គណបក្ស​ប្រឆាំង​ជំរុញ​ឱ្យ​មាន​ការផ្សះផ្សា​ជាតិ ក្នុង​ខួប​៤៩​ឆ្នាំ​នៃ​ថ្ងៃ​១៧ មេសា

ដោយ ច័ន្ទ ដារ៉ូ
2024.04.18
RFA

គណបក្ស​ប្រឆាំង​ជំរុញ​ឱ្យ​មាន​ការផ្សះផ្សា​ជាតិ ក្នុង​ខួប​៤៩​ឆ្នាំ​នៃ​ថ្ងៃ​១៧ មេសា

មន្ត្រីគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើ​ពិធីរំលឹកខួប​ទី​៤៩​ នៃ​ការ​ដួល​រលំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការ​កកើត​ឡើង​នូវ​របប​ខ្មែរក្រហម​​ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​បឹងជើងឯក កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០២៤។ រូប៖ តេឡេក្រាម​គណបក្ស​ភ្លើងទៀន


គណបក្ស​ភ្លើងទៀន​បាន​ជួបជុំ​រៀបចំ​ពិធី​រំឭក​ព្រឹត្តិការណ៍​ថ្ងៃទី​១៧ មេសា ឆ្នាំ​២០២៤ ជា​ថ្ងៃ​ខួប​ទី​៤៩​ឆ្នាំ នៃ​ការ​ដួល​រលំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការ​កកើត​ឡើង​នូវ​របប​ខ្មែរក្រហម​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ២​លាន​នាក់។ ពួកគេ​អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំងអស់​ដកស្រង់​រឿង​នេះ​ធ្វើ​ជា​មេរៀន​សម្រាប់​ខ្មែរ​ត្រូវ​រួបរួម​សាមគ្គី​គ្នា ដើម្បី​ផល​ប្រ​ផលប្រយោជន៍​ជាតិ និង​ទប់ស្កាត់​កុំឱ្យ​កើត​ឡើង​ម្តង​ទៀត។

ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ភ្លើងទៀន​ប្រមាណ​១០០​នាក់ នៅ​ថ្ងៃទី​១៧ ខែ​មេសា បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បង្សុកូល​រាប់បាត្រ ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​កាល ៤៩​ឆ្នាំមុន នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ ក្នុង​ឱកាស​នោះ​ដែរ​មន្ត្រី​គណបក្ស​នេះ​ក៏បាន​រំឭក​ពី​ព្រឹត្តិការណ៍​នោះ ព្រមទាំង​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នកចូលរួម​ក្នុង​កម្មវិធី​ផង​ដែរ។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ថ្លែង​ថា របប​ខ្មែរក្រហម​ជា​របប​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​គ្នាឯង​គួរ​ស្អប់ខ្ពើម​ដោយសារតែ​មនោគម​បរទេស ការ​ប្រជែង​អំណាច​រវាង​អ្នក​នយោបាយ​ខ្មែរ និង​ការ​បែកបាក់​សាមគ្គី​ជាតិ​ជាដើម​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ប្រឆាំង​រៀបចំ​ពិធី​រំឭក​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​នេះ​ឡើង ក្នុង​បំណង​ចង់​បង្ហាញ​ពី​មេរៀន​មួយ​ដែល​ខ្មែរ​ត្រូវ​រៀនសូត្រ និង​ចងចាំ​ដើម្បី​កុំឱ្យ​អ្នកនយោបាយ​ដើរ​ជាន់​ដាន​របប​កាប់​សម្លាប់ និង​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ឱ្យ​រង​ទុក្ខ​វេទនា​ទៀត។

លោក លី សុធារ៉ាយុទ្ធ៖ «ថ្វី​ត្បិត​៤៩​ឆ្នាំ​កន្លង​ផុត​ទៅ ប៉ុន្តែ​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​នៅតែ​ដក​ក្នុង​ចិត្ត​របស់​ពលរដ្ឋ និង​ចងចាំ​ជានិច្ច ហើយ​យើង​ទាំងអស់​គ្នា​ស្អប់ខ្ពើម និង​ថ្កោលទោស​ចំពោះ​របប​ប្រល័យ​ពូជសាសន៍​នេះ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​មេដឹកនាំ និង​អ្នកនយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​សូម​បំភ្លេច​ចោល​នូវ​ទំព័រ​ចាស់ ហើយ​ចាប់​យក​ទំព័រ​ថ្មី​ដោយ​ស្ដារ​ឡើង​វិញ​នូវ​វប្បធម៌​ជជែក​គ្នា​ត្រង់ៗ​ដើម្បី​បញ្ចប់​អរិយភាព​នយោបាយ​ដែល​បច្ច័យ​អាក្រក់​នាំ​ឱ្យ​បែកបាក់​សង្គមជាតិ ហើយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឈរ​លើ​ផលប្រយោជន៍​ជាតិ​ជាធំ»។

ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ គឺជា​ខួប​៤៩ ដែល​កងទ័ព​ខ្មែរក្រហម​វាយ​ចូល​ទីក្រុង​ភ្នំពេញ​ឡើង​កាន់​អំណាច។ ចាប់តាំងពី​កងទ័ព​ខ្មែរក្រហម​ចូលកាន់​កាប់​អំណាច​ជិត ៤​ឆ្នាំ ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​នាក់​​​បាត់បង់​ជីវិត​ដោយសារ​ការ​កាប់​សម្លាប់ ការ​ធ្វើ​ទារុណកម្ម ការ​បង្ខំ​ធ្វើ​ការងារ​ហួស​កម្លាំង ការ​បង្អត់​អាហារ​ជំងឺ និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត។

ទាក់ទង​រឿង​នេះ អតីតជន​រងគ្រោះ និង​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​លោក សេង ម៉ារឌី ថ្លែងប្រាប់​អ្នក​ចូលរួម​រំឭក​ខួប​នេះ​ថា លោក​នៅ​ចងចាំ​កងទ័ព​ខ្មែរក្រហម​វាយ​ចូល​ទីក្រុង​ភ្នំពេញ កាល​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដែល​កាលនោះ​លោក​មាន​វ័យ ១៣​ឆ្នាំ​រស់នៅ​ផ្ទះល្វែង​មួយ​ទល់មុខ​វត្ត​កោះ គឺ​នៅ​ព្រឹក​ឡើង​នៅ​ថ្ងៃ​នោះ​មនុស្សម្នា​មាន​ទឹកមុខ​សប្បាយរីករាយ​ដោយ​គិត​ថា ប្រទេស​កម្ពុជា​នឹង​មាន​សន្តិភាព​។ លោក​បន្ត​ថា ក្រោយ​ចូល​ក្រុងភ្នំពេញ​មិន​ទាន់​ស្រួលបួល​ផង កងទ័ព​ខ្មែរក្រហម​ចាប់ផ្តើម​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ទីក្រុង ហើយ​គ្រួសារ​របស់​លោក​ជម្លៀស​ទៅ​ខេត្ត​ស្វាយរៀង។ លោក​ឱ្យ​ដឹង​ថា រឿង​ដែល​អាក្រក់​បំផុត​នោះ​ម្តាយ​របស់​លោក​ត្រូវ​ខ្មែរក្រហម​វាយ​សម្លាប់ចោល​កូន ៥​នាក់។

លោក សេង ម៉ារឌី បញ្ជាក់​ថា លោក​មិនអាច​បំភ្លេច​បាន​នូវ​ទុក្ខវេទនា និង​ការ​រស់នៅ​បែកបាក់​គ្រួសារ​ក្រោម​របប​ខ្មែរក្រហម​បាន​នោះ​ទេ ហើយ​លោក​នៅតែ​ឈឺចាប់​មកដល់​ពេល​បច្ចុប្បន្ន ដោយសារ​ប្អូនស្រី​របស់​លោក​គឺ​កញ្ញា សេង ធារី បន្ត​ជាប់គុក​ដោយ​អយុត្តិធម៌​។ លោក​ប្ដេជ្ញា​តស៊ូ​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ ហើយ​ស្នើ​ដល់​អ្នកកាន់អំណាច​គួរ​បើក​ឱកាស​ខ្មែរ​គ្រប់​និន្នាការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ចូលរួម​កសាង​ជាតិ​ទាំងអស់គ្នា។

លោក សេង ម៉ារឌី៖ «របប​កាប់សម្លាប់​នេះ​ធ្វើ​ឱ្យ​អាណិតអាសូរ​ដល់​ប្រទេស​ជាតិ ពូជសាសន៍​យើង​ដែល​ឆ្លងកាត់​កាលៈទេសៈ​មួយ​ហ្នឹង​មិនអាច​បំភ្លេច​បាន​ឡើយ ឥឡូវ​នេះ​ប្អូន​ខ្ញុំ​មួយ​គឺ សេង ធារី កំពុង​នៅ​ព្រៃ​ស ដោយ​៤៩​ឆ្នាំមុន​គាត់​នៅក្នុង​គុក ដល់​ឡូ​វ​គាត់​នៅក្នុង​គុក​ដដែល​(​គាត់​នៅក្នុង​គុក​ជិត​២​ឆ្នាំ​ហើយខ្ញុំ​មាន​ការ​ឈឺចាប់​មិនមែន​អត់​ឈឺចាប់​នោះ​ទេ ប៉ុន្តែ​យើង​នៅតែ​តស៊ូ​ធ្វើ​ការ​ជាមួយ​ខ្មែរ​គ្រប់គ្នា​ដើម្បី​កសាង​ប្រទេស​យើង​ឱ្យ​មាន​សន្តិភាព​ពិតប្រាកដ»។

ចំណែក​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នយោបាយ​នៅ​លើ​ហ្វេសប៊ុក​រំឭក​ខួប​៤៩​ឆ្នាំ​ដែល​លោក​ពិការ​ភ្នែក​ម្ខាង​ដោយ​សារ​សង្គ្រាម ហើយ​លោក​ឱ្យ​ពលរដ្ឋ​រំឭក​ដឹងគុណ​ដល់​លោក​ដែល​បាន​បញ្ចប់សង្គ្រាម​នូវ​មក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ ឯកភាព​ទឹកដី ដូច្នេះ​លោក​ប្ដេជ្ញា ការពារ​សន្តិភាព​ឱ្យ​បាន​ជាដាច់ខាត​។ ទន្ទឹម​នឹង​ខួប ៤៩​ឆ្នាំ​នៃ​របប​ខ្មែរក្រហម​គ្រប់គ្រង​អំណាច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែ​មេសា លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​មួយ​ដោយ​លោក​បន្ត​ប្រកាស​ចងគំនុំ និង​តាម​កម្ចាត់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ឱ្យ​ខាង​តែ​បាន។

ប្រតិកម្ម​របស់​មេដឹកនាំ​គណបក្សកាន់អំណាច​រូប​នេះ​ទំនង​ខឹង​សម្បារ ក្រោយ​ពេល​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​ថ្ងៃទី​១៧ ខែ​មេសា បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ចោទ​ថា លោក ហ៊ុន សែន ជា​មនុស្ស​ស្មោះត្រង់​បម្រើ ប៉ុល ពត រយៈពេល​ជិត​៣​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៧ ហើយ​ពួកគេ​មាន​បាតដៃ​ប្រឡាក់​ឈាម​ដូចគ្នា។ លោក សម រង្ស៊ី បន្ត​ចោទ​ថា លោក ហ៊ុន សែន បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យទៅ​បរទេស បម្រើ​បរទេស​ដើម្បី​បំផ្លាញ​ជាតិ​ខ្លួនឯង។

ជុំវិញ​រឿង​នេះ អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​អ្នក​ធ្លាប់​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​មើល​ឃើញ​ថា​ទោះបី​ព្រឹត្តិការណ៍​នោះ​កន្លង​ផុត​ទៅ​អស់​រយៈពេល​ជិត ៥០​ឆ្នាំ​ហើយ​ក្តី តែ​មនោគមវិជ្ជា​កុម្មុយនិស្ត​តាម​កម្ចាត់​នាំ​ឱ្យ​ពលរដ្ឋ​ឈឺចាប់​នៅតែ​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​មក​ទល់​បច្ចុប្បន្ន។ ពួកគេ​ថា​កំហុស​ធំ​បំផុត​នោះ​ដោយសារ​អ្នកកាន់អំណាច​មិន​បាន​យក​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​នោះ​ទៅ​កែ​លម្អ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​អាច​រស់នៅ​សង្គម​មួយ​ដោយ​គ្មាន​ការ​គុំគួន​សងសឹក​គ្នា។

ជា​ឧទាហរណ៍​ចាប់តាំងពី​កងទ័ព​ខ្មែរក្រហម​ដួល​រលំ​មក អំពើ​កាប់​សម្លាប់ និង​ធ្វើបាប​មនុស្ស​ស្លូតត្រង់​កើត​ឡើង​ជា​បន្តបន្ទាប់ មាន​ដូចជា​សម័យ​ផែនការ “​ក​៥” នៅ​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ​១៩៨៨​បាន​សម្លាប់​ខ្មែរ​រាប់​ម៉ឺន​នាក់ រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​សម្តេច​ក្រុមព្រះ​នៅ​ឆ្នាំ​១៩៩៧ បណ្តាល​ឱ្យ​ទាហាន និង​មន្ត្រី​យោធា​នៃ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​រាប់​សិប​នាក់​ត្រូវ​បាន​ចាញ់​សម្លាប់​ក្រៅច្បាប់​ជាដើម។

ជាមួយ​គ្នា​នេះ​អ្នក​ឃ្លាំង​លើកឡើង​ថា ចាប់​តាំង​ពី​លោក ហ៊ុន សែន កាន់អំណាច​ដោយ​ធ្វើ​រដ្ឋប្រហារ រំលោភ​រដ្ឋធម្មនុញ្ញ ការ​បង្ក្រាប​គូប្រកួត​របស់​ខ្លួន​ដោយ​ហិង្សា និង​គ្មាន​ការបោះឆ្នោត​ត្រឹមត្រូវ​មកដល់​សព្វថ្ងៃ​នេះ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​រស់នៅ​មិនបាន​សុខ​នោះ ពីព្រោះ​លោក ហ៊ុន សែន កំពុង​ដឹកនាំ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ដឹកនាំ​បែប​ផ្ដាច់ការ ក្ដោបក្ដាប់​ត​ពូជ។ ជាក់ស្តែង​អ្នកមាន​លុយ​មាន​អំណាច​រឹបអូស​យក​ដីធ្លី​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ស្លូតត្រង់ បង្កើត​រឿង​អយុត្តិធម៌ អំពើពុករលួយ ជាពិសេស​តាម​កម្ចាត់​ក្រុម​ជំទាស់​ដោយ​លាប​ពណ៌ ចោទ​ប្រកាន់​ចាប់​ដាក់គុក​ជាដើម។

អ្នកជំនាញ និង​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ពួកគេ​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ដោះស្រាយ​ជម្លោះ​នយោបាយ និង​ប្ដេជ្ញាចិត្ត​រួមគ្នា​កសាង​ជាតិ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឱ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​អន្តរជាតិ​សម្រាប់​ការ​ស្ថិរភាព​ប្រទេស ការពារ​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles