ក្រុម​សិទ្ធិ​មនុស្ស៖ ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​កម្លាំង​ជាតិ​ប៉ះពាល់​សេរីភាព​បញ្ចេញមតិ

១៣ ឧសភា ២០២៤
ស៊ឹម ចាន់សំណាង
ស៊ន់ លីនដា
វីអូអេខ្មែរ

រូបឯកសារ៖ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី លើកដៃស្វាគមន៍សមាជិក និងអ្នកគាំទ្ររបស់គណបក្ស នៅទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី លើកដៃស្វាគមន៍សមាជិក និងអ្នកគាំទ្ររបស់គណបក្ស នៅទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ភ្នំពេញ — ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​អ្នកតាម​ដាន​សង្គម​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​ខ្លាំង។

ការ​លើក​ឡើង​នេះ ក្រោយ​មាន​ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ កាល​ពីថ្ងៃទី ​៩ ខែ​ឧសភា ឆ្នាំ ​២០២៤ វេលាម៉ោង ​៩ ​ព្រឹក គ្រា​ដែល​លោក​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ ទី​ដែល​លោក​បាន​ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស។


លោក ស៊ុន ចន្ធី ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ «ញុះ​ញង់​បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដោយ​តុលា​ការ​បាន​បញ្ជាក់​ថា លោក​បាន​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត ​ចំពោះ​រាជ​រដ្ឋាភិបាល​លើ​ការ​ចែក​បណ្ណ​ក្រីក្រ​ថា​ មាន​ការ​រើស​អើង ​និង​មាន​ភាព​លម្អៀង​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ​ព្រម​ទាំង​បាន​មួល​បង្កាច់​អំពី​ការ​អភិវឌ្ឍ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន​ នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​និង​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រាប់​វីអូអេ​ថា​ ការ​ចាប់​ខ្លួន​មេដឹកនាំ​របស់​គណបក្ស​កម្លាំង​ជាតិគឺ​ជា​រឿង​ដែល​ពាក់​ព័ន្ធ​នឹង​នយោបាយ​ ជា​ជាង​ការ​អនុវត្ត​ច្បាប់ បើទោះ​បី​តុលាការនិង​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា ​ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី គឺ​ត្រឹមត្រូវ និង​ស្រប​តាម​ការ​អនុវត្ត​ច្បាប់​ក៏​ដោយ។ លោក​បន្ត​ថា អ្នក​នយោបាយ​ទាំង​អស់​គឺ​តែង​តែ​ប្រើ​នូវ​វោហារស័ព្ទ​ ដើម្បីទាក់ទាញ​អ្នកគំាទ្រ​របស់​ខ្លួន​ ដែល​វា​ជា​ផ្នែក​មួយ​នៅ​ក្នុង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ទទួល​ស្គាល់​ដោយ​កតិកា​សញ្ញា​ស្តី​ពី​សិទ្ធិ​មនុស្សនិង​សិទ្ធ​នយោបាយ។​

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ករណី​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី នេះ​ យើង​ឃើញ​ថា​ ការបកស្រាយ​ពិតជា​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​អាជ្ញាធរ និង​តុលាការ​ជាមួយ​អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ ឬ​អង្គការ​អន្តរជាតិ​ផ្សេងៗ​ ដោយ​យល់ឃើញ​ខុសគ្នា គេ​យល់​ឃើញ​ថា​ ការ​ចាប់​ខ្លួន​នេះ​វា​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ ឬក៏​លំហ​សេរីភាព​នយោបាយ​ ទោះបីជា​កម្ពុជា​យើង​បកស្រាយ​ថា​ជា​ការ​អនុវត្ត​សិទ្ធិ ឬ​ក៏​អនុវត្ត​ច្បាប់​កម្ពុជា​ក៏ដោយ»

ក្នុង​ពេល​ជួប​សកម្មជន​និង​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​ឧសភា ​លោក​ ស៊ុន ចន្ធី ​បាន​ថ្លែង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដែល​មាន​រយៈ​ពេល​ ២​ម៉ោង ​និង​៤០​នាទី។

លោក​បាន​លើក​ឡើង​ថា៖ ​«គេ​ថា​ បើ​អត់​បោះ​ឆ្នោត​ឱ្យ​គេ​ទេ ​គេ​អត់​ឱ្យ​ដើរ​លើ​ផ្លូវ​ហ្នឹង​ទេ។​ គេ​អត់​ឱ្យ​កូន​ទៅ​រៀន​ទេ។​ គេ​អត់​ឱ្យ​បណ្ណ​ក្រីក្រ​ទេ។​ អ្នក​ឯង​ឈឺ​ទៅ​ពេទ្យ គេ​អត់​យក​ចិត្ត​ទុក​ដាក់​ទេ។​ អ្នក​ឯង​ទៅ​សាលា​ឃុំ​ស៊ីញ៉េ​ឯកសារ​ គេ​អត់​ស៊ី​ញ៉េ​ឱ្យ​ទេ​ តែ​គាត់​ថា​ អត់​តក់​ស្លុត ​អ្ហែង​អត់​ឱ្យ​ក៏​ហី​ទៅ!​ អញ​បោះ​ឱ្យ​ភ្លើង​ទៀន​ ពេល​ភ្លើង​ទៀន​ឈ្នះ​ឆ្នោត ​អញ​ចង់​បាន​អី​ក៏​បាន»

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា លើក​ឡើង​ថា​ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អ្នក​នយោបាយ​គ្រាន់​តែ​ជា​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ​ ដែល​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែលចែង​ថា​ កម្ពុជា​ជា​ប្រទេស​ប្រកាន់​ខ្ជាប់​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស ហើយ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ចូលរួម​នយោបាយ សង្គម និង​វប្បធម៌​ជាដើម។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​នេះ​ ខ្ញុំ​ឃើញ​ថា​ជា​រូបភាព​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សេរីភាព​ខាង​នយោបាយ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សកម្ម​ខាង​នយោបាយ​ហ្នឹង​ ហើយ​ចង់​មិន​ចង់​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​បញ្ហា​នៃ​លំហ​សេរីភាព​ខាង​នយោបាយ លំហ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម​កម្ពុជា»

បើ​តាម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​រូប​នេះ រដ្ឋាភិបាល​គួរ​តែ​ងាក​មក​ឆ្លុះ​បញ្ចាំងនិង​ស្តារ​ឡើង​វិញ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​ក្នុង​ប្រទេស ហើយ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម​នានា​តាម​រយៈ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ គឺ​មិន​បាន​ផ្តល់​ជា​ប្រយោជន៍​ណាមួយ​ដល់​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​បែរ​ជា​ទទួល​រង​ការ​រិះ​គន់​ពី​បណ្តា​សហគមន៍​ជាតិ និង​អន្តរ​ជាតិ​ទៅវិញ។

លោក នី សុខា ថ្លែង​ថា៖ «ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​ការ​រឹតត្បិត​ទៅ​លើ​សេរី​ភាព​ទាំង​អស់​ហ្នឹង វា​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លាច​មិន​ហ៊ាន​ផ្តល់​ព័ត៌មាន​ពិត​ទៅ​កាន់​រដ្ឋាភិបាល។ បញ្ហា​ទី ​២ វា​អាច​ធ្វើ​ឱ្យ(មានការ) ​បង្ហាញ​ទៅ​ដល់​សហ​គមន៍​ជាតិ-​អន្តរជាតិ​ថា​រដ្ឋាភិបាល​ហ្នឹង​មិន​បាន​លើក​កម្ពស់​នូវ​សិទ្ធិ​ហ្នឹង​ទេ មិន​បាន​អនុវត្ត​នូវ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ទេ ហើយ​គេ​នៅ​បន្ត​រិះគន់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរ​ជាតិ​បន្ត​ទៅ​ទៀត​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ទៅ​ដល់​មុខ​មាត់​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​ថ្ងៃ​អនាគត»

ចំណែក​លោក អ៊ូ ចាន់រ័ត្ន ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា និង​ជា​អតីតតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ មើល​ឃើញ​ថា ​ភាគ​ច្រើនអ្នក​ដែល​មាន​និន្នាការ​និយាយ​ជំទាស់​ទៅ​នឹង​រដ្ឋា​ភិបាល​មិន​ថា​តែ​សហជីព សកម្មជន​បរិស្ថាន ឬ​សកម្មជន​នយោ​បាយ​នោះ​ទេ តែង​តែ​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ធ្វើ​ឱ្យ​វឹកវរ​ដល់​សន្តិសុខ​សង្គម។

លោក​ថា ​ប្រសិន​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​ឡើង​នោះ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រជាពលរដ្ឋ​នឹង​មាន​ភាព​ភ័យ​ខ្លាច មិន​ហ៊ាន​និយាយ ឬ​បញ្ចេញ​មតិទាក់​ទង​ទៅ​នឹង​រដ្ឋាភិបាល​ឡើយ។

លោក​ប្រាប់​វីអូអេថា៖ «ខ្ញុំ​យល់​ថា​ បើ​សិន​ជា​នៅ​តែ​មាន​ការ​ចាប់​ខ្លួន​ដោយ​ប្រើប្រាស់​បទ​ចោទ​បែប​នេះ​បន្ត​ទៀត​វា​ប៉ះ​ពាល់​ទៅ​នឹង​សេរី​ភាព​នៃ​ការ​បញ្ជេញ​មតិ​ហ្នឹង​ច្រើន​ទោះ​ជា​គ្មាន​ច្បាប់​ចងមាត់ បិទ​មាត់​ក៏​ដោយ​ក៏​នៅ​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពិ​រដ្ឋាភិបាល​ពិបាក​នឹង​និយាយ ពិបាក​នឹង​បញ្ចេញ​មតិ​ណាស់»

គណបក្ស​កម្លាំង​ជាតិ​បាន​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​ លោក ស៊ុន ចន្ធី ​គឺ​ជា ​«ការ​គំរាម​កំហែង ​បំភិត​បំភ័យ​និង​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​គណបក្ស​កម្លាំង​ជាតិ ​និង​ជា​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ចុះ​ថ្ងៃ​ទី​ ៩​ ខែ​ឧសភា​ ឆ្នាំ​ ២០២៤។

គណបក្ស​កម្លាំង​ជាតិ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​លោក ​ស៊ុន ចន្ធី ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​ឥត​លក្ខ​ខណ្ឌ ​ដើម្បី​បើក​លំហ​សិទ្ធិ​សេរីភាព​នយោបាយ ​សម្រាប់​គណបក្ស​កម្លាំង​ជាតិ ​ក្នុង​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព ​និង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

ក្នុង​ពិធី​សំណះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​រចនា​សម្ពន្ធ​គណបក្ស​កម្លាំង​ជាតិ​ក្នុង​ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២៤ ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក ​រ៉ុង ឈុន ថ្លែង​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​លោក ស៊ុន ចន្ធី​ថា៖ «កុំ​អាង​តែ​ស្អី​តុលាការ​ចេញ​មក​ញុះញង់ៗ ចាប់​ដាក់​គុកៗ មិន​មាន​ផល​ល្អ​ទេ​បង​ប្អូន​ អ្នក​ដែល​ទទួល​រង​ទោស​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្លួន​ឯង»

លោក​បន្ថែម​ថា ​គណបក្ស​កម្លាំង​ជាតិ​ទាំង​មូល​មិន​នៅ​ស្ងៀម​នោះ​ទេ ខិត​ខំ​រិះ​រក​វិធី​ធ្វើ​យ៉ាង​ណា ដើម្បី​ឱ្យ​សកម្មជន​នយោបាយ​ទាំង​អស់​មាន​សេរីភាព និង​ទទួល​បាន​នៅ​សិទ្ធិ​របស់​ពួកគេ​ត្រឡប់​មក​វិញ។

ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​នៅ​តែ​ទទូច​សុំ​ឱ្យ​មាន​ការ​ពិនិត្យ និង​ពិចារណា​ឡើង​វិញ​លើ​ការ​ទោស​សកម្មជន​នយោបាយ មេ​ដឹកនាំ​សហជីព និង​អ្នក​ផ្សេង​ទៀត ដើម្បី​ឱ្យ​ពួក​គេ​មាន​សេរី​ភាព​ឡើង​វិញ។ លោក​ឱ្យ​ដឹងដែរ​ថា ​ទោះ​បី​មាន​ការ​ចាប់​ខ្លួន​មេដឹក​នាំគណបក្ស​ក៏​ដោយ គណបក្ស​នៅ​តែ​រក្សា​ជំហរ​បន្ត​បេសកកម្ម​ទៅ​មុខ​ទៀត។

ចំណែក​អ្នកស្រី ព្រំ ចាន់ថា តំណាង​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ថ្លែង​ក្នុង​ពិធី​សំណះ​សំណាល​របស់​គណបក្ស​កម្លាំង​ជាតិ​ដែរ​ថា​ការ​ថ្លែង​របស់​លោក ស៊ុន ចន្ធី អំពី​បណ្ណ​ក្រី​ក្រ​ពិត​ឬ​មិន​ពិត គួរ​តែ​មាន​ការ​ជជែក​គ្នា​ មិន​គួរ​ប្រើ​អំណាច​តុលាការ ឬ​ការ​ឃាត់​ខ្លួន​ឡើយ។

អ្នកស្រី​បញ្ជាក់​ថា​៖ «ប្រជាជន​ទាំង​អស់​សុទ្ធ​តែ​បំពុល​សង្គម ទាំង​ខ្ញុំ​ទាំង​អស់​លោក​ដែល​មក​នេះ​? ការ​ចែក​បណ្ណ​ក្រី​ក្រ​ពិត​ឬ​មិន​ពិត​យើង​ត្រូវ​សួរ​មេភូមិ មេ​ឃុំ​ អត់​មាន​ប្រើ​អំណាច​តុលាការ ប្រើ​កម្លាំង​សមត្ថកិច្ច​វាយ​ខ្នោះ​បោះ​ដាក់​ឡាន​អី​ទេ»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា ប្រាប់​វីអូអេ​ថា​គួរ​មាន​ការ​បែង​ចែក​ពី​គ្នា​រវាង​ការ​រិះគន់ និង​ការ​ញុះញង់។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ងាក​មក​ស្រុក​យើង​វិញ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ឬក៏​គណបក្ស​នយោបាយ​ក្តី​ ឬ​ក៏​សារព័ត៌មាន​ផង​និយាយ​ត្រឹម​តែ​ការ​រិះគន់​ ឱ្យ​តែ​រដ្ឋាភិបាល​មាន​ការ​ចាត់ការ​ផ្លូវ​ច្បាប់​ណា​មួយ​ទៅ​លើ​អ្នកនយោបាយ​ ឬ​ទៅ​លើ​សកម្មជន​នានា​ហ្នឹង​ គាត់​និយាយ​ត្រឹម​តែ​ការ​រិះគន់​តែ​ប៉ុណ្ណឹង​ទេ។ មិន​មែន​រិះគន់​ទេ ត្រូវ​បែង​ចែក​ឱ្យ​ច្បាស់​ ការ​រិះគន់ និង​ការ​មូល​បង្កាច់​ វាយ​ប្រហារ ហើយ​និង​ញុះញង់​ ខុសគ្នាណា! អ៊ីចឹង​ទេ ​ខ្ញុំ​គិត​ថា ​មាត្រា​ទាំង​២​ដែល​ខ្ញុំ​លើក​មក​មិញ សុទ្ធតែ​ជា​ការ​អនុវត្ត​ជា​លក្ខណៈ​អន្តរជាតិ​ អ៊ីចឹង​យើង​យក​ហ្នឹង​មក​ឆ្លុះបញ្ចាំង​ទៅ​យក​ដឹង​ហើយ»

ចំណែក​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី​ ៩ ខែ​ឧសភា​ថា​ ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ហើយ​ការ​ចាប់ខ្លួន​នេះ​គឺពាក់ព័ន្ធ​ទៅ​នឹង​អង្គហេតុ​នៃ​បទ​ល្មើស ដែល​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ជា​ធរមាន។

បើតាម​មេធាវី​ការពារ​ក្តី​របស់​លោក ស៊ុន ចន្ធី គឺ​លោក​មេធាវី ជួង ជូងី លោក ស៊ុន ចន្ធី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​សៅរ៍ ទី ​១២ ខែ​ឧសភា។

គួរ​បញ្ជាក់​ថា​ លោក ​ស៊ុន ចន្ធី ​អតីត​ប្រធាន​ប្រតិបត្តិ​ខេត្ត​កំពង់​ធំ​របស់​គណបក្ស​ភ្លើង​ទៀន​បាន​លា​លែង​ពី​សមាជិក​ភាព​ពី​គណ​បក្ស​ភ្លើងទៀន កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មិថុនា ឆ្នាំ ​២០២៣ ហើយ​លោក​បាន​បង្កើត​គណ​បក្ស​ថ្មី​មួយ​ឈ្មោះ​ថាគណបក្ស​កម្លាំង​ជាតិ៕

What Next?

Recent Articles

Leave a Reply

Submit Comment