ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រកាស​ចេញ​តវ៉ា​ជាមួយ​បក្ស​កម្លាំង​ជាតិ​ទាមទារ​ដោះលែង​អ្នកទោស​មនសិការ

ដោយ ច័ន្ទ ដារ៉ូ
2024.04.05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រកាស​ចេញ​តវ៉ា​ជាមួយ​បក្ស​កម្លាំង​ជាតិ​ទាមទារ​ដោះលែង​អ្នកទោស​មនសិការ

ក្រុមស្ត្រីថ្ងៃសុក្រ ជួបជុំគ្នាក្រោយពីដាក់ញត្តិនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ


ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រកាស​ចេញ​តវ៉ា​ជាមួយ​បក្ស​កម្លាំង​ជាតិ​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នកទោស​មនសិការ​ដែល​កំពុង​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ​។ អាជ្ញាធរ​ក្រុងភ្នំពេញ​អះអាង ថា ការ​ជូនដំណឹង​ស្ដីពី​ការ​សម្ដែង​មតិ​ដើម្បី​ទាមទារ​ដោះលែង​សមាជិក​របស់​គណបក្ស​កម្លាំង​ជាតិ​គឺ​ធ្វើ​ឡើង​ខុសច្បាប់​។ ប៉ុន្តែ​មន្ត្រី​បក្ស​ជាន់ខ្ពស់​កម្លាំង​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​ថា ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​នានា​ដែល​អាជ្ញាធរ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ប្រពន្ធ​របស់​សកម្មជន​គណបក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​បាន​ប្រកាស​ចេញ​សម្ដែង​មតិ​ដោយ​សន្តិវិធី​សាជាថ្មី​។ សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣ ខែ​មេសា បាន​បញ្ជាក់​ថា​ពួកគេ​នឹង​ចូលរួម​ជួបជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ប្តី និង​សាច់ញាតិ​ដែល​កំពុង​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ និង​ការ​បញ្ចេញមតិ​កន្លង​ទៅ​ដោយ​អយុត្តិធម៌។

តំណាង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ និង​ជា​ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃស​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចាន់ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​ដែល​ពួក​លោកស្រី​គ្រោង​ចេញ​តវ៉ា​ដោយ​សន្តិវិធី​នៅពេល​ខាងមុខនេះ​ដោយសារ​ប្តី​លោកស្រី រួម​ជាមួយ​កញ្ញា សេង ធារី លោក ថាច់ សេដ្ឋា និង​អ្នក​ជាប់ឃុំ​បក្ស​ប្រឆាំង​ដទៃទៀត​មិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ​។ ម្យ៉ាងទៀត​លោកស្រី​ឱ្យ​ដឹង​ថា ការ​ជួបជុំ​លើក​នេះ​ក៏​ជា​ឱកាស​សម្រាប់​សមាជិក​គ្រួសារ​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សមាជិក​គណបក្សជំទាស់​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ។

លោកស្រី ព្រំ ចាន់ថា៖ «ដោយសារ​គេ​កើតទុក្ខ​មិន​សុខចិត្ត​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ហ្នឹងហើយ​បានជា​គេ​ប្រមូល​ផ្តុំ​បញ្ចេញមតិ​តស៊ូ​ដោយ​អហិង្សា សូមកុំ​ធ្វើបាប​ប្រជាពលរដ្ឋ កុំ​ធ្វើបាប​ពួក​ខ្ញុំ អ៊ីចឹង​ឱ្យ​ខ្ញុំ​តវ៉ា​ដោយ​សន្តិវិធី​ទៅ ត្រូវ​យក​អ្វី​ដែល​ប្រជាពលរដ្ឋ អ្វី​ដែល​ខ្ញុំ​និយាយ​ហ្នឹង​ទៅ​ពិភាក្សា ស្តាប់ ហើយ​(​រដ្ឋាភិបាល​)​ត្រូវ​គិតថា​ខ្លួន​ធ្វើ​ខុស​ឬ​ត្រូវ​ដែល​មក​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង​បែបនេះ»។

គណបក្ស​កម្លាំង​ជាតិ​កាលពី​ថ្ងៃទី​២ ខែ​មេសា បាន​ដាក់​លិខិត​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្នើសុំ​ជួបជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ស្ថិតនៅ​ខណ្ឌ​ឬស្សីកែវ ក្នុង​គោលបំណង​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​បក្ស​ពីរ​រូប​ដែល​ត្រូវ​បាន​អាជ្ញាធរ ចាប់ខ្លួន​កាល​ខែ​មីនា​។ ពួកគេ​ចាត់ទុក​ការ​ចាប់ខ្លួន​មន្ត្រី​ទាំងនេះ​ថា ជា​រឿង​អយុត្តិធម៌​ក្រោម​រូបភាព​នយោបាយ។

គម្រោង​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​មាន​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃទី​២២ ដល់​២៤ ខែ​មេសា ដោយមាន​អ្នកចូលរួម​ប្រមាណ ១៥០​នាក់​លើក​បដា និង​រូបថត​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​ក្រុម​ការងារ​ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ គឺ​លោក គា វិសាល រួម​ទាំង​អគ្គ​ហេរញ្ញិក និង​បេក្ខជន​ព្រឹទ្ធសភា​លេខ​រៀង​ទី​១ នៅ​ភូមិភាគ​៧​គឺ​លោក អ៊ំ វីរៈរដ្ឋ ផង​ដែរ។

ឆ្លើយតប​រឿង​នេះ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​ខ្លី​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ ដោយ​លោក​អះអាង​ថា លិខិត​ជូនដំណឹង​របស់​គណបក្ស​នោះ​មិន​ស្រប​នឹង​ច្បាប់​ស្ដីពី​ការ​សម្តែង​មតិ​។ តែ​យ៉ាងណា​លោក ឃួង ស្រេង ឱ្យ​ដឹង​ថា មន្ត្រី​របស់​លោក​បាន​អញ្ជើញ​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ទៅ​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ពេល​ឆាប់ៗ​នេះ​ដែរ។

លោក ឃួង ស្រេង៖ «ប៉ុន្តែ​យើង​(​អាជ្ញាធរ​ក្រុងភ្នំពេញ​)​មិនអាច​ឱ្យ​គាត់​(​គណបក្ស​កម្លាំង​ជាតិ​)​បានទេ ពីព្រោះ​ការ​សម្ដែង​មតិ​របស់​គាត់​ទាមទារ​ឱ្យ​តុលាការ​អ៊ីចឹង ច្បាប់​គឺ​ច្បាប់​មិនមែន​ច្បាប់​មក​ធ្វើ​ការ​តវ៉ា ប្រឆាំង ឬ​សម្ដែង​មតិ​ទេ ច្បាប់​ប្រទេស​ណា​សម្ដែង​មតិ​ទៅ​ច្បាប់​លាយ​ចេញ​វិញ​នោះ»។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​អញ្ជើញ​ថ្នាក់ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​ឱ្យ​ចូលរួម​ប្រជុំ​នៅ​ម៉ោង​២​រសៀល​នៅ​ថ្ងៃទី​៨ ខែមេសា​ខាងមុខ ក្នុង​គោលបំណង​ពិភាក្សា​ស្ដីពី​ការ​ជូនដំណឹង​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​ដោះលែង​ថ្នាក់ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ។

ទាក់ទង​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​ថា ថ្នាក់ដឹកនាំ​គណបក្ស​នឹង​ចូលរួម​ប្រជុំ​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ទាក់ទង​ការ ជូន​ដំណឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​។ លោក​បញ្ជាក់​ថា ការរៀបចំ​សម្តែង​មតិ​ខាងមុខនេះ​ធ្វើឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ ជា​ពិសេស​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គួរ​ចាប់ផ្តើម​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ទូលំទូលាយ​ដូច​ច្បាប់​បាន​ចែង​ដើម្បី​ផលប្រយោជន៍​ជាតិ។

លោក រ៉ុង ឈុន៖ «ការ​ជូនដំណឹង​មិន​ចាំបាច់​រង់ចាំ​ការសម្រេចចិត្ត​ពី​សាលា​រាជធានី​ភ្នំពេញ​ទេ នៅ​ក្នុង​ច្បាប់​ស្ដីពី​បាតុកម្ម​ហ្នឹង​គឺ​ជូនដំណឹង​មាន​សិទ្ធិ​ធ្វើ​ហើយ ចំណែក​អាជ្ញាធរ​ចូលរួម​សហការ​ទាក់ទង​ការ​សម្តែង​មតិ​ដូចជា​ការ​ធ្វើ​ចរាចរណ៍ ឬមួយ​ការពារ​សុវត្ថិភាព​ជូន​អ្នកចូលរួម​ហ្នឹង​បាទ អាហ្នឹង​បើ​យើង​មើល​ទៅលើ​ខ្លឹមសារ​នៃ​ច្បាប់ ប៉ុន្តែ​អ្វី​ដែល​លោក​អភិបាល​អះអាង​ថា ការ​ជូនដំណឹង​ខុស​នឹង​ច្បាប់​ឱ្យ​លោក​ចង្អុល​បង្ហាញថា​ច្បាប់​ណា​ត្រង់​ចំណុច​ណា​មាត្រា​ណា​ជំពូក​ណា​?​បាទ»។

ចំណែក​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licado) លោក អំ សំអាត មាន​ប្រសាសន៍​ថា គោលបំណង​ប្រមូល​ផ្តុំគ្នា​សម្ដែង​មតិ​របស់​គណបក្ស​កម្លាំង​ជាតិ​ពុំ​មាន​ខុសផ្លូវ​ច្បាប់​នោះ​ទេ​។ លោក​យល់ថា​អាជ្ញាធរ​គួរ​សម្របសម្រួល​ឲ្យ​ពួកគេ​អាច​ប្រើប្រាស់​សិទ្ធិ​ជួបជុំ​សម្ដែង​មតិ ដើម្បី​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​បញ្ចៀស​ការរិះគន់​នានា​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​ចំពោះ​អាជ្ញាធរ​រារាំង​លើ​ការ​ប្រមូលផ្ដុំ​របស់​ពលរដ្ឋ។

លោក អំ សំអាត « នៅពេល​គណបក្ស នយោបាយ​ស្នើសុំ​ជួបជុំ ការ​ប្រមូលផ្តុំ​ហ្នឹង គឺ​វា​ជា​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃទៀត​ដែរ ហ្នឹង​គួរតែ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ដែរ​ដើម្បី​កុំឱ្យ​មានការ​រិះគន់​ថា ជា​ការ​រើសអើង​ជាដើម​។ លិខិត​ជូនដំណឹង ឬ​ការ​អនុវត្ត​ឱ្យ​តែ​សមស្រប​តាមច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី និង​ការគោរព​សិទ្ធិ​ដែល​ជា​បទដ្ឋាន​សិទ្ធិមនុស្ស​ដែល​កម្ពុជា​ទទួលស្គាល់​មក​អនុវត្ត​ដើម្បី​បង្ហាញ​ពី​លំហ​សេរីភាព ការអនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​បាទ»។

ទោះបី​អាជ្ញាធរ​រា​ធានី​ភ្នំពេញ​ប្រកាស​ជាមុន​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ធ្វើការ​សម្តែង​មតិ​យ៉ាង​ណាក្តី តែ​មាត្រា​៣៧ នៃ​រដ្ឋធម្មនុញ្ញ ចែងថា​សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ ខណៈ​មាត្រា​៤១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​បោះពុម្ពផ្សាយ និង​សេរីភាព​ខាង​ជួបជុំ​ជាដើម។

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ពន្យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រមូល​ផ្ដុំគ្នា​សម្ដែង​មតិ ផ្អែកលើ​មូលដ្ឋាន​ច្បាប់​កំពូល និង​ច្បាប់​អន្តរជាតិ​ជាច្រើន រួមមាន​រដ្ឋធម្មនុញ្ញ សេចក្ដីប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស ព្រមទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​។ សូម្បីតែ​នៅក្នុង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ក៏​មិនបាន​តម្រូវ​ឱ្យ​ពលរដ្ឋ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែរ គឺ​ត្រឹមតែ​ការ​ជូនដំណឹង​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ

What Next?

Recent Articles