ដោយ ទីន ហ្សាការីយ៉ា
2024.05.14
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និងលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី។រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងរិះគន់លើការតែងតាំងកូនស្រីរបស់ឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន គឺអ្នកនាង នេត ធីតាច័ន្ទធីម៉ា ជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ ពួកគេ ថាការតែងតាំងនេះគឺដើម្បីពង្រឹងអំណាច និងផលប្រយោជន៍ក្រុមគ្រួសារត្រកូលហ៊ុន។ប្រតិកម្មរបស់អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងនេះ ក្រោយពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកនាង នេត ធីតាច័ន្ទធីម៉ា និងជាកូនស្រីរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋលេខាធិការ។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ការតែងតាំងកូនឧបនាយករដ្ឋមន្ត្រីនេះគឺជាការបង្ហាញគំរូចាស់របស់ក្រុមគ្រួសារត្រកូលហ៊ុនបានបញ្ចូលកូនចៅរបស់ពួកគេឱ្យធ្វើការក្នុងជួរថ្នាក់ដឹកនាំរដ្ឋ ហើយក្រោយមកពួកគេនឹងបន្តបញ្ចូលទៅកាន់ដំណែងកំពូលបន្តបន្ទាប់ដើម្បីពង្រឹងអំណាចក្រុមគ្រួសារត្រកូលហ៊ុន។ លោក គឹម សុខ ថា បើទោះជាកូនចៅរបស់គ្រួសារត្រកូលហ៊ុនទទួលបានការសិក្សាពីបរទេសក៏ដោយ ប៉ុន្តែលោកថាជាក់ស្ដែងពួកគេមិនមានសមត្ថភាពក្នុងការដោះស្រាយអំពើពុករលួយ និងអយុត្តិធម៌នៅក្នុងសង្គមកម្ពុជាបានឡើយ។
លោក គឹម សុខ៖ «ពួកគេមានសញ្ញាប័ត្រមែនប៉ុន្តែអាចគ្មានសមត្ថភាព ឬក៏ពួកគេមានទាំងសញ្ញាប័ត្រមានទាំងសមត្ថភាព ប៉ុន្តែគ្មានស្មារតីបំពេញតួនាទីឱ្យបានត្រឹមត្រូវដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដូច្នេះពួកគេត្រូវបានតែងតាំងឱ្យទៅជួយពង្រឹងអំណាចក្រុមគ្រួសារហ៊ុន និងប្រព្រឹត្តអំពើពុករលួយកាន់តែធ្ងន់ធ្ងរ»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ ថាការតែងតាំងបក្ខពួក និងក្រុម គ្រួសារមិនមែនជារឿងថ្មីទេក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយលោកយល់ថាក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត គឺដូចគ្នានឹងការដឹកនាំរបស់ឪពុកលោកដោយមិនបានផ្ដល់ឱកាសឱ្យមន្ត្រីផ្សេងទៀតដែលមានសមត្ថភាពទទួលបានតួនាទីកំពូលៗ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ជាប្រព័ន្ធៗហើយព្រោះគណបក្សប្រជាជនគាត់ធ្វើតែអ៊ីចឹង គាត់ដាក់តែបក្ខពួកគាត់ គ្នារបស់គាត់ អត់ឱ្យឱកាសទៅកាន់គណបក្សប្រជាជនដែលជាអ្នកចេះដឹងពិតប្រាកដ គាត់ដាក់តែបក្ខពួកគាត់ គ្នាគាត់ បងប្អូនគាត់ កូនចៅគាត់»។
និស្សិតផ្នែកច្បាប់ កញ្ញា រៀម ស្រីពេជ្ររតនា លើកឡើងថា ការតែងតាំងនេះក៏អាចបង្ហាញពីបក្ខពួកនិយម ឬការតែងតាំងតាមរយៈសែស្រឡាយអ្នកមានអំណាចដែលនាំឱ្យយុវជនផ្សេងទៀតដែលមានសមត្ថភាពមិនអាចទទួលបានឱកាសក្លាយជាអ្នកដឹកនាំបាន។
កញ្ញា រៀម ស្រីពេជ្ររតនា៖ «នៅពេលដែលរឿងទាំងអស់ហ្នឹងកើតឡើងដោយមនុស្សមួយក្រុមសម្រេចទៅលើអនាគតប្រទេស ប្រជាពលរដ្ឋគ្មានអីក្រៅពីទឹកភ្នែក យំស្រែកទេ អ៊ីចឹងនៅពេលដែលមានមនុស្សមួយក្រុមហ្នឹងកាន់កាប់អំណាចសម្រេចគ្រប់យ៉ាង ហើយមានប្រជាពលរដ្ឋដែលគាត់អាចដឹង និយាយនូវពាក្យពិត ក្រោកឡើងតស៊ូបែរជាត្រូវរងគ្រោះ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បានទេ នៅថ្ងៃទី១៤ ខែឧសភា។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងកាលពីថ្ងៃទី១ កញ្ញា ថា លោកនឹងកែទម្រង់ការតែងតាំងជាទីប្រឹក្សា និងជំនួយការតាមរយៈការផ្លាស់ប្ដូរមន្ត្រីដែលមានឋានៈតួនាទីនៅក្នុងស្ថាប័នរដ្ឋរួចហើយ គឺមិនទទួលបានឋានៈខ្ពស់ៗ ដូចជា ឋានៈស្មើអគ្គនាយក ឬរហូតដល់រដ្ឋមន្ត្រី ទៀតនោះទេ។
ទាក់ទិនបញ្ហានេះសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចេញសេចក្ដីថ្លែងការណ៍បង្ហាញពីក្ដីបារម្ភចំពោះការតែងតាំងមន្ត្រីជាន់ខ្ពស់ដែលមានឋានៈស្មើអគ្គនាយករហូតដល់ឧបនាយករដ្ឋមន្ត្រីមានចំនួនជាង៣ពាន់ (៣.២២៨)នាក់ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
អ្នកនាង នេត ធីតាច័ន្ទធីម៉ា គឺជាកូនស្រីរបស់លោក នេត សាវឿន អតីតអគ្គស្នងការនគរបាលជាតិ និងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រីផ្នែកសន្តិសុខ ហើយក៏ជានាយករដ្ឋមន្ត្រីស្តីទីនៅពេលអវត្តមាននាយករដ្ឋមន្ត្រីនៅក្នុងប្រទេស។ លោក នេត សាវឿន គឺជាប្តីរបស់អ្នកស្រី ហ៊ុន គឹមឡេង កូនស្រីរបស់លោក ហ៊ុន ណេង និងត្រូវជាក្មួយរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងក៏ត្រូវជាបងស្រីជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត។
កន្លងមក ពលរដ្ឋរិះគន់ការតែងតាំងបុគ្គលមួយចំនួនតាមរយៈសែស្រឡាយ និងជាបក្ខពួកនិយមរួមទាំងបុគ្គលធ្លាប់មានប្រវត្តិប្រព្រឹត្តឧក្រិដ្ឋកម្មផងដែរ។ ជាក់ស្ដែងអតីតអគ្គសេនាធិការរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស អ្នកស្រី ជា រដ្ឋា ដែលត្រូវបានតុលាការកាត់ទោសឧក្រិដ្ឋឱ្យជាប់គុក ១៨ឆ្នាំ កាលពី ឆ្នាំ២០០៩ ករណីវាយប្រហារដោយទឹកអាស៊ីត លើម្ដាយមីងរបស់អតីតបវរកញ្ញា ទេសចរណ៍ និងជាតារាសម្ដែងអ្នកនាង អ៊ិន សុលីដា ត្រូវបានតែងតាំងទីប្រឹក្សាក្នុងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ រីឯ ឧក្រិដ្ឋជនជួញដូរមនុស្សគឺ លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវបានតែងតាំងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។