ដោយ ឡេង ចាន់ណា
2024.04.12
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និងអ្នកស្រី ឡេង ចាន់ណា នាយកក្រុមហ៊ុនប្រ៊ីលាន ស៊ីធី (Brilliant City) ក្នុងកម្មវិធីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ក្រុមពលរដ្ឋដែលអះអាងថា ចាញ់បោកក្រុមហ៊ុនប្រ៊ីលាន ស៊ីធី (Brilliant City) របស់អ្នកស្រី ឡេង ចាន់ណា ព្រមាននឹងឡើងមកតវ៉ានៅខាងមុខផ្ទះប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រសិនបើតុលាការខេត្តសៀមរាបយឺតយ៉ាវដោះស្រាយបញ្ហាជូនពួកគាត់។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធតុលាការអាជ្ញាធរគួរតែបង្កកប្រាក់មូលនិធិទាំងអស់ដែលពាក់ព័ន្ធនឹងអ្នកស្រី ឡេង ចាន់ណា ដើម្បីបង្វែរលុយសងពលរដ្ឋ។
ពលរដ្ឋចាញ់បោកម្ចាស់ក្រុមហ៊ុនលក់អចលនទ្រព្យប្រ៊ីលាន ស៊ីធី លើកឡើងថា ភាពស្ងប់ស្ងាត់ និងការអូសបន្លាយពេលដោះស្រាយរបស់តុលាការខេត្តសៀមរាបកំពុងជំរុញឱ្យពួកគាត់បាត់បង់ទំនុកចិត្ត និងគ្រោងចេញតវ៉ានៅខាងមុខផ្ទះលោក ហ៊ុន សែន។
ពលរដ្ឋរស់នៅខេត្តព្រៃវែង លោកស្រី សុខ ណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែមេសា ថា បើទោះបីជាតុលាការខេត្តសៀមបានចាប់ខ្លួន អ្នកស្រី ឡេង ចាន់ណា ដាក់ពន្ធនាគារក្ដី ក៏លុយដែលលោកស្រីចាញ់បោកអ្នកស្រី ឡេង ចាន់ណា នៅតែមិនមានដំណោះស្រាយនៅឡើយ។
លោកស្រី សុខ ណា៖ «បើចិត្តខ្ញុំវិញខ្ញុំថាគ្មានអីធំជាងរដ្ឋាភិបាលទេព្រោះគាត់ជាអ្នកតំណាងប្រជាពលរដ្ឋមួយនគរខ្មែរ គាត់មិនមែនទុករបស់ហ្នឹងឱ្យនៅអ៊ីចឹងទេ ព្រោះទៅលុយទាំងហ្នឹងគឺពួកហ្នឹងទេធ្វើបណ្ដាញពីលើពីក្រោមទៅទេ។ បើអ៊ីចឹងឱ្យតែមនុស្សអាក្រក់ដើរតែបោកគេអ៊ីចឹងច្បាប់គេមានគេត្រូវតែរកដំណោះស្រាយឱ្យទាល់តែឃើញមិនមែនរឿងទុកឯណារកមិនឃើញទេគឺត្រូវតែរកឱ្យឃើញ»។
កាលពីថ្ងៃទី១០ ខែមេសា ពលរដ្ឋមកពីបណ្ដាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង ព្រៃវែង និងខេត្តសៀមរាបប្រមាណ២០០នាក់បាននាំគ្នាតវ៉ានៅខាងមុខសាលាដំបូងខេត្តសៀមរាបទាមទារឱ្យតុលាការលក់ឡាយឡុងទ្រព្យសម្បត្តិរបស់អ្នកស្រី ឡេង ចាន់ណា និងពន្លឿននីតិវិធីដាក់សម្ពាធលើម្ចាស់ក្រុមហ៊ុនរូបនេះដើម្បីសងប្រាក់ពួកគាត់វិញ។ ក្រៅពីនេះពួកគាត់ជំរុញឱ្យតុលាការឃាត់ខ្លួនមេក្រុមទាំង ២៥នាក់នៃក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ជាបណ្ដោះអាសន្នពីព្រោះពួកគាត់អះអាងថា មេក្រុមទាំង២៥នាក់នោះជាអ្នកប្រមូលលុយពីពួកគាត់។
ពលរដ្ឋម្នាក់ទៀតរស់នៅស្រុកសំឡូតខេត្តបាត់ដំបង លោក នួន នឿត អះអាងថា ចាប់តាំងពីតុលាការចាប់ខ្លួន និងរឹបអូសយកទ្រព្យសម្បត្តិអ្នកស្រី ឡេង ចាន់ណា មកតុលាការនៅមិនទាន់ប្រកាសជាសាធារណៈពីចំនួនទឹកប្រាក់ជាក់លាក់ដល់ពលរដ្ឋឡើយ។ លោកបន្តថា ប្រសិនបើចំណាត់ការរបស់តុលាការនៅតែយឺតយ៉ាវលោក និងពលរដ្ឋផ្សេងទៀតនឹងនាំគ្នាឡើងមកដាក់ញត្តិនៅរាជធានីភ្នំពេញ។
លោក នួន នឿត ៖ «បើសម្រាប់ខ្ញុំវិញមិនចោទទៅលើក្រុមហ៊ុនទេ ចោទទៅលើតុលាការមិនដោះស្រាយឱ្យបណ្ដោយព្រោះឃុំខ្លួនមនុស្សហើយលែងវិញ តែមិនដោះស្រាយឱ្យអ៊ីចឹង។ យើងទាមទារឱ្យតុលាការដោះស្រាយចុះបើតុលាការអត់មានចេញសាលក្រមរឹបអូសបានរបស់ស្អីៗគេអត់ឱ្យយើងដឹងផងហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១១ ខែមេសា។
កាលពីថ្ងៃទី១២ ខែមីនា សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និងបក្ខពួកតាមដីកាបញ្ជាឱ្យចូលខ្លួនផ្អែកតាមបណ្ដឹងរបស់ពលរដ្ឋរងគ្រោះជាង ៨០០នាក់ ពាក់ព័ន្ធនឹងការឆបោកលុយពួកគាត់សរុបជាង៣០០លានដុល្លារ ។ ក្រោយការចាប់ខ្លួនសាលាដំបូងខេត្តសៀមរាបបានចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ អ្នកស្រី ឡេង ចាន់ណា ជាបណ្ដោះអាសន្ន ដើម្បីលក់សងម្ចាស់បំណុល ។ ប៉ុន្តែពលរដ្ឋអះអាងថាគិតមកទល់ពេលនេះពួកគាត់នៅមិនទាន់ទទួលបានប្រាក់សំណងនៅឡើយទេ។
ជុំវិញបញ្ហានេះ អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ និងខេត្តសៀម លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អាជ្ញាធរគួរតែពន្លឿននីតិវិធីដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។
លោក អ៊ិន គង់ជិត៖ «យើងក៏ស្នើសុំឱ្យតុលាការខិតខំប្រមូលស្រាវជ្រាវបន្ថែមទៀតទៅលើអ្នកពាក់ព័ន្ធដែលនៅក្នុងក្រុមហ៊ុនហ្នឹង ឬក៏នៅក្រៅក្រុមហ៊ុនដែលជាអ្នកប្រព្រឹត្តិនៃអំពើកិបកេងមូលនិធិ ឬក៏ដើមទុនរបស់គាត់ហ្នឹង ដែលរហូតមកដល់ពេលនេះពួកគាត់នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ អ៊ីចឹងអាជ្ញាធរតុលាការក៏ដូចជាទាំងខាងអាជ្ញាធររដ្ឋបាលខេត្តក៏ត្រូវគិតគូរយកចិត្តទុកដាក់រឿងនេះឱ្យបានច្បាស់»។
ពលរដ្ឋរងគ្រោះភាគច្រើនលង់ជឿនឹងឥទ្ធិពលអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកដែលតែងតែថតរូបភាពបង្ហោះតាមបណ្ដាញសង្គមជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឱ្យពួកគាត់កាន់តែមានទំនុកចិត្តបណ្ដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ។ ពួកគាត់ប្ដេជ្ញាចិត្តនៅតែបន្តការតវ៉ាទាមទាររកយុត្តិធម៌ និងឱ្យអ្នកស្រី ឡេង ចាន់ណា សងលុយពួកគាត់ត្រឡប់មកវិញដើម្បីពួកគាត់យកប្រាក់ទៅសងបំណុលធនាគារ និងដោះស្រាយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។