ដោយ វិទ្យុអាស៊ីសេរី
2024.05.09
RFA
លំហសេរីភាពសារព័ត៌មាននៅកម្ពុជា «កាន់តែរីកចម្រើនធំធាត់»! រូប៖ RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកកាលថ្ងៃទី០៣ ខែឧសភា ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា «កាន់តែរីកចម្រើនធំធាត់»។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ លោកមិនបានលើកឡើងទេថា ដើម្បីតែលោកបានឡើងកាន់អំណាច ឪពុករបស់លោកបានបើកយុទ្ធនាការជាប្រព័ន្ធគាស់រម្លើងប្រជាធិបតេយ្យ ចាប់ក្រុមអ្នករិះគន់ដាក់គុក និងបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឥតស្រាកស្រាន្ត។ ក្នុងនោះ មានករណីបញ្ជាឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងធ្វើឱ្យសារព័ត៌មានឯករាជ្យ ដូចជា កាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរី បង្ខំចិត្តបិទទ្វារការិយាល័យក្នុងស្រុករបស់ខ្លួន ជាដើម។
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) រកឃើញថា សេរីភាពសារព័ត៌មានបន្តធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បន្តដាក់គោលដៅបំបាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ កម្ពុជាជាប់លេខ១៥១ ជិតបាតតារាង ក្នុងចំណោម១៨០ប្រទេស ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤។ អង្គការអ្នករាយការណ៍គ្មានព្រំដែន រកឃើញថាប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានស្ទើរតែទាំងអស់នៅកម្ពុជា គឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។