ដោយ មាន ឫទ្ធិ
2024.04.03
RFA

ឯកសារពាក់ព័ន្ធរបស់ជនសង្ស័យដែលត្រូវអាជ្ញាធរប្រទេសសិង្ហបុរី ចាប់ខ្លួនពីបទក្លែងបន្លំ និងលាងលុយកខ្វក់ កាលពីថ្ងៃទី១៥ សីហា ២០២៣។ Photo Courtesy of Singapore Police Force’s Facebook Page
តុលាការសិង្ហបុរី នៅថ្ងៃទី២ ខែមេសា កាត់ទោសជនជាតិចិនសញ្ជាតិខ្មែរម្នាក់ ឱ្យជាប់គុក ១៣ខែ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ដ៏សម្បើមមិនធ្លាប់មាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅជាង ២ពាន់លានដុល្លារ។
បុគ្គលរូបនោះ ឈ្មោះ ស៊ូ វិនឈាំង (Su Wenqiang) អាយុ ៣២ឆ្នាំ ជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ១០នាក់ ក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏សម្បើមនេះ។
សារព័ត៌មានសិង្ហបុរី CNA រាយការណ៍នៅថ្ងៃទី០២ ខែមេសា ថា ជនល្មើសរូបនេះ ប្រឈមនឹងបទចោទចំនួន ១១ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំ និងលាងលុយកខ្វក់ដែលជាចំណូលបានមកពីការប្រព្រឹត្តបទឧក្រិដ្ឋ។ នគរបាលសិង្ហបុរី រឹបអូសបានលុយសរុបជាង ៤លានដុល្លារ ពីជនល្មើសរូបនេះ ក្នុងនោះមានលុយក្នុងកុងធនាគារ រថយន្តទំនើបម៉ាក Mercedes Benz ស្រា និងគ្រឿងអលង្ការប្រណីតៗជាច្រើនទៀត។ លោក ស៊ូ វិនឈាំង ទទួលបានលុយទាំងនេះពីអាជីវកម្មបនល្បែងអនឡាញខុសច្បាប់ដែលលោករកស៊ីជាមួយក្រុមឧក្រិដ្ឋជនដទៃទៀតដើម្បីផ្តល់សេវាកម្មល្បែងអនឡាញខុសច្បាប់ដល់ពលរដ្ឋក្នុងប្រទេសចិន។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នគរបាលសិង្ហបុរី បានចាប់ខ្លួនជនជាតិចិន ១០នាក់ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ដ៏សម្បើមនេះ។ ក្នុងចំណោមពួកគេទាំង ១០នាក់នេះ ៩នាក់ទទួលបានសញ្ជាតិខ្មែរក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ពួកគេមួយចំនួនក៏កាន់លិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) តួគី (Turky) និងលិខិតដែនប្រទេសដទៃទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។