ដោយឍ ច័ន្ទ ដារ៉
2024.04.02
RFA
(រូបឯកសារ) លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ RFA/2022-04-13
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់កាប់ប្រទេសកម្ពុជាផ្តាច់មុខ ហើយរៀបចំឱ្យកូនឡើងកាន់អំណាចតពូជ ដោយផាត់យុវជនខ្មែរដទៃទៀតចោល។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា កូនៗ លោក ហ៊ុន សែន ឡើងកាន់អំណាចតាមបែបប្រជាធិបតេយ្យ និងផ្តល់ឱកាសដល់យុវជនស្មើភាពគ្នា។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បង្ហោះសារនៅលើហ្វេសប៊ុក នៅថ្ងៃទី២ ខែមេសា ដោយលើកឡើងថា លោកចង់ឲ្យយុវជនខ្មែរគ្រប់រូប មានឱកាសស្មើគ្នាទៅដឹកនាំប្រទេស អាស្រ័យតែលើទឹកចិត្តស្នេហាជាតិ និងសមត្ថភាព ដែលជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែ លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន គឺជាមេដឹកនាំយកប្រទេសកម្ពុជាធ្វើជាទ្រព្យសម្បត្តិគ្រប់គ្រងផ្ដាច់មុខ ដោយគាត់ចង់ឲ្យកូនដឹកនាំប្រទេសជំនួស តាមគំនិតគ្រួសារនិយម កាន់អំណាចតពូជ បក្ខពួកនិយម និងពុករលួយនិយមដូចបច្ចុប្បន្ន។ លោកយល់ថា គ្រួសារលោក ហ៊ុន សែន តែមួយមិនអាចឈ្នះកម្លាំងគ្រួសារខ្មែរសាមញ្ញរាប់លានគ្រួសារនោះទេ ដូច្នេះលោកអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរថា ត្រូវតែដណ្ដើមប្រទេសកម្ពុជាពីគ្រួសារលោក ហ៊ុន សែន មកវិញ ដើម្បីយកមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹក ម្ចាស់ដី។
លោក សម រង្ស៊ី លើកឡើងនេះ គឺនៅមុនពេលលោក ហ៊ុន សែន ត្រៀមឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមេសា គឺបន្ទាប់ពីមេដឹកនាំមានរឿងអាស្រូវរំលោភសិទ្ធិមនុស្សរូបនេះ ទើបតែផ្ទេរអំណាចទៅកូនបង្កើត គឺលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្ត្រី ខណៈលោក ហ៊ុន ម៉ានី ធ្វើជាឧបនាយករដ្ឋមន្ត្រី ដោយមិនរាប់បញ្ជូលសាច់ញាតិក្នុងត្រកូល ហ៊ុន រាប់សិបនាក់ផ្សេងទៀត ត្រូវបានតែងតាំងតួនាទីគ្រាក់ៗ ក្នុងជួររដ្ឋាភិបាល មន្ត្រីរាជការស៊ីវិល និងជួរកងទ័ពផងនោះ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជានកម្ពុជាលោក សុខ ឥសាន អះអាងថា កម្ពុជាបានបើកលំហសេរីភាពផ្នែកនយោបាយសម្រាប់ពលរដ្ឋទូទៅ ជាពិសេស យុវជនជំនាន់ក្រោយឱ្យមានឱកាសដឹកនាំប្រទេស។ លោកបន្ថែមថា ការតែងតាំងកូនចៅមេដឹកនាំគណបក្សកន្លងមក រៀបចំឡើងតាមប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យដោយផ្អែកទៅលើស្នាដៃ សមត្ថភាព និងអនុវត្តតាមនីតិវិធីក្នុងនាមពួកគេជាយុវជនរបស់គណបក្សឈ្នះឆ្នោតដឹកនាំប្រទេស។
ទោះបីលោក សុខ ឥសាន អះអាងបែបនេះក្តី តែកន្លងទៅមេដឹកនាំគណបក្សប្រជាជនកម្ពុជាបានរៀបចំផ្ទេរអំណាចឱ្យកូនចៅ និងសាច់ញាតិទៅដឹកនាំក្នុងជួររដ្ឋាភិបាលរហូតដល់ថ្នាក់ក្រោមជាតិជំនួសពួកគេ ដោយគ្មានអតីតភាពការងារ ឬគ្មានឆ្លងកាត់ការប្រកួតប្រជែងត្រឹមត្រូវ។ លើសពីនេះ លោក ហ៊ុន សែន ធ្លាប់ប្រកាសថា លោកមិនប្រគល់អំណាចឱ្យនរណាក្រៅពីកូនចៅរបស់គណបក្សប្រជាជនកម្ពុជាឡើយ ហើយលោកនឹងក្លាយជាឪពុកនាយករដ្ឋមន្ត្រី និងតានាយករដ្ឋមន្ត្រីជាបន្តបន្ទាប់។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការដឹកនាំប្រទេសតាមបែបសែស្រឡាយ គ្រួសារនិយមនឹងធ្វើឱ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។ លោកមើលឃើញថា ទោះបីយុវជននៅក្នុងផ្ទៃក្នុងបក្សកាន់អំណាចតែមួយយ៉ាងណាក្តី ក៏ពួកគេមិនទាន់មានសិទ្ធិស្មើគ្នា ដើម្បីក្លាយទៅជាមេដឹកនាំប្រទេសនៅឡើយ ដែលបញ្ហានេះ ជាឧបសគ្គសម្រាប់យុវជន ដែលមានសក្ដានុពលបាត់បង់ឱកាសបញ្ចេញសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍជាតិ។
ចំណែកយុវជនសង្គមលោក លី ចាន់ដារ៉ាវុធ ដែលធ្លាប់ជាប់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិសេរីភាពកន្លងមកថ្លែងថា សង្គមប្រជាធិបតេយ្យផ្តល់សិទ្ធិពេញលេញដល់យុវជនដើរតួនាទីសំខាន់ក្នុងការកសាងប្រទេស និងទប់ស្កាត់ការដឹកនាំបែបគ្រួសារបក្ខពួកនិយម ដែលហានិភ័យដល់ជាតិ។ ប៉ុន្តែ លោក មើលឃើញថា យុវជនចូលរួមសកម្មភាពសង្គម និងនយោបាយនៅតែរងការរឹតត្បិតសិទ្ធិសេរីភាពពីរដ្ឋាភិបាលក្រោមរូបភាពចោទប្រកាន់ ឬលាបពណ៌ ដែលការធ្វើបែបនេះ បានរារាំងដល់ទឹកចិត្តរបស់យុវជនមួយចំនួន លែងហ៊ានគិតពីផលប្រយោជន៍រួមនៅក្នុងសង្គម។
កាលពីពេលថ្មីៗ នេះ អង្គការតម្លាភាពកម្ពុជា (TI) បានរកឃើញថា យុវជនខ្មែរតែ ១៧ភាគរយតែប៉ុណ្ណោះ ចាប់អារម្មណ៍លើកិច្ចការនយោបាយ ដែលភាគច្រើនជាបុរសទទួលបានការអប់រំខ្ពស់នៅទីប្រជុំជន និងមានប្រាក់ចំណូលខ្ពស់ក្នុងគ្រួសារថែមទៀត។ បញ្ហានេះដោយសាររដ្ឋាភិបាលរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ការបិទសិទ្ធិជជែករឿងសង្គម នយោបាយនៅតាមសាលារៀន សាកលវិទ្យាល័យ និងបរិយាកាសសង្គមមិនបានបើកឱកាសដល់ពួកគេ។
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបញ្ជាក់ថា ច្បាប់ជាតិ និងអន្តរជាតិ សុទ្ធតែធានាពីសិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះ រដ្ឋាភិបាលត្រូវតែបើកលំហនយោបាយ ដើម្បីឱ្យប្រជាពលរដ្ឋ រួមទាំងយុវជនផង អាចចូលរួមសកម្មភាពនយោបាយ សង្គម ដើម្បីនាំមកនូវការអភិវឌ្ឍ និងគោរពសិទ្ធិមនុស្ស ស្របតាមគោលការណ៍ប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។