ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា រង​ការ​វាយដំ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ពេល​ទៅ​លេង​ស្រុកខ្មែរ

ដោយ ថា ថៃ
2024.04.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា រង​ការ​វាយដំ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ពេល​ទៅ​លេង​ស្រុកខ្មែរ

លោក សាន ប៊ុនឆាយ ជាអ្នកគាំទ្រ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​ជន​មិនស្គាល់​មុខ​មួយ​ក្រុម​ព្រួត​វាយបែក​ក្បាល នៅ​ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០២៤។ Provided photo


ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​អូស្ត្រាលី​ម្នាក់ ដែល​តែង​សកម្ម​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​បញ្ហា​សង្គម និង​រដ្ឋាភិបាល​កម្ពុជា តាម​បណ្ដាញ​សង្គម​ហ្វសប៊ុក (Facebook) ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ព្រួត​វាយ​បណ្ដាល​ឲ្យ​រង​របួស​បែក​ក្បាល​ធ្ងន់ធ្ងរ និង​ដង​ខ្លួន​ក្នុង​ពេល​រូបលោក និង​គ្រួសារ​ទៅ​លែង​ស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង។ ជន​រង​គ្រោះ ចាត់​ទុក​ករណី​នេះ គឺ​ជា​អំពើ​ហិង្សា​នយោបាយ មិន​ខុស​ពី​ករណី​ហិង្សា​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ផ្សេង​ទៀត​នោះ​ទេ។ ប៉ុន្តែ​មេ​ប៉ូលិស​ខេត្តបាត់ដំបង អះអាង​ថា នគរបាល​កំពុង​ស៊ើប​អង្កេត​រឿង​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។


អ្នកគាំទ្រ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ដ៏​សកម្ម​ម្នាក់ គឺ​លោក សាន ប៊ុនឆាយ និង​គ្រួសារ បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​អូស្ត្រាលី​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ មេសា និង​កំពុង​សម្រាក​ព្យាបាល​របួស ដែល​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​ទាំង​កម្រោល​នៅ​កណ្ដាល​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។ អំពើ​ហិង្សា​នេះ កើតឡើង​កាល​ពី​ថ្ងៃ​ទី១០ ខែមេសា វេលា​ម៉ោង៥ និង ៥០នាទី​ល្ងាច ក្នុង​ពេល​លោក​កំពុង​ដើរ​ចេញ​ពី​ធនាគារ ​ABA នៅ​ជិត​សាលាខេត្ត​បាត់ដំបង និង​ប៉ុស្តិ៍​នគរបាល​ស្វាយប៉ោ។

លោក សាន ប៊ុនឆាយ ដែល​មាន​ស្នាម​របួស​ស្ទើរ​ពេញ​ដងខ្លួន និង​ស្នាម​របួស​ក្បាល​ដេរ ៨ថ្នេរ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដោយ​សុំ​មិន​បញ្ចេញ​សំឡេង​ថា ដំបូង​ឡើយ លោក​បាន​ដើរ​ចេញ​ពី​ក្នុង​ធនាគារABA សំដៅ​ចូល​ឡាន ស្រាប់​តែ​ជន​ដៃដល់​មាន​គ្នា ៤ ទៅ ៦នាក់​ជិះ​ម៉ូតូ ពាក់​មួក​បិទមុខ និង​មាន​ដំបង​ក្នុង​ដៃ បាន​ស្ទុះ​មក​ព្រួត​វាយ​លោក​ពី​ខាង​ក្រោយ​​ទាំង​កម្រោល​តែ​ម្ដង។ លោក​បញ្ជាក់​ថា ជន​ដៃ​ដល់ ​បាន​វាយ​សំដៅ​ក្បាល​របស់​លោក ហើយ​នៅ​ពេល​លោក យក​ដៃ​រង​ក្បាល ពួក​គេ​បាន​សំពង​លើ​ដងខ្លួន​លោក​ថែម​ទៀត ដែល​ធ្វើឲ្យ​លោក​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន និង​របួស​ជាំ​ពេញ​ដង​ខ្លួន។ ជន​រង​គ្រោះ​រូប​នេះ រៀប​រាប់​ទៀត​ថា នៅ​ពេល​ជន​ដៃដល់​ពីរ​នាក់ កំពុង​វាយ​ដំ​លោក​នោះ មាន​ជន​ដៃដល់​ពីរ​នាក់​ទៀត បាន​ឈរ​បិទ​ខ្ទប់​ទ្វារ​ឡាន​របស់​លោក​មិន​ឲ្យ​ប្រពន្ធ​កូន និង​សាច់ញាតិ​របស់​លោក​ចេញពី​ក្នុង​ឡាន​មក​ជួយ​លោក​ឡើយ។ លោក សាន ប៊ុនឆាយ បន្ត​ថា ក្រុម​ជន​មិន​ស្គាល់​មុខ​ទាំង​នោះ មិន​ខ្លាច​ញញើត​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​ឡើយ បើ​ទោះ​បី​ជា​ទីនោះ មាន​សន្តិសុខ ២នាក់ មាន​សមត្ថកិច្ច មាន​កាមេរ៉ា​សុវត្ថិភាព និង​មនុស្ស​ចេញ​ចូល​ធនាគារ ABA ប្រហែល​ជាង ២០នាក់​ក៏​ដោយ។ លោក​បន្ថែម​ថា ក្នុង​ពេល​ជន​ដៃដល់ កំពុង​វាយ​សំពង​លើ​រូប​លោក​នោះ ខាង​សន្តិសុខ​យាម​ធនាគារABA បាន​ស្រែក​ជា​ច្រើន​ដង ទើប​ជន​ដៃដល់​រត់ឡើង​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់។

អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​ជា​អ្នក​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​រូប​នេះ យល់​ថា អំពើ​ហិង្សា​លើ​រូប​លោក​នេះ គឺ​ជា​រឿង​ហិង្សា​នយោបាយ ដែល​រៀបចំ​ឡើង​ជា​ប្រព័ន្ធ​ មិនមែន​ជា​រឿង​ទំនាស់​បុគ្គល ឬ​អំពើ​ឆក់ប្លន់​ឡើយ ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​លោក គ្មាន​បាត់បង់​នោះ​ទេ។ មាន​ហេតុផល​សំខាន់ៗ មួយ​ចំនួន ដែល​លោក​ជឿជាក់​ថា ជា​រឿង​ហិង្សា​នយោបាយ។ ទី១ ក្រោយ​ហិង្សា​លើ​រូប​លោក​នៅ​ក្រុង​បាត់ដំបង​មិន​បាន ៥នាទី​ផង ស្រាប់តែ​ប៉ូលិស​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ខ្នាច​រមាស បាន​ដឹង​រឿង​លឿន និង​ទៅ​រាយ​ការណ៍​ប្រាប់​ម្ដាយ​របស់​លោក​ដល់​ផ្ទះ ខណៈ​លោក​កំពុង​លាង​របួស​នៅ​ពេទ្យ ដោយ​មិន​ទាន់​និយាយ​ប្រាប់​នរណា​ឡើយ។ ប៉ូលិស​មូលដ្ឋាន​រូប​នោះ ប្រាប់​ម្ដាយ​របស់​លោក​ថា មេ​របស់​គាត់ ណែនាំ​ឲ្យ​គាត់​ចុះ​មក​សួរ​សុខ​ទុក្ខ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​លោក និង​ចង់​ដឹង​ថា តើ​លោក ​ដេក​នៅ​មន្ទីរ​ពេទ្យ​ណា ក្រោយ​គេ​វាយ? ទី២ លោក​ឲ្យ​ដឹង​ថា កន្លង​មក មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​ជា​​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន តែង​ទាក់ទង​លោក​សុំ​ជួប​ជា​ច្រើន​ដង ដើម្បី​ទទួល​ទាន​អាហារ​រាប់អាន​គ្នា និង​ចង់​អូសទាញ​លោក​ឲ្យ​ចូល​ចុះ​​គណ​បក្ស​កាន់​អំណាច ប៉ុន្តែ​លោក តែង​បដិសេធ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ ខឹង​រូប​លោក​កាន់​តែ​ខ្លាំង។

អំពើ​ហិង្សា​លើ​ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​នេះ គឺ​បន្ទាប់​ពី​លោក និង​ប្រពន្ធ​ព្រម​ទាំង​កូន​ស្រី​តូច​ម្នាក់​របស់​លោក ទើប​តែ​បាន​ទៅ​លេង​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បាន​ត្រឹម​រយៈ​ពេល ៦ថ្ងៃ។

លោក សាន ប៊ុនឆាយ ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ដាក់​បណ្ដឹង​ទៅ​នគរបាល​ក្រុងបាត់ដំបង​រួច​ហើយ។ លោក ថា ប្រសិន​បើ​ប៉ូលិស មាន​ឆន្ទៈ​ដោះស្រាយ​រឿង​នេះ គឺ​គ្មាន​អ្វី​ពិបាក​នោះ​ទេ ដោយ​សារ​មាន​សាក្សី និង​មាន​កាមេរ៉ា​សុវត្ថិភាព ដែល​អាច​ចាប់​បាន​រូបភាព​ច្បាស់​ពី​ភិនភាគ​ជនល្មើស និង​ស្លាក​លេខ​ម៉ូតូ។ ប៉ុន្តែ​លោក​គ្មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ព្រោះ​ជា​ករណី​ហិង្សា​នយោបាយ។

ឆ្លើយតប​នឹង​រឿង​នេះ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក សាត គឹមសាន អះអាង​ថា សមត្ថកិច្ច​ជំនាញ​ក្រុង​បាត់ដំបង កំពុង​ដំណើរការ​ស្រាវជ្រាវ​ដោយ​បាន​ស្គាល់​ស្លាក​លេខ​ម៉ូតូ​របស់​ជនសង្ស័យ​រួច​ហើយ​តាម​រយៈ​រូបភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព។លោក​ឧត្ដមសេនីយ៍​ទោ សាត គឹមសាន បន្ត​ថា ​តាម​រូបភាព​វីដេអូ​កាមេរ៉ា ឃើញ​មាន​ជន​សង្ស័យ​ចំនួន ៣នាក់ ប៉ុន្តែ​សមត្ថកិច្ច នៅ​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​ថា ជា​បុគ្គល​ណា​បាន​​នៅ​ឡើយ ព្រោះ​ពួកគេ​ពាក់​មួក​សុវត្ថិភាព។

លោក សាត គឹមសាន៖ «ស្លាក​លេខ​នេះ យើង​មើល​ឃើញ​នៅ​តាម​កាមេរ៉ា​សិន។ ឥឡូវ​កំពុង​តែ​បើក​ការ​អង្កេត។ ខ្ញុំ​មិន​អាច​និយាយ​តាម​ហ្នឹង​បាន​ទេ ដោយ​សារ​សមត្ថកិច្ច​កំពុង​តែ​បើក​ការ​អង្កេត។ មិនថា​តែ​ករណី​នេះ​ករណី​ណា​ក៏ដោយ ឲ្យ​តែ​មាន​កើតឡើង​នៅ​លើ​ទឹកដី​ខេត្ត​ខ្ញុំ គឺ​ខ្ញុំ​តែង​ស្រាវជ្រាវ​រក​យុត្តិធម៌​ជនរងគ្រោះ​គ្រប់ៗ គ្នា»

ទោះ​ជា​យ៉ាង​ណា​ក្ដី ករណី​ហិង្សា​លើ​សកម្មជន​នយោបាយ និង​អ្នករិះគន់​ជាង ៥០នាក់​កន្លង​មក ក៏​សមត្ថកិច្ច​ស្គាល់​ស្លាក​លេខ​ម៉ូតូ​ជន​ល្មើស​ដែរ ប៉ុន្តែ​មក​ទល់​ពេល​នេះ សមត្ថកិច្ច មិនទាន់​ចាប់​បាន​​ជន​ដៃដល់​ណា​ម្នាក់ មក​​ផ្ដន្ទា​ទោស​តាម​ច្បាប់​ឡើយ។ផ្ទុយ​ទៅ​វិញ ជន​រង​គ្រោះ​ខ្លះ មិន​ត្រឹមតែ​មិន​ទទួល​បាន​យុត្តិធម៌​ទេ ថែម​ទាំង​ត្រូវ​បាន​គេ​វាយដំ​ផ្ទួនៗ​គ្នា និង​ថែមទាំង​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ថែមទៀត ដូច​ករណី​អ្នករិះគន់​លើ​បណ្ដាញ​សង្គម ​លោក នី ណាក់ ជាដើម។ករណី​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​អូស្ត្រាលី លោក សាន ប៊ុន ឆាយ នេះ ក៏​ទំនង​ជា​នឹង​មាន​លទ្ធផល​មិន​ខុស​ពី​ករណី​មុនៗ ឡើយ ដោយ​បាន​ត្រឹម​តែ​រង​ចាំ​យុត្តិធម៌​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយ​គ្មាន​ពេល​កំណត់។

លោក សាន ប៊ុនឆាយ គឺ​ជា​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​ ជាពិសេស​លោក សម រង្ស៊ី។ លោក​ក៏​សកម្ម​ក្នុង​ការ​សរសេរ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​ក្នុង​បំណង​រិះគន់​ស្ថាបនា​ទៅ​លើ​ការដឹកនាំ​របស់​​​​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។ ការ​បញ្ចេញ​មតិ​របស់​លោក​ភាគ​ច្រើន ក៏​តែង​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ផ្សះផ្សា​គ្នា និង​គិត​ផល​ប្រយោជន៍​ជាតិ​ជាធំ។ ចំណែក​ប្រពន្ធ​របស់​លោក រួម​ទាំង​ប្អូនៗ របស់​លោក​ចំនួន ៣នាក់​វិញ ពួក​គាត់ សុទ្ធតែ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​តែង​តែ​ចូល​រួម​តវ៉ា​ពី​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រឆាំង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​គ្រួសារ​លោក ហ៊ុន​ សែន។ ជាក់​ស្ដែង​ពួក​គាត់ បាន​ចេញ​មុខ​តវ៉ា​និង​ជា​អ្នក​សែង​ក្ដារ​មឈូស​ដាក់​រូប​ទីងមោង លោក ហ៊ុន សែន ដើម្បី​ប្រឆាំង​ការ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច​កាលពី​ខែកក្កដា ឆ្នាំ២០២៣ និង​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) កាល​ពី​ខែ​ដើម​ខែមីនា។

ការ​តវ៉ា​ទាំង​​នេះ ទំនង​ជា​បាន​ធ្វើ​ឲ្យ​ឪពុក​កូន គឺ​លោក ហ៊ុន សែន និង​លោក ម៉ាណែត ខឹង​ឆួលឆេះ​ក្នុង​ចិត្ត និង​បាន​គុំកួន​កំណត់​មុខ​សញ្ញា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី រួម​ទាំង​ក្រុម​គ្រួសារ​លោក សាន ប៊ុនឆាយ ជា​យូរ​មក​ហើយ។ កន្លងមក លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​តាម​វាយ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ដល់​ផ្ទះ ប្រសិន​បើ​ដុត​រូប​ទីង​មោង​របស់​លោក ហើយ​ករណី​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ផ្សេងៗ ទៀត ក៏​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ ធ្លាប់​បញ្ជា​ឲ្យ​អាជ្ញាធរ​បិទ​រូបថត​អ្នក​ទាំង​នោះ​នៅ​វាល​យន្តហោះ ដើម្បី​ទុក​ធ្វើបាប​នៅ​ពេល​ពួក​គេ​ទៅ​លែង​ស្រុក​ខ្មែរ ដែល​គ្រួសារ​របស់​លោក កំពុង​ត្រួត​ត្រា។

តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែង​ថា ករណី​ហិង្សា​លើ​ពលរដ្ឋ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ​ក្នុង​ពេល ដែល​គាត់​ទៅ​លេង​ស្រុក កំណើត​នៅ​ខេត្តបាត់ដំបង​នេះ គឺ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង​ទាំង​ស្រុង​ទៅ​លើ សេរីភាព​នយោបាយ និង​ការ​បញ្ចេញមតិ។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវតែ​គោរព​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ ទោះបី​ជា​គាត់​រស់នៅ​ទីណា​ក៏ដោយ។

លោក តាក់ ម៉េងហ៊ាង៖ «បើ​សិន​រឿង​នេះ​ជា​រឿង​នយោបាយ​មែន នៅ​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុគ្គល​ណា​មួយ គឺជា​រឿង​ដែល​មិន​អាច​ព្រងើយ​កន្តើយ​បាន។ ខ្ញុំ​ក៏​សូម​លើក​ទឹកចិត្ត​ជន​រងគ្រោះ​នៅ​ក្នុង​ករណី​នេះ គឺ​ត្រូវ​រាយការណ៍​ដាក់​បណ្ដឹង​ទៅ​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច ដូចជា ប៉ូលិស​សហព័ទ្ធ​អូស្ត្រាលី​ជា​ដើម»។

លោក សាន ប៊ុនឆាយ ឲ្យ​ដឹង​ថា លោក នឹង​ជួប​រាយការណ៍​ករណី​ហិង្សា​លើ​រូប​លោក ទៅ​សមាជិក​សភា​សហព័ន្ធ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Jullian Hill) និង​ដាក់​បណ្ដឹង​ទៅ​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​នៅ​សប្ដាហ៍​ក្រោយ​នេះ។

កន្លង​មក នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) វាយតម្លៃ​ថា អំពើ​ហិង្សា​លើ​សកម្មជន​នយោបាយ​និង​អ្នករិះគន់​ទាំង​នេះ គឺជា​រឿង​នយោបាយ ដែល​មាន​លោក ហ៊ុន សែន គឺជា​មេ​គំនិត។ លោក ហ្វីល រ៉ូបឺតសុន ថា គោលដៅ​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ទាំងនេះ គឺ​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់​រដ្ឋាភិបាល។ អ្នក​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​បរទេស​ឱ្យ​ចេញមុខ​ទាមទារ​ជា​សាធារណៈ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​រំលោភបំពាន​ទាំង​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment