ដោយ ថា ថៃ
2024.04.12
RFA
លោក សាន ប៊ុនឆាយ ជាអ្នកគាំទ្រគណបក្សប្រឆាំង និងជាអ្នកបញ្ចេញមតិលើបណ្ដាញសង្គមដ៏សកម្មម្នាក់ ត្រូវបានជនមិនស្គាល់មុខមួយក្រុមព្រួតវាយបែកក្បាល នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ Provided photo
ពលរដ្ឋខ្មែរមានសញ្ជាតិអូស្ត្រាលីម្នាក់ ដែលតែងសកម្មក្នុងការបញ្ចេញមតិរិះគន់បញ្ហាសង្គម និងរដ្ឋាភិបាលកម្ពុជា តាមបណ្ដាញសង្គមហ្វសប៊ុក (Facebook) ត្រូវបានជនមិនស្គាល់មុខមួយក្រុមព្រួតវាយបណ្ដាលឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ និងដងខ្លួនក្នុងពេលរូបលោក និងគ្រួសារទៅលែងស្រុកកំណើតនៅខេត្តបាត់ដំបង។ ជនរងគ្រោះ ចាត់ទុកករណីនេះ គឺជាអំពើហិង្សានយោបាយ មិនខុសពីករណីហិង្សាលើសកម្មជននយោបាយបក្សប្រឆាំង និងសកម្មជនសង្គមផ្សេងទៀតនោះទេ។ ប៉ុន្តែមេប៉ូលិសខេត្តបាត់ដំបង អះអាងថា នគរបាលកំពុងស៊ើបអង្កេតរឿងនេះ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។
អ្នកគាំទ្រគណបក្សប្រឆាំង និងជាអ្នកបញ្ចេញមតិលើបណ្ដាញសង្គមដ៏សកម្មម្នាក់ គឺលោក សាន ប៊ុនឆាយ និងគ្រួសារ បានវិលត្រឡប់មកដល់ប្រទេសអូស្ត្រាលីវិញហើយ នៅព្រឹកថ្ងៃទី១២ ខែ មេសា និងកំពុងសម្រាកព្យាបាលរបួស ដែលជនមិនស្គាល់មុខមួយក្រុមបានព្រួតគ្នាប្រើអំពើហិង្សាលើរូបលោកទាំងកម្រោលនៅកណ្ដាលក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អំពើហិង្សានេះ កើតឡើងកាលពីថ្ងៃទី១០ ខែមេសា វេលាម៉ោង៥ និង ៥០នាទីល្ងាច ក្នុងពេលលោកកំពុងដើរចេញពីធនាគារ ABA នៅជិតសាលាខេត្តបាត់ដំបង និងប៉ុស្តិ៍នគរបាលស្វាយប៉ោ។
លោក សាន ប៊ុនឆាយ ដែលមានស្នាមរបួសស្ទើរពេញដងខ្លួន និងស្នាមរបួសក្បាលដេរ ៨ថ្នេរ ប្រាប់វិទ្យុអាស៊ីសេរីដោយសុំមិនបញ្ចេញសំឡេងថា ដំបូងឡើយ លោកបានដើរចេញពីក្នុងធនាគារABA សំដៅចូលឡាន ស្រាប់តែជនដៃដល់មានគ្នា ៤ ទៅ ៦នាក់ជិះម៉ូតូ ពាក់មួកបិទមុខ និងមានដំបងក្នុងដៃ បានស្ទុះមកព្រួតវាយលោកពីខាងក្រោយទាំងកម្រោលតែម្ដង។ លោកបញ្ជាក់ថា ជនដៃដល់ បានវាយសំដៅក្បាលរបស់លោក ហើយនៅពេលលោក យកដៃរងក្បាល ពួកគេបានសំពងលើដងខ្លួនលោកថែមទៀត ដែលធ្វើឲ្យលោកបែកក្បាលហូរឈាមស្រោចខ្លួន និងរបួសជាំពេញដងខ្លួន។ ជនរងគ្រោះរូបនេះ រៀបរាប់ទៀតថា នៅពេលជនដៃដល់ពីរនាក់ កំពុងវាយដំលោកនោះ មានជនដៃដល់ពីរនាក់ទៀត បានឈរបិទខ្ទប់ទ្វារឡានរបស់លោកមិនឲ្យប្រពន្ធកូន និងសាច់ញាតិរបស់លោកចេញពីក្នុងឡានមកជួយលោកឡើយ។ លោក សាន ប៊ុនឆាយ បន្តថា ក្រុមជនមិនស្គាល់មុខទាំងនោះ មិនខ្លាចញញើតប្រើអំពើហិង្សាលើរូបលោកឡើយ បើទោះបីជាទីនោះ មានសន្តិសុខ ២នាក់ មានសមត្ថកិច្ច មានកាមេរ៉ាសុវត្ថិភាព និងមនុស្សចេញចូលធនាគារ ABA ប្រហែលជាង ២០នាក់ក៏ដោយ។ លោកបន្ថែមថា ក្នុងពេលជនដៃដល់ កំពុងវាយសំពងលើរូបលោកនោះ ខាងសន្តិសុខយាមធនាគារABA បានស្រែកជាច្រើនដង ទើបជនដៃដល់រត់ឡើងម៉ូតូជិះចេញទៅបាត់។
អ្នកគាំទ្របក្សប្រឆាំង និងជាអ្នកបញ្ចេញមតិលើបណ្ដាញសង្គមរូបនេះ យល់ថា អំពើហិង្សាលើរូបលោកនេះ គឺជារឿងហិង្សានយោបាយ ដែលរៀបចំឡើងជាប្រព័ន្ធ មិនមែនជារឿងទំនាស់បុគ្គល ឬអំពើឆក់ប្លន់ឡើយ ព្រោះទ្រព្យសម្បត្តិរបស់លោក គ្មានបាត់បង់នោះទេ។ មានហេតុផលសំខាន់ៗ មួយចំនួន ដែលលោកជឿជាក់ថា ជារឿងហិង្សានយោបាយ។ ទី១ ក្រោយហិង្សាលើរូបលោកនៅក្រុងបាត់ដំបងមិនបាន ៥នាទីផង ស្រាប់តែប៉ូលិសនៅប៉ុស្តិ៍នគរបាលឃុំខ្នាចរមាស បានដឹងរឿងលឿន និងទៅរាយការណ៍ប្រាប់ម្ដាយរបស់លោកដល់ផ្ទះ ខណៈលោកកំពុងលាងរបួសនៅពេទ្យ ដោយមិនទាន់និយាយប្រាប់នរណាឡើយ។ ប៉ូលិសមូលដ្ឋានរូបនោះ ប្រាប់ម្ដាយរបស់លោកថា មេរបស់គាត់ ណែនាំឲ្យគាត់ចុះមកសួរសុខទុក្ខព្រោះបារម្ភពីសុវត្ថិភាពលោក និងចង់ដឹងថា តើលោក ដេកនៅមន្ទីរពេទ្យណា ក្រោយគេវាយ? ទី២ លោកឲ្យដឹងថា កន្លងមក មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយចំនួន តែងទាក់ទងលោកសុំជួបជាច្រើនដង ដើម្បីទទួលទានអាហាររាប់អានគ្នា និងចង់អូសទាញលោកឲ្យចូលចុះគណបក្សកាន់អំណាច ប៉ុន្តែលោក តែងបដិសេធ ដែលជាហេតុធ្វើឲ្យមន្ត្រីជាន់ខ្ពស់រូបនោះ ខឹងរូបលោកកាន់តែខ្លាំង។
អំពើហិង្សាលើពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរនេះ គឺបន្ទាប់ពីលោក និងប្រពន្ធព្រមទាំងកូនស្រីតូចម្នាក់របស់លោក ទើបតែបានទៅលេងស្រុកកំណើតនៅខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបានត្រឹមរយៈពេល ៦ថ្ងៃ។
លោក សាន ប៊ុនឆាយ ឲ្យដឹងដែរថា លោកបានដាក់បណ្ដឹងទៅនគរបាលក្រុងបាត់ដំបងរួចហើយ។ លោក ថា ប្រសិនបើប៉ូលិស មានឆន្ទៈដោះស្រាយរឿងនេះ គឺគ្មានអ្វីពិបាកនោះទេ ដោយសារមានសាក្សី និងមានកាមេរ៉ាសុវត្ថិភាព ដែលអាចចាប់បានរូបភាពច្បាស់ពីភិនភាគជនល្មើស និងស្លាកលេខម៉ូតូ។ ប៉ុន្តែលោកគ្មានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌នោះទេ ព្រោះជាករណីហិង្សានយោបាយ។
ឆ្លើយតបនឹងរឿងនេះ ស្នងការនគរបាលខេត្តបាត់ដំបង លោក សាត គឹមសាន អះអាងថា សមត្ថកិច្ចជំនាញក្រុងបាត់ដំបង កំពុងដំណើរការស្រាវជ្រាវដោយបានស្គាល់ស្លាកលេខម៉ូតូរបស់ជនសង្ស័យរួចហើយតាមរយៈរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព។លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន បន្តថា តាមរូបភាពវីដេអូកាមេរ៉ា ឃើញមានជនសង្ស័យចំនួន ៣នាក់ ប៉ុន្តែសមត្ថកិច្ច នៅមិនទាន់កំណត់អត្តសញ្ញាណថា ជាបុគ្គលណាបាននៅឡើយ ព្រោះពួកគេពាក់មួកសុវត្ថិភាព។
លោក សាត គឹមសាន៖ «ស្លាកលេខនេះ យើងមើលឃើញនៅតាមកាមេរ៉ាសិន។ ឥឡូវកំពុងតែបើកការអង្កេត។ ខ្ញុំមិនអាចនិយាយតាមហ្នឹងបានទេ ដោយសារសមត្ថកិច្ចកំពុងតែបើកការអង្កេត។ មិនថាតែករណីនេះករណីណាក៏ដោយ ឲ្យតែមានកើតឡើងនៅលើទឹកដីខេត្តខ្ញុំ គឺខ្ញុំតែងស្រាវជ្រាវរកយុត្តិធម៌ជនរងគ្រោះគ្រប់ៗ គ្នា»។
ទោះជាយ៉ាងណាក្ដី ករណីហិង្សាលើសកម្មជននយោបាយ និងអ្នករិះគន់ជាង ៥០នាក់កន្លងមក ក៏សមត្ថកិច្ចស្គាល់ស្លាកលេខម៉ូតូជនល្មើសដែរ ប៉ុន្តែមកទល់ពេលនេះ សមត្ថកិច្ច មិនទាន់ចាប់បានជនដៃដល់ណាម្នាក់ មកផ្ដន្ទាទោសតាមច្បាប់ឡើយ។ផ្ទុយទៅវិញ ជនរងគ្រោះខ្លះ មិនត្រឹមតែមិនទទួលបានយុត្តិធម៌ទេ ថែមទាំងត្រូវបានគេវាយដំផ្ទួនៗគ្នា និងថែមទាំងត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារថែមទៀត ដូចករណីអ្នករិះគន់លើបណ្ដាញសង្គម លោក នី ណាក់ ជាដើម។ករណីពលរដ្ឋខ្មែរមានសញ្ជាតិអូស្ត្រាលី លោក សាន ប៊ុន ឆាយ នេះ ក៏ទំនងជានឹងមានលទ្ធផលមិនខុសពីករណីមុនៗ ឡើយ ដោយបានត្រឹមតែរងចាំយុត្តិធម៌ពីមួយឆ្នាំទៅមួយឆ្នាំដោយគ្មានពេលកំណត់។
លោក សាន ប៊ុនឆាយ គឺជាអតីតសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងអ្នកគាំទ្រគណបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី។ លោកក៏សកម្មក្នុងការសរសេរបញ្ចេញមតិតាមបណ្ដាញសង្គមក្នុងបំណងរិះគន់ស្ថាបនាទៅលើការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ការបញ្ចេញមតិរបស់លោកភាគច្រើន ក៏តែងចង់ឲ្យអ្នកនយោបាយខ្មែរផ្សះផ្សាគ្នា និងគិតផលប្រយោជន៍ជាតិជាធំ។ ចំណែកប្រពន្ធរបស់លោក រួមទាំងប្អូនៗ របស់លោកចំនួន ៣នាក់វិញ ពួកគាត់ សុទ្ធតែជាអ្នកគាំទ្រគណបក្សប្រឆាំង និងតែងតែចូលរួមតវ៉ាពីប្រទេសអូស្ត្រាលី ដើម្បីប្រឆាំងការដឹកនាំបែបផ្ដាច់ការរបស់គ្រួសារលោក ហ៊ុន សែន។ ជាក់ស្ដែងពួកគាត់ បានចេញមុខតវ៉ានិងជាអ្នកសែងក្ដារមឈូសដាក់រូបទីងមោង លោក ហ៊ុន សែន ដើម្បីប្រឆាំងការបោះឆ្នោតបង្គ្រប់កិច្ចកាលពីខែកក្កដា ឆ្នាំ២០២៣ និងតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នៅទីក្រុងម៉ែលប៊ន (Melbourne) កាលពីខែដើមខែមីនា។
ការតវ៉ាទាំងនេះ ទំនងជាបានធ្វើឲ្យឪពុកកូន គឺលោក ហ៊ុន សែន និងលោក ម៉ាណែត ខឹងឆួលឆេះក្នុងចិត្ត និងបានគុំកួនកំណត់មុខសញ្ញាពលរដ្ឋខ្មែរនៅអូស្ត្រាលី រួមទាំងក្រុមគ្រួសារលោក សាន ប៊ុនឆាយ ជាយូរមកហើយ។ កន្លងមក លោក ហ៊ុន សែន ធ្លាប់បានប្រកាសតាមវាយពលរដ្ឋខ្មែរនៅអូស្ត្រាលីដល់ផ្ទះ ប្រសិនបើដុតរូបទីងមោងរបស់លោក ហើយករណីតវ៉ារបស់ពលរដ្ឋខ្មែរនៅប្រទេសផ្សេងៗ ទៀត ក៏អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ធ្លាប់បញ្ជាឲ្យអាជ្ញាធរបិទរូបថតអ្នកទាំងនោះនៅវាលយន្តហោះ ដើម្បីទុកធ្វើបាបនៅពេលពួកគេទៅលែងស្រុកខ្មែរ ដែលគ្រួសាររបស់លោក កំពុងត្រួតត្រា។
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែងថា ករណីហិង្សាលើពលរដ្ឋអូស្ត្រាលី ដើមកំណើតខ្មែរក្នុងពេល ដែលគាត់ទៅលេងស្រុក កំណើតនៅខេត្តបាត់ដំបងនេះ គឺជារូបភាពនៃការគំរាមកំហែងទាំងស្រុងទៅលើ សេរីភាពនយោបាយ និងការបញ្ចេញមតិ។ លោកជំរុញឲ្យអាជ្ញាធរកម្ពុជា ត្រូវតែគោរពសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ ទោះបីជាគាត់រស់នៅទីណាក៏ដោយ។
លោក តាក់ ម៉េងហ៊ាង៖ «បើសិនរឿងនេះជារឿងនយោបាយមែន នៅក្នុងការប្រើអំពើហិង្សាទៅលើបុគ្គលណាមួយ គឺជារឿងដែលមិនអាចព្រងើយកន្តើយបាន។ ខ្ញុំក៏សូមលើកទឹកចិត្តជនរងគ្រោះនៅក្នុងករណីនេះ គឺត្រូវរាយការណ៍ដាក់បណ្ដឹងទៅអាជ្ញាធរ ដែលមានសមត្ថកិច្ច ដូចជា ប៉ូលិសសហព័ទ្ធអូស្ត្រាលីជាដើម»។
លោក សាន ប៊ុនឆាយ ឲ្យដឹងថា លោក នឹងជួបរាយការណ៍ករណីហិង្សាលើរូបលោក ទៅសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Jullian Hill) និងដាក់បណ្ដឹងទៅប៉ូលិសសហព័ន្ធអូស្ត្រាលីនៅសប្ដាហ៍ក្រោយនេះ។
កន្លងមក នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) វាយតម្លៃថា អំពើហិង្សាលើសកម្មជននយោបាយនិងអ្នករិះគន់ទាំងនេះ គឺជារឿងនយោបាយ ដែលមានលោក ហ៊ុន សែន គឺជាមេគំនិត។ លោក ហ្វីល រ៉ូបឺតសុន ថា គោលដៅនៃអំពើហិង្សាផ្នែកនយោបាយទាំងនេះ គឺដើម្បីបំបិទសំឡេងប្រឆាំង និងសំឡេងរិះគន់រដ្ឋាភិបាល។ អ្នកការពារសិទ្ធិមនុស្សអន្តរជាតិរូបនេះ ក៏បានស្នើដល់រដ្ឋាភិបាលបរទេសឱ្យចេញមុខទាមទារជាសាធារណៈទៅកាន់រដ្ឋាភិបាលកម្ពុជា ឱ្យទទួលខុសត្រូវចំពោះទង្វើរំលោភបំពានទាំងនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។