គណបក្ស​កម្លាំង​ជាតិ​បន្ត​ចុះ​ពង្រឹង​មន្ត្រី​នៅ​តាម​មូលដ្ឋាន ទោះ​បី​ប្រធាន និង​មន្ត្រី​គណបក្ស​រង​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់

ដោយ សុ ជីវី
2024.05.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណបក្ស​កម្លាំង​ជាតិ​បន្ត​ចុះ​ពង្រឹង​មន្ត្រី​នៅ​តាម​មូលដ្ឋាន ទោះ​បី​ប្រធាន និង​មន្ត្រី​គណបក្ស​រង​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់

គណបក្ស​កម្លាំង​ជាតិ​បន្ត​ចុះ​ពង្រឹង​មន្ត្រី​​របស់​ខ្លួន នៅ​ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២៤ ដើម្បី​ចូល​រួម​ការ​ប្រកួត​ប្រជែង​​​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ពេល​ខាង​មុខ។ រូប៖ ហ្វេសប៊ុកគណបក្សកម្លាំង​ជាតិ


គណបក្ស​កម្លាំង​ជាតិ​បន្ត​ចុះ​ពង្រឹង​មន្ត្រី​តាម​បណ្ដា​រាជធានី​ខេត្ត ដើម្បី​ចូល​រួម​ការ​ប្រកួត​ប្រជែង​​​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បើ​ទោះបី​ជា​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​​លោក ស៊ុន ចន្ធី និង មន្ត្រី​​ជា​ច្រើន​រូប​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។ ចំណែក​អ្នក​វិភាគ​យល់​ថា​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ដទៃ​ទៀត​គួរ​បង្ហាញ​គោល​នយោបាយ​ជាក់​លាក់​​​​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។

អ្នក​នាំ​ពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា​ថា ទាំង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ តាម​បណ្ដា​រាជធានី​ខេត្ត​មាន​ការ​ព្រួយ​បារម្ភ​ក្រោយ​​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​រង​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ជា មុនី អះអាង​ថា​ថ្នាក់​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិ នៅ​តែ​បន្ត​ចុះ​តាម​បណ្ដា​ខេត្ត ដើម្បី​ពង្រឹង​មន្ត្រី​គណបក្ស​តាម​មូលដ្ឋាន​​​​​ឱ្យ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង​អាណត្តិទី៤ ខាង​មុខ។

លោក ជា មុនី៖«ភាព​ជាក់​ស្ដែង គឺ​គណបក្ស​នៅ​តែ​បន្ត​ដំណើរ​នៃ​ការងារ​របស់​គណបក្ស គឺ​យើង​រៀប​ចំ​រចនាសម័្ពន្ធ និង​ពង្រឹង​គណបក្ស​យើង​ទៅ​មុខ​ទៀត ព្រោះ​គណបក្ស​ប្រជាធិបតេយ្យ គឺ​ជា​គណបក្ស​មួយ ដែល​គណបក្ស​ប្រជាពលរដ្ឋ​ចង់​បាន​នា​ពេល​បច្ចុប្បន្ន»

លោក ជា មុនី អំពាវនាវ​ទៅ​កាន់​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​បន្ត​សកម្មភាព​នយោបាយ ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​ខិត​ខំ​ធ្វើ​សកម្មភាព​បម្រើ​ពលរដ្ឋ ដើម្បី​ទទួល​បាន​ការ​គាំទ្រ។ លោក ជា មុនី ក៏​ស្នើ​ដល់​មន្ត្រី និង​អ្នក​គាំទ្រ​បក្ស​កម្លាំង​ជាតិ​នៅ​ក្រៅ​ប្រទេស​បន្ត​ជួយ​ថវិកា និង​ផ្ដល់​ធនធាន​ផ្សេងៗ ដល់​គណបក្ស​ក្នុង​គ្រា​លំបាក​នេះ។

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​រួម​មាន​ លោក គា វិសាល លោក អ៊ុំ វិរៈរដ្ឋ លោក សាន សឿន លោក មឺ សេងហ៊ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រយៈ​ប៉ុន្មាន​ខែ​មក​នេះ។ ចំណែក​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​វាល​យន្តហោះ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ ខែឧសភា បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​ជួប​អ្នក​គាំទ្រ​នៅ​ប្រទេស​ជប៉ុន។ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១០ ខែឧសភា​បាន​សម្រេច​ឃុំ​ខ្លួន​មេ​បក្ស​ជំទាស់​រូប​នេះ ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ចែក​ប័ណ្ណ​ក្រីក្រ​មាន​ការ​រើស​អើង​ រួម​ទាំង​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច។ ភ្លាមៗ​នោះ​តុលាការ​បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​លោក ស៊ុន ចន្ធី ចេញ​ពី​រាជធានី​ភ្នំពេញ​ទាំង​យប់​ដើម្បី​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ ម៤ ស្ថិត​នៅ​ជាប់​ជើង​ភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែឧសភា។

អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន និង​មាន​ករណី​ប្រើ​ហិង្សា​ទៅ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ជា​វប្បធម៌​ទៅ​ហើយ នៅ​កៀក​ការ​បោះ​ឆ្នោត​នានា កន្លង​មក។ ទោះ​ជា​យ៉ាង​ណា ក្ដី បណ្ឌិត មាស នី ស្នើ​ដល់​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​នយោបាយ​ដទៃ​ទៀត​ថា គួរ​ឈប់​យក​ការ​រិះគន់​ជា​រឿង​អាទិភាព ហើយ​ងាក​មក​បង្ហាញ​គោល​នយោបាយ​ជាក់​លាក់​របស់​ខ្លួន ដើម្បី​បង្ហាញ​ទៅ​ប្រជាពលរដ្ឋ ដើម្បី​ស្វែង​រក​សំឡេង​ឆ្នោត​ផង​ដែរ។

បណ្ឌិត មាស នី៖«ដូច្នេះ​ត្រង់​នេះ​មួយ គឺ​រឿង​ដែល​គណបក្ស​នីមួយៗ ត្រូវ​គិត កុំ​ឱ្យ​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​ការ​រិះគន់​គ្នា ប៉ុន្តែ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ពិនិត្យ​មើល​ទៅ​លើ​ដំណោះ​ស្រាយ​ទាំង​ឡាយ ដែល​ជួយ​ឱ្យ​កម្ពុជា​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង​បាន ប្រសិន​បើ​អ៊ីចឹង​ទេ​យើង​ក្រ​ហើយ​នៅ​តែ​ក្រញាំ​គ្នា​ តទល់​គ្នា​តែ​រឿង​រិះគន់​គ្នា​ ប៉ុន្តែ​ដល់​សួរ​ថា​ទៅ​មុខ​ត្រូវ​ធ្វើ​អី ដូច​ជា​មិន​ច្បាស់​រៀង​ខ្លួន ហ្នឹង​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​ដើរ​ទាន់​គេ»

ចំណែក​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ នៅ​ថ្ងៃ​ទី១៣ ខែឧសភា​ថា ការ​ចាប់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ដាក់​ពន្ធនាគារ គឺ​ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ។ លោក​ថា ករណី​បែប​នេះ ក្លាយ​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ ក្នុង​ឆាក​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ក្រោម​ការ​ត្រួតត្រា​ដោយ​អតីត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង និង​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

លោក​បន្ត​ថា ក្រៅ​ពី​ការបំពាន​ច្បាប់​លើ​ករណី​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ប្រធាន​បក្ស​កាន់​អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មាន​គោលដៅ​សាកល្បង​លើ​កម្លាំង​យុទ្ធសាស្ត្រ​នយោបាយ​ និង​កម្ទេច​កម្លាំង​យុទ្ធសាស្ត្រ​សកម្ម​របស់​លោក សម រង្ស៊ី។

គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​បង្កើត​ឡើង ដោយ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន បន្ទាប់​ពី គ.ជ.ប រារាំង មិន​ឲ្យ​បក្ស​ភ្លើង​ទៀន ចូលរួម​ការ​បោះ​ឆ្នោត។ ក្នុង​ចំណោម​សកម្មភាព​លេចធ្លោ​របស់​គណបក្ស​កម្លាំង​ជាតិ​នា​ពេល​កន្លង​មក​គណបក្ស​នេះ​តែង​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​ដង​ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ទាមទារ​​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ទោស​នយោបាយ ជា​ពិសេស មន្ត្រី​របស់​គណបក្ស​កម្លាំង​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles