ដោយ ប្រាជ្ញ ចេវ
2024.04.17
RFA

ក្រុមគ្រួសារអ្នកជាប់ពន្ធនាគារអះអាងថាអំឡុងពេល ដែលអាកាសធាតុក្ដៅខ្លាំងធ្វើឱ្យការរស់នៅក្នុងពន្ធនាគារកាន់តែលំបាក ដោយសារតែការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់ ហើយមន្ត្រីពន្ធនាគារមិនបានដោះស្រាយបញ្ហានេះ។ ទោះជាយ៉ាងណាក្ដី មន្ត្រីរដ្ឋាភិបាលថា ក្រសួងមហាផ្ទៃបានដឹងពីកង្វះខាតទឹក ហើយក្រសួងកំពុងដោះស្រាយបញ្ហានេះ។
ចំណែកអ្នកទោសនៅក្នុងពន្ធនាគារមួយចំនួនបានធ្លាក់ខ្លួនឈឺ និងជួបការលំបាកទ្វេដង អំឡុងពេលដែលអាកាសធាតុឡើងកម្ដៅខ្លាំង រហូតដល់ថ្ងៃខ្លះកើនឡើងដល់ជាង ៤០អង្សាសេចាប់តាំងពីដើមខែសីហាមក។ នេះបើតាមការរៀបរាប់របស់គ្រួសារអ្នកទោសនយោបាយ។
ប្រពន្ធលោក កាក់ កុម្ភា គឺលោកស្រី ព្រំ ចន្ថា លើកឡើងថាលោកស្រីទើបតែបានទៅសួរសុខទុក្ខប្ដីមួយកាលពីសប្ដាហ៍មុន ហើយប្ដីលោកស្រីប្រាប់ថាបញ្ហាឡើងកម្ដៅនេះបានធ្វើឱ្យការរស់នៅក្នុងពន្ធនាគារកាន់តែលំបាក។ លោកស្រី ព្រំ ចន្ថា ថាលោក កាក់ កុម្ភា បានរស់នៅក្នុងបន្ទប់ទំហំ៤ម៉ែត្រការ៉េជាមួយអ្នកទោសជាង១០នាក់ផ្សេងទៀត។
ប្រពន្ធមន្ត្រីបក្សប្រឆាំងរូបនេះថា អំឡុងអាកាសធាតុក្ដៅនេះ ប្ដីលោកស្រីអាចងូតទឹកបានតែមួយដង ហើយចំនួនទឹកត្រូវបានកំណត់មិនឱ្យលើសពីមួយធុង ឬប្រមាណ១៥លីត្រក្នុងមួយថ្ងៃ។ លោកស្រី ព្រំ ចន្ថា បញ្ហាខ្វះទឹកនេះដូចជាការធ្វើទារុណកម្មបន្ថែមទៀតលើប្ដីរបស់លោកស្រី និងអ្នកទោសផ្សេងទៀតដែលកំពុងរស់នៅក្នុងពន្ធនាគារដែលលំបាកស្រាប់។
លោកស្រី ព្រំ ចន្ថា៖ «ដាក់ហើយធ្វើបាបរាងកាយ មិនមែនវាយដំច្រំធាក់ទេ ប្រៀបធៀបដូចគ្នាដែរ តែធ្វើអ៊ីចឹង គឺហាក់ដូចជាធ្វើទារុណកម្មរាងកាយហើយ ប្រភពអត់មានទឹកស្អាតអាហារហូបចុកក៏អត់ តាមពិតពួកខ្ញុំ តាមពិតខ្ញុំយកអាហារបឋមទៅជូនគាត់ជារៀងរាល់អាទិត្យ ប្រសិនបើហូបអាហារវាទៅជាហើម ហល់ វាអត់ផាសុកភាព»។
លោក កាក់ កុម្ភារ គឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួន កាលពីពាក់កណ្ដាលឆ្នាំ២០២០ ហើយលោកត្រូវបានបញ្ជូនខ្លួនទៅមណ្ឌលអប់រំកែប្រែទី១ (ម១) នៃពន្ធនាគារព្រៃសក្រោមបទចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែលោក គាំទ្រស្មោះស្ម័គ្រជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយមិនព្រមចុះចូលគណបក្សកាន់អំណាច។
ដោយឡែក តំណាងកូដករណាហ្គាវើលដ៍ កញ្ញា សុភ័ក្រ ម៉ូលិកា ដែលទើបនឹងបានសួរសុខទុក្ខមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ឱ្យដឹងថា ការរស់នៅក្នុងបន្ទប់ចង្អៀត ផ្ទុកអ្នកជាប់ឃុំ រហូតដល់ជាង ៤០នាក់ ធ្វើឱ្យការរស់នៅកាន់តែលំបាក ជាពិសេស អំឡុងពេលអាកាសធាតុកំពុងក្ដៅនេះ។ កញ្ញា ឈឹម ស៊ីថរ បានប្រាប់ទៅកញ្ញា សុភ័ក្រ ម៉ូលិកា ថា ទំនិញនៅក្នុងពន្ធនាគារ គឺមានតម្លៃថ្លៃជាងតម្លៃទំនិញទូទៅ ៣ដង ហើយបញ្ហានេះ មន្ត្រីពន្ធនាគារមិនដែលដោះស្រាយនោះទេ។
កញ្ញា សុភ័ក្រ ម៉ូលិកា៖ «បញ្ហាលំបាករបស់គាត់ គឺឥវ៉ាន់នៅក្នុងពន្ធនាគារថ្លៃ ថ្លៃជាងនៅខាងក្រៅពន្ធនាគារបីដង ឥវ៉ាន់ហូបចុក។ អ៊ីចឹងហើយ វាធ្វើឱ្យពិបាក មិនថាតែគាត់ និងអ្នកនៅពន្ធនាគារដទៃហ្នឹងទេ»។
ម្ចាស់ពានរង្វាន់ការពារសិទ្ធិការងារពីរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺ កញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) នៃពន្ធនាគារព្រៃស ចាប់តាំងពីឆ្នាំ២០២២ ក្រោយវិលត្រឡប់ពីចូលរួមកិច្ចប្រជុំជាមួយសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលី។ តុលាការកាត់ទោសឱ្យ កញ្ញា ឈឹម ស៊ីថរ ជាប់ពន្ធនាគារពីរឆ្នាំ ពាក់ព័ន្ធនឹងដឹកនាំការធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍គោរពច្បាប់ការងារ។
រីឯប្រពន្ធមន្ត្រីបក្សកម្លាំងជាតិខេត្តកំពង់ចាម លោក គា វិសាល គឺលោកស្រី ញ៉ែ សុខឿន ឱ្យដឹងថាស្ថានភាពប្ដីលោកស្រីនៅក្នុងពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) ធ្លាក់ខ្លួនឈើ ដោយសារតែប្ដីលោកស្រីត្រូវរស់នៅក្នុងបន្ទប់ ៣ម៉ែត្រការ៉េ ជាមួយអ្នកទោស ១៣នាក់ផ្សេងទៀត។ លោកស្រី ញ៉ែ សុខឿន ថា ប្ដីលោកស្រីមិនបានប្រាប់លំអិតពីស្ថានភាពរស់នៅក្នុងពន្ធនាគារនោះទេ ដែលអាចថា ប្ដីលោកស្រីមិនចង់បង្ហាញការលំបាកទាំងអស់នេះទៅក្រុមគ្រួសារ។
លោកស្រី ញ៉ែ សុខឿន៖ «តាមមើលគាត់ ក៏មិនហ៊ានប្រាប់មកយើងច្រើន ប៉ះពាល់ដល់ខ្ញុំវិញ ខ្លាចខ្ញុំបារម្ភ តែគាត់និយាយដែរថា ក្ដៅ ហើយនៅក្នុងបន្ទប់ហ្នឹង វាណែនគ្នាយើង មួយច្រកៗ ម្នាក់ដាក់ខ្លួនមិនចង់ចុះហើយ ហើយបញ្ហាគាត់លើកឡើងពីបញ្ហាផ្សែងបារី»។
លោកស្រីចង់ស្នើរដ្ឋាភិបាលដោះលែងប្ដីលោកស្រី និងអ្នកទោសមនសិការផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ ដោយសារតែសកម្មភាព ដើម្បីចូលរួមលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។ លោក គា វិសាល ធ្លាប់ជាប់ពន្ធនាគារមួយឆ្នាំម្ដងរួចទៅហើយ ដោយសារតែការចូលរួមធ្វើនយោបាយរបស់លោក។
ចំណែកប្រពន្ធរបស់មន្ត្រីបក្សភ្លើងទៀន លោក តូច ថឹង ដែលកំពុងជាប់ឃុំដែរនោះ គឺលោកស្រី ហាញ់ សុវណ្ណា បានឱ្យដឹងថា ដោយសារតែអាកាសធាតុក្ដៅខ្លាំងនេះ ប្ដីលោកស្រីបានធ្លាក់ខ្លួនឈឺ និងក្អួតមិនបាត់ ហើយកំពុងស្ថិតក្រោមការព្យាបាលរបស់គ្រូពេទ្យក្នុងពន្ធនាគារខេត្តពោធិ៍សាត់ អស់រយៈពេលជាងមួយអាទិត្យមកហើយ។
លោកស្រី ហាញ់ សុវណ្ណា៖ «នៅតែបារម្ភអ៊ីចឹង នៅតែបារម្ភថា យើងនៅនេះយើងដើរចុះដើរឡើងបាន ចំពោះគាត់មិនដឹងមិចអីម៉េច មិនដឹងគាត់ដើរបាន ក្ដៅមិចខ្លះ ហើយណាមួយគាត់ឈឺ»។
សម្រាប់ការរស់នៅក្នុងពន្ធនាគារត្រពាំងផ្លុង ដែលនៅជិតព្រំដែនប្រទេសវៀតណាម ក៏ប្រឈមជាមួយអាកាសធាតុក្ដៅ និងភាពចង្អៀតណែនដូចគ្នានឹងពន្ធនាគារដទៃទៀតដែរ។ ប្រពន្ធអ្នកជំនាញកសិកម្ម លោក នី ណាក់ គឺលោកស្រី សុខ ស៊ីណែត លើកឡើងថា ធាតុអាកាសក្ដៅនេះ បានធ្វើឱ្យប្ដីលោកស្រីធ្លាក់ខ្លួនឈឺ ហើយពេទ្យក្នុងពន្ធនាគារនេះ ក៏មិនបានយកចិត្តមើលជំងឺប្ដីលោកស្រីនោះទេ។
លោកស្រី សុខ ស៊ីណែត៖ «សំណូមពរឱ្យតុលាការគាត់ទម្លាក់បទចោទទៅ ប្ដីបងអត់មានកំហុសទេ ឱ្យតុលាការដោះលែងគាត់ឱ្យមានសេរីភាពវិញ ឬភ្លាមនេះចង់ឱ្យតុលាការ អ្នកគ្រប់គ្រងពន្ធនាគារឱ្យគាត់បញ្ជូនប្ដីមក (ម១) ព្រៃសវិញ កុំឱ្យឆ្ងាយពីផ្ទះពេក»។
លោក នី ណាក់ គឺជាអ្នកដែលចែករំលែកចំណេះដឹងកសិកម្មនៅតាមបណ្ដាញសង្គម ហើយលោក ក៏ជាអ្នករិះគន់អំពីភាពមិនប្រក្រតីនៅក្នុងសង្គម។ ដោយសារតែការរិះគន់ទាំងនេះ លោក នី ណាក់ ត្រូវបានមនុស្សមួយក្រុមវាយលោកឱ្យរបួសធ្ងន់ ហើយក្រោយមកលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទីពីរ កាលពីខែមករា ក្រោមបណ្ដឹងរបស់រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងកាត់ដី ៩១ហិកតារ នៅខេត្តកំពតឱ្យបុគ្គលម្នាក់មានឈ្មោះ ហេង សួរ។
អ្នកទោសនយោបាយ និងអ្នកទោសមនសិការភាគច្រើនកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ ចំណែកមន្ត្រីបក្សកម្លាំងជាតិខេត្តកំពង់ចាម លោក គា វិសាល មេធាវីអន្តរជាតិ កញ្ញា សេង ធារី និងសកម្មជននយោបាយ ដែលត្រូវបានចាប់ខ្លួននៅអំឡុងខែមេសានេះ ត្រូវបានបញ្ជូនទៅឃុំពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) ហើយអ្នកទោសមនសិការនៅត្រពាំងផ្លុងមានតែលោក នី ណាក់ ម្នាក់ប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក៏បានលើកឡើងពីផលលំបាកពីភាពណែនតាន់តាប់ក្នុងពន្ធនាគារ ដោយសារអ្នកទោសបានកើនដល់ជាង ៤ម៉ឺន (៤១.០០០) នាក់ នៅទូទាំងប្រទេស ហើយមានអ្នកទោសចូលថ្មីមានជាង ១រយនាក់ជារៀងរាល់ថ្ងៃ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលធ្លាប់ជាប់ពន្ធនាគារជាច្រើនដង គឺលោក រ៉ុង ឈុន លើកឡើងថា រដ្ឋាភិបាលនៅតែខ្វះឆន្ទៈក្នុងការដោះស្រាយបញ្ហាខ្វះទឹកនៅក្នុងពន្ធនាគារ និងមិនបានយកចិត្តទុកដាក់លើអ្នកទោស ជាពិសេស នៅពេលអាកាសធាតុកំពុងក្ដៅនេះ។ លោក រ៉ុង ឈុន ថា រដ្ឋាភិបាលគួរតែដោះលែងអ្នកទោសមនសិការ និងបញ្ឈប់ការធ្វើទុកបុកម្នេញមកលើពលរដ្ឋ ដែលគ្រាន់តែរិះគន់ពីភាពសកម្មរបស់ខ្លួន។
លោក រ៉ុងឈុន៖ «យករូបភាពចាប់ដាក់គុកៗ ហ្នឹងបន្តទៀតទេ វាមិនមានផលចំណេញដល់ជាតិទេ ប្រសិនបើយើងនៅតែបន្តយកបញ្ហាពន្ធនាគារ បញ្ហាចាប់ដាក់គុក អ៊ីចឹងវាប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ ទៅដល់អ្នកវិនិយោគទុន អ្នកទេសចរណ៍»។
ចំណែកអតីតអ្នកទោសមនសិការម្នាក់ទៀត គឺប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ថា តាមបទពិសោធន៍របស់លោក អ្នកទោសកាន់តែច្រើនធ្លាក់ខ្លួនឈឺនៅអំឡុងពេលដែលអាកាសធាតុក្ដៅ ដោយសារតែពួកគេមិនអាចទ្រាំនឹងភាពហប់ និងកង្វះទឹក។ ទោះជាយ៉ាងណា លោក វន់ ពៅ ថា ពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) មានភាពប្រសើរជាងពន្ធនាគារដទៃ។
លោក វន់ ពៅ៖ «ជាទូទៅ ពន្ធនាគារដែលគេហៅថាលំដាប់(VIP) ហ្នឹងគឺនៅប៉េហ្ស៉ីហ្នឹងហើយភាគច្រើនអ្នកមាន ពួកឧកញ៉ា មន្ត្រីធំៗ មួយចំនួនគេដាក់នៅប៉េហ្ស៊ី គឺជាគុក ដែល (VIP) ស្ថានភាពវាមិនចង្អៀតអី ហើយហូបចុកគ្រប់គ្រាន់»។
ក្រសួងសុខាភិបាល កាលពីថ្ងៃ៧ ខែមេសាកន្លងទៅ បានព្រមានថា ការកើនឡើងកម្ដៅនេះអាចបណ្ដាលឱ្យមនុស្សសន្លប់ផងដែរ ប្រសិនបើមិនមានការយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រសួងបានណែនាំឱ្យពលរដ្ឋហូបទឹកឱ្យបានយ៉ាងតិច ២លីត្រក្នុងមួយថ្ងៃ រក្សាអនាម័យ និងជៀសវាងការពិសាអាល់កុល កាហ្វេ ដែលធ្វើឱ្យបាត់បង់ជាតិទឹកជាដើម។
ឆ្លើយតបនឹងរឿងនេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា លើកឡើងថា ក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំឱ្យពន្ធនាគារទូទាំងប្រទេសយកចិត្តទុកដាក់ និងអនុវត្តទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ លោក នុត សវនា ថា ពន្ធនាគារនិមួយៗ នឹងខិតខំផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់អំឡុងពេលអាកាសធាតុក្ដៅនេះ។
លោក នុត សវនា៖ «អ៊ីចឹងពួកគាត់មានការយកចិត្តទុកដាក់ មានការការពារ ក៏ដូចជាវិធានការសង្គ្រោះករណីមានដោយសារកម្ដៅ តែទឹកយើងជំរុញឱ្យមានការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដែរ ប៉ុន្តែប្រសិនបើមានការខ្វះខាតអគ្គនាយកដ្ឋានពន្ធនាគារនឹងខិតខំជំរុញបន្ថែមទៀត»។
លោក នុត សវនា បានច្រានចោលចំពោះការលើកឡើងថាពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) ដាក់តែអ្នកទោសជាអ្នកមានលុយ មានអំណាច ហើយលោកថារាល់ការបញ្ចូលអ្នកទោសទៅពន្ធនាគារណាមួយ គឺអាស្រ័យនឹងប្រភេទបទល្មើស និងលក្ខខណ្ឌនៃបុគ្គលនោះ។
លោក នុត សវនា៖ «ខ្ញុំមិនហ៊ានថា ម៉េចទេ។ តែធម្មតាយើងនៅក្នុងពន្ធនាគារ អ្នកទោសដូចគ្នា អ្នកទោសខ្លះគាត់លក់កន្លែងគេងឱ្យគ្នាគាត់ដើម្បីបានលុយ គាត់សុខចិត្តចង្អៀតគាត់ ហើយគាត់ឱ្យអ្នកមានលុយចាយ ឬមានឥទ្ធិពលបានកន្លែងធំជាងគាត់បរិច្ចាគ គាត់លក់ឱ្យគេនេះ រវាងគ្នាគាត់»។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលនេះ កន្លងមកអ្នកទោសដែលជាអ្នកមានលុយ មានអំណាចតែងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារប៉េហ្ស៊ី (PJ) ជាក់ស្ដែង ឧកញ៉ា គិត ធាង ឧកញ៉ា ឌួង ងៀប និងអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាដើម។ ចំណែក លោក ព្រហ្ម វិចិត្រ សុសក្ដា ដែលបើកឡានទំនើបបុកកីឡាករថ្នាក់ជាតិស្លាប់ម្នាក់ នៅភ្នំពេញ ក៏ត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សី (PJ) នេះដែរ កាលពីឆ្នាំ២០២៣។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា តាមរយៈការចុះសិក្សាកន្លងមករកឃើញថា រដ្ឋាភិបាលនៅមិនទាន់ដោះស្រាយបញ្ហាខ្វះទឹក ជាពិសេស នៅពេលដែលអាកាសធាតុក្ដៅខ្លាំង។ លោក អំ សំអាត ថ្លែងថា ប្រសិនបើរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនេះឱ្យទាន់ពេលវេលា បញ្ហានេះនឹងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទោស។
លោក អំ សំអាត ថា តាមរយៈការទទួលបានព័ត៌មានពីអ្នកទោសកន្លងមកលើកឡើងថាពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា ប៉េហ្ស៊ី (PJ) ពិតជាទទួលបានអ្នកទោសដែលភាគច្រើនជាអ្នកមានលុយ មានអំណាចមែន។ ប៉ុន្តែលោកថា ក្នុងគោលការណ៍ច្បាប់គ្រប់ពន្ធនាគារទាំងអស់មិនមានការរើសអើងនោះទេ។
លោក អំ សំអាត៖ «ហើយកន្លងមកយើងឃើញថាអ្នកជាប់ដូចជាឧកញ៉ា ឬអ្នកមានបុណ្យសក្ដិមួយចំនួនភាគច្រើនហ្នឹងគេដាក់នៅប៉េស្ស៉ី។ អ៊ីចឹងបានជាមានការរិះគន់ថាប៉េស្ស៉ីសម្រាប់អ្នកមានសម្រាប់អ្នកអី តែតាមពិតរបបពន្ធនាគារវាស្មើៗ គ្នាទេ ហើយជាកន្លែងមួយមិនមានការរើសអើងទេ ប៉ុន្តែអ្វីៗ វាទៅលើការអនុវត្តជាក់ស្ដែង»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត លើកឡើងថា តាមគោលការណ៍ច្បាប់នៅពេលដែលបុគ្គលណាម្នាក់ប្រព្រឹត្តបទល្មើសគួរតែត្រូវឃុំនៅពន្ធនាគារនៅរាជធានី ឬខេត្តនោះ។ លោកថា ការអនុវត្តជាក់ស្ដែង គឺផ្ទុយពីច្បាប់ ហើយអ្នកកាន់អំណាចហាក់ចង់គំនុំទៅហ្នឹងអ្នកទោសមនសិការដូចជាករណីមេធាវីសញ្ជាតិខ្មែរអាមេរិកគឺកញ្ញា សេង ធារី ដែលធ្លាប់បញ្ជូនទៅពន្ធនាគារនៅព្រះវិហារជាដើម។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិតែងតែលើកឡើងពីក្ដីកង្វល់ពីភាពណែនតាន់តាប់ក្នុងពន្ធនាគារ និងបញ្ហាលំបាកផ្សេងៗ ក្នុងពន្ធនាគារប៉ុណ្ណា រដ្ឋាភិបាលមិនទាន់យកចិត្តទុកដាក់ដោះស្រាយនោះដែរ។ បន្ថែមពីចាប់តាំងពីការឡើងកាន់ដំណែងរបស់ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានបន្តបង្ក្រាប និងចាប់មន្ត្រីបក្សប្រឆាំង អ្នករិះគន់ និងមន្ត្រីអង្គការសង្គមស៊ីវិលជិត ២០នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។