គណបក្សកម្លាំងជាតិប្ដូរទីតាំងសម្ដែងមតិ ក្រោយរដ្ឋបាលក្រុងមិនអនុញ្ញាតនៅទីលានប្រជាធិបតេយ្យ

កម្ពុជា
កម្ពុជា-នយោបាយ
18/04/2024 – 12:56
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

គណបក្សកម្លាំងជាតិបានយល់ព្រមរៀបចំជួបជុំសម្ដែងមតិនៅទីស្នាក់ការបក្សរបស់ខ្លួនក្នុងខណ្ឌមានជ័យ បន្ទាប់ពីបរាជ័យក្នុងការស្នើសុំរៀបចំនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ។ តែទោះជាប្តូរទីតាំងជួបជុំក៏ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុនបញ្ជាក់ថា ចំនួនមនុស្ស និងសកម្មភាពនានានឹងរក្សានៅដដែល។

គណបក្សកម្លាំងជាតិប្ដូរទីតាំងសម្ដែងមតិ ក្រោយរដ្ឋបាលក្រុងមិនអនុញ្ញាតនៅទីលានប្រជាធិបតេយ្យ


ទីបំផុត គណបក្សកម្លាំងជាតិបានសម្រេចនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះពីការប្ដូរទីតាំងសម្ដែងមតិដោយធ្វើនៅទីស្នាក់ការគណបក្សវិញដើម្បីទាមទារឱ្យដោះលែងសមាជិកគណបក្សចំនួន២រូប។ តាមការជូនដំណឹងរបស់គណបក្ស ទីតាំងសម្រាប់ជួបជុំសម្ដែងមតិនឹងត្រូវធ្វើនៅនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថានៅពេលដំបូង គណបក្សកម្លាំងជាតិបានស្នើសុំអភិបាលបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ដើម្បីរៀបចំការជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ។ តែលោក ឃួង ស្រេង បានបដិសេធដោយពន្យល់ហេតុផលថា ការស្នើសុំរបស់គណបក្សកម្លាំងជាតិមានទម្រង់ផ្ទុយនឹងច្បាប់ស្ដីពីការសម្ដែងមតិ។

ទោះជាយ៉ាងណា រដ្ឋបាលក្រុងបានអនុញ្ញាតឱ្យគណបក្សប្រឆាំងមួយនេះរៀបចំការជួបជុំនៅទីស្នាក់ការបក្សរបស់ខ្លួន។ តាមកាលបរិច្ឆេទ គណបក្សកម្លាំងជាតិនឹងរៀបចំសម្ដែងមតិរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា។ បើយោងតាមការបញ្ជាក់របស់រដ្ឋបាលក្រុងភ្នំពេញទៅកាន់គណបក្សកម្លាំងជាតិ ការជួបជុំសម្ដែងមតិទាមទារឱ្យដោះលែងសកម្មជនគណបក្សទាំងពីររូប គឺលោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊រ ហៅ គា វិសាល ត្រូវរៀបចំឲ្យស្របតាមស្ថានភាពទីតាំង និងមិនឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេ។ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថា ទោះបីមានការប្តូរទីតាំងជួបជុំសម្ដែងមតិក៏ចំនួនមនុស្សចូលរួមនៅរក្សាចំនួន១៥០នាក់ដដែល។ 

គណបក្សកម្លាំងជាតិប្ដូរទីតាំងសម្ដែងមតិ ក្រោយរដ្ឋបាលក្រុងមិនអនុញ្ញាតនៅទីលានប្រជាធិបតេយ្យ
គណបក្សកម្លាំងជាតិប្ដូរទីតាំងសម្ដែងមតិ ក្រោយរដ្ឋបាលក្រុងមិនអនុញ្ញាតនៅទីលានប្រជាធិបតេយ្យ © គណបក្សកម្លាំងជាតិ

តែលោក រ៉ុង ឈុនក៏មិនភ្លេចបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិរៀបចំនៅទីលានប្រជាធិបតេយ្យជាការរឹតត្បិត បំបិទសិទ្ធិសេរីភាពក្នុងការជួបជុំសម្ដែងមតិ។ គួររម្លឹកថា លោក អ៊ុំ វីរៈរដ្ឋដែលមានតួនាទីជាប្រធានក្រុមការងារបណ្ដោះអាសន្នប្រចាំខេត្តកំពង់ស្ពឺ បានជាប់ចោទពីបទរួមគំនិតក្បត់ដែលប្រព្រឹត្តតាំងពីខែតុលា ឆ្នាំ២០១៩ និងលោក មឺ សេងហ៊ ហៅ គា វិសាល ដែលមានតួនាទីជាអនុប្រធានបណ្ដោះអាសន្នប្រចាំខេត្តកំពង់ចាមបានជាប់ចោទពីបទញុះញង់ និងជេរប្រមាថនៅទីសាធារណៈ៕

What Next?

Recent Articles