆ្នាំ២០១៩ ហើយលោក មឺ សេងហ៊ ហៅ គា វិសាល បានជាប់ចោទពីបទញុះញង់ និងជេរប្រមាថនៅទីសាធារណៈ៕

What Next?

Recent Articles

Leave a Reply

Submit Comment