ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក ហ៊ុន សែន ជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ

កម្ពុជា
19/04/2024 – 14:08
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងក្នុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា ព្រឹទ្ធសភានីតិកាលទី៥នេះនឹងដំណើរការទៅមុខយ៉ាងល្អ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូចនេះធ្វើឡើង បន្ទាប់ពីលោកមានជំនួបរយៈពេលជាង៣ម៉ោងជាមួយសមាជិកព្រឹទ្ធសភាចំនួន៣រូបមកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សប្រឆាំង។

ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោក ហ៊ុន សែន ជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ


ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន មានជំនឿថា ព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការទៅមុខយ៉ាងល្អ។ ដំណើរការយ៉ាងល្អដោយលោកមើលឃើញពីភាពស្និតស្នាល ភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកនៅក្នុងកិច្ចសន្ទនារយៈពេលជាង ៣ម៉ោងរវាងលោក និងសមាជិកព្រឹទ្ធសភាចំនួន ៣រូបមកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សប្រឆាំង។ សមាជិកព្រឹទ្ធសភាទាំង ៣រូបរបស់គណបក្សឆន្ទៈខ្មែរ មានលោក សុក ហាច លោក សេង ម៉ារឌី និងលោក គង់ មុនីកា។

លោក គង់ មុនីកា បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃសុក្រ ទី១៩ មេសានេះថា ជំនួបរវាងលោក ហ៊ុន សែន និងសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរបានផ្ដោតសំខាន់លើការជជែកគ្នាពីបញ្ហាសេដ្ឋកិច្ច បញ្ហាអន្ដរជាតិ និងបញ្ហានយោបាយផ្ទៃក្នុងប្រទេស។ តែលោកក៏មិនភ្លេចបញ្ជាក់ថា ក្នុងនាមគណបក្សក្រៅរដ្ឋាភិបាលដែលចូលរួមក្នុងដំណើរការព្រឹទ្ធសភា គណបក្សឆន្ទៈខ្មែរមានបំណងបំពេញការងារឱ្យបានរលូនដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ អង្គបោះឆ្នោត និងប្រទេសជាតិទាំងមូល។

ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកហ៊ុន សែនជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ
ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកហ៊ុន សែនជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ © hun sen

ទន្ទឹមគ្នានេះ សមាជិកព្រឹទ្ធសភាទាំង៣រូបក៏បានសុំឱ្យប្រធានព្រឹទ្ធសភាបើកលម្ហនយោបាយនៅកម្ពុជាឱ្យល្អប្រសើរជាងមុន។ គួរជម្រាបថា ស្ថាប័នព្រឹទ្ធសភាត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ១៩៩៩ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា។ ស្ថាប័ននេះមានអាសនៈសរុប ៦២ ក្នុងនោះមាន២អាសនៈតែងតាំងដោយព្រះហាក្សត្រ និង២អាសនៈតែងតាំងដោយរដ្ឋសភា។ ចំណែក ៥៨អសនៈដែលនៅសេសសល់ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតអសកលនៅរៀងរាល់៦ឆ្នាំម្ដង៕

What Next?

Recent Articles