ដោយ ច័ន្ទ ដារ៉ូ
2024.04.17
RFA

(រូបថតឯកសារ) ទិដ្ឋភាពមនុស្សម្នា នាំគ្នាផ្លោះរបងចូលទៅជ្រកកោននៅក្នុងស្ថានទូតបារាំង នៅភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលក្រុមកងទ័ពខ្មែរក្រហមសម្រុកចូលដល់ទីក្រុង។ រូប៖ AFP
ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា កាលពី ៤៩ឆ្នាំមុន ជាពេលឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម ដែលរបបដឹកនាំរបស់ក្រុមនេះ បណ្ដាលឲ្យមនុស្សជិត ២លាននាក់បានស្លាប់។ អ្នកប្រវត្តិសាស្ត្រកម្ពុជា និងអ្នកឆ្លងកាត់របបនេះលើកឡើងពីរឿងឈឺចាប់ និងក្រើនរំឭកឲ្យអ្នកនយោបាយកាន់អំណាចឈប់បង្កការឈឺចាប់ និងការគុំកួនសងសឹកយកខ្មែរគ្នាឯងធ្វើជាសត្រូវ ដោយងាកទៅផ្សះផ្សាជាតិ ឯកភាពជាតិ និងប្រកួតប្រជែងតាមប្រជាធិបតេយ្យ ដើម្បីកុំឱ្យប្រវត្តិសាស្ត្រនេះកើតឡើងនៅកម្ពុជាម្ដងទៀត។
កាលពី ៤៩ឆ្នាំមុន ក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពកុម្មុយនិស្តខ្មែរក្រហមបានវាយលុកចូលដល់ក្រុងភ្នំពេញ។ ទោះជាព្រឹត្តិការណ៍នោះបានកន្លងទៅយូរឆ្នាំហើយក្ដី តែពលរដ្ឋខ្លះនៅតែចងចាំ ដោយសារនេះ គឺជារឿងប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់ ដែលមនុស្សជំនាន់ក្រោយគិតគូរពិចារណាឲ្យបានដិតដល់មុននឹងសម្រេចធ្វើអ្វីមួយ។
អតីតជនរងគ្រោះក្នុងរបបខ្មែរក្រហម និងបច្ចុប្បន្នជាមន្ត្រីគណបក្សសង្គ្រោះជាតិក្រៅប្រទេស លោក លី សុខា ប្រាប់វិទ្យុអាស៊ីសេរីថា លោកនៅតែនឹកឃើញរឿងរ៉ាវដែលកងទ័ពខ្មែរក្រហមទាំងថ្មើរជើង និងបើករថក្រោះចូលកាន់កាប់ទីក្រុងភ្នំពេញ។ លោកប្រាប់ថា ព្រឹត្តិការណ៍ ៤៩ឆ្នាំមុននោះលោកមានអាយុ១៤ឆ្នាំ ហើយគ្រួសាររបស់លោកជាអាជីវកររស់នៅខាងកើតផ្សារអូរឫស្សី ក្រុងភ្នំពេញ ដោយពេលនោះលោកបានឃើញក្រុមទាហានបាក់ទ័ព និងពលរដ្ឋភាគច្រើនលើទង់ជ័យសពាសពេញទីក្រុងដោយនឹកស្មានថាកងទ័ពសាធារណរដ្ឋខ្មែរ និងកងទ័ពខ្មែរក្រហមអាចចរចាបញ្ចប់សង្គ្រាមដោយសន្តិវិធីបាន។
ផ្ទុយទៅវិញលោកឱ្យដឹងថា ភ្លាមៗ នោះ កងទ័ពខ្មែរក្រហមចាប់ផ្ដើមបាញ់គ្រាប់កាំភ្លើងឡើងលើឮសូរសំឡេងភ្ញាក់ផ្អើលពេញទីក្រុង ដើម្បីបង្ខំពលរដ្ឋចាកចេញពីផ្ទះសម្បែង ចំណែកមន្ត្រីរាជការ និងទាហានសាធារណរដ្ឋខ្មែរភាគច្រើនត្រូវបាញ់សម្លាប់នៅនឹងកន្លែង។ លោកបន្តថា អ្វីដែលឈឺចាប់ និងចងចាំនោះគឺពេលនោះមនុស្សទាំងក្មេងចាស់បង្វេចខោអាវដើរតាមដងផ្លូវយ៉ាងកកកុញចេញពីទីក្រុងភ្នំពេញរងទុក្ខវេទនា ចំណែកគ្រួសាររបស់លោកជម្លៀសទៅខេត្តតាកែវ ហើយបន្ទាប់មកជម្លៀសទៅស្រុកកំណើតខាងម្ដាយរបស់លោកនៅភូមិបាប្រីយ៍ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងវិញ។
លោក លី សុខា៖ «នៅពេលខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញហ្នឹង ទ័ពខ្មែរក្រហមចាប់ផ្ដើមបណ្ដេញពលរដ្ឋដោយប្រាប់ថាឱ្យចេញពីទីក្រុងភ្នំពេញបណ្ដោះអាសន្ន ដើម្បីបោសសំអាតកម្ចាត់ខ្មាំង ម្ល៉ោះហើយគេដេញពលរដ្ឋឱ្យចេញពីក្រុងទាំងអស់គ្នា ក្នុងនោះមានចាស់ជរា ជនពិការ កូនក្មេង ហើយជាក់ស្ដែងមន្ត្រីរបស់លោក លន់ នល់ ហ្នឹងគេសម្លាប់។ ខ្ញុំមើលទៅពិបាកវេទនាពេលឃើញព្រឹត្តិការណ៍ហ្នឹងគួរឱ្យរន្ធត់ និងចងចាំហ្នឹង»។
ស្រដៀងគ្នានេះដែរ អតីតទាហានសាធារណរដ្ឋខ្មែរ លោក កេង លីស ថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយលុកចូលទីរួមខេត្តសៀមរាបមិនខុសពីទីក្រុងភ្នំពេញនោះទេដែលមានពលរដ្ឋទទួលស្វាគមន៍ គឺមួយសប្ដាហ៍មុនពេលព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ប្រកាសតាមវិទ្យុជាតិពីការចរចាបញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាពជូនពលរដ្ឋនោះ។ លោកឱ្យដឹងថា ជំនាន់នោះកងទ័ពខ្មែរក្រហមបានប្រើអំពើឃោរឃៅដោយបណ្ដេញប្រជាពលរដ្ឋស្លូតត្រង់ចេញពីទីប្រជុំជនភ្លាមៗ ចំណែកកងទ័ព គ្រូពេទ្យ គ្រូបង្រៀន និងអ្នកចេះដឹងក្នុងរបបសាធារណរដ្ឋខ្មែរត្រូវប្រមូលយកទៅវាយសម្លាប់បោះចូលក្នុងរណ្ដៅដូចសត្វធាតុ។ លោកបញ្ជាក់ថាកាលនោះលោករត់ទៅរស់នៅជាមួយព្រះសង្ឃទើបលោកនៅសល់អាយុជីវិតមកដល់សព្វថ្ងៃនេះ។
លោក កេង លីស៖ «៧ថ្ងៃក្រោយវាយចូលទីក្រុង កងទ័ពខ្មែរក្រហមចាប់ផ្តើមបោសសំអាត គឺគេអត់និយាយពីជំនួបចរចាអ្វីទេ ១៧ មេសា របស់ខ្មែរក្រហមចាប់ផ្ដើមសម្លាប់មនុស្សតែម្តង។ យើងឃើញតក់ស្លុតបំផុតគឺអ្នករបួស អ្នកជំងឺនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប នៅតាមវត្តដំណាក់ វត្តបូព៌ាអីហ្នឹងយកទៅវាយទម្លាក់ចូលក្នុងរណ្ដៅ»។
ក្នុងរយៈកាលជិត ៤ឆ្នាំ ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៃការដឹកនាំរបស់ក្រុមខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរជិត២លាននាក់បានស្លាប់ និងត្រូវបានសម្លាប់ ដោយសារការធ្វើទារុណកម្ម ការបង្ខំធ្វើការងារហួសកម្លាំង ការអត់អាហារ និងជំងឺជាដើម។ ទន្ទឹមនឹងនេះ ថ្ងៃទី១៧ មេសា គណបក្សប្រឆាំងតែងតែធ្វើពិធីរំឭកខួបជារៀងរាល់ឆ្នាំ ដើម្បីរំឭកពីការចងចាំអំពីរបបកាប់សម្លាប់មួយនេះ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថាគណបក្សប្រឆាំងនឹងជួបជុំគ្នាដើម្បីធ្វើពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនៅជាយរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា។ លោកបន្តថាការរំឭកពីព្រឹត្តិការណ៍នោះដើម្បីកុំឱ្យកម្ពុជាវិលត្រឡប់ទៅរបបអតីតកាល និងជំរុញឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគីត្រូវផ្សះផ្សាជាតិ និងដោះស្រាយបញ្ហាជាតិជាមួយគ្នា។
លោក លី សុធារ៉ាយុទ្ធ៖ «រំឭកឱ្យមានការចងចាំ យើងមិនចង់ឱ្យមានរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកវិញទេ ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ហើយយើងចង់ឱ្យខ្មែរយកអ្វី ដែលបានកើតឡើងពីអតីតកាលជាមេរៀនជូរចត់មួយ យើងស្នើឱ្យថ្នាក់ដឹកនាំប្រទេស អ្នកនយោបាយខ្មែរដោយមិនត្រឹមត្រូវតែចងចាំទេគឺត្រូវបង្កើតវប្បធម៌មួយជជែកគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី បើទោះបីបញ្ហាហ្នឹងតូចក្ដីធំក្ដី»។
ជុំវិញរឿងនេះ អតីតអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាអតីតអ្នកស្រាវជ្រាវបញ្ហាជនជាតិចាមនៅសាលាក្ដីខ្មែរក្រហម លោក លោក អ៊ីសា ឧស្មាន មានប្រសាសន៍ថា កងទ័ពខ្មែរក្រហមវាយយកតំបន់មួយរួចហើយមុនវាយផ្ដាច់យកទីក្រុងភ្នំពេញ និងទីប្រជុំជនសំខាន់ៗ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ លោកបន្តថា រឿងដែលអាក្រក់ពេលនោះ គឺកងទ័ពខ្មែរក្រហមជម្លៀស មនុស្សឱ្យព្រាត់ប្រាស់គ្នា បង្អត់អាហារ ជាពិសេស ចេតនាសម្លាប់បំបាត់ពូជសាសន៍ជនជាតិចាម ក្នុងនោះសមាជិកគ្រួសាររបស់លោកចំនួន ៦នាក់នៅស្រុកក្រូចឆ្មារបានស្លាប់ដែរ។
លោក អ៊ីសា ឧស្មាន បញ្ជាក់ថា បញ្ហានេះហើយលោកបានចំណាយពេលស្រាវជ្រាវពីប្រវត្តិខ្មែរក្រហម ហើយសរសេរសៀវភៅចំនួនពីរក្បាលមានចំណងជើងថា «បាបកម្ម និងការបះបោររបស់ជនជាតិចាម» ដែលសៀវភៅប្រវត្តិសាស្ត្រនេះលាតត្រដាងរឿងពិត និងទប់ស្កាត់កុំឱ្យពលរដ្ឋខ្មែរដើរជាន់ដានរឿងចាស់ទៀត។ ទោះយ៉ាងណាក្ដី លោក អ៊ីសា ឧស្មាន មើលឃើញថា អ្នកប្រព្រឹត្តអំពើឃោរឃៅតាមកម្ចាត់ និងបង្កឱ្យមនុស្សឈឺចាប់នៅតែកើតឡើងក្នុងសង្គមមកទល់បច្ចុប្បន្នដោយមិនបានដកស្រង់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដើម្បីកែលម្អសង្គមនោះទេ។
លោក អ៊ីសា ឧស្មាន៖ «សម័យខ្មែរក្រហមហៅថា សម័យមហាលោតផ្លោះ មហាអស្ចារ្យ នេះជាពាក្យស្លោកដែល ពល ពត បង្កើតឡើង ហើយម្នាក់ៗ នាំគ្នាស្រែកតាមទៅ ដោយទាំងការពិតមហាលោតផ្លោះ មហាអស្ចារ្យអី ប្រជាពលរដ្ឋអត់បាយ ក្រហាយទឹកពិបាកវេទនាចង់ងាប់ តែគ្មានអ្នកណាហ៊ាននិយាយការពិតទេ បើនិយាយទៅគេយកទៅសម្លាប់ចោល អ៊ីចឹងមកដល់សព្វថ្ងៃហ្នឹងអ៊ីចឹងដែរ មេដឹកនាំបង្កើតពាក្យស្លោកអរគុណសន្តិភាព ហើយអ្នករស់នៅក្នុងស្រុកខ្មែរបើហ៊ាននិយាយថាស្រុកខ្មែរលែងមានសន្តិភាពក៏គេកម្ចាត់ចោលដែរ»។
ការរំឭកព្រឹត្តិការណ៍ឈឺចាប់កាលពីអតីតកាលនោះ អ្នកធ្លាប់រងគ្រោះក្នុងរបបខ្មែរក្រហម អំពាវនាវឱ្យអ្នកនយោបាយ និងអ្នកដឹកនាំប្រទេស កុំធ្វើរឿងដដែលៗ កុំចាត់ទុកគ្នាជាសត្រូវ ឈប់រើសអើង ឈប់លាបពណ៌ និងឈប់សាងភាពឈឺចាប់ឱ្យគ្នា ជាពិសេស សកម្មភាពទាំងឡាយណា ដែលនាំឱ្យប៉ះពាល់អាយុជីវិតមនុស្ស។ ពួកគេចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការ ត្រូវរ៉ូវគ្នា និងប្ដេជ្ញាចិត្តរួមគ្នាកសាងជាតិ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍អន្តរជាតិសម្រាប់ប្រយោជន៍ជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។