ដោយ មាន ឫទ្ធិ
2024.04.03
RFA
នាវាចម្បាំងរបស់ចិនពីរគ្រឿង ចូលចតនៅកំពង់ផែកងទ័ពជើងទឹករាមជាលើកដំបូង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា
អ្នកឃ្លាំមើលវាយតម្លៃថា ការចូលចតនាវារបស់ចិននៅកំពង់ផែកងទ័ពជើងទឹករាមជាលើកទីពីរ នឹងធ្វើឱ្យសហរដ្ឋអាមេរិក (US) និងប្រទេសមួយចំនួនក្នុងតំបន់ព្រួយបារម្ភកាន់តែខ្លាំងពីការពង្រីកឥទ្ធិពលយោធារបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅទីតាំងកំពង់ផែរាមរបស់កម្ពុជា។
អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ឃើញថា ការបន្តចូលចតនាវារបស់ចិននៅកំពង់ផែសមុទ្ររាមអាចជាការសាកល្បងហ្វឹកហ្វឺនកងទ័ពចិន និងកម្ពុជារួមគ្នា ដើម្បីកែប្រែនូវចំណុចខ្វះខាតកន្លែងផ្ទុកនាវា មុននឹងបិទបញ្ចប់គម្រោងធ្វើទំនើបកម្មកំពង់ផែរាម។
អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែមេសា ថា ចិនអាចនឹងបញ្ជូននាវាចម្បាំងរបស់ខ្លួនមកកម្ពុជាជាបន្តបន្ទាប់ ដោយសារតែកម្ពុជាគ្មាននាវាចម្បាំងធំៗ ដើម្បីសាកល្បងហ្វឹកហ្វឺននៅកំពង់ផែរាមដោយខ្លួនឯង។ ទោះជាយ៉ាងណាក្ដី លោកថា ចេតនារបស់ចិនបញ្ជូននាវាចម្បាំងមកកំពង់ផែរាមជាលើកទីពីរនេះ គឺជាការបង្ហាញសាច់ដុំនៃឥទ្ធិពលយោធាចិន និងទំនាក់ទំនងស្អិតល្មួតរវាងកម្ពុជា និងចិន ដែលជំរុញឱ្យសហរដ្ឋអាមេរិកសង្ស័យកាន់តែខ្លាំង ជុំវិញរឿងរ៉ាវដែលកម្ពុជាអនុញ្ញាតឱ្យចិនប្រើប្រាស់ទីតាំងកំពង់ផែរាមសម្រាប់បម្រើកងទ័ពរំដោះប្រជាជនចិន។
លោក សេង វណ្ណលី៖ «អ៊ីចឹងហើយការចុះចត [នាវាចិន] ជាញឹកញាប់ក្រោយៗ មកនេះ គ្រាន់តែជាការធ្វើតេស្ដលើកំពង់ផែទឹកជ្រៅ តើដំណើរការធ្វើទំនើបកម្មហ្នឹងវាឈានដល់កម្រិតណា ហើយគួរតែតម្រូវចំណុចណា។ ទោះជាភាគីកម្ពុជា អាចនឹងបកស្រាយនាពេលអនាគត ហើយកន្លងមកព្យាយាមបកស្រាយថា ខ្លួននឹងមិនផ្ដល់មូលដ្ឋានទ័ពដល់ជនជាតិបរទេស ឬកងទ័ពបរទេសឡើយ ក៏ប៉ុន្តែ ការចូលចត [នាវាចិន] ញឹកញាប់ និងការផ្លាស់ប្ដូរលើការធ្វើសមយុទ្ធយោធារវាងកងទ័ពទាំងពីរហ្នឹង នឹងជំរុញបស្ចិមលោក ដែលតែងរិះគន់កម្ពុជាថា កម្ពុជាបានផ្ដល់មូលដ្ឋានទ័ពជើងទឹកដល់ការឈរជើងរបស់កងទ័ពចិន វាកាន់តែបន្ថែមទម្ងន់ការរិះគន់បន្ថែមទៀត»។
សារព័ត៌មាន នីកេ អេស៊ា (Nikkei Asia) រាយការណ៍កាលពីថ្ងៃទី១ ខែមេសា ថា យ៉ាងហោចណាស់មាននាវាចម្បាំងរបស់ចិនពីរគ្រឿងបានបន្តចូលចតនៅកំពង់ផែកងទ័ពជើងទឹករាម នៅក្រុងព្រះសីហនុ ចាប់តាំងពីចុងខែមីនា។ ប្រភពដដែលរាយការណ៍ថា នាវាចម្បាំងនោះត្រូវបានគេកំណត់អត្តសញ្ញាណថា ជានាវាចម្បាំងល្បឿនលឿនខ្នាតតូច មានឈ្មោះ វិនសាន (Wenshan) ដោយមានដោតទង់ជាតិចិន និងទង់ជាតិកងទ័ពរំដោះប្រជាជនចិន (PLA)។
អ្នកជំនាញភូមិសាស្ត្រនយោបាយលើកឡើងថា កិច្ចសហប្រតិបត្តិការយោធា និងការអនុញ្ញាតឱ្យចិនបន្តបញ្ជូននាវាចូលចតនៅកំពង់ផែរាមដោយស្ងាត់ៗ និងដោយគ្មានការបកស្រាយបែបនេះ នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជាជាមួយប្រទេសលោកសេរីជាពិសេសគឺសហរដ្ឋអាមេរិក កាន់តែមានភាពតានតឹង។
នេះគឺជាលើកទីពីរហើយ ដែលនាវាចម្បាំងចិនចូលចតនៅកំពង់ផែកងទ័ពជើងទឹករាម ចាប់តាំងពីកម្ពុជាបានអនុញ្ញាតឱ្យចិនកែលម្អ ឬធ្វើទំនើបកម្មកំពង់ផែនេះ កាលពីពាក់កណ្ដាលឆ្នាំ២០២២ មក។ កាលពីដើមខែធ្នូ ឆ្នាំ២០២៣ កម្ពុជាបានអនុញ្ញាតឱ្យនាវាចម្បាំងរបស់ចិនយ៉ាងហោចណាស់ពីរគ្រឿងចូលចតនៅកំពង់ផែកងទ័ពជើងទឹករាម ជាលើកដំបូង ដោយកាលនោះរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា អះអាងថា ការចូលចតនាវារបស់ចិននេះ គឺជាកិច្ចសហប្រតិបត្តិការយោធាធម្មតាតែប៉ុណ្ណោះ និងដើម្បី «ហ្វឹកហ្វឺន» នាយនាវិកកងទ័ពជើងទឹកកម្ពុជាចិនរួមគ្នា។
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ដានីញ៉ែល ក្រៃថិនប្រ៊ីង (Daniel J. Kritenbrink) កាលពីថ្ងៃទី៧ ខែមីនា ថ្លែងក្រោយបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជាជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនក្នុងតំបន់ ព្រួយបារម្ភយ៉ាងខ្លាំងអំពីចេតនា នៃវិសាលភាពការសាងសង់ជុំវិញមូលដ្ឋានទ័ពជើងទឹករាម និងតួនាទីកងទ័ពសាធារណរដ្ឋប្រជាមានិតចិន ចំពោះការផ្ដល់ជំនួយរបស់ចិន និងការវិវត្តន៍ថ្មីៗ អំពីការសាងសង់មូលដ្ឋានកងទ័ពជើងទឹករាមនៅកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹកលោក ទៀ វិញ បានចុចបិទទូរស័ព្ទនៅពេលវិទ្យុអាស៊ីសេរីសាកសួរ។ ចំណែក រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា និងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទង សុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២ ខែមេសា។
ក្នុងជំនួបទ្វេភាគីជាមួយនាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា លោក ថាំង ហាវ (Tang Hao) កាលពីថ្ងៃទី១ ខែមេសា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន អរគុណភាគីចិន ដែលបានជួយសាងសង់ទំនើបកម្មកំពង់ផែរាម។ ភាគីទាំងពីរសង្ឃឹមថា ទំនាក់ទំនងវិស័យកងទ័ព នៃប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ លើការធ្វើសមយុទ្ធយោធារួមគ្នា និងការផ្ដល់ជំនួយយោធាបរិក្ខារជាដើម។
កន្លងទៅកម្ពុជាតែងប្រកាសថា ការធ្វើទំនើបកម្មកំពង់ផែរាមក្រោមជំនួយរបស់ចិន គ្មានបំណងគំរាមកំហែងប្រទេសណាមួយឡើយ ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យវត្តមានយោធាបរទេសណាមួយឈរជើងនៅកំពង់ផែរាមដែរ។ ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលថា ត្រឹមការប្រកាសនឹងមិនអាចជម្រះមន្ទិលសង្ស័យរបស់អាមេរិកបានទេ។ ឯកសារយោធាសម្ងាត់របស់មន្ទីរបញ្ចកោណអាមេរិក ដែលបែកធ្លាយ ហើយត្រូវបានកាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) យកមកចុះផ្សាយកាលពីខែមេសា ឆ្នាំ២០២៣ បង្ហាញថា ផ្នែកមួយនៃកំពង់ផែកងទ័ពជើងទឹករាម ត្រូវបានកងទ័ពរំដោះប្រជាជនចិន (PLA) កំណត់ទុកសម្រាប់ប្រើប្រាស់ធ្វើជាមូលដ្ឋានទ័ព នៃ «កងពល» របស់ខ្លួន និងជាផ្នែកមួយនៃបណ្ដាញគាំទ្រភស្តុភារយោធារបស់ចិននៅលើពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។