កញ្ញា ឈឹម ស៊ីថរ ទទួលពានរង្វាន់ Per Anger Prize ២០២៤ ពីរដ្ឋាភិបាលស៊ុយអែត

កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
19/04/2024 – 09:31
ដោយ៖ សាំ ឧត្តម
RFI

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានរដ្ឋាភិបាលប្រទេសស៊ុយអែតផ្តល់ពានរង្វាន់​ Per Anger Prize 2024 ដែលជាពានសម្រាប់អ្នកធ្វើការតស៊ូផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ការផ្តល់ពានរង្វាន់ឱ្យកញ្ញា ឈឹម ស៊ីថរ ពេល​នេះធ្វើឡើង​ បន្ទាប់ពីសហគមន៍អន្តរជាតិមើលឃើញថា កញ្ញា ឈឹម ស៊ីថរ បានចូលរួមតស៊ូដ៏ស្វិតស្វាញលើការងារលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រួមនឹងការស៊ូទ្រាំពីការយាយី និងគំរាមកំហែងរបស់អាជ្ញាធរកម្ពុជាជាច្រើនឆ្នាំ។

កញ្ញា ឈឹម ស៊ីថរ ទទួលពានរង្វាន់ Per Anger Prize ២០២៤ ពីរដ្ឋាភិបាលស៊ុយអែត


យោងតាមសេចក្តីថ្លែងការណ៍របស់គណៈវិនិឆ្ឆ័យ ការផ្តល់ពានរង្វាន់​ Per Anger Prize ២០២៤ ដល់កញ្ញា ឈឹម ស៊ីថរ មិនមែនធ្វើ​ឡើងតាមការស្រមើស្រម៉ៃឡើយ។ មិនស្រមើលស្រម៉ៃព្រោះកញ្ញា ឈឹម ស៊ីថរ បានចូលរួមលើកកម្ពស់សិទ្ធិការងារ សិទ្ធិសហជីព និងការគោពសិទ្ធិមនុស្សនៅកម្ពុជារហូតត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។

ការលះបង់របស់ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះត្រូវបានរដ្ឋាភិបាល ស៊ុយអែតយល់ថា ជាគំរូដល់សកម្មជន ឬអ្នកតស៊ូមតិផ្សេងទៀតកុំឱ្យបោះបង់ការងារដែលជាផលប្រយោជន៍រួមរបស់ជាតិ ទោះបីត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ឬការគំរាមកំហែងនានាពីសំណាក់អាជ្ញាធរក៏ដោយ។ 

លោក អំ សំអាត នាយកគ្រប់គ្រងទូទៅនៃអង្គការលីកាដូបានលើកឡើងថា ការផ្តល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរជា ការទទួលស្គាល់នូវភាពសកម្ម និងការលះបង់របស់មេដឹកនាំសហជីពរូបនេះ។ មួយវិញទៀត​ និងបើតាមលោក អំ សំអាត​ អ្វីដែលរដ្ឋាភិបាលស៊ុតអែតបានធ្វើពេលនេះក៏ជាចំណែកមួយនៃការលើកទឹកចិត្តដល់សកម្មជនការពារសិទិ្ធមនុស្ស និងបរិស្ថានផ្សេងទៀតឱ្យបន្តការងាររបស់ខ្លួនដែរ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ © Internet

សូមជម្រាបថា នេះជាពានរង្វាន់អន្តរជាតិលើកទី២ដែលកញ្ញា ឈឹម ស៊ីថរ ទទួលបាន។ កាល​ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំសហជីពកម្ពុជារូបនេះ​ រួមទាំងសកម្មជនអ្នកការពារសិទ្ធិមនុស្សចំនួន​៩នាក់ផ្សេងទៀតក្នុងលោកត្រូវបានក្រសួងការបរទេសអាមេរិកផ្តល់ឪ្យនូវពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២២៕

What Next?

Recent Articles