ដោយ យ៉ង ចាន់តារា
2024.04.18
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អង្គការសង្គមស៊ីវិលអំពាវនាវដល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ឱ្យពន្លឿនការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ទៅតាមការសន្យារបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។ ការអំពាវនាវនេះ ធ្វើឡើងដោយសាររដ្ឋាភិបាលបន្តយឺតយ៉ាវក្នុងការអនុម័តច្បាប់ដ៏សំខាន់មួយនេះ។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៅតែមិនទាន់អាចចេញរួចនៅឡើយ ទោះជាចំណាយពេលវេលា និងថវិកាអស់ជាច្រើនហើយក៏ដោយ។ រដ្ឋាភិបាលចាស់របស់លោក ហ៊ុន សែន បានត្រឹមតែសន្យាខ្យល់ ខណៈរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត វិញ ក៏បន្តអូសបន្លាយពេលវេលាក្នុងការធ្វើច្បាប់នេះដែរ។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ ជាច្បាប់ដែលមានគោលដៅជំរុញឱ្យស្ថាប័នសាធារណៈ ផ្ដល់ព័ត៌មាន និងទិន្នន័យកាន់តែច្រើនទៅកាន់សាធារណជន។ បើមានច្បាប់នេះមែន ព័ត៌មានសម្ងាត់នឹងត្រូវបានកាត់បន្ថយ ហើយពលរដ្ឋគ្រប់រូបអាចស្នើសុំព័ត៌មានពីស្ថាប័នសាធារណៈ តាមដានសកម្មភាពការងារ និងការចាត់ចែងថវិការបស់ស្ថាប័នសាធារណៈ ជាពិសេសច្បាប់នេះនឹងជួយឱ្យស្ថាប័នសាធារណៈបំពេញភារកិច្ចប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ មានប្រសាសន៍ថា ក្រុមការងារសិទ្ធិទទួលបានព័ត៌មានរបស់សង្គមស៊ីវិលដែលមានសមាជិកសរុបចំនួន ១៨អង្គការ មានជំហរដូចគ្នា គឺចង់ឱ្យរដ្ឋាភិបាលអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានឆាប់រហ័ស។ លោកពន្យល់ថា ច្បាប់នេះនឹងជួយឱ្យមានតម្លាភាព និងភាពស្អាតស្អំក្នុងការវិនិយោគ ពាណិជ្ជកម្ម និងការគ្រប់គ្រងចំណូលរបស់រដ្ឋ ហើយក៏ជួយលើកកម្ពស់ដល់ការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យផងដែរ។
លោក ឡាំ សុជាតិ៖ «វាមិនត្រឹមតែលើកកម្ពស់សេដ្ឋកិច្ចប៉ុណ្ណឹងទេ ក៏វាចូលរួមចំណែកលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ពលរដ្ឋ ជាពិសេសគឺទំនុកចិត្តកាន់តែខ្ពស់ពីពលរដ្ឋមកលើរដ្ឋាភិបាលផងដែរ។ អ៊ីចឹង វាមានប្រយោជន៍ច្រើនសម្រាប់ប្រជាជន សម្រាប់ប្រទេសជាតិ ទាំងសេដ្ឋកិច្ច ទាំងវិស័យឯកជន ហើយក៏ជាចំណែកលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ សិទ្ធិរបស់អ្នកទទួលបានព័ត៌មាន ហើយអ្នកសារព័ត៌មានក៏កាន់តែសកម្ម ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ»។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានមានគោលបំណងធានាឱ្យសាធារណជននូវសិទ្ធិ សេរីភាពក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ សេចក្ដីព្រាងបឋមនៃច្បាប់នេះដែលត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីចុងឆ្នាំ២០១៩ មានសរុបទាំងអស់ចំនួន ៣៧មាត្រា។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះបានឆ្លងកាត់ដំណាក់កាលតាក់តែងរៀបចំមួយដ៏ល្អ ពីព្រោះតែមានការផ្ដល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ។ គម្រោងនេះ មានការចូលរួមពីភាគីរដ្ឋាភិបាលដែលតំណាងដោយក្រសួងព័ត៌មាន អង្គការយូណេស្កូ (UNESCO) អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សមាគម និងអ្នកជំនាញផ្នែកសារព័ត៌មាន ក្រោមជំនួយឧបត្ថម្ភជាទឹកប្រាក់ប្រមាណ ១លានដុល្លារ ពីរដ្ឋាភិបាលស៊ុយអ៊ែត (Sweden)។ គម្រោងតាក់តែងសេចក្ដីព្រាងច្បាប់ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនេះ មានរយៈពេល ៣ឆ្នាំ ដោយចាប់ផ្ដើមអនុវត្តនៅឆ្នាំ ២០១៥ និងបញ្ចប់នៅឆ្នាំ២០១៨។ ចាប់តាំងពីឆ្នាំ២០១៨ មក សេចក្ដីព្រាងច្បាប់នេះស្ថិតនៅក្នុងដៃក្រសួងព័ត៌មាន។
ទោះបីជាមានការផ្ដល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ហើយខ្លឹមសារច្បាប់បម្រើប្រយោជន៍សាធារណៈច្រើនយ៉ាងណាក្ដី ក៏វាទំនងជាច្បាប់ដែលស៊ីពេលយូរជាងគេក្នុងការអនុម័ត។ ជិត ១០ឆ្នាំមកនេះ គេឃើញមានការប្ដេជ្ញាចិត្តលើក្រដាស និងនៅលើវេទិកាសាធារណៈ ប៉ុន្តែខ្វះការអនុវត្តជាក់ស្ដែងពីសំណាក់រដ្ឋាភិបាល។
រដ្ឋាភិបាលអាណត្តិទី៦ ដឹកនាំដោយលោក ហ៊ុន សែន បានអះអាងជាច្រើនដងថា នឹងធ្វើយ៉ាងណាឱ្យច្បាប់នេះលេចចេញជារូបរាង ប៉ុន្តែកន្លងទៅមួយអាណត្តិហើយ សេចក្ដីព្រាងច្បាប់នេះនៅតែចេញមិនរួច។ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានសន្យាជាឱឡារិកកាលពីខែមករា ឆ្នាំ ២០២៣ថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានអនុម័តនៅអាណត្តិទី ៧ ពោលគឺយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៥។ លោកចោទថា ច្បាប់នេះយឺតយ៉ាវ ដោយសារការទាមទាររបស់ក្រុមសង្គមស៊ីវិល។
លោក ហ៊ុន សែន៖ «យើងចង់ប្រមូលផ្ដុំនូវមតិយោបល់ទាំងឡាយពីគ្រប់ទិសទី ដើម្បីឱ្យច្បាប់មួយនេះចេញទៅទទួលបានផលប្រយោជន៍ទាំងអស់គ្នា ប៉ុន្តែយើងបានសង្កេតឃើញថា អង្គការក្រៅរដ្ឋាភិបាលខ្លះទាមទារហួសហេតុ ទាមទារជ្រុល។ ការទាមទារជ្រុល និងទាមទារហួសហេតុនេះហើយ ដែលទាមទារឱ្យរដ្ឋមន្ត្រីត្រូវធ្វើការសម្របសម្រួល»។
ការបកស្រាយរបស់លោក ហ៊ុន សែន នេះ ហាក់ជាការនិយាយយករួចខ្លួន និងខ្វះការទទួលខុសត្រូវ ពីព្រោះចំណុចដែលសង្គមស៊ីវិលទាមទារឱ្យលុបចោល ឬកែតម្រូវនោះ ជាចំណុចដែលមានលក្ខណៈរឹតត្បិត។ ម្យ៉ាងវិញទៀត បើច្បាប់ណាដែលលោកមានឆន្ទៈចង់ធ្វើ ឬបម្រើប្រយោជន៍នយោបាយឱ្យលោកអាចបញ្ជាឱ្យគេធ្វើច្បាប់នោះជាប្រញាប់។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មាន (CamboJA) លោក ណុប វី ថ្លែងថា សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលកែតម្រូវចំណុចមួយចំនួន គឺដើម្បីឱ្យច្បាប់ដែលចេញទៅអនុលោមទៅតាមបទដ្ឋានសិទ្ធិមនុស្ស។
លោក ណុប វី៖ «ចំណុចដែលសំខាន់បំផុតហ្នឹង គឺការស្នើសុំដល់គណៈកម្មាធិការអន្តរក្រសួង ឬក្រសួងព័ត៌មានពិនិត្យក្នុងការលុបចោលចំណុចទី៧ នៃមាត្រា២០ អំពីព័ត៌មានសម្ងាត់ដែលមិនអាចផ្ដល់ជូនដល់អ្នកស្នើសុំព័ត៌មានបាន ពីព្រោះយើងយល់ឃើញថា ចំណុចហ្នឹងជាចំណុចមួយដែលសំខាន់ណាស់ដែលអាចបើកចំហឱ្យមានតម្លាភាពក្នុងសង្គមកាន់តែច្រើន ហើយអាចនឹងធ្វើឱ្យមានការធានាថា សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋត្រូវបានគោរពឱ្យបានត្រឹមត្រូវ ហើយនិងធានាអំពីប្រសិទ្ធភាពនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋពីស្ថាប័នរដ្ឋ»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បីសាកសួរអំពីរឿងនេះ ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ គិតត្រឹមម៉ោងផ្សាយនេះ។ ប៉ុន្តែនៅក្នុងរបាយការណ៍សង្ខេបប្រចាំឆ្នាំ ២០២៣ ក្រសួងព័ត៌មានបានដាក់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នេះ ដោយគ្រោង «បញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន» ដែលក្រសួងបញ្ជាក់ថា «កំពុងស្ថិតក្នុងដែនសមត្ថកិច្ចពិនិត្យរបស់ក្រសួងយុត្តិធម៌»។
ទាក់ទងរឿងនេះ អង្គការយូណេស្កូប្រចាំនៅកម្ពុជា (UNESCO Cambodia) ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិក ឬអ៊ីមែល (Email) ថា យូណេស្កូកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សង្គមស៊ីវិល ក្នុងនោះរួមទាំងក្រុមអង្គការសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ អង្គការយូណេស្កូថ្លែងថា យូណេស្កូតែងតែតស៊ូមតិឱ្យកម្ពុជាមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលអនុលោមទៅតាមបទដ្ឋានអន្តរជាតិ។ ជាមួយគ្នានេះ អង្គការយូណេស្កូគាំទ្រសេចក្ដីអំពាវនាវរបស់ក្រុមអង្គការស៊ីវិល និងអ្នកជំនាញសារព័ត៌មានទៅកាន់រដ្ឋាភិបាលកម្ពុជា ឱ្យអនុម័តសេចក្ដីព្រាងច្បាប់មួយនេះ។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដដែលនេះសង្កត់ធ្ងន់ថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ធានាឱ្យសាធារណជននូវការទទួលបានព័ត៌មាន និងការពារសេរីភាពជាមូលដ្ឋាន ហើយប្រទេសណាក៏ដោយ រាប់ទាំងកម្ពុជាផង ច្បាប់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព និងរួមបញ្ចូលទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។