ក្រុម​គ្រួសារ​លោក ហ៊ុន សែន បង្កើត​កម្មវិធី​រាំ​ច្រៀង​សប្បាយ​នៅ​លើ​គំនរ​ទុក្ខ​ពលរដ្ឋ

ដោយ ប្រាជ្ញ ចេវ
2024.04.14
RFA

ក្រុម​គ្រួសារ​លោក ហ៊ុន សែន បង្កើត​កម្មវិធី​រាំ​ច្រៀង​សប្បាយ​នៅ​លើ​គំនរ​ទុក្ខ​ពលរដ្ឋ

 Photo: RFA


ខណៈ​ប្រជាពលរដ្ឋ កំពុង​ញាំញី​ដោយ​វិបត្តិ​សេដ្ឋកិច្ច និង​ទទួលរង​អំពើ​អយុត្តិធម៌​នោះ គ្រួសារ​លោក ហ៊ុន សែន ឯណោះ​វិញ បែរ​ជា​ឆ្លៀត​យក​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី រៀបចំ​កម្មវិធី​ជប់លៀង​ច្រៀង​រាំ សប្បាយ​ក្អាកក្អាយ​ជាមួយ​ក្រុម​គ្រួសារ និង​បក្ខពួក​ដែល​ជាប់​ឈ្មោះ​ពុករលួយ រំលោភ​សិទ្ធិ​ពលរដ្ឋ រំលោភ​អំណាច និង​ក្រុម​អ្នកជំនួញ​ជាប់​ឈ្មោះ​អាស្រូវ​រឿង​រកស៊ី​បំផ្លាញ​ព្រៃឈើ លុប​បឹង​លុប​ទន្លេ និង​ប្លន់​ដី​ពី​ប្រជាពលរដ្ឋ។ ពលរដ្ឋ​រិះគន់​ថា ទង្វើ​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​អាត្មានិយម និង​អគុណធម៌ របស់​គ្រួសារ​មេដឹកនាំ និង​បក្ខពួក និង​ជា​ការ​បញ្ឈឺ ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌។

បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ បន្តបន្ទាប់​គ្នា ក្នុង​ការ​ច្បាម​យក​អំណាច​កំពូលៗ ឱ្យ​ខ្លួន​ឯង និង​កូនចៅ​ហើយ​នោះ ក្រុម​គ្រួសារ​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​កូនចៅ ដែល​ក្ដោបក្ដាប់​តំណែង​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​តំណែង​កំពូលៗ ជាច្រើន​ទៀត ហាក់​ធ្ងន់​ចិត្ត និង​សប្បាយ​រីករាយ​ជាង​មុន។ ភាព​សប្បាយ​រីករាយ​ទាំង​នេះ ស្ដែង​ឡើង​តាមរយៈ​ការ​បង្កើត​កម្មវិធី​ជប់លៀង​ទទួលទាន​អាហារ​សម្បូរ​បែប និង​ស្រា​ថ្លៃៗ ព្រមទាំង​ច្រៀង​រាំ​សប្បាយ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី នៅ​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន។


នៅ​ក្នុង​វីដេអូ ដែល​បង្ហោះ​នៅ​លើ​គណនី​តិកតុក (Tiktok) របស់​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ដែល​មាន​តួនាទី​ជា​ប្រមុខរដ្ឋ​ស្ដីទី លោក ហ៊ុន សែន បង្ហាញ​ពី​កម្មវិធី​ជួបជុំ​សមាជិក​គ្រួសារ​របស់​លោក ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី កាលពី​យប់​ថ្ងៃ​ទី១២ ខែ​មេសា ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​មន្ត្រី​កាន់អំណាច​នយោបាយ​កំពូលៗ និង​ក្រុម​អ្នកជំនួញ​ធំៗ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន និង​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ ខាង​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​មួយ​ចំនួន ដូចជា ឈ្មួញ​រកស៊ី​កាប់​ឈើ​លក់ លោក ទ្រី ភាព ឈ្មួយ​រកស៊ី​លុប​បឹង និង​ឆ្នេរ លោកស្រី ជឹង សុភាព ហៅ​យាយ​ភូ និង​ឧកញ៉ា គិត ម៉េង ជាដើម។

នៅ​ក្នុង​បរិវេណ​ភូមិគ្រឹះ ដែល​តុបតែង​ដោយ​ភ្លើង​ព្រោងព្រាត និង​គ្រឿង​សំណែន​ទេវតា មាន​ដូចជា​ផ្លែឈើ និង​ផ្កាភ្ញី លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម មាន​និស្ស័យ​ចូលចិត្ត​ឱ្យ​គេ​តែង​ចម្រៀង​សរសើរ​ខ្លួនឯង​នោះ បាន​ជួល​តារា​ចម្រៀង​ជាច្រើន​នាក់​មក​ច្រៀង។ លោក ហ៊ុន សែន និង​ប្រពន្ធ គឺ​អ្នកស្រី ប៊ុន រ៉ានី រាំ​ផង​សើច​ផង អស់​ជា​ច្រើន​បទ ក្នុង​នោះ​មាន​ទាំង​ចង្វាក់​ម៉ាឌីហ្សុន រាំក្បាច់ រាំ​វង្ស និង​ចូក​កំពឹស​ជាដើម។ចំណែក​ក្រុម​មន្ត្រី​កំពូលៗ និង​ក្រុម​អ្នក​ជំនួញ ដែល​ជាប់​ឈ្មោះ​អាស្រូវ​រឿង​រកស៊ី​បំផ្លាញ​ព្រៃឈើ លុប​បឹង​លុប​ទន្លេ និង​ប្លន់​ដី​ពី​ប្រជាពលរដ្ឋ ក៏​បាន​ឡើង​រាំ​ឡក​ជាមួយ​លោក ហ៊ុន សែន ពោរពេញ​ដោយ​ភាព​ស្និទ្ធស្នាល​ដែរ។

សកម្មជន​ដីធ្លី នៅ​ឃុំ​បឹង​ប្រាំ ខេត្ត​បាត់ដំបង ដែល​កំពុង​រត់​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ អ្នកស្រី នួន នឿន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៣ ខែ​មេសា ថា លោកស្រី​ឈឺចាប់ នៅ​ពេល​ឃើញ​គ្រួសារ​មេដឹកនាំ នាំ​គ្នា​រាំ​ច្រៀង ស្រប​ពេល​ដែល​ពលរដ្ឋ​មួយ​ចំនួន កំពុង​ទទួល​រង​ភាព​អយុត្តិធម៌ បាត់បង់​ដីធ្លី ផ្ទះ​សម្បែង រត់ចោល​ស្រុក​ព្រាត់ប្រាស​គ្រួសារ និង​ជាប់​ពន្ធនាគារ​តាម​រយៈ​ការ​ប្រឌិត​បទ​ចោទ​បែប​នេះ។ លោកស្រី​ថ្លែង​ទៀត​ថា ទង្វើ​នេះ បង្ហាញ​ពី​ភាព​អាត្មានិយម និង​អគុណធម៌ របស់​គ្រួសារ​មេដឹកនាំ ដែល​សប្បាយ​លើ​គំនរ​ទុក្ខ និង​ទឹកភ្នែក​របស់​ពលរដ្ឋ។

អ្នកស្រី នួន នឿន៖ « អត់​មាន​កិត្តិយស​អី​ទេ ព្រោះ​ថា​នៅ​ក្នុង​សកលលោក​ទាំងអស់​អ្នកណា​ក៏​ដឹង​ដែរ​ថា​គាត់​ធ្វើ​តែ​អំពើ​អាក្រក់ សាង​តែ​បាប។ ហើយ​ការ​ដែល​គាត់​កំពុង​សប្បាយ លុយកាក់​ដែល​គាត់​កំពុង​មាន​នេះ​ក៏​ខ្ញុំ​យល់​ថា​អត់​តម្លៃ​ដែរ ព្រោះ​ថា​យើង​សាង​តែ​អាក្រក់ សាង​តែ​កម្មពៀរ​ធ្វើបាប​អ្នក​ដទៃ ទោះបី​យើង​មាន​ទ្រព្យ​ប៉ុណ្ណា​ក៏​វា​អត់​តម្លៃ​ដែរ។ ទីពីរ គឺ​បាប។ ខ្ញុំ​ជឿ​ថា ពេល​ពួកគាត់​ស្លាប់​ទៅ​មិន​ដឹង​ថា​ចុះ​នរក​ប៉ុន្មាន​ជាន់​ទេ​»

អ្នកស្រី នួន នឿន គឺជា​សកម្មជន​ដីធ្លី​តំណាង​ឱ្យ​ពលរដ្ឋ​ជិត​២០០ (១៩៤) គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ឃុំ​បឹងប្រាំ ជាមួយ​ដើមបណ្ដឹង​ ដែល​មាន​អាជ្ញាធរ​ធ្វើជា​ខ្នងបង្អែក។ អ្នកស្រី​ក៏​ធ្លាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ មក​ពី​គណបក្ស​ភ្លើងទៀន និង​ជា​សមាជិក​ស្ត្រី​ថ្ងៃ​សុក្រ ដែល​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ រហូត​ដល់​អ្នកស្រី​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​គ្រួសារ​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ក្រោយ​រង​ពាក្យ​បណ្ដឹង​របស់​តុលាការ និង​ការ​គំរាមកំហែង​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន។

ចំណែក សកម្មជន​ដីធ្លី​ខេត្ត​កោះកុង លោកស្រី ផាវ ញើង លើកឡើង​ថា ការ​រាំច្រៀង​សប្បាយ​របស់​គ្រួសារ​មេដឹកនាំ គឺជា​សិទ្ធិ​របស់​ពួកគេ ក៏​ប៉ុន្តែ​សំណើច​ក្អាកក្អាយ​របស់​ពួកគេ​នេះ ហាក់​ជា​ការ​បញ្ឈឺ ដែល​បង្កប់​នូវ​ភាព​អយុត្តិធម៌ និង​ការ​ឈឺចាប់​របស់​ជន​រងគ្រោះ ដែល​ត្រូវ​អ្នក​មាន​អំណាច​រំលោភ​យក​ដីធ្លី​ហើយ ថែម​ទាំង​ត្រូវ​ជាប់​ពន្ធនាគារ ថែម​ទៀត។

លោកស្រី ផាវ ញើង៖ «អា​រីករាយ​បែប​ជិះជាន់ គាប​សង្កត់​ប្រជាពលរដ្ឋ អ្នក​ការពារ​បរិស្ថាន អ្នក​ការពារ​សង្គម​ហ្នឹង​ជាប់​គុក​ជាប់​ពន្ធនាគារ​ដោយ​គ្មាន​ទទួល​បាន​យុត្តិធម៌​ត្រឹមត្រូវ​ទេ។ សម្រាប់​អ្នក​មាន​លុយ​មាន​អំណាច ដើរ​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ ដើរ​ប្លន់​ដី​រាស្ត្រ អា​ហ្នឹង​សប្បាយ​ហ៊ឺហា​ហ៊ឹកហ៊ាក់​ណាស់​។ អា​ហ្នឹង​បង្ហាញ​ថា ឆន្ទៈ​ពួកគាត់​មិន​ខ្វាយខ្វល់​ជាមួយ​ប្រជាពលរដ្ឋ​ទេ។»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ពិធី​ជួបជុំ​របស់​គ្រួសារ​ថ្នាក់ដឹកនាំ ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី មិនមែន​ដើម្បី​បញ្ឈឺ​ចិត្ត​ពលរដ្ឋ​នោះ​ទេ។

លោក សុខ ឥសាន៖ « ក្នុង​មួយ​ឆ្នាំ​ធ្វើ​ម្ដង យើង​យល់​ថា​អ្នកណា​ក៏​សប្បាយ​រីករាយ​ដែរ។ រាល់​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​នានា​នោះ​ទុក​ម្ដុំ​សិន ដើម្បី​សប្បាយ​សិន​នៅ​ពេល​ចូល​ឆ្នាំ។ មិន​ដែល​មាន​អ្នកណា​ចូល​ឆ្នាំ​ហើយ​យក​បញ្ហា​មក​ស្មុគស្មាញ​មក​ដោះស្រាយ​ក្នុង​ពេល​ចូល​ឆ្នាំ​ទេ​»

ទោះជា​យ៉ាងណា ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​លោក ម៉ែន ណាត យល់​ឃើញ​ថា កម្មវិធី​សប្បាយ​របស់​គ្រួសារ​ត្រកូល​ហ៊ុន ធ្វើឡើង​ដើម្បី​អបអរ​លើ​ជ័យ​ជម្នះ ក្នុង​ការ​ក្ដោបក្ដាប់​អំណាច​កំពូល​ៗ នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ជា​ជាង​ការ​អបអរ​បុណ្យចូលឆ្នាំ​ថ្មី។

លោក ម៉ែន ណាត៖ «បើ​យើង​មើល​ទៅ​ហាក់​បង្ហាញ​ឱ្យ​ឃើញ​ថា មេដឹកនាំ​ហ្នឹង​អត់​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ទេ។ កាលណា​មេដឹកនាំ​ប្រភេទ​អ៊ីចឹង​ៗ មេដឹកនាំ​ដែល​មើល​ឃើញ​តែ​សំបក​ក្រៅ​ហ្នឹង យក​អា​សំបក​ក្រៅ​ទៅ​អួតអាង​ប្រាប់​ប្រជាពលរដ្ឋ ទៅ​អួតអាង​ប្រាប់​អន្តរជាតិ​ហ្នឹង​មាន​ន័យ​ថា មេដឹកនាំ​ហ្នឹង​អត់​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ដឹកនាំ​ហើយ»

យ៉ាងណា​ក៏​ដោយ​ចុះ សកម្មជន​រងគ្រោះ​ដីធ្លី លើកឡើង​ថា ភាព​សប្បាយ​រីករាយ​របស់​ក្រុម​មន្ត្រី​មេដឹកនាំ និង​បក្ខពួក ដែល​ប្រៀប​បាន​ទៅ​នឹង​ការ​បញ្ឈឺចិត្ត​ពួកគាត់​នេះ មិន​បាន​ធ្វើ​ឱ្យ​ពួកគាត់​បាក់​ទឹកចិត្ត ក្នុង​ការ​ស្វែងរក និង​ទាមទារ​យុត្តិធម៌​ឱ្យ​ខ្លួនឯង​នោះ​ឡើយ។ ពួកគាត់​ជឿជាក់​ថា ប្រសិន​បើ​ក្រុម​មេដឹកនាំ នៅ​តែ​សាង​អំពើ​បាប ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទឹកភ្នែក ដោយ​ភាព​អយុត្តិធម៌​នោះ ថ្ងៃ​ណា​មួយ​ពួកគេ​នឹង​ទទួល​រង​នូវ​បាបកម្ម ដែល​ពួកគេ​បាន​សាង​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles