ដោយ យ៉ង ចាន់តារា
2024.04.18
RFA

លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។ AP
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃ១៧ ខែមេសា ថា លោកនឹងលាឈប់បម្រើការនៅអង្គការអន្តរជាតិមួយនេះ បន្ទាប់ពីបានបំពេញការងារក្នុងរយៈពេល ១៥ឆ្នាំ។ កន្លងមក អ្នកការពារសិទ្ធិមនុស្សអន្តរជាតិរូបនេះ តែងតែរិះគន់ចំៗ ទៅលើរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា នាយករងប្រចាំតំបន់អាស៊ី នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន មានតួនាទីសំខាន់ៗ ជាច្រើនក្នុងនោះគឺការទទួលខុសត្រូវលើការងាររបស់អង្គការនៅបណ្ដាប្រទេសអាស៊ី និងផ្ដោតជាពិសេសលើបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍រួមមានមានប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាមជាដើម។
លោក ហ្វីល រ៉ូប៊ឺតសុន ជាអ្នកអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សដែលបានចូលរួមជាមួយរដ្ឋាភិបាលនៅអាស៊ី និងសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ហើយលោកតែងតែផ្ដល់បទសម្ភាសន៍អំពីបញ្ហាសិទ្ធិមនុស្សនានាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិក្នុងនោះក៏មានវិទ្យុអាស៊ីសេរីផងដែរ។ លោក ហ្វីល រ៉ូប៊ឺតសុន ក៏ជាអ្នកស្រាវជ្រាវ អ្នកចងក្រងក្រងលើប្រធានបទសិទ្ធិមនុស្សដូចជាសិទ្ធិមនុស្ស សិទ្ធិការងារ ជនភៀសខ្លួន និងការធ្វើចំណាកស្រុកជាដើម។
មុនពេលចូលរួមជាមួយអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងឆ្នាំ២០០៩ លោក ហ្វ៊ីល រ៉ូប៉ឺតសុន ក៏បានធ្វើការអស់រយៈពេលដប់ប្រាំឆ្នាំនៅអាស៊ីអាគ្នេយ៍លើសិទ្ធិមនុស្ស សិទ្ធិការងារ ការពារពលករចំណាកស្រុក និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សជាមួយអង្គការតំបន់ និងអង្គការអន្តរជាតិផ្សេងទៀត។ លោកក៏ធ្លាប់ជាមន្ត្រីគ្រប់គ្រងកម្មវិធីនៃគម្រោងអន្តរទីភ្នាក់ងារអង្គការសហប្រជាជាតិស្ដីពីការជួញដូរមនុស្ស (UNIAP) ហើយលោកបានធ្វើការជោគជ័យស្ដីលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលថ្នាក់តំបន់លើកដំបូងស្ដីពីការជួញដូរមនុស្សនៅក្នុងមហាអនុតំបន់មេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។