កាសែតម៉ុងហ្គាបេ៖ ការកាប់បំផ្លាញព្រៃឈើបង្កើនវិបត្តិសុខភាពស្ត្រីនិងកុមារកម្ពុជា

កម្ពុជា
12/04/2024 – 12:03
ដោយ៖ អោ ស្រីពេជ្រ
RFI

ស្ត្រីនិងកុមារកម្ពុជាកាន់តែច្រើនបានជួបវិបត្តិសុខភាពដោយសារការកាប់បំផ្លាញព្រៃឈើយ៉ាងគំហុក។ នេះបើតាមការសិក្សារបស់អ្នកស្រាវជ្រាវជប៉ុនម្នាក់ ដែលកាសែតម៉ុងហ្គាបេយកមកចុះផ្សាយ នៅថ្ងៃទី១១មេសា ឆ្នាំ២០២៤។ យោងតាមការសិក្សាថ្មី កុមារកើតចេញពីផ្ទៃម្តាយដែលរស់នៅក្នុងចម្ងាយ ៥គីឡូម៉ែត្រពីតំបន់រងការកាប់បំផ្លាញព្រៃឈើ មានអត្រាខ្វះអាហារូបត្ថម្ភខ្ពស់។ ចំណែកឯ ស្ត្រីជាម្តាយត្រូវបានរកឃើញថា ស្លេកស្លាំង មានបញ្ហាខ្វះកោសិកាឈាមក្រហម។

កាសែតម៉ុងហ្គាបេ៖ ការកាប់បំផ្លាញព្រៃឈើបង្កើនវិបត្តិសុខភាពស្ត្រីនិងកុមារកម្ពុជា


នៅប្រទេសកម្ពុជា ការកាប់បំផ្លាញព្រៃឈើយ៉ាងគំហុកមានទំនាក់ទំនងគ្នាជាមួយ បញ្ហាសុខភាពរបស់ពលរដ្ឋនៅតាមទីជនបទ តំបន់ដាច់ស្រយ៉ាល។ កាសែតបរទេស ម៉ុងហ្គាបេដែលជាកាសែតអនឡាញរបស់អាមេរិកផ្តោតទៅលើបញ្ហាបរិស្ថានបានសរសេរយ៉ាងដូច្នេះ នៅក្នុងការចុះផ្សាយរបស់ខ្លួន នៅថ្ងៃទី១១មេសា ឆ្នាំ២០២៤ ដោយស្រង់ការសិក្សាថ្មីមួយ ស្តីពីកំណើនអត្រាវិបត្តិសុខភាពរបស់កុមារនិងស្ត្រីដែលរស់នៅក្បែរតំបន់កាប់បំផ្លាញព្រៃឈើ។

យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវ Gabriel Fuentes Cordoba នៃសកលវិទ្យាល័យ Sophia ក្នុងប្រទេសជប៉ុន កុមារដែលកើតចេញពីផ្ទៃម្តាយរស់នៅក្នុងចម្ងាយ ៥គីឡូម៉ែត្រពីតំបន់រងការកាប់បំផ្លាញព្រៃឈើ ក្នុងរយៈពេល១ឆ្នាំ មុនពេលមានផ្ទៃពោះគឺ មានរូបរាងទាបតូចល្អិត និងស្គមស្គាំងជាងកុមារធម្មតា។ ចំណែកឯ ស្ត្រីជាម្តាយដែលប្រឈមផ្ទាល់ទៅនឹងការកាប់ព្រៃឈើ ក្នុងរយៈពេល១ឆ្នាំមុនមានផ្ទៃពោះ មានបញ្ហាស្លេកស្លាំង ខ្វះកោសិកាឈាមក្រហម ដែលជាអាការៈស្រដៀងគ្នានឹងជំងឺគ្រុនចាញ់។

ការសិក្សានេះធ្វើឡើងតាមរយៈការវិភាគទិន្នន័យនៃការស្ទង់មតិសុខភាពប្រជាសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០១០ ២០១៤ ២០២១ និងឆ្នាំ២០២២។

កាសែតម៉ុងហ្គាបេ៖ការកាប់បំផ្លាញព្រៃឈើបង្កើនវិបត្តិសុខភាពស្ត្រីនិងកុមារកម្ពុជា
កាសែតម៉ុងហ្គាបេ៖ការកាប់បំផ្លាញព្រៃឈើបង្កើនវិបត្តិសុខភាពស្ត្រីនិងកុមារកម្ពុជា © mongabay

និយាយប្រាប់កាសែតម៉ុងហ្គាបេ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យជប៉ុន Sophia University លោក Gabriel Fuentes Cordoba ពន្យល់ថា ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាពិតជាជះផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្ស ពិសេសមនុស្សងាយរងគ្រោះ ដូចជាស្ត្រីនិងកុមារកម្ពុជា។

បើតាមការចុះផ្សាយរបស់វិបសៃតិ៍ព័ត៌មាន ម៉ុងហ្គាបេ ការអភិវឌ្ឍប្រទេសបានធ្វើឲ្យកម្ពុជាបាត់បង់គម្របព្រៃឈើប្រមាណ ២,៦លានហិចតា ពោលជិត៣០%  ខណៈដែលកុមារអាយុក្រោម៥ ឆ្នាំជាង ៣០% មានបញ្ហាក្រិសក្រិន ដោយសារកង្វះអាហារូបត្ថម្ភ។

គួរជម្រាបថា របាយការណ៍ផែនការប្រតិបត្តិឆ្នាំ ២០២៣-២០២៨ បង្ហាញថាបញ្ហាប្រឈមចម្បងៗនៃកង្វះអាហារូបត្ថម្ភរបស់កុមាររួមមាន កង្វះលទ្ធភាពទទួលបានសេវាសុខភាព កង្វះហេដ្ឋារចនាសម្ព័ន្ធ កង្វះផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ និងទម្លាប់ប្រតិបត្តិអនាម័យមិនល្អ។ បើតាមរបាយការណ៍ដដែល ខេត្តដែលមានអាត្រាក្រិសក្រិនខ្ពស់រួមមានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ពោធិ៍សាត់ កំពត និងកែប៕

What Next?

Recent Articles

Leave a Reply

Submit Comment