ដោយ ខាន់ លក្ខិណា
2024.04.18
RFA

ពលរដ្ឋដែលអះអាងថា បានដាក់ទុនរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់អ្នកស្រី ឡេង ចាន់ណា តវ៉ា និងទាមទារប្រាក់របស់ពួកគាត់ពីក្រុមហ៊ុនវិញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបពីពលរដ្ឋ
ពលរដ្ឋរងគ្រោះចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ទទូចជាថ្មីទៀតទៅ រដ្ឋាភិបាល និងតុលាការ ឱ្យពន្លឿនការដោះស្រាយឱ្យបានឆាប់ ពីព្រោះពួកគាត់ កំពុងធ្លាក់ចូលក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ រហូតដល់អ្នកខ្លះបែកបាក់គ្រួសារ និងខ្លះទៀត ចង់បញ្ចប់ជីវិតខ្លួនឯងក៏មាន។
ការលើកឡើងនេះ គឺបន្ទាប់ពីតុលាការខេត្តសៀមរាបប្រកាសថា បានបង្កកគណនី ធនាគារ និងទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ហើយសំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅ លើបុគ្គលពាក់ព័ន្ធច្រើននាក់ទៀត ដើម្បីបន្តតាមនីតិវិធី។
ប្រជាពលរដ្ឋរងគ្រោះ ដែលវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) លើកឡើងថា ពួកគាត់នឹងរងទុក្ខវេទនាខ្លាំង ប្រសិនបើតុលាការនៅតែមិនពន្លឿនការដោះស្រាយជូនពួកគាត់ឱ្យបានឆាប់នោះ។
ពលរដ្ឋរស់នៅខេត្តព្រៃវែង លោកស្រី សុខ ណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែមេសាថា ពួកគាត់នឹងមិននៅស្ងៀមស្ងាត់ទៀតឡើយ ប្រសិនបើតុលាការនៅតែអូសបន្លាយ ឬពន្យារពេលដោះស្រាយ។
លោកស្រី សុខ ណា៖ «នៅតែតវ៉ាឱ្យទាល់តែបាន ពាក្យថា ទាល់តែបាន មិនថា ឆ្នាំហ្នឹងមិនថា ឆ្នាំណាទាល់តែបាន និយាយពាក្យ «ទាល់តែបាន»។ និយាយរួមទៅដល់ភ្នំពេញ! ឡើងភ្នំពេញទៅដល់សៀមរាប ហើយសៀមរាបមកភ្នំពេញ ឱ្យតែមានលទ្ធភាពបន្តិចបន្តួច នាំគ្នាជិះធ្វើដំណើរបាតុកម្មទៅ អាចធ្វើដំណើរទៅដាក់ [ញត្តិ] ទៅសម្ដេច អាចធ្វើបានធ្វើ។ សាមគ្គីគ្នា និយាយរួមសាមគ្គីគ្នាធ្លុងតែមួយ យើងតស៊ូយកលុយយើងមកវិញ»។
លោកស្រីសង្ឃឹមថា រដ្ឋាភិបាល និងតុលាការ ផ្ដល់យុត្តិធម៌ដល់ពួកគាត់។
លោកស្រី សុខ ណា៖ «ខ្ញុំសូមឱ្យតែពន្លឿនឱ្យលឿន និយាយរួមខ្ញុំសូមតែពន្លឿនរឿងហ្នឹងឱ្យលឿន។ សំខាន់អ្នក ដែលគ្នាដូចខ្ញុំអីរងទុក្ខរឿងធនាគារ ពិបាកធនាគារ មួយថ្ងៃចូលមកថ្នាក់ ជួនកាលអង្វរ ជួនកាលចង់បញ្ចប់ជីវិតទៀត ដោយសារតែរឿងលុយយើងហ្នឹង។ នឹកឃើញច្បាប់តែធ្វើឱ្យមានហើយ ខុសហើយហ្នឹងត្រូវ តែដល់ពេលប្រជាពលរដ្ឋមានទុកលំបាក ទៅគាត់ជាគាត់និយាយ ដូចការឡើងទៅប្រជុំអីគាត់ថា ឱ្យចូលទៅដំណោះស្រាយ ទាំង ២៥រូប ទាំងអី ដល់ពេលហើយគ្មានទេ ថ្ងៃនេះ ថ្ងៃនោះ»។
ពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរីដែរថា លោកស្រីចង់ឱ្យតុលាការពន្លឿនការដោះស្រាយឱ្យបានឆាប់ ពីព្រោះសព្វថ្ងៃ កូនរបស់ពួកគាត់បានលែងលះគ្នា និងខ្លះធ្វើចំណាកស្រុក ដើម្បីរកប្រាក់សងបំណុលធនាគារ។
លោកស្រី៖ «សព្វថ្ងៃមានតែទឹកភ្នែកទេ ខ្ញុំនិយាយមិនចេញ។ ខ្ញុំចង់ឱ្យជួយផ្ដល់ដំណឹងទៅរដ្ឋាភិបាល ព្រមទាំងតុលាការ សូមឱ្យពន្លឿនរឿងនេះ ឱ្យបានលឿនបំផុត ប្រជាជនជិតស្លាប់អស់ហើយ»។
ការទទូចជាថ្មីនេះ គឺបន្ទាប់ពីសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមេសា បានចេញសេចក្ដីប្រកាសព័ត៌មានថា តុលាការបានឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់ ហើយបង្គាប់ឱ្យនាំខ្លួន ២នាក់ទៀត រីឯជនត្រូវចោទចំនួន ២៤ នាក់ តុលាការ ចេញដីកាបង្គាប់ឱ្យចូលខ្លួន ចន្លោះពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ខាងមុខ។
ក្រៅពីនេះ តុលាការ ក៏បានបង្កកគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្តិមួយចំនួន ហើយកំពុងស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាររបស់ជនពាក់ព័ន្ធផ្សេងទៀត។
តុលាការថា សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គល ដែលមានការពាក់ព័ន្ធច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះ ក៏មានច្រើន ដែលទាមទារពេលវេលាសមរម្យក្នុងការស្រាវជ្រាវឱ្យអស់លទ្ធភាព ក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះដើមបណ្ដឹងរដ្ឋប្បវេណី។
កាលពីថ្ងៃទី១៣ ខែមីនា តុលាការខេត្តសៀមរាប បានឃុំខ្លួនអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកមួយចំនួនទៀត តាមពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធនឹងការឆបោកលុយពួកគាត់ សរុបជាង ៣០០លានដុល្លារ។ ក្រោយពីឃុំខ្លួន តុលាការបានរឹបអូសទ្រព្យសម្បត្តិរបស់ អ្នកស្រី ឡេង ចាន់ណា ដើម្បីលក់សងម្ចាស់បំណុល។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីអ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប លោក យិន ស្រាង និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៨ ខែមេសា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថា ក្រៅពីចំណាត់ការផ្លូវច្បាប់ រដ្ឋាភិបាលត្រូវមានចំណាត់ការបន្ទាន់មួយទៀត រក្សាស្ថានភាព និងជីវភាពរបស់ ប្រជាពលរដ្ឋរងគ្រោះ ដើម្បីកុំឱ្យពួកគាត់ធ្លាក់ក្នុងវិបត្តិបំណុល។
លោក វ៉ន ចាន់ឡូត៖ «ធ្វើយ៉ាងម៉េចស្ដារស្ថានភាពរបស់ជនរងគ្រោះពីការឆបោកនេះ។ ហើយខ្ញុំបញ្ជាក់ដដែល បើសិនក្រុមហ៊ុនមិនអាចមានលទ្ធភាពសង ឬក៏ផ្ដល់នូវប្រាក់ចំណេញជូនចំពោះពលរដ្ឋទៀត យ៉ាងហោចណាស់ គឺត្រូវធានារក្សាស្ថានភាពដើម។ មានន័យថា ពីមុនពេលពលរដ្ឋ ដែលជាជនរងគ្រោះ ពីការឆបោកនេះ គាត់ស្ថានភាពយ៉ាងម៉េចពីមកដើម គឺរដ្ឋាភិបាលត្រូវតែមានចំណាត់ការរក្សាស្ថានភាពដើម ដើម្បីធ្វើយ៉ាងម៉េច កុំឱ្យពួកគាត់ធ្លាក់ទៅក្នុងវិបត្តិ»។
លោក វ៉ន ចាន់ឡូត ថា រដ្ឋាភិបាល និងសមត្ថកិច្ច គួរធ្វើការស៊ើបអង្កេត រវាងទំនាក់ទំនងអ្នកស្រី ឡេង ចាន់ណា និងមន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយលោក ស៊ាន បូរ៉ាត ព្រមទាំងអ្នកផ្សេងទៀត ដែលពាក់ព័ន្ធនឹងរឿងនេះ។ ក្រៅពីនេះ លោកថា រដ្ឋាភិបាលត្រូវបោសសំអាតឧក្រិដ្ឋជន ឬអ្នកឆបោក ដើម្បី ធានា ថា កម្ពុជា គឺជាប្រទេសអំណោយផលទៅដល់អ្នកវិនិយោគិន ប្រកបដោយ សុចរិតភាព។
ពលរដ្ឋរងគ្រោះអះអាងថា អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក តែងតែថតរូបភាព ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអះអាងជាច្រើនដងថា មេដឹកនាំរូបនេះ គឺជាអ្នកនៅពីក្រោយខ្នងពួកគាត់ ហើយមន្ត្រីចុះទៅជួបពួកគាត់ ក៏មានតំណែងខ្ពស់ក្នុងជួររដ្ឋាភិបាល ដែលធ្វើឱ្យពួកគាត់ជឿ និងមានទំនុកចិត្តវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។