ដោយ សេក បណ្ឌិត
2024.04.18
RFA

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពេលមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៣ សីហា ២០២៣។ Photo Courtesy of AKP
អ្នកតាមដានស្ថានភាពនយោបាយមើលឃើញថា ក្នុងគ្រាកម្ពុជាកំពុងមានវិបត្តិសេដ្ឋកិច្ច និងខ្វះអ្នកវិនិយោគទុន រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងបន្តខ្ចីបុលពីប្រទេសចិន និងស្នើឱ្យមានអ្នកជំនួញចិនចូលមករកស៊ីបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី (Wang Yi) គ្រោងមកកម្ពុជាធ្វើជាសហប្រធានគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជាចិន និងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី (Indonesia) និងប៉ាពួ ញូហ្គីណេ (Papua New Guinea) ក្នុងសប្តាហ៍នេះ។
អ្នកតាមដានបញ្ហានយោបាយមើលឃើញថា គម្រោងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក វ៉ាង យី មកកម្ពុជាលើកនេះ ភាគីចិនទំនងលើកបញ្ហាចម្រូងចម្រាសមួយចំនួនដូចជា គម្រោងព្រែកជីកហ្វូណនពិភាក្សាជាមួយកម្ពុជា និងអាចចរចាកញ្ចប់ថវិកាក្នុងការផ្ដល់កម្ចីដល់កម្ពុជាអនុវត្តគម្រោងនេះ។
អ្នកតាមដានភូមិសាស្ត្រអាស៊ី និងប៉ាស៊ីហ្វិក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែមេសាថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនមកកម្ពុជាលើកនេះ កាន់តែបង្ហាញពីចំណងនៃទំនាក់ទំនងកម្ពុជា និងចិនស្អិតល្មួត។ លោកមើលឃើញថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន ក៏ទំនងឆ្លើយតបនឹងការផ្ដល់កម្ចីដល់កម្ពុជាដែលទាមទារលើគម្រោងព្រែកជីកហ្វូណនចុងក្រោយនេះ ដើម្បីបញ្ជាក់ថា ចិននៅតែចាំគាំទ្រកម្ពុជាគ្រប់កាលៈទេសៈ។
លោក សេង វណ្ណលី៖ «ដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី នឹងលើកអំពីការប្ដេជ្ញាចិត្តរបស់ចិនចំពោះជំនួយកម្ចីរបស់ខ្លួនសម្រាប់គម្រោងផ្សេងៗដែលរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែជំរុញ ហើយគម្រោងដែលសំខាន់បំផុត ដែលយើងតាមដានពីរបីសប្ដាហ៍នេះគឺគម្រោងព្រែកជីកហ្វូណន អ៊ីចឹងខ្ញុំគិតថា រដ្ឋមន្ត្រីការបរទេសចិននឹងផ្ដល់ការសន្យាដល់ភាគីកម្ពុជាថា ចិននឹងមិនព្រងើយកន្តើយលើគម្រោងព្រែកជីកហ្វូណននោះទេ»។
ចំណែក អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រសាសន៍ថា ប្រទេសក្នុងតំបន់មួយចំនួន នឹងបញ្ចេញប្រតិកម្មជាចំហក្នុងគោលដៅការពារផលប្រយោជន៍របស់ប្រទេសពួកគេ ប្រសិនបើកម្ពុជាអនុវត្តគម្រោងព្រែកជីកហ្វូណនគ្មានតម្លាភាព។ លោកយល់ថា ដើម្បីធានាពីការអនុវត្តគម្រោងនេះបម្រើផលប្រយោជន៍កម្ពុជា និងដោយគ្មានការសង្ស័យ ទោះរដ្ឋាភិបាលកម្ពុជាខ្ចីបុលពីបរទេសណាក៏ដោយ ត្រូវបង្ហាញរាល់ការចំណាយផ្នែកហិរញ្ញវត្ថុជាសាធារណៈ។
លោក គឹម សុខ៖ «រដ្ឋមន្ត្រីការបរទេសចិននឹងនិយាយកាន់តែច្បាស់អំពីព្រែកជីកហ្វូណនហើយ។ មើលទៅវាជាសង្គ្រាមការទូតរវាងចិន និងវៀតណាម ជាជាងចិន និងអាមេរិក (US) ពីព្រោះឥទ្ធិពលរបស់វៀតណាម កាន់តែខ្លាំងក្នុងតំបន់ នឹងអុកឡុកកម្ពុជាជាចំហតែម្ដង ហើយម្យ៉ាងទៀតវៀតណាមកំពុងតែស្ថិតក្នុងក្រសែភ្នែករបស់សហរដ្ឋអាមេរិកផង ក្នុងការសហការទប់ទល់នឹងឥទ្ធិពលរបស់ចិននៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កាន់តែកៀកនឹងចិន»។
រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ប្រទេសឥណ្ឌូណេស៊ី និងប៉ាពួ ញូហ្គីណេ (Papua New Guinea) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមេសា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី គ្រោងពិភាក្សាជាមួយកម្ពុជា អំពីការពង្រីក និងពង្រឹងលើកិច្ចសហប្រតិបត្តិការគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI។ លោកនឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជាចិន។ គណៈកម្មការនេះ ត្រូវបានភាគីចិន និងកម្ពុជា ឯកភាពគ្នាបង្កើតឡើង ដើម្បីបង្កើនការរឹតចំណងនៃទំនាក់ទំនងទ្វេភាគី និងអនុវត្តកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីកសាងជោគវាសនាកម្ពុជាចិនរួមគ្នា។
ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជាចិននាពេលកន្លងមក ភាគីកម្ពុជាតែងស្នើឱ្យភាគីចិនជួយគាំទ្រក្នុងការផ្ដល់ប្រាក់កម្ចី និងជំរុញឱ្យមានការវិនិយោគរបស់អ្នកជំនួញចិនមករកស៊ីនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បញ្ជាក់ថា លោកមិនអាចឆ្លើយតបនឹងបញ្ហានេះមុននឹងក្រសួងការបរទេសកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មានបានទេ។
គម្រោងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី មកកម្ពុជាបន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីចុងខែមីនា កន្លងទៅ ស្នើឱ្យរដ្ឋាភិបាលចិនកុម្មុយនិស្តជួយគាំទ្រលើគម្រោងព្រែកជីកហ្វូណនតេជោ ខណៈប្រទេសវៀតណាម បារម្ភពីគម្រោងព្រែកជីកហ្វូណនតេជោ អាចជួយសម្រួលឱ្យមានវត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។