ស្ថានភាព​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់​ជនជាតិ​ដើម​ភាគតិច​ខេត្ត​ភាគ​ឦសាន

ដោយ ស្ងួន អមរា
2024.04.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ថានភាព​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់​ជនជាតិ​ដើម​ភាគតិច​ខេត្ត​ភាគ​ឦសាន

ទិដ្ឋភាពជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យរំលឹកវប្បធម៌ជនជាតិដើមមុនចូលឆ្នាំខ្មែរ នៅថ្ងៃទី១២ មេសា ២០២៤។ រូប៖ ប្រជាសហគមន៍ផ្តល់ឲ្យ


ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​ភាគ​ឦសាន​មួយចំនួន​បន្ត​ផ្លាស់ប្ដូរ​ប្រពៃណី និង​វប្បធម៌​ផ្សារភ្ជាប់​ជាមួយ​ពលរដ្ឋ​ខ្មែរ។ ការ​ទទួល​យក​វប្បធម៌​ថ្មី​របស់​ពួកគេ រួមមាន ការ​ប្រើប្រាស់​ភាសា សម្លៀកបំពាក់ និង​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ជាដើម។

តើ​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំងនោះ មាន​ទស្សនៈ​បែប​ណា​ជុំវិញ​ការ​វិវឌ្ឍ​បែបនេះ​?

កាលពី​សម័យមុន​ឬ​មុន​ឆ្នាំ​២០០០ នៅ​ខេត្ត​មណ្ឌលគិរី ក្រចេះ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្តរតនគិរី ជា​តំបន់​សំបូរ​ជនជាតិ​ដើម​ភាគតិច​រស់នៅ ហើយ​ភាគច្រើន​ពួកគាត់​មិន​បាន​ប្រារព្ធ ប្រពៃណី​ចូលឆ្នាំ​ខ្មែរ​នោះ​ឡើយ។

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំងនោះ​ប្រកាន់​ជំនឿ សែន​អារក្ស សែន​ផ្នូរ និង​សែនព្រេន​តាម​ភូមិ ដើម្បី​សុំ​ផល​ស្រូវ ក្នុង​សហគមន៍​របស់​ពួកគាត់។

តំបន់​ខ្លះ​ពួកគេ រស់នៅ​បែប​កុលសម្ព័ន្ធ ដោយមាន​មេកន្ទ្រាញ​ជា​ដឹកនាំ​ក្រុម​ក្នុង​ព្រៃភ្នំ ហើយ​អាស្រ័យ​ផល​ព្រៃឈើ ជា​កន្លែង​រស់នៅ និង​ចិញ្ចឹមជីវិត​តាំងពី​បុរាណកាល​មក។

ក៏ប៉ុន្តែ​នៅ​រយៈពេល​ជាង ២០ ឆ្នាំ​កន្លង​ទៅ​នេះ សហគមន៍​ជនជាតិ​ដើម​ភាគតិច​រួមមាន​ជន​ជាដើម​កួយ ព្នង គ្រឹង ទំពូន ចារាយ ព្រៅ កាចក់ លន់ និង​កាវេត ជាដើម ស្ទើរតែ​ទាំងអស់​បាន​កាន់​យក​ពិធីបុណ្យ​ចូលឆ្នាំ យក​ចង្ហាន់​ទៅ​វត្ត​អារាម និង​ប្រជាជន​ខ្មែរ​ទូទៅ​ដែរ។

ការ​ផ្សារភ្ជាប់​ប្រពៃណី​ខ្មែរ​នេះ អាច​ជាប់​ទាក់ទង​នឹង​វប្បធម៌​ព្រមទាំង​ការប្រើប្រាស់​ភាសា​ងាយស្រួល​ក្នុង​ការ​ទាក់ទង​គ្នា​។ ជនជាតិ​ដើម​ភាគតិច​ខ្លះ ដែល​មាន​វ័យ​ចំណាស់​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​នោះ​ទេ ពួកគេ​កម្រ​នឹង​ធ្វើ​ដំណើរ ឆ្ងាយ​ពី​ភូមិកំណើត ដោយ​សម្ងំ​ធ្វើ​កសិកម្ម និង​អាស្រ័យ​ផល ក្នុង​ព្រៃ​តែប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ហេតុផល​ដែល​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន កាន់​យក​ប្រពៃណី​ដូច​ពលរដ្ឋ​ខ្មែរ ដោយសារ​កូនចៅ​ពួកគាត់​យកប្រពន្ធ ជា​ជនជាតិ​ខ្មែរ​រស់នៅ​លាយឡំ​គ្នា ក៏ប៉ុន្តែ​ពួកគាត់​ក៏​មិន​បោះបង់ ជំនឿ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ដែរ។

លោក​យល់​ថា នេះ​ជា​រឿង​ល្អ ពីព្រោះ​វា​ធ្វើ​កាន់តែ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​កាន់តែ​យល់​ច្បាស់​ពី​វប្បធម៌​និង​ប្រពៃណី​របស់​គ្នា​ទៅវិញទៅមក ដែល​អាច​នាំមក​នូវ​ការរស់នៅ​ក្នុង​សង្គម​ជាមួយគ្នា​កាន់តែ​ល្អ​ប្រសើរ។

លោក គ្រើង តុលា៖ «បច្ចុប្បន្ន​ជនជាតិ​ដើម​ភាគតិច​លាយ​ខ្លះ​ហើយ ជូន​កាល​ប្រពន្ធ​គាត់​ខ្មែរ និង​ប្តី​គាត់​ខ្មែរ​ជាដើម។ ដោយសារ​កាត់​តាម​បង ជួន​កាល​កាត់​តាម​ប្អូន ជូន​កាល​សែន​ដូចគ្នា»។

នៅ​ខេត្ត​មណ្ឌលគិរី ភាគច្រើន​ជនជាតិ​ដើម​ព្នង រដែរ រអ៊ូង។ រីឯ​ខេត្តរតនគិរី ភាគច្រើន​មាន​ជនជាតិដើម​គ្រឹង ទំពូន ចារាយ ព្រៅ កាចក់ លន់ និង​កាវេត។ រីឯ​ចំណែក​នៅ​ខេត្ត​ក្រចេះ ព្រះវិហារ និង​ស្ទឹងត្រែង មាន​ជនជាតិ​ដើម​ភាគតិច​កួយ និង​ស្ទៀង​ជាដើម។

ស្ទើរ​ជា​រៀងរាល់​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​កំណត់​ទីតាំង​ភ្នំ​ដោះ​ក្រមុំ ជា​តំបន់​ដែល​ពួកគាត់​មក​ជួបជុំ រៀបចំ​ពិធីសែនព្រេន​លែង​ល្បែង​កម្សាន្ត​បែប​ជនជាតិ​ដើម​ភាគតិច។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង លោកស្រី ភ្លឹក ភីរុំ ឱ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគតិច​យ៉ាង​ហោច ៤០០​នាក់ មកពី​គ្រប់​ស្រុក​ក្នុង​ខេត្ត​មណ្ឌលគិរី តែងតែ​មក​ជួប​ជុំគ្នា សែនអ្នកតា​ភ្នំ និង​ដើរ​ដង្ហែ​ក្បូន ទទួល​ទាន​អាហារ​សាមគ្គី លេង​ក្បែរ​កម្សាន្ត ជិះ​ឈើ រាំ និង​ស្លៀកពាក់​ជាតិ​ដើម​ភាគតិច ដើម្បី​ចូលរួម​កម្មវិធី​រំលឹក​វប្បធម៌​ជនជាតិ​ដើម​ភាគតិច។ លោកស្រី​ថា វិធី​នេះ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បង្ហាញ​ពី​ការ​សាមគ្គីភាព។

លោកស្រី ភ្លឹក ភីរុំ៖ «គាត់​ធ្លាប់ធ្វើ​ទាហាន និង​ចៅហ្វាយ​ខេត្ត ពេល​នេះ​ជា​ឱកាស ដែល​ពួកគាត់​ត្រូវ​ចែករំលែក​ក្នុង​មួយ​ថ្ងៃ​ហ្នឹង​។ ច្រៀង​ចម្រៀង​ប្រពៃណី​អត្ថបទ​របស់​គេ ការអប់រំ​របស់​យុវជន ការ​សាមគ្គី​គ្នា គេ​មាន​ចម្រៀង​ពិសេស ជូន​កាល​ជនជាតិ​ដើម​ភាគតិច​ជា​យុវជន​គាត់​អស់​សូវ​យល់​ទេ​។ លើកលែង​តែ​ជនជាតិ​ដើម​ភាគតិច​ដូច​ពួក​ខ្ញុំ គេ​យល់»។

រីឯ​នៅ​ខេត្តស្ទឹងត្រែង​ឯណោះ​វិញ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ប្រារព្ធ​ពិធីបុណ្យ​ប្រាសាទ​ព្រះគោ ផ្សារភ្ជាប់​សិល្បៈ​វាយ​ខែល​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​ប្រារព្ធ​ឡើង​នៅ​បរិវេណ​ប្រាសាទ​ព្រះ​គោ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់។

ជនជាតិ​ដើម​ភាគតិច​កួយ ចាត់​ទុក​សិល្បៈ​វាយ​ខែល​ថា ជា​ការ​រំឭក​គុណ​បុព្វបុរស​ខ្មែរ​ធ្វើ​សង្គ្រាម។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន មាន​ជំនឿ​ថា ការ​អភិរក្ស​វប្បធម៌ បន្សល់​ពី​ដូនតា​ឱ្យ​គង់ គឺជា​ការ​រំលឹក​ដឹងគុណ​បុព្វបុរស​ខ្មែរ​ដែរ។ លោក​ថា មុន​ចូលឆ្នាំ​ជនជាតិ​ដើម​ភាគតិច​កួយ បាន​រៀបចំ​ផ្ទះ និង​តុបតែង​ភ្លើង​ព័ណ៌​ត្រៀម​ទទួល​ទេព្តា​ឆ្នាំ​ថ្មី។ រីឯ​កូនចៅ​របស់​ពួកគេ ក៏​វិល​ត្រឡប់​មក​ស្រុកកំណើត​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដើម្បី​ជួបជុំ​បងប្អូន​សាច់ញាតិ​ក្នុង​ពិធី​ចូលឆ្នាំ​នេះ​ផង​ដែរ។

លោក ថាន់ វ៉ន៖ «រឿង​វាល​ខែល​ជា​វប្បធម៌​ច្បាំង​គ្នា​យក​ទឹកដី ពី​ដើម​អត់​មាន​ទេ​កាំភ្លើង មានតែ​វាយ​គ្នា ចាក់​ជាំ​កាំបិត និង​បាញ់​ធ្នូ ឬ​ការពារ​ខ្លាច​នរណា មក​យក​ទឹកដី​គេ»។

រីឯ​ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្តព្រះវិហារ លោកស្រី ងួន ហៀ​ង កត់សម្គាល់​ថា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ អ្នកភូមិ​ភាគច្រើន​ខ្វះខាត ពុំ​សូវ​មាន​ថវិកា ទិញ​សម្ភារៈ និង​ធ្វើ​ពិធីសែនព្រេន​ធំដុំ​ទេ។

លោកស្រី​ថា រៀងរាល់​ឆ្នាំ​អ្នកភូមិ វេច​នំអន្សម ផ្លែឈើ ទៀន ធូប និង​សម្ភារៈ​ផ្សេងៗ ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន ក៏ប៉ុន្តែ​ឆ្នាំនេះ ដោយសារ​ជីវភាព​ខ្វះខាត ពួកគាត់​មិនសូវ​មាន​អារម្មណ៍​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ទេ ដោយសារ​ជំពាក់​បំណុល​ធនាគារ និង​ខ្លះទៀត​ធ្វើ​ចំណាកស្រុក។

លោកស្រី ងួន ហៀង៖ «ខ្ញុំ​ទៅ​វត្ត​សូត្រ​មន្ត​បង្សុកូល​ហើយ​នឹង​ទៅ​ចង្ហាន់​លោក ឃើញ​ថា ឃើញ​ចុះថយ​ជាក់ស្តែង ឃើញ​ជំពាក់​ធនាគារ ពេលខ្លះ​អ្នក​ចំណាក​ស្រុក អត់​ទាន់​មាន​ជុំវិញ​ទេ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ លោក ស៊ុំ ម៉ាប់ ដើម្បី​សុំ​ការ​អធិប្បាយ ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១០ មេសា។

ក្រៅពី​ការ​ពិធី​រៀបចំ​នំ ផ្លែឈើ និង​សម្ភារៈ​ធូប​ទៀន​ទទួល​ទេវតា​ថ្មី​នៅ​តាម​ផ្ទះ​រៀងខ្លួន ជនជាតិ​ដើម​ព្នង​ខ្លះ បាន​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដូច​ពលរដ្ឋ​ខ្មែរ​ឡើយ។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ បន្ថែម​ថា អត្តសញ្ញាណ​របស់​ជន​ជាតិ​ដើម​ភាគតិច កំពុង​ប្រឈម​ការ​បាត់បង់ ហេតុនេះ​ជនជាតិ​ដើម​ភាគតិច​បាន​រួបរួម​គ្នា រៀបចំ កម្មវិធី​បុណ្យ​រំលឹក​វប្បធម៌ ជនជាតិ​ដើម​ភាគតិច​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

លោកស្រី​បញ្ជាក់​ថា ជនជាតិ​ដើម​ភាគតិច ៦​អម្បូរ​ក្នុង​ខេត្តរតនគិរី​បាន​រួម​គ្នា ប្រារព្ធ​ពិធីបុណ្យ​រំលឹក​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ក្នុង​សប្តាហ៍​នេះ និង​ជនជាតិ​ដើម ៤​អម្បូរ​ទៀត ប្រារព្ធ​ក្នុង​ខេត្ត​មណ្ឌលគិរី​នៅ​សប្តាហ៍​ក្រោយ។

ប្រជា​សហគមន៍​បន្ថែម​ថា ជនជាតិ​ដើម​ភាគតិច​ប្រមាណ ៩០​ភាគរយ​បាន​ទទួលយក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​សម្រាប់​ប្រពៃណី​ថ្មី​របស់​សហគមន៍។

ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​មាន​រយៈពេល​បី​ថ្ងៃ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​មេសា។ អាជ្ញាធរ​ខេត្ត​នីមួយៗ កំពុង​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី នៅ​ទីតាំង​សំខាន់ៗ​ដោយ​បោស​សម្អាត​ធ្វើ​អនាម័យ រៀបចំ​តាំង​លំអ​តាមផ្លូវ​សាធារណៈ សួនច្បារ​ដោត​ទង់ជាតិ​ទង់សាសនា នៅ​តាម​អគារ​របស់​រដ្ឋ និង​តាម​លំនៅឋាន​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment