ដោយ សុជីវី
2024.04.14
RFA
រូបសំណាកសត្វតំណាងឆ្នាំទាំង១២ ស្ថិតនៅវត្តឈូងលៀប ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
ឆ្នាំថ្មីដែលចូលមកដល់ក្នុងពេលនេះគឺត្រូវនឹងឆ្នាំរោង ដែលខ្មែរដឹងជាទូទៅថា ត្រូវជាឆ្នាំសត្វនាគ ឬមានន័យថា នាគជាសត្វតំណាងនៃឆ្នាំនេះ។ ឆ្នាំនាគស្ថិតក្នុងចំណោមឆ្នាំ ទាំង១២ ដែលពលរដ្ឋខ្មែរស្ទើរគ្រប់រូបចេះចាំ និងរាប់បានយ៉ាងស្ទាត់។ តើរបៀបរាប់ឆ្នាំសត្វរបស់ខ្មែរនេះមានប្រវត្តិដើមទងយ៉ាងណា?
តើការរាប់ឆ្នាំសត្វបែបនេះជាកេរដំណែលវប្បធម៌ខ្មែរសុទ្ធសាធ ឬមានប្រភពដើមពីខាងណា?អ្នកស្រាវជ្រាវជឿថា ការរាប់ឆ្នាំសត្វអាចមានប្រភពពីប្រទេសចិន។ តែទោះជាយ៉ាងណាក៏គេនៅមិនទាន់ដឹងឱ្យបានច្បាស់លាស់ថា តើខ្មែរចាប់ផ្ដើមរាប់ឆ្នាំតាមឈ្មោះសត្វបែបនេះពីពេលណាទេ។
អ្នកស្រាវជ្រាវផ្នែកប្រព័ន្ធជំនឿរបស់មនុស្ស លោកសាស្ត្រាចារ្យ អាំង ជូលាន មានប្រសាសន៍ថា មានប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍នេះបានប្រើប្រាស់វដ្ដឆ្នាំសត្វចំនួន ១២បែបនេះដែរ។ លោកថា ខ្មែរប្រើឆ្នាំសត្វនេះទូទៅជាងប្រទេសមួយចំនួនទៀត។
លោកសាស្ត្រាចារ្យ អាំង ជូលាន៖ «បើសិនជានៅតាមជនបទ គេសួរថាកើតឆ្នាំអី? មិនមែនមានន័យថាកើតឆ្នាំ១៩០០ ប៉ុន្មានអីទេ គឺមានន័យថា ឆ្នាំជូត ឆ្នាំឆ្លូវ ឆ្នាំកុរ អីទៅវិញទេ។ ជាស្វ័យប្រវត្តិ អ្នកដែលឆ្លើយទៅវិញក៏ឆ្លើយជាឆ្នាំជូតអីទៅវិញ ដែលមានន័យថា វានៅក្នុងអ្វីដែលយើងនិយាយដោយមិនចាំបាច់គិត»។
វដ្ដឆ្នាំទាំង១២នោះចាប់ផ្តើមពីឆ្នាំជូតជាឆ្នាំទី១ បញ្ចប់ទៅវិញដោយឆ្នាំកុរ ឬហៅថា ឆ្នាំកោរ ដែលជាឆ្នាំទី១២។ ក្នុងនោះគេរាប់តាមលំដាប់លំដោយដូចតទៅ៖ ឆ្នាំជូតត្រូវនឹងសត្វកណ្តុរ ឆ្នាំឆ្លូវត្រូវនឹងសត្វគោ ឆ្នាំខាលគឺសត្វខ្លា ឆ្នាំថោះគឺសត្វទន្សាយ ឆ្នាំរោងគឺត្រូវនឹងសត្វនាគ រីឯឆ្នាំម្សាញ់ជាឆ្នាំសត្វពស់ ឆ្នាំមមី គឺសត្វសេះ ចំណែកមមែ គឺសត្វពពែ ឆ្នាំវក សត្វស្វា រកា សត្វមាន់ ឆ្នាំច សត្វឆ្កែ និងឆ្នាំកុរ ឬកោរ ត្រូវនឹងសត្វជ្រូក។
លោកសាស្ត្រាចារ្យ អាំង ជូលាន ពន្យល់ថា ពិតមែនថា របៀបយកឆ្នាំទៅភ្ជាប់នឹងសត្វជាការចម្លងពីវប្បធម៌ចិនក្ដី ក៏ពាក្យពេចន៍ ដែលខ្មែរប្រើគឺជាពាក្យក្នុងអម្បូរភាសាខ្មែរមន៖ «ឆ្លូវ ហ្នឹងគឺគោ ទន្សាយ គឺថោះ អ៊ីចឹងទៅ។ ពាក្យហ្នឹងមួយចំនួនធំឋិតក្នុងអម្បូរមនខ្មែរ»។
ទីប្រឹក្សានៃគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ លោក អ៊ឹម បុរិន្ទ បានបញ្ជាក់ថា ការកកើតនៃឆ្នាំទាំង១២ ដែលមានឈ្មោះសត្វនៅក្នុងនោះ គឺទំនងមកពីការចម្លងវប្បធម៌ចិនលាយឡំខ្លះជាមួយ និងវប្បធម៌ខ្មែរ ដែរនោះ។ ប៉ុន្តែ លោកថា ឈ្មោះសត្វទាំង ១២ របស់ចិន ដែលគេយកមករាប់សម្រាប់ឆ្នាំទាំង ១២ នោះមានមួយចំនួនខុសគ្នា និងការរាប់ឈ្មោះសត្វ នៅក្នុងឆ្នាំទាំង១២ របស់ខ្មែរ។
ភាពខុសគ្នានោះគឺត្រង់ថា ឆ្នាំខាលរបស់ខ្មែរ គឺតំណាងឆ្នាំជាសត្វខ្លា។ ប៉ុន្តែ ចិនតំណាងដោយសត្វឆ្មា ហើយត្រង់កន្លែងឆ្នាំឆ្លូវរបស់ខ្មែរ គឺតំណាងដោយសត្វគោ ប៉ុន្តែចិនវិញគេយកសត្វក្របីមកតំណាងឲ្យឆ្នាំឆ្លូវ។
បើទោះបីជាការរាប់ខែឆ្នាំតាមរបៀបលោកខាងលិច ក្លាយជារបៀបរបបផ្លូវការនៅពេលបច្ចុប្បន្ននេះ ការរាប់ឆ្នាំសត្វនៅតែមានឥទ្ធិពលខ្លាំងក្នុងក្បួនហោរាសាស្ត្រ។
ក្នុងជំនឿនេះ ខ្មែរតែងចង់ដឹងចង់ទស្សន៍ទាយលក្ខណៈមនុស្ស និងការផ្គូផ្គងគូគ្រងប្រុសស្រីតាមឆ្នាំសត្វនេះថែមទៀត។
ទាក់ទិននឹងការទស្សន៍ទាយលក្ខណៈមនុស្សតាមឆ្នាំសត្វនេះ អ្នកចម្រៀងល្បីល្បាញ លោក ស៊ីន ស៊ីសាមុត បានបន្សល់ទុកចម្រៀងឆ្លើយឆ្លងគ្នានឹងអ្នកស្រី រស់ សេរីសុទ្ធា ដូច្នេះ៖
«ចម្រៀងអូនកើតឆ្នាំអី»។
លោកសាស្ត្រាចារ្យ អាំង ជូលាន មានប្រសាសន៍បន្តថា ការទស្សន៍ទាយឆ្នាំសត្វទាំងនោះគឺជួយឱ្យគេដឹងពីជោគជាតារាសីរបស់មនុស្សម្នាក់ៗ។
លោកសាស្ត្រាចារ្យ អាំង ជូលាន៖ «រឿងទាយតាំងពីរើសគូស្រករ តាំងពីទិញទំនិញអី ជួនកាលទាយទាក់ទងនឹងរាសីយើងឆ្នាំនេះវាយ៉ាងម៉េច? ឆ្នាំណាវាអាចថា វាមិនល្អ យើងត្រូវរំដោះគ្រោះអីយ៉ាងម៉េច ក៏ប្រើឆ្នាំទាំង១២។ ដូច្នេះវាមានប្រជាប្រិយភាពខ្លាំងណាស់។ ខ្ញុំមើលទៅប្រទេសជិតខាងយើងហ្នឹង គឺនៅស្រុកសៀម ហ្នឹងគេប្រើដែរ តែមិនដល់យើងទេ»។
បន្ថែមពីនេះអ្នកតាក់តែងក្បួនទស្សន៍ទាយឆ្នាំសត្វបានដាក់បន្ថែមឱ្យឆ្នាំនីមួយៗមានពង្ស និងមានធាតុថែមទៀត។ ពង្សទាំងអស់មានពង្សទេវតាប្រុស ទេវតាស្រី ពង្សមនុស្សប្រុស មនុស្សស្រី ពង្សយក្សប្រុស និងយក្ខស្រី។ ចំណែកធាតុវិញមានប្រាំធំៗ ក្នុងនោះរួមមាន៖ ធាតុមាស ធាតុដី ធាតុឈើ ធាតុភ្លើង និងធាតុទឹក។
ឯកសារដែលសរសេរដោយអ្នកប្រាជ្ញបារាំងលោក ហ្ស៊ក សឺដេស (Geoge Cedes) ដែលបានស្រាវជ្រាវ និងបោះពុម្ពផ្សាយក្នុងទសវត្ស១៩៣០ ដែលអះអាងថា ការរាប់ឆ្នាំសត្វមានប្រភពពីប្រទេសចិននោះលើកឡើងថា ទំនាក់ទំនងខ្មែរ-ចិន បានបន្តជាប់រាប់សតវត្សមកហើយនោះគឺមធ្យោបាយនៃការចម្លងវប្បធម៌បែបនេះ ពោលគឺពុំមានអ្វីប្លែកឡើយ។
ការស្រាវជ្រាវរបស់អ្នកប្រាជ្ញបារាំងរូបនេះបានផ្គូផ្គងពាក្យពេចន៍ ដែលខ្មែរប្រើប្រាស់ជាមួយពាក្យពេចន៍ដែលប្រទេសមួយចំនួន ប្រើប្រាស់សម្រាប់ដាក់ឈ្មោះឆ្នាំទាំងនេះដែរ រួមមានក្នុងប្រទេសថៃ និងភាសារបស់ជនជាតិដើមក្នុងប្រទេសវៀតណាម។ អ្នកស្រាវជ្រាវរូបនេះរកឃើញថា ក្នុងចំណោមនោះមានពាក្យពេចន៍ស្រដៀងគ្នាច្រើន។ ជាមួយគ្នានេះឈ្មោះឆ្នាំសត្វខ្មែរបង្ហាញថាពាក្យដែលខ្មែរប្រើប្រាស់គឺជិតស្និទ្ធនឹងភាសាដែលឋិតក្នុងអំបូរភាសាចិននោះ ជាងពាក្យពេចន៍នៃឆ្នាំសត្វ ដែលគេប្រើប្រាស់ក្នុងប្រទេសថៃបច្ចុប្បន្ន។
បើទោះជាយ៉ាងនេះក្ដីក៏ពុំទាន់រកឃើញកាលបរិច្ឆេទជាក់លាក់ ដែលខ្មែរចាប់ផ្ដើមប្រើប្រាស់ឆ្នាំសត្វឡើយ។
លោកសាស្ត្រាចារ្យ អាំង ជូលាន បញ្ជាក់ទៀតថា តឹកតាងដំបូងនៃការប្រើប្រាស់ឆ្នាំសត្វមាននៅក្នុងសិលាចារឹកក្នុងសម័យខ្មែរបុរាណ។
លោកសាស្ត្រាចារ្យ អាំង ជូលាន៖ «វាមកតាមរបៀបម៉េចក៏យើងមិនដឹងច្បាស់ គឺយើងដឹងថា ដែលយើងឃើញពាក្យថាឆ្នាំខាល នៅក្នុងសិលាចារឹកមួយក្នុងសតវត្សទី១០។ មានន័យថាម៉េច? មានន័យថាយើងចាប់ផ្ដើមប្រើប្រាស់ មិនដឹងថា វាទូទៅពេញលេញ ឬក៏បន្តិចបន្តួចទេ គ្រាន់តែថានៅសតវត្សហ្នឹងមានប្រើ ហើយសព្វថ្ងៃនេះវាជោគជាំហើយ ព្រោះវាច្រើនសតវត្សមកហើយ»។
ឯកសារដែលចងក្រងដោយអ្នកប្រាជ្ញបារាំងបន្តថា សិលាចារឹកនៅក្នុងសតវត្សក្រោយៗមកទៀតក៏មានភស្តុតាងនៃការប្រើឆ្នាំសត្វនេះដែរ។ ប្រៀបធៀបការប្រើពាក្យ និងអ្វីដែលបានចារឹកទុកលោក សឺដេស សន្និដ្ឋានថា ខ្មែរពុំបានខ្ចីរបៀបរាប់ឆ្នាំនេះពីឥណ្ឌា ឬប្រទេសជិតខាងមានថៃ លាវ និងវៀតណាម ដែលជាប្រទេសចំណូលថ្មីនាសតវត្សទី ១៣នោះឡើយ ប៉ុន្តែទំនងថា ខ្មែរបានទទួលឥទ្ធិពលចិននេះដោយឆ្លងតាមរយៈកុលសម្ព័ន្ធមានទំនាក់ទំនងស្និទ្ធនឹងប្រទេសចិន ដែលនៅមានសេសសល់ខ្លះក្នុងប្រទេសវៀតណាម។
សាស្ត្រាចារ្យ អាំង ជូលាន បញ្ជាក់ថា មកដល់ពេលនេះនៅមិនមានការស្រាវជ្រាវឱ្យបានយល់ដឹងពីស៊ីជម្រៅពីជំនឿខ្មែរទាក់ទងនឹងឆ្នាំសត្វទាំងនេះនៅឡើយ។
លោកសាស្ត្រាចារ្យ អាំង ជូលាន៖ «ខ្ញុំដូចមិនដែលអានទៅប្រទះថាមានការពន្យល់ថា ហេតុអ្វីបានជាគេនិយមយកតែសត្វនេះ មិនយកសត្វនោះ។ ឧបមាថា ក្នុងឆ្នាំទាំង១២ ហ្នឹង វាគួរណាស់ថា មានដំរី វាទៅជាអត់ឃើញមាន គួរតែមានត្រី វាបែរជាអត់ វាបែរជាមានពពែ ដែលមិនមែនជាសត្វសម្បូរទេនៅស្រុកខ្មែរ»។លោករំពឹងថា នឹងមានការសិក្សាបន្ថែមទៀតពីជំនឿខ្មែរទាក់ទងនឹងឆ្នាំសត្វទាំងនេះ៕
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោងនេះ នាងខ្ញុំ សុជីវី សូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាង មហោទរាទេវី សូមតាមថែរក្សាលោកអ្នកនាង កញ្ញា និងក្រុមគ្រួសារ សូមមានសេរីសួស្ដី វិបុលសុខ និងជោគជ័យគ្រប់កិច្ចការនៅក្នុងឆ្នាំថ្មី!
សួស្ដីឆ្នាំថ្មី!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។