រដ្ឋាភិបាល​អះអាង​ពី​លំហូរ​វិនិយោគទុន​កើន​ឡើង ប៉ុន្តែ​កម្មករ​និង​ពលរដ្ឋ​ថា នៅ​តែ​មាន​ជីវភាព​លំបាក

ដោយ សុជីវី
2024.04.12
RFA

រដ្ឋាភិបាល​អះអាង​ពី​លំហូរ​វិនិយោគទុន​កើន​ឡើង ប៉ុន្តែ​កម្មករ​និង​ពលរដ្ឋ​ថា នៅ​តែ​មាន​ជីវភាព​លំបាក

កម្មករ​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។AP


ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បង្ហាញ​របាយការណ៍​ថា ក្នុង​រយៈពេល​២​ខែ​ដើម​ឆ្នាំ​២០២៤ កម្ពុជា​បាន​ទទួល​លំហូរ​ទុន​វិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់ ៣​រយ​លាន​ដុល្លារ។ លំហូរ​វិនិយោគ​នេះ មាន​ការ​កើនឡើង​ជាង ៥​ដង បើ​ប្រៀបធៀប និង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ។

ក៏ប៉ុន្តែ អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម បែរជា​មើលឃើញ​ផ្ទុយទៅវិញ​ថា បើ​ទោះបីជា​លំហូរ​វិនិយោគទុន​ដែល​មាន​ទឹកប្រាក់​ច្រើន​ដូច​នេះ​ក្តី ក៏​វា​មិន​បាន​ជួយ​លើកស្ទួយ​ជីវភាព​កម្មករ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ប្រសើរ​ទេ។

អ្នក​នយោបាយ និង​អ្នក​តាមដាន​ការ​អភិវឌ្ឍន៍​សង្គម​បាន​រិះគន់​ថា បច្ចុប្បន្ន​នេះ​បើ​ទោះ​បី​ជា រដ្ឋាភិបាល​ខំប្រឹង​បង្ហាញ​ចំនួន​អ្នកវិនិយោគទុន​កើនឡើង ក៏ដោយ ក៏​ភាព​ពិត​នៃ​លំហូរ​វិនិយោគទុន​ទាំងនោះ មិន​បាន​ជួយ​លើកស្ទួយ​ជីវភាព​កម្មករ​និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងតែ​រស់​ក្នុង​ភាព​លំបាក​នោះ​ទេ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​៩ ខែ​មេសា ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ ដោយ​លោក ហ៊ុន ម៉ាណែត ខំប្រឹង​បង្ហាញ​ពី​មោទនភាព​នៃ​លំហូរ​វិនិយោគទុន​កើនឡើង​ក្តី ក៏​លោក​មើល​ឃើញ​ថា វា​មិន​អាច​បង្កើត​ការងារ​ច្រើន ជូន​ប្រជាពលរដ្ឋ និង​ជួយ​លើក​កំពស់​ជីវភាព​កម្មករ ដែល​កំពុង​តែ​ខ្វះខាត​ឱ្យ​ប្រសើរ​ឡើយ។

លោក អ៊ុំ សំអាន មិន​ជឿ​ថា អ្នកវិនិយោគទុន​នៅ​កម្ពុជា កើនឡើង​ដូច​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អះអាង​នោះ​ទេ ពី​ព្រោះតែ​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប ដែល​ជា​ប្រទេស​នាំចេញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាងគេ បាន​កាត់ផ្ដាច់​ភាព​អនុគ្រោះ​ពន្ធ​នាំចូល ចាប់​តាំង​ពី​កម្ពុជា​បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​រយៈពេល ៥-៦​ឆ្នាំ​មក​ហើយ​នោះ។

លោក អ៊ុំ សំអាន៖ «រដ្ឋាភិបាល​ប្រកាស​ថា អ្នកវិនិយោគទុន កំពុង​ចូល​មក​ច្រើន ក៏​ប៉ុន្តែ​ជាក់ស្ដែង​រោងចក្រ កំពុងតែ​បិទ​ជា​បណ្ដើរៗ​ហើយ ។ កម្មករ​កំពុងតែ​អត់​ការងារ​ធ្វើ ហើយ​កំពុង​ចំណាកស្រុក​ទៅ​ធ្វើ​ខ្ញុំគេ​ហៅ​ប្រទេស​ថៃ ។ តាម​រោងចក្រ​មានការ​ព្យួរ​ការងារ​ក៏​ច្រើន ហើយ​ការ​លក់ដូរ​ក៏​មិន​ដាច់ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ ដោយសារតែ​អត់​ការងារ​ធ្វើ អត់​មាន​ភ្ញៀវ​ទេសចរ ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក។ ប្រជាពលរដ្ឋ​មួយចំនួន ត្រូវ​ថៅកែ​បូរី រឹបអូស​ផ្ទះ វិញ ដោយសារ​មិន​មាន​លុយ​បង់​រំលោះ​តទៅ​ទៀត»។

កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដាប់បែលយូ អែនឌី (W&D) លោក សឿង ប្រុស បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​នេះ រូបលោក​និង​កម្មករ​ជាច្រើន​ទៀត នៅ​តាម​រោងចក្រ​នានា មាន​ជីវភាព​មិន​ប្រសើរ​ទេ ដោយសារតែ​រោងចក្រ​ជាច្រើន បាន​បិទទ្វារ រោងចក្រ​ខ្លះទៀត មាន​ការងារ​តិចតួច​និង​រោងចក្រ​មួយចំនួន​បាន​ព្យួរការងារ​កម្មករ​ទៅ​ហើយ។

ចំណែក​ប្រាក់ខែ គឺ​បាន​តែ​២០៤​ដុល្លារ​ក្នុង​មួយ​ខែ មិន​អាច​ទប់ទល់​និង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​បាន​ឡើយ។

លោក សឿង ប្រុស៖ «យើង​មើល​ទំនិញ​លើ​ទីផ្សារ ទាំង​គ្រឿងទេស បន្លែ ត្រី សាច់​ខ្ទឹម ស្ករ ប៊ីចេង​និង​ផ្លែឈើ​ផ្សេងៗ​គឺ​ឡើងថ្លៃ​ទាំងអស់ សូម្បីតែ​បន្ទប់​ជួល ទឹក ភ្លើង​កន្លែង​មួយចំនួន​ក៏​ឡើងថ្លៃ​ដែរ​។ ប្រាក់ខែ​កម្មករ ក្នុង​ឆ្នាំ​២០២៤​នេះ ឡើង​បាន​តែ ៤​ដុល្លារ ហើយ​ផ្ទះ​ជួល​មួយ​បន្ទប់​គេ​ឡើង​តម្លៃ​ថែម​៥​ដុល្លារ លើស​ពី​ប្រាក់​បន្ថែម​ដែល​កម្មករ​ទទួល​បាន​ក្នុងឆ្នាំ​នេះ​ទៅ​ទៀត។ ដូច្នេះ​ពាក់ព័ន្ធ​ជាមួយ​កម្មករ​នៅតែ​ខ្វះខាត ហើយ​រឹតតែ​ខ្វះខាត​ទៅទៀត»។

ការ​លើកឡើង​របស់​កម្មករ​ដូច​នេះ បន្ទាប់​ពី​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី១០ ខែ​មីនា កន្លង​ទៅ អះអាង​ថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២៤ កម្ពុជា​បាន​ទទួល​លំហូរ​ទុន​វិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់ ៣​រយ​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​គឺ​កើនឡើង​ជាង ៥​ដង​បើ​ធៀប​និង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២៣។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការអធិប្បាយ​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទីមួយ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ជុំវិញ​ការ​វិនិយោគ​ថ្មីៗ បាន​នៅឡើយ នៅ​ថ្ងៃទី​១០ ខែ​មេសា ដោយសារតែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។

ក៏ប៉ុន្តែ អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា លោក ជា វុទ្ធី ធ្លាប់​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​រវាង​ខេត្ត​សានតុង (Shandong) ប្រទេស​ចិន​និង​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែ​មីនា កន្លង​ទៅ​ថា ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០២៤​នេះ លំហូរ​ទុន​វិនិយោគ ជា​ទឹកប្រាក់​សរុប​ជាង ១​ពាន់ ៣​រយ​លាន​ដុល្លារ​នេះ គឺ​មាន​អ្នក​វិនិយោគ​ចិន ជាង ៥​រយ​លាន​ដុល្លារ​(៥៤៥) ប្រហែល ៣៩​ភាគរយ​នៃ​ចំនួន​ទុន​វិនិយោគ​សរុប។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ យល់​ថា បើ​ទោះ​បី​ជា​បច្ចុប្បន្ន​កម្ពុ​ជា មាន​អ្នក​វិនិយោគ​ចិន ច្រើន​ជាងគេ​ក៏ដោយ ក៏​ប្រាក់​ឈ្នួល​កម្មករ មិន​មាន​កម្រិត​រសើប​ជាង​មុន​ទេ ដោយសារតែ​អ្នក​វិនិយោគ​ចិន​ភាគច្រើន គឺជា​អ្នក​ស្វែងរក​ផលប្រយោជន៍​ពី​កម្ពុជា។

លោក សេក សុជាតិ បន្ថែម​ទៀត​ថា អ្នក​វិនិយោគ​ចិន ភាគច្រើន​មិនសូវ​គោរព​សិទ្ធិ​និង​ផ្ដល់​តម្លៃ​ដល់​កម្មករ​កម្ពុជា​ទេ។

លោក សេក សុជាតិ៖ «បញ្ហា​ហ្នឹង​ត្រូវតែ​គិតគូរ ឱ្យ​បាន​វែងឆ្ងាយ​ហើយ​មើល​ទៅដល់​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ ឬក៏​ផ្គត់ផ្គង់​សិទ្ធិ​ទៅដល់​កម្មករ​ការងារ របស់​យើង​នៅក្នុង​អត្រា​ប្រាក់​ឈ្នួល អតិបរមា​មួយ​។ យ៉ាងហោចណាស់​ក៏​ឱ្យ​បាន​ត្រឹម​២៥០​ទៅ​៣០០​ដុល្លារ ដើម្បី​ឱ្យ​អាច​កម្លាំង​ពលកម្ម​របស់​យើង​មាន​ជីវភាព​ប្រសើរ ស្រប​និង​កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​កំពុងតែ​ត្រូវ​បាន​ព្យាករណ៍​ថា មាន​កំណើន​លេខ​១ នៅក្នុង​ប្រទេស​នៃ​តំបន់​អាស៊ី​ដែរ»។

ស្រដៀង​គ្នា​នេះ អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា ក៏​មើល​ឃើញ​ថា ថ្វីត្បិតតែ​អ្នកវិនិយោគទុន​ចិន កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន ជាងគេ ក៏ប៉ុន្តែ​បើ​មើលទៅ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​វិញ មិន​មាន​អ្វី​ប្រសើរ​ជា​ដុំកំភួន​ទេ គឺ​មានតែ​ទ្រុឌទ្រោម​ថែម។

លោក ប៉ោ មករា យល់​ថា ក្រុមហ៊ុន​ចិន​មួយចំនួន ដែល​មក​រក​ស៊ី​នៅ​កម្ពុជា​គឺជា​ក្រុមហ៊ុន​ខ្យល់ ធ្វើ​នំ​អត់​ម្សៅ ដោយ​មិន​គោរព​សិទ្ធិមនុស្ស​និង​គោរព​ម្ចាស់​ស្រុក​ផង។

លោក ប៉ោ មករា៖ «ទំនាក់ទំនង​សេដ្ឋកិច្ច រវាង​បណ្ដា​ប្រទេស​អាស៊ាន ជាមួយ​នឹង​ចិន​ឃើញ​ថា​ប្រទេស​ជាច្រើន​រកស៊ី​ជាមួយ​ចិន គេ​ប្រយ័ត្នប្រយែង​ដែរ។ ទី​១​គេ​ខ្លាច​ខាតបង់​ប្រយោជន៍​របស់​គេ ទី​២ វា​ពាក់ព័ន្ធ​ទៅ​និង​លក្ខខណ្ឌ​ប្រទេស​មួយចំនួន​គេ​គោរព​សិទ្ធិមនុស្ស គេ​មិន​ឱ្យ​ប៉ះពាល់ គេ​មិន​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ ប្រទេស​របស់​គេ​ទេ។ ពាក់ព័ន្ធ​នឹង​បញ្ហា​វិនិយោគ​នៅ​កម្ពុជា យើង​ឃើញ​ប្រទេស​ចិន ជា​ប្រទេស​ដែល​វិនិយោគ​មក​កម្ពុជា​ច្រើន ប៉ុន្តែ​បើ​សង្កេត​ទៅ​មើល​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា មិន​មាន​ភាព​ប្រសើរ​ទេ មិន​មាន​អ្វី​ជា​ដុំ កំភួន​ឡើយ»។

អ្នក​តាមដាន​ការ​អភិវឌ្ឍ សង្គម​និង​នយោបាយ បាន​រក​ឃើញ​ថា បើ​ទោះ​បី​ជា បច្ចុប្បន្ន រដ្ឋាភិបាល​បង្ហាញ​ពី​ការ​រីកចម្រើន​ផ្នែក​វិនិយោគទុន​បរទេស​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង ដោយ​ការ​ជំពាក់​បំណុល​និង​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​ឯ​ក្រៅប្រទេស កាន់តែ​ច្រើនឡើងៗ។

យោង​តាម​សារលិខិត របស់​រដ្ឋាភិបាល ដែល​ចូល​រួមការ​ប្រារព្ធ​ខួប​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ កាលពី​ថ្ងៃទី​១ ឧសភា ឆ្នាំ​២០២៣ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ពលករ​កម្ពុជា កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ចំនួន​ជាង ១​លាន ៣​សែន​នាក់​។ ពលករ​ទាំងនោះ កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ កូរ៉េ​ខាងត្បូង ជប៉ុន ម៉ាឡេស៊ី និង​សិង្ហបុរី​ជាដើម។

ចំណែក​ធនាគារជាតិ​កម្ពុជា ក៏​បាន​ចេញ​របាយការណ៍ កាល​ពី​ថ្ងៃ​ទី១០ ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​ថា រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ ពលរដ្ឋ​ខ្មែរ​យ៉ាងហោចណាស់ ៤​លាន​នាក់ កំពុង​ជំពាក់​បំណុល មីក្រូហិរញ្ញវត្ថុ និង​ធនាគារ។

លោក អ៊ុំ សំអាន យល់​ថា កម្ពុជា បើ​ពឹង​ផ្អែកលើ​ការ​វិនិយោគទុន​ចិន​តែមួយ មិនល្អ​ទេ។ បើ​កម្ពុជា​ចង់បាន​អ្នកវិនិយោគទុន​ល្អ និង​សេដ្ឋកិច្ច​មាន​លំនឹង​ពិតប្រាកដ ត្រូវតែ​ងាក​ទៅ​រក​ប្រទេស​លោក​សេរី មាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ហើយ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​រស់​ឡើងវិញ គោរព​សិទ្ធិមនុស្ស ព្រមទាំង​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដោយមាន​គណបក្សប្រឆាំង​ចូលរួម​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment