ដោយ ខាន់ លក្ខិណា
2024.04.12
RFA
ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី Photo: RFA
ក្នុងឱកាសចូលឆ្នាំថ្មីនេះ មេដឹកនាំគណបក្សកាន់អំណាច ចេញអួតអំពីសមិទ្ធផលឆ្នាំចាស់ ខណៈគណបក្សប្រឆាំងស្នើឱ្យបញ្ចប់ជម្លោះនយោបាយ និងដោះលែងអ្នកទោសមនសិការ ឱ្យមានសេរីភាពជួបជុំក្រុមគ្រួសារ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញសារសម្ដែងព្រះទ័យស្រឡាញ់ប្រជារាស្ត្រ និងជូនពរដល់ប្រជារាស្ត្រ ប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ ។
ព្រះអង្គមានព្រះរាជបន្ទូលថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរសដូនតាខ្មែរ បានបន្សល់ទុករហូតដល់បច្ចុប្បន្ន ហើយក៏ជាពិធីបុណ្យមួយ ដែលមានអត្ថន័យដ៏ធំធេង ក្នុងការបណ្ដុះស្មារតីសាមគ្គីភាពជាតិ ថែរក្សាការពារ ស្រឡាញ់ទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង។
ក្នុងអត្ថន័យបណ្ដុះស្មារតីសាមគ្គីភាពជាតិ ដូចព្រះបន្ទូលព្រះមហាក្សត្រ គណបក្សនយោបាយ និងអ្នកនយោបាយក្រៅរដ្ឋាភិបាល បង្ហាញបំណងឱ្យផ្ដល់សេរីភាព ដល់អ្នកទោសមនសិការ ឱ្យបានជួបជុំគ្រួសារ និងការផ្សះផ្សាបង្រួបបង្រួមជាតិ នៅពេលមេដឹកនាំគណបក្សកាន់អំណាច ប្រាប់ឱ្យពលរដ្ឋរីករាយនឹងពិធីបុណ្យចូលឆ្នាំថ្មី។
ប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានផ្ញើសារឱ្យប្រជាពលរដ្ឋរួមគ្នា ជម្រុះចោលឱ្យជ្រះស្រឡះ នូវអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួងក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មី ប្រព្រឹត្តអំពើល្អនៅឆ្នាំថ្មី។
រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាកូន ក្រៅពីអួតអំពីគុណរបស់ឪពុក បានត្រឹមតែផ្ញើសារបួងសួងឱ្យប្រជាជនខ្មែរ មានសមានចិត្តជាកុសល យោគយល់គ្នា រួមសាមគ្គីគ្នា ជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរ ប៉ុន្តែលោក នាយករដ្ឋមន្ត្រី មិនបង្ហាញជំហរផ្សះផ្សាជាតិ តាមបំណងប្រាថ្នារបស់ប្រជាជន ឱ្យប្រជាជនរួចផុតពីអយុត្តិធម៌ និងការឈឺចាប់ ដូចសព្វថ្ងៃនេះទេ។
សម្រាប់គណបក្សនយោបាយ និងអ្នកនយោបាយក្រៅរដ្ឋាភិបាលវិញ ពួកគេផ្ញើសារផ្ដោតជាសំខាន់ លើការចង់បានយុត្តិធម៌ និងសេចក្ដីសុខ របស់ប្រជាពលរដ្ឋ ជាពិសេស ការដោះលែងអ្នកទោសនយោបាយ និងការផ្សះផ្សាជាតិ ដោយគ្មាន ការរើសអើងនិន្នាការ។
គណបក្សកម្លាំងជាតិ មានបំណងប្រាថ្នា ឱ្យប្រមុខដឹកនាំរដ្ឋាភិបាលសម្របសម្រួល ដោះលែង អ្នកនយោបាយ ដែលកំពុងជាប់ឃុំឃាំង ដូចជា លោក កឹម សុខា លោក ថាច់ សេដ្ឋា លោក សៀម ភ្លុក លោក តូច ថឹង លោក ខឿន វីរ៉ាត់ លោកស្រី នូ សុទ្ធារី លោក អ៊ុំ វីរៈរដ្ឋ លោក ចៅ វាសនា និងសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី លោក កើត សារ៉ាយ ព្រមទាំងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ជាដើម។
ចំណែកឯ គណបក្សភ្លើងទៀន ក៏បានផ្ញើសារអំពាវនាវឱ្យបញ្ចប់នូវជម្លោះ នយោបាយ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិតប្រាកដនៅប្រទេស កម្ពុជា។
អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ផ្ញើសារនៅថ្ងៃទី១២ ខែមេសា ដោយពាក្យជូនពរ និងបួងសួងឱ្យឆ្នាំថ្មី ចង់ឃើញអ្នកដឹកនាំប្រទេស បំពេញ តួនាទីផ្ដោតលើការផ្ដល់សេចក្ដីសុខ និងជីវភាពប្រជាពលរដ្ឋជាធំ ឱ្យប្រជាពលរដ្ឋ រស់នៅថ្លៃថ្នូរ មានសុវត្ថិភាព និងយុត្តិធម៌។
លោកថា ឆ្នាំថ្មី ក៏គួរជាឱកាស ដែលមេដឹកនាំថ្មី បង្ហាញនយោបាយ សាមគ្គីភាពផ្ទៃក្នុងជាតិ ដោយឱ្យសមាជិកគណបក្សនយោបាយ និងសកម្មជនសង្គមជាអ្នកទោសមនសិការ ដែលកំពុងជាប់ពន្ធនាគារ មានសេរីភាពជួបជុំក្រុមគ្រួសារ ដើម្បីអបអរសាទឆ្នាំថ្មី។
លោក សុន ឆ័យ៖ «ហើយចង់ឱ្យឃើញ ថាក្នុងឆ្នាំថ្មីនេះ ការជានារវាងប្រជាជាតិខ្មែរ គឺអាចនឹងកើតមាន ការរយៈការអនុគ្រោះ យោគយល់ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិនៅកម្ពុជា»។
ងាកទៅមើលស្ថានទូតប្រទេសជាមិត្ត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាវិញ ក៏មានសារជូនពរប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះដែរ នៅស្របពេលដែលស្ថានទូតជាមិត្តមួយចំនួន បង្ហាញសមានចិត្តចូលរួមអបអរ។
ស្ថានទូតសហភាពអឺរ៉ុប កាលពីថ្ងៃទី១០ ខែមេសា ផ្ញើសារជូនពរដល់ដៃគូសហការនានា។
ស្ថានទូតសហភាពអឺរ៉ុប៖«ក្រុមការងារយើងខ្ញុំ ទាំងសូមជូនពរដល់ដៃគូសហការ សហការី មិត្តភ័ក្ដិ ក្រុមគ្រួសារ និងអ្នកទាំងអស់គ្នា»។
ស្ថានទូតសហរដ្ឋអាមេរិក សរសេរសារលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ ខែមេសា ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺជាឱកាសពិសេសមួយ ដើម្បីធ្វើការអបអរភាព រស់រវើកនៃវប្បធម៌ខ្មែរ។
ស្ថានទូតអាមេរិក បញ្ជាក់ថា តទៅអនាគត សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីកសាងប្រទេសកម្ពុជាមួយ ដែលមានឯករាជ្យ វិបុលភាព និងលទ្ធិប្រជាធិបតេយ្យច្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។