ក្រោយ​ជួប​ជាមួយបក្ស​ជំទាស់​ ​លោក ​ហ៊ុន សែន ​ថា ​គុណធម៌​នយោបាយ​របស់​លោក​មាន​ចំពោះ​តែ​ «អ្នក​មិន​ជ្រុល​និយម»

១៩ មេសា ២០២៤
លាស់ លីបលីប
វីអូអេខ្មែរ

អតីត​នាយក​រដ្ឋមន្ត្រី​លោកហ៊ុន សែន ​​ជួប​សន្ទនា​​ជាមួយ​សមាជិក​ព្រឹទ្ធ​សភា​៣រូប​មក​ពី​គណ​បក្ស​ឆន្ទៈខ្មែរ​ គឺ​លោក​ សុក​ ហាច​ លោក សេង ម៉ារឌី និង​លោក​ គង់ មុនីកា​។ (Photo: Facebook/Samdech Hun Sen of Cambodia)
អតីត​នាយក​រដ្ឋមន្ត្រី​លោកហ៊ុន សែន ​​ជួប​សន្ទនា​​ជាមួយ​សមាជិក​ព្រឹទ្ធ​សភា​៣រូប​មក​ពី​គណ​បក្ស​ឆន្ទៈខ្មែរ​ គឺ​លោក​ សុក​ ហាច​ លោក សេង ម៉ារឌី និង​លោក​ គង់ មុនីកា​។ (Photo: Facebook/Samdech Hun Sen of Cambodia)

ភ្នំពេញ — អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន​ ថា​លោក​ធ្វើនយោបាយ​ដោយប្រើ​គុណធម៌​ជា​មួយ​តែ​អ្នកមិន​ជ្រុល​និយម ប៉ុន្តែ​លោក​នឹង​ប្រើកណ្តាប់​ដៃ​ដែក​ វាយ​បង្រ្កាប​អ្នកជ្រុល​និយម ដែល​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល ​ក្រៅ​ក្រប​ខណ្ឌ​រដ្ឋធម្មនុញ្ញ។

ការ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនាជាមួយ​សមាជិក​ព្រឹទ្ធ​សភា​៣រូប​មក​ពី​គណ​បក្ស​ឆន្ទៈខ្មែរ​ គឺ​លោក​ សុក​ ហាច​ លោក សេង ម៉ារឌី និង​លោក​ គង់ មុនីកា​។ ជំនួប​នោះ ​លោក ហ៊ុន សែន​ ថា​ធ្វើឡើង​ប្រកបដោយ​ភាព​ស្មោះ​ត្រង់ ​ភាព​ស្និទ្ធ​ស្នាល​ និង​គោរព​គ្នា​ទៅវិញ​ទៅមក​។ ​

បើតាម​សារ​របស់ប្រធាន​ព្រឹទ្ធ​សភា​លោក ហ៊ុន សែន ​ដែលបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បានឱ្យដឹងថា ​ជាង៣​ម៉ោង​នៃ​ការសន្ទនា​នោះ ធ្វើឲ្យ​លោកជឿ​ជាក់​ថា​ព្រឹទ្ធសភា​នឹង​ដំណើ​ការ​ល្អ​។​

ជាមួយ​គ្នានេះ ​លោក ហ៊ុន សែន​ បានឆ្លើយ​ឆ្លងមតិ​យោបល់​ជាមួយ​អ្នក​ផ្តល់​យោបល់​មួយរូប ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ​ដែល​បាន​លើក​ជា​ចម្ងល់អំពីរបៀប​ធ្វើនយោបាយ​របស់​លោកហ៊ុន សែន ដែល​អាច​ធ្វើឱ្យ​អ្នក​នយោ​បាយ​លើស​លប់​ ទាំង​បក្ស​ប្រឆាំង​ក៏ដោយ​ ក៏អាច​ត្រឡប់​មករួមរស់​ជាមួយ​បាន​។ ​

លោក ហ៊ុន សែន​ បាន​ផ្តល់​មតិ​តប​ទៅវិញ​ថា៖​ «ផល​ប្រយោជន៍​ជាតិ​ជាធំ​ ការបែក​បាក់ជាតិ​នាំឱ្យ​ជាតិ​វិនាស​ដូច​ពី​អតីតកាល​»​

បើ​តាម​អតីត​នាយករដ្ឋ​មន្ត្រី​រូប​នេះ​ ការ​ប្រើ​វិធី​សាស្ត្រ​ឈ្នះ​ឈ្នះ​ បូក​ជាមួយ​ការ​យោគយល់​ គុណធម៌​នយោបាយ ទើប​អាច​នៅ​ និង​ធ្វើការ​ជាមួយ​គ្នា​បាន​។


លោក​ ហ៊ុន សែន​បន្ថែម​ថា៖ «​វិធី​សាស្ត្រ​ខាង​លើ​មិន​ប្រើ​ជាមួយ​ពួក​ជ្រុល​និយម​បាន​ទេ​។ ​ពួក​ជ្រុល​និយម​ដែល​ផ្តួល​រំលំ​ក្រៅ​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ​ និង​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ត្រូវ​វាយ​ដោយ​កណ្តាប់​ដៃ​ដែក​ ងើប​មួយ​វាយមួយ​ ងើប​ពីរ​វាយ​ពីរ​ ដើម្បី​ការពារ​សន្តិភាព​ ការ​ពារ​អាយុ​ជីវិត​ប្រជាជន​»

នៅក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​លើកដំបូង​កាលពី​ដើមខែមេសា​ ​ប្រធាន​គណបក្ស​កាន់​អំណាច​ លោក​ ហ៊ុន សែន ​ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​៦២​រូប​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ឱ្យ​លោក​ធ្វើ​មេដឹកនាំ​ស្ថាប័ន​ធ្វើ​ច្បាប់​កំពូល​មួយ​នេះ​។​

សមាជិក​ព្រឹទ្ធសភា​៣​រូប​មក​ពី​គណបក្ស​ឆន្ទៈ បាន​សម្រេច​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ជូន​លោក​ហ៊ុន សែន​ ដោយ​សារ​តែសមាជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​ក្រៅ​រដ្ឋា​ភិបាល​មួយនេះ ​មាន​សំឡេង​មិន​ច្រើន​ក្នុង​ព្រឹទ្ធ​សភា​ ហើយ​ក៏​គ្មាន​បេក្ខជន​ឈរ​ឈ្មោះ​ជាថ្នាក់​ដឹកនាំ​ព្រឹទ្ធ​សភា​ផង​ដែរ។ នេះ​បើតាម​អគ្គលេខា​ធិការ​គណ​បក្សឆន្ទៈខ្មែរ ​លោក គង់ មុនីកា។​

លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទ:​ខ្មែរ ផ្តល់​សម្ភាសន៍​ដល់​ VOAនៅ​ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ២០១៨ ​ នៅ​ឯ​ទីស្នាក់ការ​បក្ស​ ក្នុង​រាជធានី​ភ្នំពេញ។ (គី ម៉េងលី/VOA)

លោក គង់ មុនីកា សមាជិក​ព្រឹទ្ធ​សភា​នីតិកាលទី៥ ​ដែល​ក្មេង​ជាង​គេ ប្រាប់​វីអូអេថា ​គោលបំណង​នៃ​ជំនួប​ជាមួយ​ប្រធានព្រឹទ្ធសភា គឺ​ជា​ការ​សម្តែង​ការ​គួរសម​ និង​ជជែក​គ្នា​ សំដៅដល់ការ​អនុវត្ត​ការងារ​ឱ្យ​មាន​ភាពរលូន​ក្នុង​អាណត្តិថ្មីនេះ​។ ក្រៅពី​នេះ​ លោក​ថា ​ការ​ជជែក​គ្នា​នោះ​ ក៏​ជា​ការធ្វើ​ឱ្យ​បរិយា​កាស​នយោបាយនៅ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ​។

លោកថ្លែងថា៖ ​«យើងមិន​ចង់​ត្រូវ​បាន​គេ​ទុកនៅ​មួយដុំ ដោយ​ឡែក មិន​បាន​ធ្វើការងារអ្វី​ដែលជា​ប្រយោជន៍​របស់​ប្រទេស​ជាតិទេ។ ដូច្នេះ​យើង​ចាប់​ផ្តើម​ធ្វើ​ការ​បង្ក​បរិយា​កាស​ល្អ ហើយ​នឹង​ទំនាក់​ទំនង​ជាមួយ​ថ្នាក់ដឹក​នាំ​ស្ថាប័ននេះ​ ក្នុងគោលដៅ​ធ្វើ​យ៉ាងណា ​យើងអាច​អនុវត្ត​នូវតួនាទី​ និង​មុខងារ​របស់ខ្លួន​ក្នុងនាម​ជាសមាជិក​ព្រឹទ្ធសភា សំដៅ​តម្កល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និងប្រទេស​ជាតិ ទាំង​អស់គ្នា»​។

លោក អ៊ូ ច័ន្ទរ័ត្ន​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជាសហស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ យល់​ថា ជំនួប​រវាង​ប្រធានព្រឹទ្ធសភា​ និង​សមាជិក​ព្រឹទ្ធ​សភា​ គឺជា​រឿង​ធម្មតា​សម្រាប់​អ្នក​នយោ​បាយ​។ ​

លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះ​ថា៖ «ដូច្នេះ​ក្នុងនាម​សមាជិក​ព្រឹទ្ធ​សភា វា​មិនមាន​អ្វីប្លែកទេ ​ដែល​ជួប​ប្រធាន ​ជួបអី ​ដើម្បី​សំណេះ​សំណាល​ ដើម្បី​សួរ​កិច្ចការ​ ឬ​សួរ​សុខទុក្ខ​អីហ្នឹង ​វាជារឿង​ធម្មតា។ ​ប៉ុន្តែ​ខ្ញុំយល់ថា ​វាជារឿង​ល្អ។ ​ខ្មែរ​យើង​ចូលចិត្ត​តែ​មាន​បញ្ហា ​កាលណា​គណបក្ស​ខុសគ្នាហើយ គ្រាន់​តែឃើញ​ជួបគ្នា​ហ្នឹង​ ចាត់ទុកថា​ជា​រឿង​ដែល​ប្លែក អីអ៊ីចឹង ប៉ុន្តែ​សម្រាប់ខ្ញុំអត់​មានអី​ប្លែក​ទេ​»។​

លោក​ក៏ចង់​ឃើញ​អ្នកនយោបាយ​កម្ពុជា បន្ត​ប្រកាន់​យក​ឥរិយាបថ​ចាស់ទុំ ​ដោយ​ចៀសវាងនូវ​ការ​ដៀម​ដាប ជេរ​ប្រទេច ​និង​រិះគន់​ដែល​គ្មាន​មូលដ្ឋាន​។ ​
អ្នកវិភាគ​នយោបាយ​លោក​ មាស នី មើល​ឃើញ​ថា​ ជំនួបរវាងប្រធាន​ព្រឹទ្ធសភា​ និង​ថ្នាក់​ដឹកនាំ​៣រូប​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ ជាការ​ផ្តើមការ​កសាង​ទំនាក់​ទំនង​ និង​ទំនុក​ចិត្តទៅវិញ​ទៅមក​នៅពេល​បំពេញ​ការងារ​នៅព្រឹទ្ធសភា​ដែល​ជា​ស្ថាប័ន​ធ្វើច្បាប់​កំពូល​មួយ​របស់​ជាតិ​។​

លោកថ្លែងថា៖ ​«ខ្ញុំគិតថា​ការ​បង្ក​ឱ្យមាន​ទំនាក់ទំនងល្អ​ក្នុងការធ្វើការ​ ក្នុង​ដំណើរ​ការ​ហ្នឹង​ក៏ជា​រឿង​មួយ​ត្រឹម​ត្រូវ​ដែរ ​មិន​មាន​អ្វីខុសទេ​»។ ​

គណបក្ស​ឆន្ទៈ​ខ្មែរ​ស្ថិត​នៅក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅអនាគត​ដែល​មាន​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤​ ក្នុងនោះ​មាន​គណបក្ស​ភ្លើង​ទៀន​ ដែល​ជាគណបក្ស​ជំទាស់​សំខាន់​មួយ ហើយ​បាន​ខក​ខាន​មិន​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ជាបន្តបន្ទាប់​ ក្រោយការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២​ ដោយ​សារ​គណ​បក្ស​នេះបាត់​ឯកសារ​ដើមបញ្ជាក់​ពី​ការ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​។

គណបក្ស​ភ្លើង​ទៀន​បាន​សម្រេច​ជ្រើស​រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ​ ឱ្យ​ឈរ​ឈ្មោះ​ក្នុង​ពេល​បោះ​ឆ្នោត​ព្រឹទ្ធសភា​កាលពី​ខែកុម្ភៈ​។ គណបក្ស​នេះ​ ឈ្នះ​បាន​៣អាសនៈ​ក្នុង​អាសនៈ​សរុប​៥៨​ដែល​ត្រូវ​ជ្រើស​តាំង​តាម​ការ​បោះឆ្នោត​។

ការបោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ខែកុម្ភៈ​ ទទួល​រងការ​រិះគន់​ពីអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) របស់​សហរដ្ឋអាមេរិក​ ដែល​បាន​រកឃើញ​ថា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បំភិត​បំភ័យ ​គំរាម​កំហែង ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ សូក​ប៉ាន់ និង​ញុះញង់​ខុសច្បាប់​ផ្សេង​ៗ​ទៀត​ ដើម្បី​រារាំង​មិន​ឱ្យ​អង្គ​បោះ​ឆ្នោត​គណ​បក្សប្រឆាំង​បោះ​ឆ្នោត​គាំទ្រ​បេក្ខជន​គណបក្ស​ខ្លួន​។ ការណ៍នេះ​នាំគណបក្ស​ឆន្ទៈ​ខ្មែរ​មិន​ទទួលបាន​អាសនៈ​ច្រើន​នៅ​ព្រឹទ្ធសភា​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ លើក​ឡើង​ទៀត​ថា​ ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា​មិន​សេរី និង​យុត្តិធម៌ ​ហើយ​គួរតែមាន​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ និង​បដិសេធ​ចោល​ការ​ធ្វើ​វិទ្ធង្សនា​នៃ​លទ្ធិប្រជាធិប​តេយ្យ​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា​៕

What Next?

Recent Articles