ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត

ដោយ ច័ន្ទ ដារ៉ូ
2024.05.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត

ពលករខ្មែរនៅកូរ៉េខាងត្បូងធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ រូប៖ ពលករផ្ដល់ឱ្យ


ប្រជាពលរដ្ឋ​ខ្មែរ​ត្រៀម​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នៅ​សប្ដាហ៍​ក្រោយ។ ពួកគេ​អះអាង​ថា​គម្រោង​បាតុកម្ម​នេះ ដើម្បី​ទាមទារ​ឱ្យ​មេដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ដោះស្រាយ​បញ្ហា​សង្គម ហើយ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ឈប់​តាម​យាយី​ដល់​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​បន្ត​ទៅទៀត។

ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​យុវជន​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​លើកឡើង​ថា​មូលហេតុ​ដែល​ពួកគេ​​រៀបចំ​​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ដោយសារ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ​មិន​ខុស​ពី​ឪពុក​គឺ​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ បិទ​សិទ្ធិ​សេរីភាព និង​តែង​ធ្វើទុក្ខបុកម្នេញ​មក​លើ​អ្នក​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល។

តំណាង​បាតុករ​លោក ឃ្លោក លាភ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១២ ខែ​ឧសភា​ថា​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នឹង​រៀបចំ​នៅ​ថ្ងៃ​អាទិត្យ ទី១៩ ខែ​ឧសភា នៅ​ទីលាន​ជុងកាក់​(Junghak) ក្នុង​ក្រុង​សេអ៊ូល​(Seoul)។ លោក​បន្ត​ថា​បាតុកម្ម​នេះ​នឹង​មាន​ការ​សម្ដែង​មតិ លើក​បដា​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​បង្ហាញ​ទៅ​សាធារណ​មតិ​ជាតិ​និង​អន្តរជាតិ​ឱ្យ​​ឃើញ​ថា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស រឿង​អយុត្តិធម៌​​ក្នុង​សង្គម​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត កន្លងមក​ឡើយ។

លោក ឃ្លោក លាភ៖ «របប​ដឹកនាំ​នេះ​គឺ​ផ្ដាច់ការ មិនមែន​ជា​របប​ពលរដ្ឋ​ជា​ធំ​ទេ គឺ​សម្រេច​ទាំង​ពីរ​ជា​ធំ​ទាំង​ឪ​និង​កូន​ហ្នឹង​ឯង ដូច្នេះ​ពលរដ្ឋ​គ្មាន​សិទ្ធិ អ្នកនយោបាយ​ក៏​គ្មាន​សិទ្ធិ​សេរីភាព​កុំ​ថា​ឡើយ​ពលរដ្ឋ​ទូទៅ។ យើង​ធ្វើបាតុកម្ម​នេះ​យើង​ទាមទារ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​វិបត្តិ​សង្គម វិបត្តិ​នយោបាយ ហើយ​ជាពិសេស​គោល​បំណង​យើង​ចង់​ឱ្យ​គណបក្សប្រជាជន​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យ​មាន​ភាព​ឯករាជ្យ​ដោយ​កុំ​ឱ្យ​លម្អៀង​ទៅ​កាន់​ប្រទេស​ណា​មួយ»។

គម្រោង​បាតុកម្ម​របស់​ក្រុម​យុវជន​នេះ​បន្ទាប់​ពី​ពួកគេ​ទទួល​ដំណឹង​ថា​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត នឹង​ទៅ​ទស្សនកិច្ច​​នៅ​ប្រទេស​កូរ៉េខាងត្បូង​ចាប់​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃ​ទី២០ ខែ​ឧសភា​នៅ​​​សប្ដាហ៍​ក្រោយ​នេះ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) លោកនី សុខា មានប្រសាសន៍​ថា​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​ច្បាប់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​​ក៏​ជា​​ឱកាស​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ដោះស្រាយ​សំណើ ឬ​កង្វល់​ពួកគេ​ដែរ ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​សង្កេតឃើញ​ថា​គោលបំណង​អ្នក​តវ៉ា​នៅ​ក្រៅ​ប្រទេស​ពេលនេះ​ធ្វើឡើង​ស្របតាម​ការ​មើល​ឃើញ​របស់​សហគមន៍​អន្តរជាតិ​ដែល​ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សុខ​សន្តិភាព​ពិតប្រាកដ។

លោក នី សុខា៖ «ក្នុង​រដ្ឋធម្មនុញ្ញ​គឺ​ប្រទេស​កម្ពុជា​អនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ទាំង​សេរីភាព​ខាង​នយោបាយ ការ​បញ្ចេញ​មតិ ការ​ជួបជុំ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ក៏​សេរីភាព​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ទាក់ទង​រឿង​សិទ្ធិមនុស្ស អ៊ីចឹង​ការ​ទាមទារ​ទាំងអស់​ហ្នឹង​មិនមែន​អ្វី​ស្នើ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​គោលការណ៍​មួយ​ដែល​ខុស​ពី​គោលការណ៍​ច្បាប់​នោះ​ទេ គឺ​រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ទៀត​ផង​នៅ​ក្នុង​អនុវត្ត​នូវ​បញ្ហា​បើក​នូវ​លំហ​សេរីភាព លំហ​ប្រជាធិបតេយ្យ​ទាំងអស់​ហ្នឹង»

ចាប់តាំង​ពី​ឡើង​កាន់អំណាច​បន្ត​ពី​ឪពុក​មក លោក ហ៊ុន ម៉ាណែត ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ និង​ដោះស្រាយ​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស ដែល​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ដោះលែង​អ្នកទោស​នយោបាយ​នោះ​ទេ​។ ផ្ទុយទៅវិញ​ក្រោម​អំណាច​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បាន​បង្កើន​សកម្មភាព​​បង្ក្រាប​ឥត​ឈប់ឈរ​ ដោយ​មក​ដល់​ពេល​នេះ​​​អ្នក​រិះគន់ មេ​សហជីព និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​​ចំនួន​២៨នាក់​​ត្រូវ​បាន​ចាប់​ដាក់គុក ដោយ​ករណី​ទាំងនេះ​មិនទាន់​រាប់​បញ្ចូល​អ្នក​ដែល​ចូល​ជាមួយ​បក្ស​កាន់អំណាច​រាប់​សិប​នាក់​ទៀត ប្ដូរ​នឹង​ការ​ដោះលែង​ឱ្យ​នៅ​ឃុំ​នៅ​ឡើយ។

ក្រុម​យុវជន​រៀបចំ​បាតុកម្ម​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ដើម្បី​បង្ហាញ​កម្លាំង​សាមគ្គី​រួម​គ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិបត្តិ​សង្គម បញ្ឈប់​ការ​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​អ្នក​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល​ដោយ​ដោះលែង​អ្នក​មនសិការ​ទាំងអស់ ហើយ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles