លោក ហ៊ុន សែន ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាដោយមានសំឡេងគាំទ្រពីបក្សប្រឆាំង

កម្ពុជា
03/04/2024 – 09:45
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ដូចការគ្រោងទុក ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសានេះក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។ លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាដោយទទួលបានសំឡេងគាំទ្រ ៦២លើ៦២សំឡេង ក្នុងនោះមានទាំង៣សំឡេងរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរផង។

លោក ហ៊ុន សែន ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាដោយមានសំឡេងគាំទ្រពីបក្សប្រឆាំង


លោក ហ៊ុន សែនបានថ្លែងនៅពេលឡើងអង្គុយលើកៅអីប្រធានព្រឹទ្ធសភាថា ស្ថាប័នកំពូលមួយនេះនឹងដើរតួនាទីនយោបាយដ៏សំខាន់ក្នុងការសម្របសម្រួលការងាររវាងរដ្ឋសភា និងរដ្ឋាភិបាលដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមានជាយថាហេតុ។ តែប្រមុខគណបក្សកាន់អំណាចរូបនេះមិនភ្លេចរម្លឹកឡើងវិញនូវកិច្ចព្រមព្រៀងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ដែល លោក ជា ស៊ីម បានដឹកនាំស្ថាប័នព្រឹទ្ធសភានៅឆ្នាំ១៩៩៩ ខណៈសម្តេច ក្រុមព្រះធ្វើជាប្រធានរដ្ឋសភាដែលជាការសម្របសម្រួលដោះស្រាយការជាប់គាំងនយោបាយនាពេលនោះ។

 ក្នុងនាមជាប្រធានព្រឹទ្ធសភាដែលទើបជាប់ឆ្នោតថ្មី លោកហ៊ុន សែនបានប្តេជ្ញាចិត្តដឹកនាំស្ថាប័នមួយនេះដោយមានការទទួលខុសត្រូវខ្ពស់ និងអះអាងពីការការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញ របបរាជានិយម លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ ដោយឡែក ព្រះមហាក្សត្របានមានព្រះបន្ទូលថា ប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ។

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ © សហការី

 គួររម្លឹកឡើងវិញថា ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានចូលរួមដោយគណបក្សនយោបាយចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ លទ្ធផលបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈក្នុងចំណោមអសនៈទាំង ៦២ ដែលនៅក្នុងព្រឹទ្ធសភា។ ចំណែកសមាជិកព្រឹទ្ធសភាចំនួន ៤រូបដែលនៅសេសសល់ពីការបោះឆ្នោត មាន២រូបជ្រើសតាំងដោយព្រះមហាក្សត្រ គឺសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ហើយ ២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា គឺលោក សុខ ឥសាន និងលោក ហេង ហាលីម។

 ជាការកត់សម្គាល់ គណបក្សប្រឆាំងទើបរកឃើញឡើងវិញនូវកៅអីព្រឹទ្ធសភានៅក្នុងអាណត្តិទី៥ នេះដោយទទួលបាន ៣អសនៈមកពីគណបក្សឆន្ទៈខ្មែរដែលតំណាងឲ្យគណបក្សភ្លើងទៀន៕

What Next?

Recent Articles

Leave a Reply

Submit Comment