ដោយ សុ ជីវី
2024.04.25
RFA
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ. Photo: RFA
ក្រុមអ្នកធ្លាប់គាំទ្រគណបក្សប្រឆាំងនាំគ្នាចេញប្រតិកម្មតបនឹងប្រធានស្ដីទីបណ្ដាញសង្គមហ្វេសប៊ុក ថា មិនគាំទ្រគម្រោងព្រែកជីកហ្វូណនដ៏ចម្រូងចម្រាស។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសថា លោកមិនគាំទ្រគម្រោងព្រែកជីកហ្វូណន និងថា គម្រោង ដែលគាំទ្រដោយចិនកុម្មុយនិស្តនេះគួរតែត្រូវផ្អាក។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុក កាលពីយប់ថ្ងៃទី២៤ ខែមេសាថា ជំនួសមុខឱ្យពលរដ្ឋខ្មែរ ដែលកំពុងនៅស្ងៀមស្ងាត់ ប៉ុន្តែធ្លាប់ជាអ្នកដែលបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧ លោកទាមទារឱ្យផ្អាកគម្រោងព្រែកជីក ដែលតភ្ជាប់ពីភ្នំពេញទៅឈូងសមុទ្រថៃ ដោយរដ្ឋាភិបាលត្រូវគិតគូររឿងនេះឡើងវិញ ដោយយកចិត្តទុកដាក់។ លោក សម រង្សី សរសេរបន្តថា គម្រោងព្រែកជីកខ្នាតយក្សនេះ រដ្ឋាភិបាលក្រុងភ្នំពេញបានសម្រេចចិត្តតក់ក្រហល់ និងពុំមានការទទួលខុសត្រូវ ដោយធ្វើតាមសំណើចិនកុម្មុយនិស្ត និងពុំបានសិក្សាគ្រប់ជ្រុងជ្រោយនៅឡើយ។ លោក សម រង្ស៊ី គូសបញ្ជាក់ទៀតថា គម្រោងជីកព្រែកនេះអាចនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ហើយបំណងធំនៃព្រែកនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្រ និងការពង្រឹងឥទ្ធិពលរបស់ចិនកុម្មុយនិស្ត។ លើសពីនេះ លោកថា មូលដ្ឋានសឹករបស់ចិននៅរាម ក៏ជាឈ្នាន់ ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន។ លោក សម រង្ស៊ី ថែមទាំងចោទប្រកាន់ថា របបដឹកនាំដោយលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត អាចនាំគ្រោះថ្នាក់ឱ្យកម្ពុជា ដូចកាលពីសម័យ ប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីឱ្យចិនជួយការពារអំណាចផ្ដាច់ការរបស់ខ្លួន។
ភ្លាមៗ នៅក្រោយ លោក សម រង្ស៊ី បង្ហោះសារនេះ សារព័ត៌មានស្និទ្ធនឹងត្រកូល ហ៊ុន គឺ Fresh News បានបញ្ចេញព័ត៌មានបន្តបន្ទាប់ដូចបានរៀបចំទុកជាមុន ពីក្រុមមនុស្ស ដែលធ្លាប់ជាអ្នកគាំទ្រគណបក្សប្រឆាំង និងក្រុមយុវជនមួយចំនួន ដែលបានទៅចុះចូលជាមួយគណបក្សកាន់អំណាចនាំគ្នាចេញប្រតិកម្មតបវិញព្រោងព្រាត។
តែទោះជាយ៉ាងណាក្ដី ករណីនេះនៅមិនទាន់មានប្រតិកម្មយ៉ាងណាពីមន្ត្រីរដ្ឋាភិបាលនៅឡើយទេ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានចែករំលែក ឬ Share សាររបស់លោក សម រង្ស៊ី និងសរសេរឃ្លាជាចម្ងល់ថា តើគាត់ប្រកាសប្រឆាំងនឹងគម្រោង «ព្រែកជីកហ្វូណនតេជោ»?
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននៅឡើយទេ នៅយប់ថ្ងៃទី២៥ ខែមេសា។ ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅមិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
បើទោះជាយ៉ាងណាក្ដី ឪពុក និងកូននាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បានចេញមុខអះអាងថា ព្រែកជីកហ្វូណនតេជោជាគម្រោងសម្រាប់បង្កើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង តាមរយៈការដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងថា កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយយកកម្លាំងទ័ពមកដាក់ ដើម្បីប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
ទាក់ទងនឹងគម្រោងព្រែកជីកដ៏ចម្រូងចម្រាសនេះ កន្លងទៅវៀតណាម និងសហរដ្ឋអាមេរិក បានលើកឡើងពីកង្វល់ដែលថា ព្រែកជីកនេះអាចជួយសម្រួលឱ្យមានវត្តមានយោធាចិនចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅតាមឈូងសមុទ្រថៃ។ មេដឹកនាំរដ្ឋាភិបាលវៀតណាមធ្លាប់ប្រាប់កម្ពុជា ដោយចំៗ អំពីក្ដីបារម្ភ ចំពោះគម្រោងព្រែកជីកហ្វូណនថា នឹងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន និងប្រព័ន្ធទឹកនៃទន្លេមេគង្គ ជាពិសេស ទឹកទន្លេខាងក្រោម ដែលហូរពីកម្ពុជា ទៅវៀតណាម។ ទាំងវៀតណាម និងទាំងសហរដ្ឋអាមេរិកជំរុញឱ្យកម្ពុជាបង្ហាញតម្លាភាព និងធ្វើការឱ្យបានដិតដល់ជាមួយគណៈកម្មការទន្លេមេគង្គជុំវិញរឿងរ៉ាវសាងសង់ព្រែកជីកហ្វូណនតេជនេះ។
កម្ពុជាគ្រោងនឹងដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោប្រវែង ១៨០គីឡូម៉ែត្រ នៅចុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ១ពាន់ ៧រយលានដុល្លារ។ រដ្ឋាភិបាលក៏គ្រោងថា នឹងប្រគល់សិទ្ធិឱ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់គម្រោងព្រែកជីកហ្វូណននេះ ក្រោមកិច្ចព្រមព្រៀង សាងសង់ ប្រតិបត្តិ និងផ្ទេរ ដែលមានរយៈពេល ៥០ឆ្នាំ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គួរឲ្យសោកស្ដាយណាស់ដែលលោក សម រង្ស៊ី កំពុងតែចេញមុខជួយ ហ៊ុនសែន ឲ្យចាកចេញពីគម្រោងព្រែកជីកហ្វូណន។គួរណាស់ទុកឲ្យលោក ហ៊ុនសែន ប្រឈមមុខនឹងបញ្ហានេះជាមួយយួនដកអំណាចពីត្រកូល ហ៊ុន នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។ នយោបាយលោក សម រង្ស៊ី ខ្ពស់ណាស់មនុស្សតិចបំផុតដែលយល់បាន !លោក ហ៊ុនសែន តើយកផ្លូវមួយណាដើរតាម សម រង្ស៊ី ឬមួយ យកគម្រោងព្រែកជីកហ្វូណន នេះជាល្បែងលេងរែក !បើមិនរែកគឺចាញ់។អ្វីដែលធ្វើឲ្យខ្ញុំខកចិត្តគឺលោក សម រង្សុី ជួយ ត្រកូល ហ៊ុន ដោយប្រយោល។គួរណាស់ទុកឲ្យ ហ៊ុនសែនប្រឈមមុខនឹងយួនដកអំណាច។