ដោយ ខាន់ លក្ខិណា
2024.04.18
RFA
សកម្មភាពអាជ្ញាធរខេត្តព្រះវិហារចុះបង្ក្រាបហិង្សា លើពលរដ្ឋស្រុកគូលែន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
អាជ្ញាធរអះអាងថា តុលាការខេត្តព្រះវិហារបានដោះលែងពលរដ្ឋចំនួន ២៨នាក់ ដែលរងការចោទប្រកាន់ថា ទន្ទ្រានចូលកាន់កាប់ដីរដ្ឋខុសច្បាប់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី១២ ខែមេសា បន្ទាប់ពីឃុំខ្លួនពួកគេជាង ១ខែ នៅពន្ធនាគារ ខណៈរឿងលោក កើត សារ៉ាយ អាជ្ញាធរថា ជាករណីផ្សេង។
អង្គការសង្គមស៊ីវិលសាទរការដោះលែងពលរដ្ឋចំនួន ២៨នាក់ ប៉ុន្តែស្នើឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហា ដើម្បីបញ្ចៀសបាតុភាព ដែលកើតឡើងបន្តទៀត។
អភិបាលរងខេត្តព្រះវិហារ លោក ណុប វុទ្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែមេសា ថា ពលរដ្ឋទាំង ២៨នាក់ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីពួកគេទទួលស្គាល់កំហុស ដោយជឿតាមការអូសទាញរបស់មេខ្យល់ឱ្យពួកគេទៅចាប់យកដីរដ្ឋ។ លោកថា សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីស្វែងរកអ្នកនៅពីក្រោយ ដោយយកតាមចម្លើយសារភាពរបស់ប្រជាពលរដ្ឋ។
លោក ណុប វុទ្ធី៖ «យើងនេះថា គាត់អត់មានទោសអីទេ ដោយសារ គាត់ជឿតាមញុះញង់របស់មេខ្យល់។ យើងសិក្សាទៅ គាត់ពិតជាមានការជឿទៅលើមេខ្យល់ អូសទាញឱ្យមកចាប់ដីរដ្ឋយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន វាខុសច្បាប់មែន ។ យើងក៏សម្របសម្រួលថា សុំឱ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្នទៅចុះ»។
រីឯរឿងលោក កើត សារ៉ាយ ដែលត្រូវតុលាការចោទប្រកាន់ និងឃុំខ្លួន បន្ទាប់ពីចុះជួបជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លីវិញ អភិបាលរងខេត្តព្រះវិហារ លោក ណុប វុទ្ធី អះអាងថា ជាករណីដាច់ដោយឡែក។
លោក ណុប វុទ្ធី៖ «ចំពោះករណីហ្នឹង ដូចខ្ញុំបានជម្រាបហើយ ទាល់តែសួរទៅខាងសមត្ថកិច្ចពាក់ព័ន្ធ លោកមានឯកសារភស្តុតាង។ ទាំងអស់ដែលលោកមុនហ៊ាន ធ្វើការងារហ្នឹង មានន័យថា យើងសុទ្ធតែមានឯកសារភស្តុតាង ដាក់បន្ទុកទៅលើគាត់។ សូមឱ្យខាងវិទ្យុអាស៊ីសេរី សួរទៅខាងតំណាងអយ្យការ ដែលលោកកាន់សំណុំរឿងហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺបញ្ហានេះ ពីអ្នកនាំពាក្យអយ្យការសាលាដំបូង រាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ នៅថ្ងៃទី១៧ ខែមេសា ដោយទូរស័ព្ទ ចូលគ្មានអ្នកទទួល។
កាលពីថ្ងៃទី៦ ខែមីនា សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះរុះរើ និងដុតផ្ទះសម្បែង ហើយបង្ក្រាបប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex)។ ក្រៅពីបង្ក្រាបនោះ សមត្ថកិច្ចបានចាប់ឃុំខ្លួន និងចោទប្រកាន់ប្រជាពលរដ្ឋដែលតវ៉ា ខណៈពលរដ្ឋមួយចំនួនទៀត នាំគ្នារត់ពួនក្នុងព្រៃ ដើម្បីគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ។
ក្រោយការបង្ក្រាបនោះ លោក កើត សារ៉ាយ បានចូលទៅក្នុងព្រៃ ដើម្បីជួបតំណាងពលរដ្ឋ ដែលមានបញ្ហាដីធ្លីស្ថិតនៅឃុំស្រយង់ ស្រុកគូលែន ក្នុងបំណង ស្វែងយល់អំពីស្ថានភាពរស់នៅរបស់ពួកគាត់ និងចង់ឱ្យអាជ្ញាធរជួយដោះស្រាយ ជម្លោះដីធ្លីជូនប្រជាពលរដ្ឋដោយសន្តិវិធី។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងទៅពលរដ្ឋ ដែលលាក់ខ្លួននៅក្នុងព្រៃ និងពលរដ្ឋដែលត្រូវបានដោះលែង ប៉ុន្តែមិនអាចទាក់ទងបាននៅឡើយ នៅថ្ងៃទី១៧ ខែមេសា។
ទោះជាយ៉ាងណាពលរដ្ឋទាំងនោះ ធ្លាប់អះអាងថា លោក កើត សារ៉ាយ មិនបានញុះញង់ពួកគាត់ ដូចការចោទប្រកាន់របស់តុលាការឡើយ។
លោក កើត សារ៉ាយ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ការចាប់និងឃុំខ្លួន ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាអ្នក ការពារសិទ្ធិមនុស្ស លោក កើត សារ៉ាយ នេះ តុលាការចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«មិនរាងចាលក្នុងបទមជ្ឈិម» ពាក់ព័ន្ធនឹងរឿង លោកចុះជួបប្រជាពលរដ្ឋរងគ្រោះដីធ្លី ដែលកំពុងរត់ពួននៅក្នុង ព្រៃក្នុងខេត្តព្រះវិហារ។
នាយករងទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សាទរសម្រាប់ការដោះលែងប្រជាពលរដ្ឋទាំង ២៨ នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន មុនពេលបុណ្យចូលឆ្នាំ ប៉ុន្តែការដោះលែងនេះ មិនមែនពួកគាត់ រួចផុតពីសំណុំរឿងនេះទេ ពីព្រោះដំណើរការរបស់តុលាការនៅតែបន្ត។
លោកយល់ថា គឺជារឿងល្អ ប្រសិនបើតុលាការទម្លាក់បទចោទប្រកាន់លើពួកគាត់ ហើយងាកទៅរកបញ្ហាដែលមិនទាន់ដោះស្រាយបញ្ចប់ ពាក់ព័ន្ធនឹងវិវាទដីធ្លីនៅតំបន់មានជម្លោះ ដើម្បីបញ្ចៀសបាតុភាព ដែលកើតឡើងបន្តបន្ទាប់ទៀត។
លោក អំ សំអាត៖ «បញ្ហាទី ៣ ទោះបីជាបងប្អូនប្រជាពលរដ្ឋទាំង ២៨ រូប ត្រូវបានដោះលែង ប៉ុន្តែលោក កើត សារ៉ាយ ក៏ដូចជា មនុស្សមួយចំនួនទៀត ដែលតុលាការលោកបានចោទប្រកាន់ ហើយនឹងគូកនហ្នឹង នៅបន្តសំណុំរឿងហ្នឹងនៅឡើយ។ ហើយមិនប៉ុន្មាននាក់ ពាក់ព័ន្ធនឹងក្នុងសំណុំរឿងហ្នឹង»។
ក្រៅពីនេះ លោក អំ សំអាត លើកឡើងដែរថា ការចាប់ខ្លួនលោក កើត សារ៉ាយ នេះ នឹងនាំឱ្យមានការរិះគន់ ទាក់ទងនឹងការរឹតត្បិតសេរីភាពអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាព លើកកម្ពស់សិទ្ធិមនុស្ស និងបរិស្ថាន។
កាលពីថ្ងៃទី១៦ ខែមេសា អង្គការបណ្ដាញអ្នកការពារបរិស្ថានអាស៊ីបាស៊ីហ្វិក បានចេញសេចក្ដីថ្លែងការណ៍មួយ អំពាវនាវឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់ចោលបទចោទ និងដោះលែង លោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ។ ពួកគេថា ករណីរបស់លោក កើត សារ៉ាយ គឺជាភស្តុតាងមួយ ដែលតម្រូវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាព ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងបរិស្ថាន ពីសំណាក់រដ្ឋាភិបាល និងភាគីឯកជនពាក់ព័ន្ធ។
ចំណែកក្រុមអង្គការសង្គមស៊ីវិលចំនួន ៥៤ស្ថាប័ន កាលពីថ្ងៃទី៨ ខែមេសា ក៏បានទាមទារឱ្យតុលាការទម្លាក់ចោលបទចោទ និងដោះលែងលោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌដែរ។ ពួកគេចាត់ទុកការឃុំខ្លួន លោក កើត សារ៉ាយ គឺជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងបង្ក្រាបទៅលើ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ហើយជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។