នគរបាល​ខេត្ត​បាត់ដំបង​ថា បន្ត​ស្រាវជ្រាវ​ករណី​ហិង្សា​មក​លើ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ម្នាក់​ដែល​រិះគន់​រដ្ឋាភិបាល

ដោយ យ៉ង ចាន់តារា
2024.04.18
RFA

នគរបាល​ខេត្ត​បាត់ដំបង​ថា បន្ត​ស្រាវជ្រាវ​ករណី​ហិង្សា​មក​លើ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ម្នាក់​ដែល​រិះគន់​រដ្ឋាភិបាល

លោក សាន ប៊ុនឆាយ ជាអ្នកគាំទ្រ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​ជន​មិនស្គាល់​មុខ​មួយ​ក្រុម​ព្រួត​វាយបែក​ក្បាល នៅ​ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០២៤។ Provided Photo


ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ថា សមត្ថកិច្ច​នៅ​មិនទាន់​ចាប់​ជនល្មើស​មួយ​ក្រុម​ដែល​បាន​វាយ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ដ៏​សកម្ម​ម្នាក់​គឺ​លោក សាន ប៊ុនឆាយ ឱ្យ​បែកក្បាល កាលពី​ថ្ងៃទី​១០ ខែ​មេសា នៅ​ឡើយ​ទេ។

ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក សាត គឹមសាន ថា សមត្ថកិច្ច​ជំនាញ​ក្រុង​បាត់ដំបង​នៅតែ​បន្ត​ស្រាវជ្រាវ ហើយ​លោក​ក៏​មិនទាន់​អាច​កំណត់ពេល​ជាក់លាក់​ដើម្បី​ចាប់​ជនល្មើស​បាន​នោះ​ដែរ។ លោក សាត គឹមសាន បន្ត​ថា ម្ចាស់​ពាក្យបណ្ដឹង​ក៏​មិន​បាន​សហការ និង​ផ្ដល់​ព័ត៌មាន​បន្ថែម​ដល់​សមត្ថកិច្ច​នោះ​ដែរ។

លោក សាត គឹមសាន៖ «មួយថ្ងៃ​ពីរ​សួរៗ ខ្ញុំ​ប្រាប់​ហើយ​ថា​កំពុងតែ​បើក​ការអង្កេត វា​មិនអាច​ការអង្កេត​ភ្លាម​បាន​ភ្លាម​នោះ​ទេ អ៊ីចឹង​វា​ត្រូវ​ប្រើ​ពេលវេលា ទី​ពីរ​សាមីខ្លួន​ដែល​រងគ្រោះ គាត់​អត់​បាន​នៅ​ផ្ដល់​ចម្លើយ​ឱ្យ​ខ្ញុំ​ច្បាស់លាស់ គាត់​មានតែ​ពាក្យបណ្ដឹង ឥឡូវ​ខ្ញុំ​កំពុងតែ​ដុតដៃដុតជើង​លើ​ការងារ​ហ្នឹងហើយ ទុក​ពេល​ឱ្យ​ខ្ញុំ​ស្រាវជ្រាវ​សិន»។

ទោះជា​យ៉ាងណា អង្គការ​ចលនា​ខ្មែរ​ប្រជាធិបតេយ្យ​(KMD) ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​កាលពី​ថ្ងៃទី​១៥ ខែមេសា បាន​ចេញ​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​ទៅលើ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​មក​លើ លោក សាន ប៊ុនឆាយ ក្នុង​ពេល​លោក​ទៅ​ជួប​ក្រុម​គ្រួសារ​អំឡុង​ចូល​ឆ្នាំថ្មី គឺ​ជា​អំពើ​ឃោរឃៅ និង​បង្ហាញ​ពី​ភាព​កំសាក​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត មក​លើ​ពលរដ្ឋ​ដែល​គ្រាន់​តែ​មាន​មតិផ្ទុយ​ពី​ខ្លួន។

អង្គការ​ចលនា​ខ្មែរ​ប្រជាធិបតេយ្យ ក៏បាន​ស្នើ​ដល់​អង្គការសិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ​ថ្កោលទោស និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការស៊ើបអង្កេត​ឱ្យ​បាន​ឆាប់រហ័ស និង​តម្លាភាព​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់ លោក សាន ប៊ុនឆាយ។

ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី លោក សាន ប៊ុនឆាយ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​លើ​រូបលោក​ទាំង​កម្រោល​នៅ​កណ្តាល​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បណ្ដាល​ឱ្យ​លោក​មាន​ស្នាមរបួស​ស្ទើរ​ពេញ​ដងខ្លួន និង​ស្នាមរបួស​ក្បាល​ដេរ ៨​ថ្នេរ។ លោក សាន ប៊ុនឆាយ គឺជា​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ជាពិសេស​លោក សម រង្ស៊ី។ លោក​ក៏​សកម្ម​ក្នុង​ការ​សរសេរ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​ក្នុង​បំណង​រិះគន់​ស្ថាបនា​ទៅលើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles