ក្រុម​យុវជន​ជិះ​កង់ ដើម្បី​ការពារ​បរិស្ថាន​បាន​មក​ដល់​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី១៣ ឧសភា

ដោយ សុ ជីវី
2024.05.13
RFA

ក្រុម​យុវជន​ជិះ​កង់ ដើម្បី​ការពារ​បរិស្ថាន​បាន​មក​ដល់​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី១៣ ឧសភា

ក្រុម​យុវជនទាំង​នេះ កំពុង​ជិះកង់ ១.០០០គីឡូ​ម៉ែត្រ ដើម្បី​បរិស្ថាន ចូល​ថ្ងៃ​ទី៨ ​ចេញ​ដំណើរ​បន្ត​ពី​ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក CYN


ក្រុម​យុវជន​ជិះកង់ ដើម្បី​បរិស្ថាន កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ឧសភា បាន​ចេញ​ដំណើរ​ពី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ពួក​គេ​បាន​មក​ដល់​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។

តំណាង​ក្រុម​យុវជន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ ពួក​គាត់​បាន​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ជាង ៧០គីឡូ​មែត្រ ដោយ​មាន​អាជ្ញាធរ​នៅ​តាម​ផ្លូវ​ចាំ​ថតរូប​របស់​ពួក​គេ​ផង​ដែរ។

មន្ត្រី​សម្របសម្រួល​គម្រោង នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​ថ្ងៃ​នេះ មាន​យុវជន និង​ពលរដ្ឋ​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​ក្បួន​ជិះកង់ ដើម្បី​បរិស្ថាន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ឲ្យ​ដឹង​ថា ក្រុម​យុវជន​នឹង​បន្ត​ដំណើរ​ទៅ​សហគមន៍​រង​គ្រោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ស្អែក។

នេះ​ជា​ថ្ងៃ​ទី៨ នៃ​ព្រឹត្តិការណ៍​ជិះកង់ ១ពាន់​គីឡូ​ម៉ែត្រ ដើម្បី​បរិស្ថាន ដែល​ក្រុម​យុវជន​បាន​ចេះ​ដំណើរ​ពី​ស្រុកបានលុង ខេត្តរតនគិរី ឆ្ពោះ​ទៅ​កាន់​ខេត្តកំពត ដើម្បី​ត្រៀម​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក ក្រោម​ប្រធាន​បទ​ថា «សុខុមាលភាព​ពិភព​លោក ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង» ឆ្នាំ២០២៤ នៅថ្ងៃទី៥ មិថុនា ខាងមុននេះ។

ក្នុង​រយៈ​ពេល ៧ថ្ងៃ​កន្លង​ទៅ ក្រុម​យុវជន​បាន​ធ្វើ​ដំណើរ​ចម្ងាយ​ជាង ៦រយ​គីឡូ​ម៉ែត្រ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles