កម្ពុជា
18/04/2024 – 14:30
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
នៅល្ងាចថ្ងៃទី១៨មេសា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ការវិលចូលស្រុកវិញរបស់លោកគង់ សភា ដែលជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ។ ការស្វាគមន៍នេះធ្វើឡើង បន្ទាប់ពីលោក គង់ សភា ចេញលិខិតស្នើឱ្យលោកហ៊ុន ម៉ាណែតជួយអន្តរាគមន៍ទៅព្រះមហាក្សត្រប្រោសប្រទានការលើកលែងទោសលោក ដើម្បីវិលមកមើលថែគ្រួសារដែលចាស់ជរា។
លោក ហ៊ុន ម៉ាណែត ស្វាគមន៍ការស្នើសុំវិលចូលស្រុកវិញរបស់លោក គង់ សភា
ក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨មេសា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ការស្នើសុំវិលចូលប្រទេសកម្ពុជាវិញរបស់លោក គង់ សភា អតីតតំណាងរាស្ត្រខេត្តស្វាយរៀងនៃអតីតគណបក្សសង្គ្រោះជាតិ។ តាមលោកហ៊ុន ម៉ាណែត និតិវិធីច្បាប់ដើម្បីអនុញ្ញាតឱ្យលោកគង់ សភា វិលត្រលប់មកកម្ពុជានឹងចាត់ចែងធ្វើឡើង ហើយការជួបសន្ទនាគ្នារវាងលោក គង់ សភា និងលោក ហ៊ុន ម៉ាណែតក៏ត្រូវធ្វើឡើងផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកហ៊ុន ម៉ាណែត។
គួរជ្រាបថា លោកគង់ សភាបានផ្ញើលិខិតមួយចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទៅកាន់លោក ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ថ្វាយព្រះមហាក្សត្រប្រោសប្រទានការលើកលែងទោសទណ្ឌទាំងឡាយដើម្បីឲ្យលោកអាចនឹងវិលចូលប្រទេសជាតិវិញមើលថែឪពុកម្ដាយដែលចាស់ជរា។ តាមរយៈលិខិតដដែល លោក គង់ សភា ដែលកំពុងភៀសខ្លួនរស់នៅក្នុងប្រទេសកាណាដាបានបង្ហាញការសោកស្ដាយដោយបញ្ជាក់ថា រាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងមកបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ សន្ដិភាព ស្ថិរភាព និងគោលនយោបាយនានារបស់រដ្ឋាភិបាល។

សូមជម្រាបថា លោក គង់ សភា ជាកូនប្រុសមួយរូបរបស់លោក គង់ គាំ ដែលធ្លាប់រងការវាយដំឲ្យរបួសធ្ងន់ពីសំណាក់ក្រុមបាតុករដែលមាននិន្នាការទៅរកបក្សកាន់អំណាច កាលពីឆ្នាំ២០១៥ ដោយនៅពេលនោះលោក គង់ សភា នៅជាតំណាងរាស្ត្រ។ លោក គង់ សភា ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិលោកមិនឱ្យឈរឈ្មោះឲ្យគេបោះឆ្នោតចំនួន ២០ឆ្នាំកាលពីខែកក្កដា ឆ្នាំ២០២៣៕